»  ព័ត៌មាន  »  ព័ត៌មាន​មូលបត្រ​ថ្មីៗ  »  កិច្ច​សហប្រតិបត្តិការ​រវាង​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ជាមួយ​ក្រុមហ៊ុន​តុងយ៉ាង ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី

កិច្ច​សហប្រតិបត្តិការ​រវាង​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ជាមួយ​ក្រុមហ៊ុន​តុងយ៉ាង ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី

ថ្ងៃ​ទី២៦ ខែតុលា ឆ្នាំ២០១១

លោក ឆាយ សឿន ប្រធាន​ក្រុមប្រឹក្សា​ភិបាល​អេស៊ីលីដា​ស៊ីឃ្យួរឹធី, លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា, លោក You Joon Ryeol ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​តុងយ៉ាង​ស៊ីឃ្យួរឹធី, និង​លោក Han Kyung Tae ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​តុងយ៉ាង​ស៊ីឃ្យួរឹធី​(ខេមបូឌា)

រាជធានី​ភ្នំពេញ, ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១១ ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខ​គេ​លើ​គ្រប់​ផ្នែក​នៃ​សេវា​ធនាគារ និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ដែល​ជា​ក្រុមហ៊ុន​មូលបត្រ​ទទួល​អាជ្ញាបណ្ណ​ដំបូង​គេ​ពី គណៈកម្មការ​មូលបត្រ​កម្ពុជា ក្នុង​ការ​ធ្វើ​អាជីវកម្ម​ជើងសា​មូលបត្រ និង​ក្រុមហ៊ុន តុងយ៉ាង ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី បាន​ប្រកាស​អំពី​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​តាមរយៈ ការ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​កិច្ច​សហប្រតិបត្តិការ ក្រោម​វត្តមាន​របស់​លោក​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​លោក​ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​តុងយ៉ាង​ស៊ីឃ្យួរឹធី ដែល​ជា​ក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុន​តុងយ៉ាង ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី ។

តាមរយៈ​អនុស្សរណៈ​យោគយល់​គ្នា​នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, និង​ក្រុមហ៊ុន​តុងយ៉ាង ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី អាច​ផ្តល់​ជូន​អតិថិជន និង​វិនិយោគិន ទាំងអស់​នូវ​ជំនាញ និង​សេវាកម្ម​ហិរញ្ញវត្ថុ​គ្រប់​ប្រភេទ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ យើង​បាន​កំណត់​យ៉ាង​ច្បាស់​អំពី​ការ​បំពេញ​គ្នា​ទៅវិញ​ទៅមក​តាមរយៈ​ជំនាញ និង​ភាព​ខ្លាំង​នៃ​ភាគី​ទាំង​បី ។ តាមរយៈ​ការ​ប្រមូល​ផ្តុំ​ការ​បំពេញ​បន្ថែម​គ្នា ស្ថាប័ន​ទទួល​ផល​នីមួយៗ​នឹង​ផ្តល់​អត្ថប្រយោជន៍​ជូន​អតិថិជន​ទាំងអស់ ជាមួយ​នឹង​ការ​ប្រើប្រាស់​សេវា​ដ៏​សមស្រប និង​កាន់តែ​មាន​ប្រសិទ្ធភាព ។ ជាពិសេស​ទៅ​ទៀត ​ក្រុមហ៊ុន​តុងយ៉ាង​ស៊ីឃ្យួរឹធី និង​អេស៊ីលីដា នឹង​ផ្តល់​ជូន​នូវ​ភាព​ងាយ​ស្រួល និង​ដំណើរ​ការ​ប្រកប​ដោយ​ប្រសិទ្ធភាព ក្នុង​ប្រតិបត្តិការ​មូលបត្រ​សម្រាប់​ការ​បោះ​ផ្សាយ​លក់​មូលបត្រ​លើក​ដំបូង​ជា​សាធារណៈ​ក្នុង​ទីផ្សារ​មូលបត្រ​កម្ពុជា ។

ពីឆ្វេងទៅស្តាំ ៖ លោក You Joon Ryeol, លោក ឆាយ សឿន, និងលោក អ៊ិន ចាន់នី

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្ដិ​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា ៖ អនុស្សរណៈ​យោគយល់​គ្នា​នេះ​នឹង​បញ្ចូល​គ្នា​រវាង​បទពិសោធន៍​រយៈពេល ៤៩ឆ្នាំ របស់​ក្រុមហ៊ុន​តុងយ៉ាង​ស៊ីឃ្យួរឹធី ដែល​ជា​ក្រុមហ៊ុន​មូលបត្រ​ឈាន​មុខ​មួយ​នៅ​ក្នុង​ទីផ្សារ​មូលបត្រ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ជាមួយ​នឹង​ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខ​គេ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ធនាគារ​ដែល​លោក​អ្នក​ជឿ​ទុក​ចិត្ត ដើម្បី​ប្រើប្រាស់​ជំនាញ​និង​បទពិសោធន៍​ក្នុង​ការ​ផ្តល់​ជូន​សេវាកម្ម​ប្រឹក្សា និង​ហិរញ្ញវត្ថុ ព្រមទាំង​ការ​រៀបចំ​ហិរញ្ញប្បទាន​សម្រាប់​ការ​បោះ​ផ្សាយ​លក់ និង​ការ​ចុះ​បញ្ជី​លក់​មូលបត្រ​ជា​សាធារណៈ ។

លោក ឆាយ សឿន ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា ៖ វា​ជា​ឱកាស​ថ្មី​សម្រាប់​វិនិយោគិន ជាពិសេស​អ្នក​វិនិយោគ​ឯកត្តជន​ធ្វើ​ការ​វិនិយោគ​ក្នុង​ទីផ្សារ​មូលបត្រ​កម្ពុជា ចាប់ពី​ការ​បោះ​ផ្សាយ​លក់​មូលបត្រ​លើក​ដំបូង​ជា​សាធារណៈ​តាមរយ:​ក្រុមហ៊ុន​មូលបត្រ​អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ។ លើសពីនេះ ទាំង​វិនិយោគិន និង​សាធារណជន​អាច​ទទួល​បាន​របាយការណ៍​វិភាគ​ស្រាវជ្រាវ និង​ព័ត៌មាន​ហិរញ្ញវត្ថុ​បាន​កាន់តែ​ទូលំ​ទូលាយ ។

លោក You Joon Ryeol ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​តុងយ៉ាង​ស៊ីឃ្យួរឹធី បាន​មាន​ប្រសាសន៍​ថា ៖ ភាព​ជា​ដៃគូ​ដែល​យើង​បង្កើត​នា​ថ្ងៃ​នេះ នឹង​បង្កើត​ឱ្យ​មាន​នូវ​ផល​ប្រយោជន៍​ទៅវិញ​ទៅមក​ជាក់លាក់ សម្រាប់​ការ​រីក​លូតលាស់​របស់​ភាគី​នីមួយៗ​ដោយ​ការ​រួម​បញ្ចូល​គ្នា​នូវ​ជំនាញ និង​ភាព​ខ្លាំង​របស់​ខ្លួន ។ ជាមួយ​នឹង​កេរ្តិ៍​ឈ្មោះ​របស់​ធនាគារ​អេស៊ីលីដា ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឈាន​មុខ​គេ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា វា​នឹង​ធ្វើ​ឱ្យ​យើង​កាន់តែ​ងាយ​ស្រួល​ក្នុង​ការ​ទទួល​បាន​នូវ​វិនិយោគិន​ដ៏​ច្រើន ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស សម្រាប់​ការ​បោះ​ផ្សាយ​លក់​មូលបត្រ​លើក​ដំបូង​ជា​សាធារណៈ ដែល​យើង​ធ្វើ​ជា​ក្រុមហ៊ុន​ធានា​ទិញ​មូលបត្រ ។ វា​ក៏​នឹង​ធ្វើ​ឱ្យ​អេស៊ីលីដា បង្កើត​បាន​នូវ​សហគមន៍​នៃ​វិនិយោគិន កាន់តែ​ទូលំ​ទូលាយ ដែល​ធ្វើ​ឱ្យ​ប្រសើរ​ដល់​អាជីវកម្ម​របស់​អេស៊ីលីដា ទាំង​ក្នុង​ពេល​បច្ចុប្បន្ន ទាំង​ក្នុង​ពេល​អនាគត ។ បន្ថែម​លើនេះ យើង​រីករាយ​នឹង​ជួយ​ធនាគារ​អេស៊ីលីដា នៅ​ក្នុង​ការ​រៀបចំ​ផែនការ​បោះ​ផ្សាយ​លក់​មូលបត្រ​លើក​ដំបូង​ជា​សាធារណៈ​របស់​ធនាគារ​នា​ពេល​អនាគត ។ សរុប​សេចក្តី​មក កិច្ច​សហប្រតិបត្តិការ​នេះ នឹង​ផ្តល់​ភាព​ពេញ​ចិត្ត​ដល់​វិនិយោគិន និង​អតិថិជន​នៃ​ការ​បោះ​ផ្សាយ​លក់​មូលបត្រ​លើក​ដំបូង​ជា​សាធារណៈ​នៅ​ក្នុង​ព្រំដែន​នៃ​ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​នេះ ដែល​ជា​លទ្ធផល​នៃ​អត្ថប្រយោជន៍ ប្រកួត​ប្រជែង​ដ៏​ច្បាស់លាស់​តាមរយៈ​សម្ព័ន្ធភាព​នេះ ៕

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​តាម​រយៈ ៖

ធនាគារ អេស៊ីលីដា ភីអិលស៊ី

លោកស្រី សូ ផនណារី អនុ​ប្រធាន​នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ
អ៊ីម៉ែល ៖

លោក ព្រំ វិសុទ្ធ នាយក​ប្រតិបត្តិ​នីតិកម្ម និង​ជា​លេខាធិការ​ក្រុមហ៊ុន
អ៊ីម៉ែល ៖

អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី

លោក ហោ ស៊ីម៉េត ប្រធានប្រតិបត្តិការ
អ៊ីម៉ែល ៖

លោក លឹម ច័ន្ទតារា ប្រធានភ្នាក់ងារក្រុមហ៊ុនមូលបត្រ
អ៊ីម៉ែល ៖

ក្រុមហ៊ុនតុងយ៉ាង ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី

លោក Choi Young Chul ប្រធានប្រតិបត្តិការ
អ៊ីម៉ែល ៖

កញ្ញា គុំ ម៉ង់ដារីន អ្នកវិភាគ ផ្នែកច្បាប់
អ៊ីម៉ែល ៖

ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ៦    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៥១៨    ចំនួនអ្នកទស្សនាពីម្សិល : ៩២៩