»  ព័ត៌មាន  »  ព័ត៌មាន​មូលបត្រ​ថ្មីៗ  »  ធនាគារ​​អេស៊ីលីដា​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ សេវា​អេស៊ីលីដា​អ៊ីនធើណែត

ធនាគារ​​អេស៊ីលីដា​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ សេវា​អេស៊ីលីដា​អ៊ីនធើណែត

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា មាន​ប្រសាសន៍​ក្នុង​ពិធីដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ សេវា​អេស៊ីលីដា​អ៊ីនធើណែត
របាំ​ជូនពរ​ដែល​សម្តែង​ដោយ​បុគ្គលិក​ធនាគារ​អេស៊ីលីដា
បណ្ឌិត សូ ផនណារី អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ សំណេះ​សំណាល​ជា​មួយ​ភ្ញៀវកិត្តិយស
ភ្ញៀវ​កិត្តិយស​ចូល​រួម​ក្នុង​ពិធី​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ សេវា​អេស៊ីលីដា​អ៊ីនធើណែត

ថ្ងៃ​ទី៤ ខែកក្កដា ឆ្នាំ២០១៤

រាជធានី​ភ្នំពេញ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៤ ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ប្រជាធនាគារ​ដែល​លោកអ្នក​ជឿ​ទុក​ចិត្ត និង​ជា​ធនាគារ​ពាណិជ្ជ​នាំ​មុខ​គេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃ​នេះ​ថា ធនាគារចាប់ផ្តើម​បម្រើ​ជូន​អតិថិជន និង​សាធារណជន​នូវ​សេវា​ថ្មី​មួយ​ទៀត​គឺ "សេវា​អេស៊ីលីដា​អ៊ីនធើណែត" ដែល​ផ្តល់​ជូន​អតិថិជន​នូវ​ជម្រើស​បន្ថែម​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​តាម​រយៈ​អ៊ីនធើណែត​តាម​តម្រូវការ​នៅ​គ្រប់​ទីកន្លែង និង​គ្រប់​ពេលវេលា ប្រកប​ដោយ​ភាពងាយស្រួល និង​សុវត្ថិភាព​ខ្ពស់ ។

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា "យើង​តែងតែ​យក​ចិត្ត​ទុក​ដាក់​ស្តាប់​ដំបូន្មាន​ដ៏​មាន​តម្លៃ និង​បំពេញ​តម្រូវការ​របស់​អតិថិជន នូវ​ផលិតផល-សេវាកម្ម​ថ្មីៗ​ប្រកប​ដោយ​ជម្រើស​យ៉ាង​សម្បូរ​បែប ។ ថ្ងៃ​នេះ​ធនាគារ​អេស៊ីលីដា​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ សេវា​អេស៊ីលីដា​អ៊ីនធើណែត ដែល​ជា​សេវា​លំដាប់​ថ្នាក់​ពិភពលោក ប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់ និង​មាន​ភាពងាយស្រួល សម្រាប់​អតិថិជន​ប្រើប្រាស់​សេវា​ធនាគារ​ដោយ​ខ្លួន​ឯង តាម​តម្រូវការ​គ្រប់​ពេល​វេលា គ្រប់​ទីកន្លែង រហូត​ដល់ ២៤ម៉ោង​ក្នុង​មួយ​ថ្ងៃ និង ៧ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ដោយ​ពុំ​ចាំ​បាច់​ធ្វើ​ដំណើរ​មក​កាន់​សាខា​របស់​ធនាគារ​អេស៊ីលីដា​ឡើយ" ។

សេវា​អេស៊ីលីដា​អ៊ីនធើណែត មាន​ដូច​ខាង​ក្រោម ៖

  1. ពិនិត្យ​មើល​ព័ត៌មាន ដូចជា អត្រា​ប្តូរ​ប្រាក់ សមតុល្យ​គណនី របាយការណ៍​គណនី ប្រវត្តិ​គណនី​មាន​កាល​កំណត់ តារាង​សង្ខេប​ឥណទាន ប្រវត្តិ​ខ្ចី​បា្រក់ តារាង​កាលវិភាគ​សង​បា្រក់ និង​កម្រិត​បន្ទាត់​ឥណទាន ។
  2. ស្នើ​សុំ​ប្រើប្រាស់​ផលិតផល-សេវាកម្ម ដូចជា សេវា​បញ្ញើ​សន្សំ សេវា​ចាត់ចែង​សាច់​ប្រាក់ សេវា​មូលប្បទានបត្រ សេវា​ឥណទាន និង​សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម ។
  3. ផ្ទេរ​ប្រាក់
    • ផ្ទេរ​ប្រាក់​ក្នុង​រង្វង់​ធនាគារ​អេស៊ីលីដា
      • ផ្ទេរ​ប្រាក់​រវាង​គណនី​ម្ចាស់​តែ​មួយ
      • ផ្ទេរ​ប្រាក់​រវាង​គណនី​ម្ចាស់​ផ្សេង​គ្នា
      • ផ្ទេរ​បា្រក់​សង​ឥណទាន
    • ផ្ទេរ​បា្រក់​ទៅ​លេខ​សម្គាល់​អត្តសញ្ញាណ
    • ផ្ទេរ​បា្រក់​ពី​គណនី​ដែល​ស្ថិត​នៅ​ធនាគារ​អេស៊ីលីដា ទៅ​ធនាគារ​ផ្សេង​នៅ​ក្នុង​ប្រទេស
    • ផ្ទេរ​បា្រក់​ពី​គណនី​ដែល​ស្ថិត​នៅ​ធនាគារ​អេស៊ីលីដា ទៅ​ធនាគារ​ផ្សេង​នៅ​ក្រៅ​ប្រទេស
  4. ការទូទាត់
    • សេវា​ទូទាត់​វិក្កយបត្រ អគ្គិសនី ទឹក ឬ​ទូរស័ព្ទ ។ល។
    • សេវា​បញ្ចូល​ទឹក​បា្រក់​ទូរស័ព្ទ
    • សេវា​បញ្ជា​អចិន្រ្តៃយ៍​ថេរ
    • សេវា​បើក​ប្រាក់​បៀវត្សរ៍ និង​ទូទាត់​ជា​កញ្ចប់
    • សេវា​ទូទាត់​ឱ្យ​អ្នក​ផ្គត់ផ្គង់
    • ការ​ទិញ​ទំនិញ​តាម​អ៊ីនធើណែត

លើស​ពី​នេះ​ទៅ​ទៀត សេវា​អេស៊ីលីដា​អ៊ីនធើណែត ផ្តល់​អត្ថប្រយោជន៍​ចំពោះ​អតិថិជន និង​សាធារណជន ក្នុង​ការ​កាត់​បន្ថយ​ចំណាយ និង​ចំណេញ​ពេល​វេលា ជួយ​កាត់​បន្ថយ​ហានិភ័យ​ផ្សេងៗ​ដែល​អាច​កើត​ឡើង​ទាក់ទង​នឹង​ការ​ដាក់​សាច់​ប្រាក់​តាម​ខ្លួន​សម្រាប់​​ទូទាត់ រួមមាន​ការ​រាប់​លុយ​លើស​ឬ​ខ្វះ និង​ក្រដាស​ប្រាក់​ក្លែងក្លាយ កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន ការ​កក​ស្ទះ​និង​គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​ដើម ។ ទន្ទឹម​នឹង​នេះ យើង​ក៏​បាន​រួមគ្នា​ក្នុង​ការ​លើក​ស្ទួយ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ និង​ទាក់​ទាញ​ការវិនិយោគ​ក្នុង​ស្រុក និង​បរទេស ។

ព័ត៌មាន​អំពី​ធនាគារ អេស៊ីលីដា ភីអិលស៊ី

នៅ​ដំណាច់​ខែ​មិថុនា ឆ្នាំ២០១៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ការិយាល័យ​សាខា​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​២៥២សាខា មាន​ការិយាល័យ​ចំនួន​៤១ការិយាល័យ​នៅ​ប្រទេស​ឡាវ និង​មាន​ការិយាល័យ​ចំនួន​៦ការិយាល័យ​នៅ​ប្រទេស​មីយ៉ាន់ម៉ា រួម​ជា​មួយ​នឹង​ទ្រព្យ​សកម្ម​សរុប​ប្រមាណ​ជាង ២,៧ ពាន់​លាន​ដុល្លារ​អាមេរិក ។ ធនាគារ​អេស៊ីលីដា បាន​បង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​បួន​គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, អេស៊ីលីដា ត្រេននីង សេនធ័រ និង ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ។ លើស​ពី​នេះ​ទៅ​ទៀត ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ដៃគូ​យុទ្ធសាស្ត្រ​ជា​មួយ​ធនាគារ SMBC, Tong Yang Securities (Cambodia) Plc. និង​ជា​ភា្នក់ងារ​របស់ Prudential (Cambodia) Life Assurance Plc. ៕


សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​តាម​រយៈ ៖

បណ្ឌិត សូ ផនណារី
អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ
អ៊ីម៉ែល : phonnary@acledabank.com.kh

លោក ព្រំ វិសុទ្ធ
អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយក​ប្រតិបត្តិ​នីតិកម្ម និង​លេខាធិការ​ក្រុមហ៊ុន
អ៊ីម៉ែល : visoth@acledabank.com.kh

ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ២៤    ចំនួនអ្នកទស្សនាថ្ងៃនេះ : ១២៨    ចំនួនអ្នកទស្សនាពីម្សិល : ១.៥៩៥