អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី

 »  ព័ត៌មាន  »  ព័ត៌មាន​មូលបត្រ​ថ្មីៗ  »  ធនាគារ​អេស៊ីលីដា បាន​ជ្រើស​រើស​ជា​ស្ថាប័ន​រីកចម្រើន​លំដាប់​ថ្នាក់​ពិភពលោក...

ធនាគារ​អេស៊ីលីដា បាន​ជ្រើស​រើស​ជា​ស្ថាប័ន​រីកចម្រើន​លំដាប់​ថ្នាក់​ពិភពលោក និង​បាន​ចូល​ជា​សមាជិក​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក

ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤

ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ជ្រើស​រើស​ជា​ស្ថាប័ន​រីកចម្រើន​លំដាប់​ថ្នាក់​ពិភពលោក របស់​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក ឆ្នាំ២០១៤ (World Economic Forum Global Growth Companies 2014) និង​បាន​ចូល​ជា​សមាជិក​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក (World Economic Forum) នៅ​ក្នុង​ឆ្នាំ​នេះ ។

វេទិកា​សេដ្ឋកិច្ច​ពិភព​លោក គឺ​ជា​សហគមន៍​បណ្តុំ​អ្នក​ពាក់ព័ន្ធ​ល្បីៗ​ជា​ច្រើន​នៅ​លើ​ពិភព​លោក មាន​ដូច​ជា ថ្នាក់​ដឹក​នាំ​ធុរកិច្ច, រដ្ឋាភិបាល, ប្រព័ន្ធ​ផ្សព្វផ្សាយ, គ្រឹះស្ថាន​សិក្សា និង​សង្គម​ស៊ីវិល ដើម្បី​ទាក់ទង ពិភាក្សា និង​ចូលរួម​ក្នុង​គំនិត​ផ្តួច​ផ្តើម​របស់​ខ្លួន ។ សូម​មើល​វេបសាយ www.weforum.org សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​សកម្មភាព​ទាំង​ឡាយ​របស់​វេទិកា​ពិភាក្សា​នេះ ។

ស្ថាប័ន​រីកចម្រើន​លំដាប់​ថ្នាក់​ពិភពលោក គឺ​ជា​ស្ថាប័ន​ដែល​រីកចម្រើន​ឈាន​មុខ​គេ និង​រឹងមាំ​នៅ​ជុំ​វិញ​ពិភព​លោក ។ បណ្តា​ស្ថាប័ន​ទាំង​នោះ​គឺ​ជា​ស្ថាប័ន​ដែល​ជឿនលឿន​លើ​គ្រប់​វិស័យ និង​ជា​អ្នក​ច្នៃ​ប្រឌិត​ខ្ពស់ ដែល​បាន​ប្តេជ្ញា​ចិត្ត​ធ្វើ​ឱ្យ​ពិភព​លោក​កាន់​តែ​រីកច្រើន​ឡើង ។ បច្ចុប្បន្ន​សហគមន៍​មាន​សមាជិក​ជាង ៣៦០ស្ថាប័ន នៅ​ក្នុង ៧០ប្រទេស ហើយ ស្ថាប័ន​នីមួយៗ​មាន​សក្តានុពល​ដឹកនាំ​នៅ​ក្នុង​សេដ្ឋកិច្ច​ជា​សកល ដោយ​សារ​តែ​ស្ថាប័ន​នោះ​មាន​អាជីវកម្ម​ជា​គំរូ​ឈាន​មុខ រីកចម្រើន​ជា​លំដាប់ និង​ឈាន​មុខ​គេ​លើ​ទីផ្សារ​របស់​ខ្លួន ។ ចំពោះ​ព័ត៌មាន​បន្ថែម​អំពី​ស្ថាប័ន​រីកចម្រើន​លំដាប់​ថ្នាក់​ពិភពលោក សូម​ទស្សនា www.weforum.org/community/global-growth-companies ។

ក្នុង​ចំណោម​ធនាគារ​ពាណិជ្ជ និង​ឯកទេស​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា ធនាគារ​អេស៊ីលីដា​ជា​ធនាគារ​ឈាន​មុខ​គេ​លើ​ទ្រព្យ​សកម្ម, ឥណទាន, ប្រាក់​បញ្ញើ, ប្រាក់​ចំណេញ, ចំនួន​ការិយាល័យ, និង​ម៉ាស៊ីន​អេធីអឹម ច្រើន​ជាង​គេ​ទូទាំង​ប្រទេស ។

ធនាគារ​អេស៊ីលីដា មាន​បណ្តាញ​ការិយាល័យ​ប្រតិបត្តិការ​ចំនួន ២៥១សាខា នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា, ៤១ការិយាល័យ នៅ​ប្រទេស​ឡាវ និង ៦ការិយាល័យ នៅ​ប្រទេស​មីយ៉ាន់ម៉ា ជា​មួយ​នឹង​ទ្រព្យសកម្ម​សរុប ចំនួន ២,៥ ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ដំណាច់​ខែមីនាឆ្នាំ២០១៤ ។

ធនាគារ​អេស៊ីលីដា មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​បួន​គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, អេស៊ីលីដា ត្រេននីង សេនធ័រ, និង ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ។ ហើយ​តាម​យុទ្ធសាស្ត្រ ធនាគារ​អេស៊ីលីដា នឹង​បន្ត​ពង្រីក​វិសាលភាព​ប្រតិបត្តិការ​ទៅ​ក្នុង​តំបន់​អាស៊ាន និង​បណ្តា​ប្រទេស​នៅ​តាម​ដង​ទន្លេ​មេគង្គ​ដទៃ​ទៀត ។

ធនាគារ​អេស៊ីលីដា ជា​សមាជិក​របស់​ស្ថាប័ន​មាន​កិត្យានុភាព​ជា​ច្រើន​ដូច​ខាង​ក្រោម ដែល​នេះ​បង្ហាញ​ពី​ការ​ចូល​រួម​យ៉ាង​សកម្ម​របស់​យើង​នៅ​ក្នុង​សហគមន៍​ពាណិជ្ជកម្ម ។

ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ២១    ចំនួនអ្នកទស្សនាថ្ងៃនេះ : ២.១០១    ចំនួនអ្នកទស្សនាពីម្សិល : ២.៣៣៨