»  ព័ត៌មាន  »  ព័ត៌មាន​មូលបត្រ​ថ្មីៗ  »  សារ​លិខិត​ចូលរួម​រំលែក​ព្រះរាជ​មរណទុក្ខ

សារ​លិខិត​ចូលរួម​រំលែក​ព្រះរាជ​មរណទុក្ខ

ថ្ងៃ​ទី១៦ ខែ​តុលា ឆ្នាំ​២០១២

  • សូម​ក្រាប​បង្គំ​ទូល​ថ្វាយ​ព្រះ​ករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី​ ព្រះ​មហាក្សត្រ នៃ ព្រះរាជាណាចក្រ​កម្ពុជា ជា​ទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត!
  • សូម​ក្រាប​បង្គំ​ទូល​ថ្វាយ​សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនីនាថ​ សីហនុ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ ក្នុង សេរីភាព សេចក្តី​ថ្លៃថ្នូរ និង​សុភមង្គល ជា​ទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត!

តាង​នាម​ថ្នាក់​ដឹកនាំ និង​កម្មករ​និយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី ទូល​ព្រះបង្គំ​យើង​ខ្ញុំ​ទាំង​អស់​គ្នា មាន​សេចក្តី​តក់ស្លុត រន្ធត់​ចិត្ត​ជា​អនេកប្បការ ដោយ​បាន​ទទួល​ដំណឹង​ដ៏​សែន​ក្រៀមក្រំ និង​សោកសៅ​ជា​ទីបំផុត​ថា ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហា​វីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹក​ដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះអង្គ​បាន​យាង​ចូល​ព្រះ​ទីវង្គត​នៅ​ថ្ងៃ​ច័ន្ទ ទី១៥ ខែ​តុលា ឆ្នាំ​​២០១២ ត្រូវ​នឹង​ថ្ងៃ​ទី១៥ រោជ ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ ២៥៥៦ វេលាម៉ោង ០១:២០នាទី រំលង​អាធ្រាត ក្នុង​ព្រះជន្មាយុ ៩០ ព្រះវស្សា ដោយ​ព្រះជរាពាធ​ នៅ​មន្ទីរពេទ្យ​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជា​មានិត​ចិន ។

ក្នុង​បរិយាកាស​ដ៏​សែន​សោកសៅ ក្រៀមក្រំ សោកស្តាយ​អាឡោះ​អាល័យ ប្រកប​ដោយ​សមានទុក្ខ​ដ៏​ធំធេង របស់ ព្រះករុណា​ជាអម្ចាស់​ជីវិត​លើ​ត្បូង ព្រះមហាក្សត្រ​​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ ជា​ទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ជា​មួយ​នឹង​ព្រះរាជវង្សានុវង្សនា​ពេល​នេះ ទូលព្រះបង្គំ​យើង​ខ្ញុំ​ទាំង​អស់​គ្នា​សូម​ធ្វើ​អភិវន្ទន​កិច្ច ចូលរួម​រំលែក​នូវ​ព្រះមរណទុក្ខ​ដ៏​មហា​ក្រៀមក្រំ​នេះ ដោយ​ក្តីសោក​សង្វេគ​មហាជ្រាល​ជ្រៅ​រក​ទីបំផុត​គ្មាន ចំពោះ​ការ​បាត់​បង់ ព្រះករុណា ព្រះមហា​វីរក្សត្រ ព្រះវររាជ​បិតា​ឯករាជ្យ បូរណភាព​ទឹក​ដី និង​ឯកភាព​ជាតិ​ខ្មែរ ដែល​ព្រះអង្គ​ជាវីរកុលបុត្រ​ខ្មែរ​ដ៏​ឆ្នើម ព្រះបិតា និង​ព្រះអយ្យកោ​ប្រកប​ដោយ​ព្រហ្ម​វិហារធម៌ ។

ទូលព្រះបង្គំ​យើងខ្ញុំ​ទាំង​អស់​គ្នា សូម​បួងសួង​ដល់​គុណ​បុណ្យ​តេជៈ​ព្រះ​រតនត្រ័យ កែវ​ទាំង​បី វត្ថុ​ស័ក្តិ​សិទ្ធិ​ក្នុង​លោក ព្រម​ទាំង​ទេព្តា​ទាំង​មួយ​ម៉ឺន​លោក​ធាតុ មហិទ្ធិឫទ្ធិ​ទេវតា​រក្សា​​ព្រះមហា​ស្វេតឆ័ត្រ​ ទេវតា​ឆ្នាំ​ថ្មី​ព្រះនាម​កិមិរាទេវី និង​បារមី​ព្រះវិញ្ញាណក្ខន្ធ​អតីត​ព្រះមហាក្សត្រ និង​ព្រះមហាក្សត្រិ​យានី សូម​លោក​ប្រោស​ព្រំ ប្រសិទ្ធិពរ ថ្វាយ​ដួង​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហា​វីរក្សត្រ ព្រះវររាជ​បិតា​ឯករាជ្យ បូរណភាព​ទឹក​ដី និង​ឯកភាព​ជាតិ​ខ្មែរ សូម​ព្រះអង្គ​ឆាប់​បាន​ចាប់​បដិសន្ធិ​ក្នុង​ព្រះ​បរម​សុគតិភព​គ្រប់ៗ​ជាតិ កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ ។

សូម ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​ព្រះមហាក្សត្រី នរោត្តម​ មុនីនាថ សីហនុ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ ក្នុង​សេរីភាព សេចក្តី​ថ្លៃថ្នូរ និង​សុភមង្គល ទ្រង់​ព្រះ​មេត្តា​ប្រោស​ទទួល​នូវ​គារវភក្តីភាព និង​អភិវន្ទនកិច្ច ដ៏​ខ្ពង់ខ្ពស់​បំផុត​អំពី​ទូល​ព្រះបង្គំ​យើង​ខ្ញុំ ។


ក្រាប​បង្គំ​ទូលថ្វាយ​នៅ​រាជធានី​ភ្នំពេញ, ថ្ងៃ​ទី១៦ ខែ​តុលា ឆ្នាំ​២០១២
តំណាង​ថ្នាក់​ដឹក​នាំ និង​កម្មករ​និយោជិត ធនាគារ អេស៊ីលីដា​ ភីអិលស៊ី
ប្រធាន​នាយក​ប្រតិបត្តិ

អ៊ិន ​ចាន់នី

ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ៣៤    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៨១៨    ចំនួនអ្នកទស្សនាពីម្សិល : ១.៨១៩