»  ព័ត៌មាន  »  ព័ត៌មាន​មូលបត្រ​ថ្មីៗ  »  ពិធី​សម្ពោធ​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ ACLEDA MFI Myanmar

ពិធី​សម្ពោធ​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ ACLEDA MFI Myanmar

ការិយាល័យ​កណ្តាល ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ ACLEDA MFI Myanmar

ថ្ងៃទី២៥ ខែ​មីនា ឆ្នាំ២០១៣

ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ ACLEDA MFI Myanmar ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​​ពេញលេញ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ទទួល​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ក្រុមហ៊ុន លេខ ៩៦ FC សម្រាប់​ឆ្នាំ២០១២-២០១៣ ដោយ​អគ្គនាយកដ្ឋាន​នៃ​ការ​វិនិយោគ និង​ការ​គ្រប់គ្រង​ក្រុមហ៊ុន នៃ​ប្រទេស​មីយ៉ាន់ម៉ា នៅ​ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១២ និង​បាន​ទទួល​អាជ្ញាប័ណ្ណ​ធ្វើ​ប្រតិបត្តិការ​​សេវា​ឥណទាន​ខ្នាត​តូច​បំផុត និង​ទទួល​ប្រាក់​បញ្ញើសន្សំ នៅ​ថ្ងៃទី០៨ ខែ​កុម្ភៈ ឆ្នាំ២០១៣ ដោយ​បាន​​ចាប់ផ្តើម​បម្រើ​សេវាកម្ម​ជូន​ដល់​សាធារណៈជន​ទូទៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ចាប់​តាំង​ពី​ថ្ងៃ​ទី១៨ ខែ​កុម្ភៈ ឆ្នាំ២០១៣ ។

ថ្ងៃ​នេះ​យើង​ខ្ញុំ​បាន​ប្រកាស​បើក​សម្ពោធ​ជា​ផ្លូវការនូវ​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ ACLEDA MFI Myanmar ដែល​មាន​អាសយដ្ឋាន​ស្ថិត​នៅ​អគារ​លេខ​១៨៦(B) ផ្លូវ​ស្វេកូងតាយ តំបន់​យ៉េតាសេ ឃុំ​បាហាន ក្រុង​យ៉ាំងកូង ប្រទេស​មីយ៉ាន់ម៉ា ។ ACLEDA MFI Myanmar បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​ជា​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ជាមួយ​នឹង​ដើម​ទុន​ដំបូង​សរុប​ចំនួន ៨ពាន់​លាន​ក្យាត់ ឬ​ប្រហែល ១០លាន​ដុល្លារ​អាមេរិក ។

យើង​បាន​ទទួល​អាជ្ញាប័ណ្ណ​ឱ្យ​ធ្វើ​ប្រតិបត្តិកា​រ​សេវា​ហិរញ្ញវត្ថុ ជា​ជំហ៊ាន​ដំបូង ក្នុង​ក្រុងយ៉ាំងកូង ចំនួន ១៥ឃុំ ដូចជា North Okkalarpa, South Okkalarpa, South Dagon, Insein, ShwepyiThar, TharKe Ta, HlaingTharYar, Thin GanGyung, Min GalarTaungNyunt, Dagon SeikKan, DawPon, Dala, East Dagon, Min GaLar Don, Than Lyin ។

ទស្សនៈ ៖ ACLEDA MFI Myanmar ជា​ស្ថាប័ន​ហិរញ្ញវត្ថុ​ឈាន​មុខ​គេ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ក្នុង​ការ​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ដ៏​ល្អ​បំផុត ជូន​ដល់​សាធារណជន​គ្រប់​មជ្ឈដ្ឋាន​ក្នុង​សហគមន៍ ។ បេសកកម្ម ៖ បេសកកម្ម​របស់ ACLEDA MFI Myanmar គឺ​ផ្តល់​ជូន​សហគ្រិន​ខ្នាត​តូច និង​ខ្នាតតូច​បំផុត នូវ​មធ្យោបាយ​ក្នុង​ការ​គ្រប់គ្រង ចាត់​ចែង​ធនធាន​ហិរញ្ញវត្ថុ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​លើក​ស្ទួយ​ជីវភាព​រស់​នៅ​ឱ្យ​ប្រសើរ​ឡើង ដោយ​អនុវត្តឱ្យ​បាន​នូវ​និរន្តរភាព និង​បង្កើន​នូវ​អត្ថប្រយោជន៍​ជូន​ដល់​ភាគទុនិក កម្មករ​និយោជិត ព្រម​ទាំង​សហគមន៍​ទាំង​អស់ ។ យើង​ប្រកាន់​ភ្ជាប់​ជា​និច្ច​នូវ​គោលការណ៍សីលធម៌ វិជ្ជាជីវៈ សង្គម ច្បាប់ និង​បរិស្ថាន ប្រកប​ដោយ​កម្រិត​ខ្ពស់​បំផុត ។

ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ ACLEDA MFI Myanmar បាន​បញ្ជូន​បុគ្គលិក​មីយ៉ាន់ម៉ា​ពីរ​ក្រុម​ចំនួន ៣៦នាក់ ឱ្យមក​ទទួល​ការ​ហ្វឹកហ្វឺន​ការងារ និង​បាន​បញ្ចប់​រួច​រាល់​នៅ​ឆ្នាំ២០១២ ដោយ​បាន​ទទួល​ការ​ហ្វឹកហ្វឺន​ដោយ​ផ្ទាល់​ជាមួយ​នឹង​អ្នក​ឯកទេស​ការងារ​ចំនួន ១០នាក់​នៅ​ប្រទេស​កម្ពុជា ។ ស្ថាប័ន​ក៏​មាន​គំរោង​ជ្រើសរើស​បុគ្គលិក និង​ថ្នាក់​គ្រប់គ្រងមីយ៉ាន់ម៉ា​ចំនួន ៧៥០​នាក់​បន្ថែម​ទៀត ដែល​ពួកគេ​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាប័ត្រ​ពី​សាកល​វិទ្យាល័យ​នានា​នៅ​មីយ៉ាន់ម៉ា ។

ថ្នាក់​ដឹក​នាំអេស៊ីលីដា ព្រម​ទាំង​ភ្ញៀវ​កិត្តិយស ថត​រូប​ទុក​ជា​អនុស្សាវរីយ៍​ក្នុង​ពិធី​សម្ពោធ​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ ACLEDA MFI Myanmar

ដើម្បី​បន្ថែម​នូវ​ចំណេះ​ជំនាញ​ គ្រប់​បុគ្គលិក​មីយ៉ាន់ម៉ា​ដែល​បាន​ជាប់​ជា​បេកភាព នឹង​ត្រូវ​បាន​ទទួល​ការ​ហ្វឹកហ្វឺនចំនួន​ ៦សប្តាហ៍ ដោយ ៣សប្តាហ៍​ហ្វឹកហ្វឺន​ក្នុង​ថ្នាក់ និង ៣សប្តាហ៍​ទៀត​ហ្វឹកហ្វឺន​នៅ​កន្លែង​ធ្វើ​ការផ្ទាល់ ដែល​បាន​​រៀបចំ​ដោយ​អេស៊ីលីដា ត្រេននីង សេនធ័រ នៅ​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​នេះ ។ នៅ​ឆ្នាំ​បន្ទាប់ ពួក​គេ​នឹង​ត្រូវ​បាន​ទទួល​ការ​ហ្វឹកហ្វឺន​ចំនួន ៦​សប្តាហ៍ ដែល​ ៤សប្តាហ៍ត្រូវ​បានទទួលការ​ហ្វឹកហ្វឺនដោយ​បុគ្គលិក​មីយ៉ាន់​ម៉ា​ផ្ទាល់​នៅ​ក្រុង​យ៉ាំងកូង និង ២សប្តាហ៍​ទៀត​ហ្វឹកហ្វឺន​នៅ​កន្លែង​ការងារ​ដោយ​ផ្ទាល់​នៅ​ទីក្រុង​ភ្នំពេញ ព្រះរាជណាចក្រ​កម្ពុជា ដែល​រៀប​ចំ​ដោយ​អេស៊ីលីដា ត្រេននីង សេនធ័រ ជា​មជ្ឈមណ្ឌលហ្វឹកហ្វឹន ផ្តល់​នូវ​ចំណេះ​ជំនាញ​ផ្នែក​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ ដល់​គ្រប់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់ ។

ឆ្លៀត​ក្នុង​ឱកាស​នេះ លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា ភីអ៊ិលស៊ី បាន​មាន​ប្រសាសន៍​ថា ៖ ធនាគារ​អេស៊ីលីដា ជា​ធនាគារ​ដែល​លោក​អ្នក​ជឿ​ទុក​ចិត្ត និង​ក្រោម​ពាក្យ​ស្លោក "ធនាគារ​សម្រាប់​ប្រជាជន" មាន​បទពិសោធ​ជាង ២១ឆ្នាំ​មក​ហើយ​ក្នុង​វិស័យ​ហិរញ្ញវត្ថុនៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ជាង ៥ឆ្នាំ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ឡាវ ។ អេស៊ីលីដា ជា​ធនាគារ​ដែល​ធំ និងឈាន​មុខ​គេ​ក្នុង​ប្រទេស​កម្ពុជា​តាំង​ពី​ឆ្នាំ២០១០ មក​ម្លេះ ហើយ​យើង​នៅ​តែ​ជា​ធនាគារ​ឈាន​មុខ​នៅ​ក្នុង​ប្រទេសកម្ពុជា ។ តាមរយៈ​​យុទ្ធសាស្ត្រ​​នេះ យើងបាន​សិក្សា និង​ពង្រីក​ប្រតិបត្តិការ​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា តាំង​ពី​ដើម​ឆ្នាំ២០១២ ហើយ​ដោយសារ​ការ​សិក្សា​បង្ហាញ​ឱ្យ​​ឃើញ​ពី​​លក្ខណៈ​វិជ្ជមាន ទើប​ក្រុមប្រឹក្សាភិបាល និងភាគទុនិក​របស់​យើង​អនុញ្ញាត​ឱ្យ​​អេស៊ីលីដា អាច​ពង្រីក​ប្រតិបត្តិការ​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា ។ ខ្ញុំ​តំណាង​ឱ្យ​​ភាគទុនិក និង​រូប​ខ្ញុំ​ផ្ទាល់ សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​​ជាទី​បំផុត​ដល់​គ្រប់​អាជ្ញាធរ​ និង​ធនគារ​ជាតិ​នៃ​ប្រទេស​មីយ៉ាន់ម៉ា ជា​ពិសេស​ក្រសួង​ហិរញ្ញវត្ថុ និង​ចំណូល​របស់​មីយ៉ាន់ម៉ា ដែល​បាន និង​បន្ត​ការ​គាំទ្រ ព្រម​ទាំង​លើក​ទឹក​ចិត្ត​ដល់​យើង​ខ្ញុំ​ក្នុង​ការ​ពង្រីក​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ។ ខ្ញុំ​បាទ​ក៏​សូម​ថ្លែង​អរគុណ​ផងដែរ​ចំពោះ​ធនាគារ​ជាតិ​នៃ​កម្ពុជា ដែល​បាន​អនុញ្ញាត​ឱ្យ​​ធនាគារ​អេស៊ីលីដា​ពង្រីក​សាខា​បុត្រ​សម្ព័ន្ធ​ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា ហើយ​បើ​គ្មាន​ទំនុក​ចិត្ត និង​ការ​​ជឿជាក់​មក​លើ​ធនាគារ​អេស៊ីលីដា ពី​សំណាក់​អស់​លោក លោក​ស្រី​ទេ យើង​ក៏​មិន​អាច​មាន​វត្តមាន​នៅ​ទីនេះ​ក្នុ​ង​ថ្ងៃ​នេះ​បាន​ទេ ។

លោក​បាន​បន្ថែម​ថា ៖ ជា​ថ្មី​ម្តង​ទៀត ជាមួយ​នឹង​បទពិសោធន៍​ជាង​២១ឆ្នាំ នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ដែល​បាន​រីក​លូតលាស់​​ជាមួយ​នឹង​អតិថិជន​ដ៏​វៃ​ឆ្លាត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​គិត​មកដល់​ដំណាច់​ខែ​កុម្ភៈ ឆ្នាំ២០១៣​នេះ យើង​មាន​ទ្រព្យ​សកម្ម​សរុប​ជាង ២ពាន់​លាន​ដុល្លារ​អាមេរិក ជាមួយនឹង​ ២៣៨​ការិយាល័យ​និង​សាខា​ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង ២៩ការិយាល័យ​និង​សាខា​ ក្នុង​ប្រទេស​ឡាវ ហើយ​និង​សាខា​បុត្រសម្ព័ន្ធ​នេះ​មួយ​ទៀត​នៅ​ប្រទេស​មីយ៉ាន់ម៉ា ចាប់​ពី​ដើម​ឆ្នាំ​នេះ ។ ជា​យុទ្ធសាស្ត្រ យើង​នឹង​ចម្លង​បទពិសោធន៍​ជោគជ័យ​ដែល​មាន​ស្រាប់ ដែល​យើង​បាន​រួម​បញ្ជូល​គ្នា​ជាមួយ​នឹងក្រុម​ការងារ​​ឯកទេស​ក្នុង​ប្រទេសមីយ៉ាន់ម៉ា ដើម្បី​​ផ្តល់​នូវ​ភាព​ជោគជ័យ​ដល់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ACLEDA MFI Myanmar ដោយ​បង្កើត​ឱ្យ​មាន​និរន្តរភាព​ការងារ អត្ថប្រយោជន៍​និង​ការ​រីកចម្រើន​រួម​គ្នា​ជាមួយ​អតិថិជន​ដ៏​វៃ​ឆ្លាត​របស់​យើង និង​បង្កើន​ដើមទុន ព្រមទាំង​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​គាំទ្រ​ដល់​ភាគទុនិក​អេស៊ីលីដា ។

រូបភាព​ក្នុង​ពេល​ប្រារព្ធ​ពិធី


សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទងតាមរយៈ

លោក សូ កុសល   នាយក​នាយកដ្ឋាន​ទីផ្សារ​នៃ​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ ACLEDA MFI Myanmar
អ៊ីម៉ែល:

លោក ឃាង សម្បត្តិ   នាយកនាយកដ្ឋាន​នីតិកម្មនៃ​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ ACLEDA MFI Myanmar
អ៊ីម៉ែល:

ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ១៧    ចំនួនអ្នកទស្សនាថ្ងៃនេះ : ១.៩០៧    ចំនួនអ្នកទស្សនាពីម្សិល : ២.០៥៤