»  ទំនាក់ទំនង  »  សំណួរ និង​ចម្លើយ​ពី​អេស៊ីលីដា​ស៊ីឃ្យួរឹធី

សំណួរ និង​ចម្លើយ​ពី​អេស៊ីលីដា​ស៊ីឃ្យួរឹធី

នៅ​ក្នុង​ទំព័រ​នេះ យើង​ខ្ញុំ​មាន​ក្តីសោមនស្ស​សូម​បង្ហាញ​ជូន​លោកអ្នក​នូវ​ចម្លើយ​ចំពោះ​សំណួរ​ទាំងឡាយ​ដែល​អតិថិជន និង​សាធារណជន​បាន​សួរ​ជា​ញឹក​ញាប់ ។

សូម​ចុច​លើ​សំណួរ​ណា​មួយ​ខាង​ក្រោម ដើម្បី​ទស្សនា​ចម្លើយ ។ យើង​ខ្ញុំ​សង្ឃឹម​ថា ចម្លើយ​ទាំង​នោះ​មាន​សារប្រយោជន៍ និង​ផ្តល់​ជា​ព័ត៌មាន​សម្រាប់​លោកអ្នក ។ ក្នុង​ករណី​ប្រសិន​បើ​មិន​មាន​ចម្លើយ​ដែល​លោកអ្នក​កំពុង​ស្វែងរក​នៅ​ក្នុង​ទំព័រ​នេះ​ទេ ឬ​មាន​សំណូមពរ​នានា ដែល​អាច​ផ្តល់​នូវ​អត្ថប្រយោជន៍​តាម​បំណង​របស់​លោកអ្នក សូម​មេត្តា​ផ្តល់​ព័ត៌មាន​មក​យើង​ខ្ញុំ​ដើម្បី​បម្រើ​ជូន​លោកអ្នក​ឱ្យ​កាន់​តែ​ប្រសើរ ។

  1. តើ​អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ជា​ក្រុមហ៊ុន​អ្វី ? ហើយ​ផ្តល់​សេវា​អ្វី​ខ្លះ ?
    អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី (ACLEDA Securities Plc.) ជា​ក្រុមហ៊ុន​មូលបត្រ ដែល​លោក​អ្នក​ជឿ​ទុក​ចិត្ត បាន​ចុះ​បញ្ជី​ក្រោម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ទទួល​បាន​អាជ្ញាប័ណ្ណ​ដំបូង​គេ​ពី​អាជ្ញាធរ​ជាន់​ខ្ពស់​នៃ​វិស័យ​មូលបត្រ "គណៈកម្មការ​មូលបត្រ​កម្ពុជា [គ.ម.ក]" នៅ​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១០ (ពិធី​ប្រគល់​អាជ្ញាប័ណ្ណ ធ្វើ​នៅ​ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១០) ដើម្បី​ផ្តល់​សេវា​លើ​អាជីវកម្ម​ជើងសាមូលបត្រ (Securities Brokerage Business) ជូន​ដល់​អតិថិជន អ្នក​វិនិយោគ និង​សាធារណជន ជា​រូបវន្ត​បុគ្គល និង​ជា​ក្រុមហ៊ុន ស្ថាប័ន​ជាតិ និង អន្តរជាតិ រួមទាំង​អាជីវកម្ម​ផ្តល់ប្រឹក្សា​វិនិយោគ​ក្នុង​ករណី​សមស្រប ។

    អាជីវកម្ម​ជើងសាមូលបត្រ សំដៅ​ដល់​ការ​ទិញ​លក់​មូលបត្រ​ក្នុង​នាម និង​តាម​បញ្ជា​អតិថិជន​ដោយ​ទទួល​បាន​កម្រៃ​ជើងសា ។ ឯ​អាជីវកម្ម​ផ្តល់​ប្រឹក្សា​វិនិយោគ រួម​មាន ៖

    • ការ​ផ្តល់​ប្រឹក្សា​អំពី​ការ​វិនិយោគ​លើ​មូលបត្រ​ដល់​អ្នក​វិនិយោគ ដោយ​ទទួល​បាន​នូវ​កម្រៃ​សេវា ហើយ​និង
    • ការ​បោះពុម្ព​ផ្សាយ​សេចក្តី​វិភាគ​អំពី​ការ​វិនិយោគ​មូលបត្រ​ជូន​ដល់​អ្នក​វិនិយោគ​សាធារណៈ ។
  2. ហេតុអ្វី​បាន​ជា​ធនាគារ​អេស៊ីលីដា​វិនិយោគ​តាមរយៈ​ការ​បង្កើត អេស៊ីលីដា ស៊ីឃ្យួរឹធី ?
    ធនាគារ​អេស៊ីលីដា គឺ​ជា​ធនាគារ​ពាណិជ្ជ​ធំ​ជាង​គេ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​បណ្តាញ​ការិយាល័យ​បម្រើ​អតិថិជន​រហូត​ដល់ ២៣៣ការិយាល័យ ជាមួយ​បុគ្គលិក​បម្រើ​ការងារ​ជាង ៧០០០នាក់ មាន​ម៉ាស៊ីន​អេធីអឹម​រាប់រយ​កន្លែង​ដាក់​បម្រើ​ជូន​អតិថិជន​ទាំង​នៅតាម​ជនបទ ទីក្រុង មហាវិថី​ធំៗ ផ្សារ​ទំនើប​នានា ហើយ​ថែមទាំង​មាន​ម៉ាស៊ីន​ឆូតកាត​រាប់រយ​គ្រឿង សម្រាប់​អតិថិជន​ទូទាត់​ថ្លៃ​សេវាកម្ម ឬ​ទំនិញ​ផ្សេងៗ ពិសេស​សេវា​អេស៊ីលីដា​យូនីធី ដែល​ជា​សេវា​ធនាគារ​ប្រកបដោយ​បច្ចេកវិជ្ជា​ទំនើប ទាន់​សម័យ ឆាប់​រហ័ស ងាយស្រួល ដល់​ការ​ធ្វើ​ប្រតិបត្តិការ​ធនាគារ​ប្រចាំ​ថ្ងៃ​តាមរយៈ​ទូរស័ព្ទ​ដៃ​គ្រប់​ប្រព័ន្ធ​ទាំងអស់​ប្រព្រឹត្ត​ទៅ​ដោយ​សុវត្ថិភាព នៅ​គ្រប់​ទី​កន្លែង ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ដោយ​មិន​ចាំបាច់​ធ្វើ​ដំណើរ​ទៅ​កាន់​ការិយាល័យ​ធនាគារ​ឡើយ ។

    ធនាគារ អេស៊ីលីដា នៅ​តែ​បន្ត​ពង្រីក និង​អភិវឌ្ឍ កែច្នៃ​ខ្លួន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ក្នុង​គោលបំណង​ឱ្យ​ការ​បម្រើ​អតិថិជន​កាន់តែ​មាន​ភាព​ងាយស្រួល ជឿជាក់ សម​ដូច​ពាក្យ​ថា ធនាគារ​អេស៊ីលីដា ដែល​លោក​អ្នក​ជឿ​ទុក​ចិត្ត ។

    ដោយ​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​អតិថិជន​វៃឆ្លាត​ជាង​មួយ​លាន​នាក់ លើ​ផលិតផល និង​សេវាកម្ម​ដែល​ធនាគារ​កំពុង​បម្រើ​ជូន​អតិថិជន ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​និង​កំពុង​ពង្រីក​សក្តានុពល​របស់​ខ្លួន​ទៅ​ក្នុង​វិស័យ​មូលបត្រ តាមរយៈ​តួនាទី​ជា​ក្រុមហ៊ុន​អន្តរការី ដោយ​វិនិយោគ​បង្កើត អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ដើម្បី​បម្រើ​សេវា និង​ផ្តល់​លទ្ធភាព​ជូន​អតិថិជន​អាច​ចូលរួម​ជួញ​ដូរ (ទិញ-លក់) ភាគហ៊ុន សញ្ញាប័ណ្ណ ឬ​ឧបករណ៍​ហិរញ្ញវត្ថុ​នានា​ក្នុង​វិស័យ​មូលបត្រ ។

  3. តើ​ធនាគារ​អេស៊ីលីដា​មាន​ទំនាក់​ទំនង​យ៉ាងណា​ជាមួយ អេស៊ីលីដា ស៊ីឃ្យួរឹធី ?
    អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​វិនិយោគ ១០០% ដោយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
  4. តើ​អេស៊ីលីដា ស៊ីឃ្យួរឹធី ផ្តល់​អត្ថប្រយោជន៍​អ្វី​ខ្លះ ដល់​អតិថិជន អ្នក​វិនិយោគ ឬ​សាធារណជន ?
    អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ផ្តល់​ជម្រើស​វិនិយោគ​ដ៏​សម្បូរ​បែប​លើ​មូលបត្រ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​ជា​ជម្រើស​ថ្មី​មួយ​ទៀត សម្រាប់​អតិថិជន អ្នក​វិនិយោគ និង​សាធារណជន អាច​ប្រើប្រាស់​ធនធាន​ហិរញ្ញវត្ថុ សម្រាប់​បង្កើន​ទ្រព្យ​សម្បត្តិ ប្រភព​ចំណូល​ឱ្យ​ប្រសើរ​ឡើង មាន​ឱកាស​រួម​ចំណែក​ធ្វើ​ជា​ម្ចាស់​ក្រុមហ៊ុន​ធំៗ និង​និរន្តភាព​លើ​ការ​វិនិយោគ តាមរយៈ​អេស៊ីលីដា ស៊ីឃ្យួរឹធី ។

    ជា​សង្ខេប អត្ថប្រយោជន៍​ទាំងនោះ​រួម​មាន ៖

    • ចំណេះដឹង​លើ​វិស័យ​មូលបត្រ និង​ការ​ជួញដូរ​មូលបត្រ
    • ជម្រើស​សម្បូរបែប​លើ​ប្រភេទ​មូលបត្រ​ដែល​អាច​ជួញ​ដូរ​ក្នុង​ទីផ្សារ​មូលបត្រ
    • ការ​ប្រើប្រាស់​ធនធាន​ហិរញ្ញវត្ថុ និង​ជម្រើស​ក្នុង​ការ​វិនិយោគ​ក្នុង​វិស័យ​នានា
    • សិទ្ធិ​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ចំណែក​ភាគហ៊ុន​ក្រុមហ៊ុន​ធំៗ តាមរយៈ​ការ​ទិញ​ភាគហ៊ុន​ក្រុមហ៊ុន​ដែល​ចុះ​បញ្ជី​ក្នុង​ទីផ្សារ​មូលបត្រ
    • ទទួល​បាន​ភាគ​លាភ និង​ប្រាក់​ចំណេញ​ពី​ការ​ជួញ​ដូរ​ភាគហ៊ុន
    • និង​អត្ថប្រយោជន៍​ពាក់ព័ន្ធ​ដទៃ​ទៀត ។
  5. តើ​អេស៊ីលីដា ស៊ីឃ្យួរឹធី មាន​ទីតាំង​នៅ​ឯណា ?
    អេស៊ីលីដា ស៊ីឃ្យួរឹធី ស្ថិត​នៅ​អគារ​ការិយាល័យ​កណ្តាល ធនាគារ អេស៊ីលីដា ភីអិលស៊ី (ជាន់​ទី៥) អគារ​លេខ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា ហើយ​និង​រៀបចំ​ពង្រីក​ឱ្យ​មាន​ការិយាល័យ​សាខា ឬ​ភ្នាក់ងារ​តំណាង​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​ក្រុង​នានា​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា រួមទាំង​ការ​រៀបចំ​ចាប់​ដៃគូ និង​កិច្ចសហការ​ប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​មូលបត្រ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ។

    អេស៊ីលីដា ស៊ីឃ្យួរឹធី បាន​បំពាក់​នូវ​បណ្តាញ​ទំនាក់​ទំនង ប្រព័ន្ធ​ថត​សម្លេង និង​សង្ហារិម បរិក្ខារ​សមស្រប សម្រាប់​ដំណើរការ​រលូន​នៃ​ប្រតិបត្តិការ ជាពិសេស​នឹង​រៀបចំ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​បច្ចេក​វិជ្ជា​មូលបត្រ​ទំនើប ដែល​មាន​សមត្ថភាព​ពេញលេញ​គាំទ្រ​ការ​ធ្វើ​ប្រតិបត្តិការ​ជួញដូរ​ភាគហ៊ុន សញ្ញាប័ណ្ណ និង​ឧបករណ៍​ហិរញ្ញវត្ថុ​ផ្សេង​ទៀត ។

  6. តើ​ធ្វើ​ដូចម្តេច​ដើម្បី​ឱ្យ​អតិថិជន​របស់​ធនាគារ​អេស៊ីលីដា អ្នក​វិនិយោគ ឬ​សាធារណជន អាច​ប្រើប្រាស់​សេវា​របស់​អេស៊ីលីដា ស៊ីឃ្យួរឹធី ?
    ដើម្បី​ប្រើប្រាស់​សេវា​របស់​អេស៊ីលីដា ស៊ីឃ្យួរឹធី​បាន អ្នក​វិនិយោគ​ត្រូវ​បំពេញ​លក្ខខណ្ឌ ដូច​ខាងក្រោម ៖
    • មាន​គណនី ឬ​បើក​គណនី​វិនិយោគ (Investment Account) ជាមួយ អេស៊ីលីដា ស៊ីឃ្យួរឹធី ។ ដើម្បី​បើក​គណនី​វិនិយោគ លោក​អ្នក​ត្រូវ​មាន​ឯកសារ​សម្គាល់​អត្ត​សញ្ញាណ​ដូចជា ៖ អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិខ្មែរ អត្ត​សញ្ញាណ​ប័ណ្ណ​ការងារ លិខិត​ឆ្លងដែន ឬ​ឯកសារ​ដែល​មាន​សុពលភាព​ផ្សេងៗ​ទៀត)
    • បំពេញ​សំណើ​ជួញដូរ ឬ​សំណើ​ពាក់ព័ន្ធ ដើម្បី​​ទិញ-លក់​ភាគហ៊ុន សញ្ញាប័ណ្ណ ឬ​ឧបករណ៍​ហិរញ្ញវត្ថុ​នានា ឬ​ធ្វើ​ប្រតិបត្តិការ​លើ​មូលបត្រ នៅ​ក្នុង​ទីផ្សារ​មូលបត្រ​កម្ពុជា ។
  7. តើ​កម្រៃ​សេវា អេស៊ីលីដា ស៊ីឃ្យួរឹធី ត្រូវ​បាន​គិត​យ៉ាង​ដូចម្តេច ?
    អេស៊ីលីដា ស៊ីឃ្យួរឹធី នឹង​ផ្តល់​សេវា​ជូន​អតិថិជន​ដោយ​គិត​កម្រៃ​សេវា​សមរម្យ ស្របតាម​ទីផ្សារ និង​បទប្បញ្ញត្តិ ពាក់ព័ន្ធ​ក្នុង​វិស័យ​មូលបត្រ ។
  8. តើ​អ្នក​អាច​ទំនាក់​ទំនង និង​ទទួល​ព័ត៌មាន​អំពី អេស៊ីលីដា ស៊ីឃ្យួរឹធី តាម​មធ្យោបាយ​ណា​ខ្លះ ?
    សូម​លោក​អ្នក​អញ្ជើញ​មក​កាន់​ការិយាល័យ​របស់​អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ស្ថិត​នៅ​អគារ​ការិយាល័យ​កណ្តាល ធនាគារ អេស៊ីលីដា ភីអិលស៊ី (ជាន់​ទី៥) អគារ​លេខ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា ។
    ទូរស័ព្ទ ៖ ០២៣ ៩៩៩ ៩៦៦ / ៩៩៩ ៩៧៧ / ៧២៣ ៣៨៨, ០១៥ ៧២៣ ៣៨៨
    វេបសាយ ៖ www.acledasecurities.com.kh
    អ៊ីម៉ែល ៖ info@acledasecurities.com.kh
  9. ជាទូទៅ តើ​ក្រុមហ៊ុន​មូលបត្រ​មាន​ប៉ុន្មាន​ប្រភេទ មាន​លក្ខខណ្ឌ​តម្រូវ និង​សកម្មភាព​អាជីវកម្ម​អ្វីខ្លះ ?
    តាម​បទប្បញ្ញត្តិ​ក្នុង​វិស័យ​មូលបត្រ​នៃ​ប្រទេស​កម្ពុជា ក្រុមហ៊ុន​មូលបត្រ​មាន​បី​ប្រភេទ ហើយ​មាន​លក្ខខណ្ឌ​តម្រូវ និង​សកម្មភាព​អាជីវកម្ម ដូច​មាន​ក្នុង​តារាង​សង្ខេប​ខាងក្រោម ៖
    ប្រភេទ ក្រុមហ៊ុន​ធានា​ទិញ​មូលបត្រ ពាណិជ្ជករ​មូលបត្រ ឈ្មួញ​ជើងសា​មូលបត្រ
    លក្ខខណ្ឌ​តម្រូវ
    • សុំ​អាជ្ញាប័ណ្ណ​ពី គ.ម.ក
    • សុពលភាព​អាជ្ញាប័ណ្ណ ២ឆ្នាំ
    • អាជ្ញាប័ណ្ណ​បន្ត ៣ឆ្នាំ
    • ថ្លៃ​ដាក់​ពាក្យ ២លានរៀល
    • ថ្លៃ​អាជ្ញាប័ណ្ណ ៨០លានរៀល សម្រាប់​រយៈពេល ២ឆ្នាំ​ដំបូង និង ១២០លានរៀល សម្រាប់​អាជ្ញាប័ណ្ណ បន្ត​រយៈពេល ៣ឆ្នាំ​បន្ទាប់
    • មូលធន​អប្បបរមា ៤០ពាន់លានរៀល ឬ​ប្រហែល ១០លានដុល្លារ
    • មូលធន​សុទ្ធ ២ពាន់លានរៀល
    • ប្រាក់​តម្កល់​ធានា ៤ពាន់លានរៀល
    • ផែនការ​អាជីវកម្ម ៣ឆ្នាំ
    • ចាប់ផ្តើម​អាជីវកម្ម ៦ខែ​បន្ទាប់ពី​ទទួល​បាន​អាជ្ញាប័ណ្ណ
    • សុំ​អាជ្ញាប័ណ្ណ​ពី គ.ម.ក
    • សុពលភាព​អាជ្ញាប័ណ្ណ ២ឆ្នាំ
    • អាជ្ញាប័ណ្ណ​បន្ត ៣ឆ្នាំ
    • ថ្លៃ​ដាក់​ពាក្យ ២លានរៀល
    • អាជ្ញាប័ណ្ណ ៦០លានរៀល សម្រាប់​រយៈពេល ២ឆ្នាំ​ដំបូង និង ៩០លានរៀល សម្រាប់​អាជ្ញាប័ណ្ណ​បន្ត​រយៈពេល ៣ឆ្នាំ​បន្ទាប់
    • មូលធន​អប្បបរមា ២៥ពាន់លានរៀល ឬ​ប្រហែល ៦,២៥លានដុល្លារ
    • មូលធន​សុទ្ធ ១,២៥ពាន់លានរៀល
    • ប្រាក់​តម្កល់​ធានា ២,៥ពាន់លានរៀល
    • ផែនការ​អាជីវកម្ម ៣ឆ្នាំ
    • ចាប់ផ្តើម​អាជីវកម្ម ៦ខែ​បន្ទាប់​ពី​ទទួល​បាន​អាជ្ញាប័ណ្ណ
    • សុំ​អាជ្ញាប័ណ្ណ​ពី គ.ម.ក
    • សុពលភាព​អាជ្ញាប័ណ្ណ ២ឆ្នាំ
    • អាជ្ញាប័ណ្ណ​បន្ត ៣ឆ្នាំ
    • ថ្លៃ​ដាក់ពាក្យ ២លានរៀល
    • អាជ្ញាប័ណ្ណ ៤០លានរៀល សម្រាប់​រយៈពេល ២ឆ្នាំ​ដំបូង និង ៦០លានរៀល​សម្រាប់​អាជ្ញាប័ណ្ណ​បន្ត​រយៈពេល ៣ឆ្នាំ​បន្ទាប់
    • មូលធន​អប្បបរមា ៦ពាន់លានរៀល ឬ​ប្រហែល ១,៥លានដុល្លារ
    • មូលធនសុទ្ធ ៣០០លានរៀល
    • ប្រាក់តម្កល់​ធានា ១ពាន់លានរៀល
    • ផែនការ​អាជីវកម្ម ៣ឆ្នាំ
    • ចាប់ផ្តើម​អាជីវកម្ម ៦ខែ បន្ទាប់ពី​ទទួល​បាន​អាជ្ញាប័ណ្ណ
    សកម្មភាព​អាជីវកម្ម
    • អាជីវកម្ម​ធានា​ទិញ​មូលបត្រ
    • អាជីវកម្ម​ជួញដូរ​មូលបត្រ
    • អាជីវកម្ម​ជើងសា​មូលបត្រ
    • អាជីវកម្ម​ផ្តល់​ប្រឹក្សា​វិនិយោគ
    • អាជីវកម្ម​ជួញដូរ​មូលបត្រ
    • អាជីវកម្ម​ជើងសា​មូលបត្រ
    • អាជីវកម្ម​ផ្តល់ប្រឹក្សា​វិនិយោគ
    • អាជីវកម្ម​ជើងសា​មូលបត្រ
    • អាជីវកម្ម​ផ្តល់ប្រឹក្សា​វិនិយោគ

ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ៣៦    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៩៤    ចំនួនអ្នកទស្សនាពីម្សិល : ៣.៦៨៩