»  ព័ត៌មាន  »  ព័ត៌មាន​មូលបត្រ​ថ្មីៗ  »  ធនាគារ​អេស៊ីលីដា ប្រារព្ធ​ពិធី​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់​អគារ​ការិយាល័យ​កណ្ដាល​ថ្មី​បន្ថែម

ធនាគារ​អេស៊ីលីដា ប្រារព្ធ​ពិធី​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់​អគារ​ការិយាល័យ​កណ្ដាល​ថ្មី​បន្ថែម

គំនូរ​អគារ​ការិយាល័យ​កណ្តាល​ថ្មី​បន្ថែម​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី

ថ្ងៃ​ទី១៧ ខែធ្នូ ឆ្នាំ​២០១២

ភ្នំពេញ, ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១២ ធនាគារ​អេស៊ីលីដា ជា​ធនាគារ​ដែល​លោក​អ្នក​ជឿ​ទុក​ចិត្ត និង​ជា​ធនាគារ​ពាណិជ្ជ​នាំ​មុខ​គេ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រារព្ធ​ពិធី​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់​អគារ​ការិយាល័យ​កណ្ដាល​ថ្មី​បន្ថែម នៅ​ខាង​ក្រោយ​អគារ​ការិយាល័យ​កណ្ដាល​បច្ចុប្បន្ន ដែល​ស្ថិត​នៅ​អគារលេខ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ អគារ​ការិយាល័យ​កណ្ដាល​ថ្មី​នេះ នឹង​ត្រូវ​សាងសង់​ឡើង​តាម​លក្ខណៈ​ទំនើប ដែល​មាន​កំពស់ ២០ជាន់ និង​អគារ​ក្រោម​ដី​ចំនួន ៤ជាន់ ដែល​មាន​ទំហំ ៤៣.០០០ ម៉ែត្រ​ការ៉េ សម្រាប់​បំពេញ​ការងារ រួម​មាន ៖ (ការិយាល័យ​សម្រាប់​ធ្វើ​ការងារ, អាហារដ្ឋាន, និង​ចំណត​យានយន្ត) ។ ការិយាល័យ​ថ្មី​នេះ នឹង​បំពាក់​ទៅ​ដោយ​ប្រព័ន្ធ​ការពារ​សន្តិសុខ, ការ​សន្សំ​សំចៃ​ថាមពល​ប្រើប្រាស់, ការ​បង្ការ​អគ្គិភ័យ, បណ្តាញ​ត្រួត​ពិនិត្យ និង​ប្រព័ន្ធ​ទូរគមនាគមន៍, ហើយ​និង​ប្រព័ន្ធ​គាំទ្រ​បច្ចេកវិទ្យា​ព័ត៌មាន​រួម ។

អគារ​ការិយាល័យ​កណ្តាល​ថ្មី​នេះ ត្រូវ​បាន​គូរ​ប្លង់​ដោយ​ក្រុមហ៊ុន​ដែល​មាន​ឈ្មោះ​ល្បី​ល្បាញ និង​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ ដូចជា ៖ ក្រុមហ៊ុន Aedas ជា​ទីប្រឹក្សា​បច្ចេកទេស​ផ្នែក​ស្ថាបត្យកម្ម, iLi Consulting Engineers Mekong Ltd. ជា​ទីប្រឹក្សា​បច្ចេកទេស​ផ្នែក​វិស្វកម្ម, Optima Consultant Ltd. ជា​ទីប្រឹក្សា​បច្ចេកទេស​ផ្នែក​មេកានិក​អគ្គិសនី​និង​ប្រព័ន្ធ​បណ្តាញ​ទឹក និង BK Asia Pacific ជា​ទីប្រឹក្សា​ផ្នែក​គ្រប់គ្រង​ចំណាយ ។ អគារ​ថ្មី​នេះ នឹង​ត្រូវ​សាងសង់​ដោយ​ក្រុមហ៊ុន HYUNDAI AMCO CO., LTD. ដែល​ជា​ក្រុមហ៊ុន​ជំនាញ និង​មាន​ឈ្មោះ​ល្បីល្បាញ​លើ​ការ​សាងសង់​អគារ​ជាច្រើន​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​នៅ​បរទេស ព្រមទាំង​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ធនាគារ​អេស៊ីលីដា បាន​ទទួល​ច្បាប់​អនុញ្ញាត​សាងសង់ ដោយ​អនុលោមតាម​លិខិត​លេខ ៖ ២៥៣ ដនស/អដន ចុះ​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១២ របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​លិខិត​អនុញ្ញាត​បើក​ការដ្ឋាន​សាងសង់​លេខ ៖ ១៦២ អសណ/នសណ ចុះ​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១២ របស់​អគ្គនាយកដ្ឋាន​សំណង់ ។ ការដ្ឋាន​សាងសង់​នេះ នឹង​ត្រូវ​ចាប់​ផ្តើម​សាងសង់​នៅ​ក្នុង ខែធ្នូ ឆ្នាំ២០១២ ហើយ​រំពឹង​ថា​រយៈពេល​សាងសង់​នឹង​ត្រូវ​បញ្ចប់​ឱ្យ​រួចរាល់​ក្នុង​រយៈពេល ២៤ខែ ។

លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង លោក HW Son ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន HYUNDAI AMCO CO.,LTD.

លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា ៖ ដោយ​អតិថិជន​បាន​ផ្តល់​ការ​ជឿ​ទុក​ចិត្ត​មក​លើ​ធនាគារ​អេស៊ីលីដា​កាន់តែ​ខ្លាំង ព្រមទាំង​មាន​សេចក្តី​ត្រូវ​ការ​សេវាកម្ម​ហិរញ្ញវត្ថុ និង​ផលិតផល​ផ្សេងៗ​របស់​ធនាគារ​អេស៊ីលីដា កាន់តែ​ខ្ពស់​ក្នុង​រយៈពេល ១២ឆ្នាំ កន្លង​មក​នេះ ហើយ​ពិសេស​ជាង​នេះ​ទៅ​ទៀត គឺ​រយៈពេល ៥ឆ្នាំ ដែល​យើង​បាន​ប្តូរ​មក​ទីតាំង​ការិយាល័យ​ថ្មី នៅ​ក្នុង​ឆ្នាំ២០០៧ ។ ឥណទាន​មាន​ការ​កើន​ឡើង ២៨៩% ពី ៣១៥លាន​ដុល្លារ​អាមេរិក រហូត​ដល់ ១,២ពាន់​លាន​ដុល្លារ​អាមេរិក, ប្រាក់​បញ្ញើ​សន្សំ​បាន​កើន​ឡើង ៣១៨% ពី ៣៤៤,៦លាន​ដុល្លារ​អាមេរិក រហូត​ដល់ ១,៤៤ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ក្នុង​ខែវិច្ឆិកា ឆ្នាំ២០១២, សាខា និង​ការិយាល័យ​មាន​ការ​កើន​ឡើង​ពី ២០៤ រហូត​ដល់ ២៣៨ សាខា និង​ការិយាល័យ គិត​ជា​ភាគរយ​មាន​ការ​កើន​ឡើង ១៧% ហើយ​ចំនួន​បុគ្គលិក​មាន​ការ​កើន​ឡើង​ពី ៤.៤០១នាក់ រហូត​ដល់ ៧.៦១១នាក់ សម្រាប់​រយៈពេល​ដូច​គ្នា គិត​ជា​ភាគរយ​មាន​ការ​កើន​ឡើង ៧៣% ។ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​កើន​ឡើង​នេះ ធនាគារ​អេស៊ីលីដា មាន​តម្រូវការ​ពង្រីក​ការិយាល័យ​បន្ថែម​ទៀត នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​បង្កើត​សាខា និង​ការិយាល័យ​ជាច្រើន​នៅ​ទូទាំង​ប្រទេស ជាពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ការិយាល័យ​កណ្តាល​បច្ចុប្បន្ន ផ្គួប​ផ្សំ​ជាមួយ​នឹង​ការ​កើន​ឡើង​នេះ ដើម្បី​បម្រើ​សេវាកម្ម​ល្អ​បំផុត​ជូន​ដល់​អតិថិជន​ដ៏​វៃឆ្លាត​របស់​យើង និង​សម្រាប់​រក្សា​សុវត្ថិភាព​ទ្រព្យសម្បត្តិ​របស់​ពួក​គាត់ ដែល​ដាក់​នៅ​ធនាគារ​យើង ។ ៥ឆ្នាំ កន្លង​មក យើង​បាន​សាងសង់​អគារ​ការិយាល័យ​កណ្តាល​បច្ចុប្បន្ន​នេះ មាន​ចំនួន ៦ជាន់ ដែល​មាន​កន្លែង​បំពេញ​ការងារ​ទំហំ ៦.០៨៣ម៉ែត្រ​ការ៉េ សម្រាប់​បុគ្គលិក​ការិយាល័យ​កណ្តាល ចំនួន ៥០០នាក់ ហើយ​ជាមួយ​នឹង​ចំណត​យានយន្ត ចំនួន ១៦៨ គ្រឿង ។ ថ្ងៃ​នេះ​យើង​ប្រារព្ធ​ពិធី​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់ ដើម្បី​ធ្វើ​ការ​ពង្រីក​បន្ថែម និង​សាងសង់​ការិយាល័យ​កណ្តាល​ថ្មី ដែល​មាន​កំពស់ ២០ជាន់ និង​អគារ​ក្រោម​ដី​ចំនួន ៤ជាន់ ដោយ​មាន​ផ្ទៃ​អគារ​សរុប​ចំនួន ៤៣.០០០ម៉ែត្រ​ការ៉េ សម្រាប់​បុគ្គលិក​ការិយាល័យ​កណ្តាល​ចំនួន ១.៤០០នាក់ ដែល​អាច​ដាក់​រថយន្ត​បាន​ចំនួន ៧០៣ គ្រឿង និង​អាហារដ្ឋាន​ដែល​មាន​ផាសុកភាព​សម្រាប់​បុគ្គលិក ។

ពិធី​ក្រុងពាលី​បើក​ការដ្ឋាន​សាងសង់​អគារ​ការិយាល័យ​កណ្ដាល​ថ្មី​

លោក​បាន​បន្ត​ថា ៖ ការិយាល័យ​កណ្តាល​ថ្មី​នេះ នឹង​ត្រូវ​បាន​សាងសង់​ឡើង​ជាមួយ​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ពិសេស​ទៅ​លើ​ផ្នែក​ការពារ​សន្តិសុខ ការ​បង្ការ​អគ្គិភ័យ ការ​សន្សំ​សំចៃ​ថាមពល​ប្រើប្រាស់ និង​ការ​ការពារ​សុវត្ថិភាព សុខភាព បរិស្ថាន ។ ជាមួយ​នឹង​ការ​វិនិយោគ​ទៅ​លើ​អគារ​ការិយាល័យ​កណ្តាល​ថ្មី​របស់​យើង ជា​ការ​បង្ហាញ​បញ្ជាក់​ពី​ជំនឿ​ទុក​ចិត្ត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ការ​អនុវត្ត​សេដ្ឋកិច្ច​ដ៏​ខ្លាំង​របស់​ប្រទេស ហើយ​ជា​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​នេះ ក្នុង​ការ​បម្រើ​ជូន​អតិថិជន​ជាង​មួយ​លាន​នាក់ និង​អតិថិជន​អនាគត ដែល​ពួក​គាត់​មាន​ការ​ជឿជាក់​មក​លើ​ធនាគារ​អេស៊ីលីដា ជា​ធនាគារ​ដែល​លោក​អ្នក​ជឿ​ទុកចិត្ត ។

លោក Don Coning នាយក​ក្រុមហ៊ុន Aedas បាន​មាន​ប្រសាសន៍​ថា ៖ យើង​មាន​កិត្តិយស​ជាពិសេស ដែល​ត្រូវ​បាន​ជ្រើស​តាំង​ដោយ​ធនាគារអេស៊ីលីដា ក្នុង​ការ​សហការ​ជាមួយ​ក្រុម​អ្នក​ជំនាញ​ដ៏​ពូកែ​ក្នុង​ការ​គូរ​ប្លង់​ការិយាល័យ​កណ្តាល​ថ្មី​នេះ ។ យើង​ជឿជាក់​ថា​បំណង​ប្រាថ្នា និង​សេចក្តី​ត្រូវ​ការ​របស់​ធនាគារ​អេស៊ីលីដា គឺ​កំពុង​ផ្តល់​លទ្ធភាព​ដល់​ក្រុមហ៊ុន Aedas ដើម្បី​សិក្សា​ស្វែង​រក និង​បង្កើត​ភាព​ជឿជាក់​ប្លែក​គេ​មាន​តែ​មួយ និង​បង្ហាញ​នូវ​អគារ​ដ៏​ស្រស់​ស្អាត​ដែល​ជា​មរតក និង​វប្បធម៌​របស់​ធនាគារ​អេស៊ីលីដា មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ ជា​អគារ​ពាណិជ្ជកម្ម នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ផង​ដែរ ។ ក្រុមហ៊ុន Aedas បាន​បង្កើត​កម្មវិធី​ជា​សកល សម្រាប់​គំនិត​ច្នៃ​ប្រឌិត​ដ៏​ល្អ​បំផុត​ក្នុង​ស្ថាបត្យកម្ម ។ ការ​បង្ហាញ​គំនិត​ច្នៃ​ប្រឌិត​ដ៏​ល្អ​មួយ​នេះ អាច​ធ្វើ​ទៅ​បាន​ជាមួយ​នឹង​ការ​ផ្សារ​ភ្ជាប់​ព័ត៌មាន​ចុង​ក្រោយ និង​ការ​បែងចែក​ប្រព័ន្ធ​ផ្សេងៗ ដែល​ត្រូវ​ការ​បង្កើត និង​រចនា​ប្លង់​ដែល​ជា​លក្ខណៈ​ពិភពលោក ។

ពិធី​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់​អគារ​ការិយាល័យ​កណ្ដាល​ថ្មី​

លោក HW Son ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន HYUNDAI AMCO CO.,LTD. បាន​មាន​ប្រសាសន៍​ថា ៖ ការ​សាងសង់​អគារ​ការិយាល័យ​កណ្តាល​ថ្មី​របស់​ធនាគារអេស៊ីលីដា ជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខគេ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​សាងសង់​ឡើង​ជា​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ ជាមួយ​នឹង​សម្ភារ និង​គ្រឿង​បរិក្ខារ​ដែល​មាន​គុណភាព​ខ្ពស់ ។ ក្រុមហ៊ុន HYUNDAI AMCO មាន​មោទនភាព​យ៉ាង​ខ្លាំង ក្នុងការ​ចូលរួម​ក្នុង​គម្រោង​សាងសង់​នេះ ជា​អ្នក​ទទួល​ម៉ៅការ​ទូទៅ ហើយ​យើង​សូម​ធានា​អះអាង ក្នុង​ការ​ផ្តល់​សេវា​សាងសង់​ដ៏​ល្អ​បំផុត ជូន​ដល់​អតិថិជន​របស់​យើង ជាមួយ​នឹង​បទពិសោធន៍ ដែល​មាន​កន្លង​មក​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូចជា​នៅ​ក្នុង​ពិភពលោក ។

គួរ​បញ្ជាក់​ដែរ​ថា​បច្ចុប្បន្ន ធនាគារអេស៊ីលីដា មាន​បណ្តាញ​ការិយាល័យ​ប្រតិបត្តិការ ចំនួន ២៣៨ ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា និង ២៨ការិយាល័យ នៅ​ប្រទេស​ឡាវ និង ០១សាខា នៅ​ប្រទេស​មីយ៉ាន់ម៉ា ជាមួយ​នឹង​ទ្រព្យ​សកម្ម​សរុប​ចំនួន ១,៩ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ដំណាច់ ខែវិច្ឆិកា ឆ្នាំ២០១២ ។ ធនាគារ​អេស៊ីលីដា មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​បួន គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, អេស៊ីលីដា ត្រេននីង សេនធ័រ និងស្ថាប័ន មីក្រូហិរញ្ញវត្ថុ ACLEDA MFI Myanmar Co., Ltd. ហើយ​តាម​យុទ្ធសាស្ត្រ យើង​នឹង​បន្ត​ពង្រីក​វិសាលភាព​ប្រតិបត្តិការ​ទៅ​ក្នុង​តំបន់​អាស៊ាន និង​បណ្តា​ប្រទេស​នៅ​តាម​ដង​ទន្លេ​មេគង្គ​ដទៃ​ទៀត ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​តាម​រយៈ

លោក ព្រំ វិសុទ្ធ   អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​នីតិកម្ម
អ៊ីម៉ែល ៖

ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ២៩    ចំនួនអ្នកទស្សនាថ្ងៃនេះ : ១.៩៩៥    ចំនួនអ្នកទស្សនាពីម្សិល : ២.០៥៤