»  ព័ត៌មាន  »  ព័ត៌មាន​មូលបត្រ​ថ្មីៗ  »  អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ទទួល​បាន​អាជ្ញាបណ្ណ ធ្វើ​អាជីវកម្ម​ជើងសាមូលបត្រ​ដំបូង​គេ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា

អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ទទួល​បាន​អាជ្ញាបណ្ណ ធ្វើ​អាជីវកម្ម​ជើងសាមូលបត្រ​ដំបូង​គេ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មការ​មូលបត្រ​កម្ពុជា ប្រគល់​អាជ្ញាបណ្ណ​ជូន​លោក ឆាយ សឿន ប្រធាន​ក្រុមប្រឹក្សាភិបាល​​អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី

ថ្ងៃ​ទី០២ ខែវិច្ឆិកា ឆ្នាំ​២០១០

រាជធានី​ភ្នំពេញ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១០ ៖ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី បាន​ទទួល​អាជ្ញាបណ្ណ​ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា ធ្វើ​អាជីវកម្ម​ជើងសាមូលបត្រ​ដំបូង​គេ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ធនាគារ​អេស៊ីលីដា ភីអិលស៊ី មាន​ដើមទុន​ចំនួន ៦ពាន់​លាន​រៀល ដែល​វិនិយោគ ១០០ភាគរយ ដោយ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ។

អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី នឹង​ផ្ដល់​នូវ​សេវា​ល្អ​បំផុត​លើ​វិស័យ​មូលបត្រ និង​ជម្រើស​សម្បូរបែប​លើ​មូលបត្រ​ជូន​ដល់​សាធារណជន​គ្រប់​មជ្ឈដ្ឋាន​ក្នុង​សហគមន៍ ដែល​មាន​ការិយាល័យ​ស្ថិត​នៅ​ក្នុង​អគារ​ការិយាល័យ​កណ្ដាល​របស់​ធនាគារ​អេស៊ីលីដា អគារលេខ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

លោក ស្វាយ ហៃ អគ្គនាយក អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី បាន​សំដែង​នូវ​ក្ដី​សោមនស្ស​រីករាយ និង​ថ្លែង​អំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ដែល​បាន​ផ្ដល់​ទំនុក​ចិត្ដ​មក​លើ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី តាមរយៈ​ការ​ផ្ដល់​អាជ្ញាបណ្ណ​នេះ ។

អាជ្ញាបណ្ណ​ក្រុមហ៊ុន​មូលបត្រ

លោក​បាន​បន្ថែម​ទៀត​ថា ដោយ​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​អតិថិជន និង​សាធារណជន​ទូទៅ​លើ​ផលិតផល និង​សេវាកម្ម​ដែល​ធនាគារ​អេស៊ីលីដា កំពុង​បម្រើ​ជូន​អតិថិជន ធនាគារ​អេស៊ីលីដា បាន​និង​កំពុង​ពង្រីក​សក្ដានុពល​របស់​ខ្លួន​តាមរយៈ​តួនាទី​ជា​ក្រុមហ៊ុន​អន្ដរការី​នេះ​រួម​ទាំង ឱកាស​វិនិយោគ​ជាច្រើន​ទៀត​ក្នុង​វិស័យ​មូលបត្រ ដែល​ជា​វិស័យ​មួយ​ដ៏​ថ្មី​ស្រឡាង​ក្នុង​ការ​ផ្ដល់​សេវាកម្ម​ហិរញ្ញវត្ថុ បំពេញ​បន្ថែម​ទៅ​លើ​ប្រព័ន្ធ​ធនាគារ​ដែល​មាន​ស្រាប់​ក្នុង​ការ​កៀរគរ​មូលធន និង​ជា​កម្លាំង​ចលករ​នៃ​កំណើន​សេដ្ឋកិច្ច ។

លោក ស្វាយ ហៃ បាន​មាន​ប្រសាសន៍​ទៀត​ថា ក្រៅ​ពី​ការិយាល័យ​មាន​លក្ខណៈ​ទំនើប និង​ការ​រៀបចំ​ប្រព័ន្ធ​បច្ចេកវិជ្ជា​ព័ត៌មាន​ដ៏​សមស្រប អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី មាន​យន្ដការ​ចែក​រំលែក​ព័ត៌មាន​ដ៏​ទូលំ​ទូលាយ និង​ទាន់​សម័យ​តាមរយៈ​វេបសាយ​របស់​ខ្លួន ដើម្បី​ជា​មធ្យោបាយ​ផ្សព្វផ្សាយ​នូវ​រាល់​ព័ត៌មាន​សំខាន់ៗ ដូច​ជា របាយការណ៍​ហិរញ្ញវត្ថុ តារាង​តម្លៃ​ហ៊ុន បទប្បញ្ញត្ដិ​នានា​ក្នុង​វិស័យ​មូលបត្រ ជាដើម ជូន​ដល់​សាធារណជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ។

នៅ​ក្នុង​ឱកាស​ដ៏​ពិសេស​នេះ លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្ដិ ធនាគារ​អេស៊ីលីដា បាន​មាន​ប្រសាសន៍​ថា "ការ​បង្កើត អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ជា​ជម្រើស​ថ្មី​មួយ​ទៀត​សម្រាប់​អតិថិជន និង​សាធារណជន អាច​ប្រើប្រាស់​ធនធាន​ហិរញ្ញវត្ថុ​សម្រាប់​បង្កើន​ទ្រព្យសម្បត្តិ និង​ប្រភព​ចំណូល​ឱ្យ​ប្រសើរ​ឡើង មាន​ឱកាស​រួម​ចំណែក​ធ្វើ​ជា​ម្ចាស់​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ធំៗ និង​និរន្ដរភាព​លើ​ការ​វិនិយោគ​តាមរយៈ អេស៊ីលីដា ស៊ីឃ្យួរឹធី" ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​តាម​រយៈ ៖

លោក ស្វាយ ហៃ អគ្គនាយក អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី
អ៊ីម៉ែល ៖
វេបសាយ ៖ www.acledasecurities.com.kh

លោក ហោ ស៊ីម៉េត ប្រធានប្រតិបត្ដិការ
អ៊ីម៉ែល ៖

លោក លឹម ច័ន្ទតារា ប្រធានភ្នាក់ងារក្រុមហ៊ុនមូលបត្រ
អ៊ីម៉ែល ៖

ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ១១    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៤៣៥    ចំនួនអ្នកទស្សនាពីម្សិល : ៩២៩