អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី

 »  ព័ត៌មាន  »  ព័ត៌មាន​មូលបត្រ​ថ្មីៗ  »  ធនាគារ អេស៊ីលីដា ភីអិលស៊ី បន្ថែម​ដើមទុន​ចំនួន ៧២.៥០២.២៩៧ដុល្លារ​អាមេរិក

ធនាគារ អេស៊ីលីដា ភីអិលស៊ី បន្ថែម​ដើមទុន​ចំនួន ៧២.៥០២.២៩៧ដុល្លារ​អាមេរិក

ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៣

ភ្នំពេញ, ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៣, ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខ​គេ​លើ​គ្រប់វិស័យ ដែល​បាន​ប្រារព្ធ​ពិធី​គម្រប់​ខួប​ទី២១ឆ្នាំ នៃ​ការ​ធ្វើ​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ឆ្នាំ​នេះ បាន​ប្រកាស​បន្ថែម​ដើមទុន​របស់​ខ្លួន​ចំនួន ៧២.៥០២.២៩៧​ដុល្លារ​អាមេរិក លើ​ដើមទុន​ដែល​មាន​បច្ចុប្បន្ន​ចំនួន ១១៣.១៦៩.៥៦០​ដុល្លារ​អាមេរិក ។ ដូច្នេះ​ដើមទុន​សរុប​របស់​ធនាគារ​នឹង​កើន​ដល់​ចំនួន ១៨៥.៦៧១.៨៥៧​ដុល្លារ​អាមេរិក ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ដើមទុន ៥១% កាន់កាប់​ដោយ​ភាគទុនិក​កម្ពុជា ក្នុង​នោះ​រួម​មាន ៖ អង្គការ អេស៊ីលីដា និង​ក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី និង៤៩% ទៀត​ដែល​នៅ​សល់ កាន់កាប់​ដោយ​ស្ថាប័ន​អន្តរជាតិ​ឈាន​មុខ​គេ រួម​មាន ៖ សាជីវកម្ម​ហិរញ្ញ​វត្ថុ​អន្តរជាតិ, Stichting Triodos Doen, Triodos Custody BV (Triodos Fair Share Fund), Triodos SICAV II-Triodos Microfinance Fund, JSH Asian Holdings Limited និង COFIBRED ។ ការ​បន្ថែម​ដើមទុន​នេះ មាន​ចំនួន​សរុប ៧២.៥០២.២៩៧ដុល្លារ​អាមេរិក ដែល​ក្នុង​នោះ​ចំនួន ៣២.៥០២.២៩៧ដុល្លារ​អាមេរិក ត្រូវ​បាន​ធ្វើ​ឡើង​តាមរយៈ​ការ​បែងចែក​ភាគលាភ​ប្រចាំ​ឆ្នាំ២០១២ និង​ចំនួន ៤០.០០០.០០០ដុល្លារ​អាមេរិក ដោយ​ដាក់​បញ្ចូល​ជា​សាច់ប្រាក់​សុទ្ធ​របស់​ភាគទុនិក​នីមួយៗ តាម​ចំនួន​ភាគហ៊ុន​ដែល​កាន់កាប់​ក្នុង​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

នេះ​ជា​លើកទី១០ហើយ ដែល​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​បន្ថែម​ដើមទុន ចាប់​តាំង​ពី​បាន​ចុះ​បញ្ជី​ជា​ធនាគារ ។

លោក ជា សុខ ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ដែល​ជា​អតីត​ធនាគារិក​នៅ​ធនាគារ​កណ្តាល និង​ជា​អ្នក​សេដ្ឋកិច្ច បាន​រៀបរាប់​ពី​មូលហេតុ ៣ សំខាន់ៗ ដែល​ធ្វើ​ឱ្យ​ធនាគារ​តែងតែ​បង្កើន​នូវ​ដើមទុន​របស់​ខ្លួន ។ លោក​បាន​លើក​ឡើង​ថា មូលហេតុ​ទី១ គឺ​ដោយសារ​ធនាគារ​រីក​លូតលាស់​យ៉ាង​ខ្លាំង​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​អាជីវកម្ម​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស តាមរយៈ​ការ​ផ្តល់​ឥណទាន និង​សេវា​ហិរញ្ញវត្ថុ​ដទៃ​ទៀត ហើយ​ទ្រព្យ​សកម្ម​សរុប​របស់​ធនាគារ​កំពុងតែ​កើន​ឡើង​ប្រចាំ​ឆ្នាំ​ប្រមាណ ២៨,៤០% ។ មូលហេតុ ទី២ គឺ​ដើម្បី​រក្សា​មូលដ្ឋាន​ដើមទុន​នៅ​ក្នុង​កម្រិត​មួយ​ខ្ពស់​ជាង​បញ្ញត្តិ អនុបាត​សំខាន់ៗ ។ ប៉ុន្តែ​មូលហេតុ​ចម្បង​ដែល​សំខាន់​ជាង​គេ​បំផុត​នោះ គឺ​ដោយសារ​ធនាគារ​ត្រូវការ​កសាង​នូវ​ទំនុក​ចិត្ត ពី​សំណាក់​សាធារណជន ។ យើង​មាន​ភាគទុនិក​ដ៏​រឹងមាំ និង​មាន​បំណង​គាំទ្រ​ធនាគារ ដូច្នេះ​យើង​កំពុង​បង្កើត​នូវ​ជំនឿ​ទុក​ចិត្ត និង​បង្កើន​សមត្ថភាព​ការពារ​ប្រាក់​បញ្ញើ-សន្សំ​របស់​អតិថិជន​របស់​យើង ។

លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា ៖ ការ​បន្ថែម​ដើមទុន​ជា​បន្ត​បន្ទាប់​នេះ គឺ​ដើម្បី​គាំទ្រ​ការ​ពង្រីក​សាខា​ទាំង​ក្នុង និង​ក្រៅ​ប្រទេស អភិវឌ្ឍន៍ និង​ធ្វើ​ឱ្យ​បណ្តាញ​សេវាកម្ម​ធនាគារ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក កាន់តែ​ជឿនលឿន ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​យុទ្ធសាស្ត្រ​របស់​ធនាគារ ។ ធនាគារ អេស៊ីលីដា មាន​បទពិសោធន៍​ក្នុង​ការ​បង្កើន​ប្រាក់​ចំណេញ​សុទ្ធ​ក្រោយ​ពេល​បង់​ពន្ធ​រួច ពី ៤៧៥.១៦៨ដុល្លារអាមេរិក ក្នុង​ឆ្នាំ២០០១ រហូត​ដល់ ៦៣.៦៤៩.៤៣៥ដុល្លារ​អាមេរិក នៅ​ក្នុង​ឆ្នាំ២០១២ ។ បន្ថែម​ពី​លើ​ការ​បន្ថែម​ដើមទុន​របស់​ភាគទុនិក ធនាគារ​បាន​បង្កើត​ទុនបម្រុង​ទូទៅ​របស់​ខ្លួន ដោយ​រក្សាទុក​ចន្លោះ​ពី ៥០% ទៅ ៦០% នៃ​ប្រាក់​ចំណេញ​ក្រោយ​បង់​ពន្ធ​រួច ។ ​សូម​បញ្ជាក់​ថា មូលនិធិ​ផ្ទាល់​សុទ្ធ​បច្ចុប្បន្ន​បាន​កើន​រហូត​ដល់ ៣០៩.១៤៦.៥៨១ដុល្លារ​អាមេរិក នៅ​ក្នុង​ខែមេសា ឆ្នាំ២០១៣ ។ ក្នុង​នាម​ជា​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​ជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខ​គេ​លើ​គ្រប់​វិស័យ​ក្នុង​ការ​បម្រើ​សេវា​ហិរញ្ញវត្ថុ យើង​តែងតែ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន និង​សាធារណៈជន​គ្រប់​មជ្ឈដ្ឋាន ជាមួយ​នឹង​បទពិសោធន៍​រយៈពេល​ជាង ២១ឆ្នាំ និង​បណ្តាញ​ប្រតិបត្តិការ​រហូត​ដល់ ២៣៨​ការិយាល័យ ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា និង ៣២​ការិយាល័យ នៅ​ប្រទេសឡាវ និង ០១ការិយាល័យ នៅ​ប្រទេស​មីយ៉ាន់ម៉ា ជាមួយ​នឹង​ទ្រព្យ​សកម្ម​សរុប ចំនួន​ជាង ២ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ដំណាច់​ខែមេសា ឆ្នាំ២០១៣ ។ នៅ​ដំណាច់​ឆ្នាំ២០១៣ នៅ​ក្នុង​ប្រទេស​កម្ពុជា ធនាគារ​អេស៊ីលីដា នឹង​បង្កើន​នូវ​បណ្តាញ​សេវាកម្ម​ដក​ប្រាក់ និង​ដាក់​ប្រាក់​ស្វ័យប្រវត្តិ​អេធីអឹម រហូត​ដល់​ទៅ ២២០ និង​ដាក់​ពង្រាយ​ម៉ាស៊ីន​ឆូតកាត ចំនួន ១.០០០គ្រឿង ។

លោក​បណ្ឌិត​ក៏​បាន​លើក​ឡើង​ផងដែរ​ថា ៖ យើង​មាន​គម្រោង​បើក ៣០សាខា និង​ការិយាល័យ​ថ្មី​បន្ថែម​នៅ​ក្នុង​អំឡុង​ឆ្នាំ​នេះ ដែល​ធ្វើ​ឱ្យ​បណ្តាញ​ប្រតិបត្តិការ​របស់​យើង​កើន​ឡើង​រហូត​ដល់ ២៦៨សាខា និង​ការិយាល័យ ដែល​អាច​ផ្តល់​ការងារ​ឱ្យ​កម្មករ​និយោជិត ជិត ១០.០០០ នាក់ ។ ធនាគារ​ក៏​នាំ​មក​នូវ​ប្រព័ន្ធ​គ្រប់គ្រង​បច្ចេកវិជ្ជា​ព័ត៌មាន​បែប​ទំនើប​ទាន់សម័យ ដើម្បី​បំពេញ​ទៅតាម​ការ​រីក​ចម្រើន​នៃ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ និង​ជាពិសេស​គាំទ្រ​ចំពោះ​ការ​ពង្រីក​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់​ផង​ដែរ ។ បច្ចុប្បន្ន​ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ចំនួន បួន គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, អេស៊ីលីដា ត្រេននីង សេនធ័រ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​តាម​រយៈ

លោកស្រីបណ្ឌិត សូ ផនណារី   អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ
អ៊ីម៉ែល ៖

លោក ព្រំ វិសុទ្ធ   អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈប្រធាន​នាយក​ប្រតិបត្តិ​នីតិកម្ម
អ៊ីម៉ែល ៖

ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ១២    ចំនួនអ្នកទស្សនាថ្ងៃនេះ : ១៣១    ចំនួនអ្នកទស្សនាពីម្សិល : ២.១១៤