អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី

 »  ព័ត៌មាន  »  ព័ត៌មាន​មូលបត្រ​ថ្មីៗ  »  ធនាគារ​ធំ​ជាង​គេ​របស់​ប្រទេស​ជប៉ុន SMBC បាន​វិនិយោគ​ជា​មួយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ​ធំ​ជាង​គេ​របស់​ប្រទេស​ជប៉ុន SMBC បាន​វិនិយោគ​ជា​មួយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី

ថ្ងៃ​ទី១៨ ខែសីហា ឆ្នាំ២០១៤

រាជធានី​ភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី (ប្រជា​ធនាគារ​ដែល​លោកអ្នក​ជឿ​ទុក​ចិត្ត) ជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខ​គេ​លើ​គ្រប់​វិស័យ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ថ្ងៃ​នេះ​ថា ធនាគារ Sumitomo Mitsui Banking Corporation (SMBC) ជា​សាជីវកម្ម​ធនាគារ បង្កើត​ឡើង​ក្រោម​ច្បាប់​នៃ​ប្រទេស​ជប៉ុន បាន​វិនិយោគ​ជា​មួយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុង​ចំណែក​ភាគហ៊ុន​ចំនួន ១២,២៥% នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ដែល​បច្ចុប្បន្ន​ជា​ភាគទុនិក​មួយ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ជា​ដៃគូ​របស់​អេស៊ីលីដា ចាប់​តាំង​ពី​ឆ្នាំ១៩៩៩ ពេល​ដែល​អេស៊ីលីដា​បាន​ចាប់​ផ្តើម​កម្លាយ​ខ្លួន​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទៅ​ជា​ធនាគារ ។ រយៈ​ពេល​១៥ឆ្នាំ កន្លង​មក​ហើយ ដែល IFC ក្នុង​នាម​ជា​ភាគហ៊ុន​ស្ថាបនិក​មួយ បាន​ចូល​រួម​ចំណែក​ជួយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ឱ្យ​មាន​ការ​រីក​ចម្រើន​ក្លាយ​ជា​ធនាគារ​មាន​ទ្រព្យ​សកម្ម​ធំ​ជាង​គេ​នៅ​ប្រទេស​កម្ពុជា តាម​រយៈ​ការ​ផ្តល់​ដើម​ទុន​ហិរញ្ញប្បទាន​បន្ទាប់​បន្សំ​ថ្នាក់​ទី២ ហិរញ្ញប្បទាន​រយៈពេល​វែង និង​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម ។ IFC មាន​នាទី​ប្រឹក្សា​យោបល់​ជូន​ធនាគារ អេស៊ីលីដា ភីអិលស៊ី ពី​ការ​បង្កើត​នីតិវិធី​ធនាគារ​អន្តរជាតិ ពង្រឹង​ប្រព័ន្ធ​គ្រប់គ្រង​អភិវឌ្ឍន៍ សមត្ថភាព​បុគ្គលិក លើក​ស្ទួយ​ការ​ផ្តល់​ឥណទាន​ដល់​សហគ្រាស​ខ្នាត​តូច មធ្យម ហិរញ្ញប្បទាន និង​ឧបត្ថម្ភ​បច្ចេកទេស​រួម​ចំណែក​ជា​មួយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុង​ការ​ពង្រីក​សេវាកម្ម​ហិរញ្ញវត្ថុ នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា ។ IFC ជា​ភាគទុនិក​មួយ​របស់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ដែល​ជា​បុត្រសម្ព័ន្ធ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​នៅ​ឆ្នាំ២០១៣ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ចាំ​បាច់​ផ្នែក​ហិរញ្ញវត្ថុ​របស់​សហគ្រាស​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម នៅ​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា ។

លោក អាឌែល ម័រ ជា​គណៈ​នាយក IFC ប្រចាំ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក បាន​មាន​ប្រសាសន៍​ថា IFC បាន​គាំទ្រ​អេស៊ីលីដា ក្នុង​ការ​កម្លាយ​ខ្លួន​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទៅ​ជា​ធនាគារ​ឯកទេស និង​កម្លាយ​ខ្លួន​ទៅ​ជា​ធនាគារ​ពាណិជ្ជ ដោយ​ជោគជ័យ ។ លោក​បាន​អះអាង​ថា ធនាគារ​ជប៉ុន SMBC ជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី អាច​បន្ត​គាំទ្រ​ការ​រីក​ចម្រើន​យូរ​អង្វែង​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​ចូលរួម​ចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ការ​បង្កើត​ការងារ​នៅ​ប្រទេស​កម្ពុជា ដោយ​មាន​សក្តានុពល​ហិរញ្ញវត្ថុ​ដ៏​រឹង​មាំ និង​វិជ្ជាជីវៈ​ធនាគារ​ខ្ពស់​ដូចគ្នា ។ IFC នៅ​តែ​បន្ត​គាំទ្រ​ដល់​ប្រតិបត្តិការ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅ​ប្រទេស​កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​តំបន់ ។

លោក ម៉ាសាយូគី ស្ហីមូរ៉ា អគ្គ​នាយក SMBC ប្រចាំ​អាស៊ី​ប៉ាស៊ីហ្វិក និង​ជា​អ្នក​គ្រប់គ្រង​ទីផ្សារ​ដែល​កំពុង​មាន​ការ​លូត​លាស់ បាន​មាន​ប្រសាសន៍​ថា ក្នុង​ទស្សនៈ​នៃ​ការ​ពង្រីក​សេដ្ឋកិច្ច​កម្ពុជា SMBC បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ធុរៈកិច្ច​ជា​មួយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី តាំង​ពី​ខែសីហា ឆ្នាំ២០១២ និង​បាន​លើក​ស្ទួយ​កិច្ច​សហប្រតិបត្តិការ​ធុរៈ​កិច្ច​ចាប់​ពី​ពេល​នោះ​មក ។ ជាក់​ស្តែង​នៅ​ខែមករា ឆ្នាំ២០១៤ SMBC បាន​ចាប់​ផ្តើម​ផ្តល់​ការ​គាំទ្រ​ផ្នែក​ប្រតិបត្តិការ​ដល់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុង​ការ​បង្កើត​ផ្នែក​សាជីវកម្ម​អន្តរជាតិ​សម្រាប់​បម្រើ​សេវា​ពិគ្រោះ​យោបល់​ជូន​អតិថិជន​សាជីវកម្ម​អន្តរជាតិ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

ពេល​នេះ SMBC បាន​វិនិយោគ​ដោយ​ផ្ទាល់​ក្នុង​ធនាគារ អេស៊ីលីដា ភីអិលស៊ី តាម​រយៈ​ការ​ទិញ​យក​ភាគហ៊ុន ចំនួន ១២,២៥% ពី IFC ដោយ​ទទួល​បាន​ការអនុម័ត​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា ។ SMBC មាន​មោទនភាព​យ៉ាង​ក្រៃលែង​ដែល​មាន​ឱកាស​ធ្វើ​ជា​ដៃគូ​ជា​មួយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។ ការវិនិយោគ​នេះ មាន​គោល​ដៅ​ពង្រីក​កិច្ច​សហប្រតិបត្តិការ និង​ទំនាក់​ទំនង​ដែល​មាន​ស្រាប់​រវាង​ធនាគារ​ទាំង​ពីរ ។ SMBC ប្តេជ្ញា​ខ្ពស់​ក្នុង​ការ​បំពេញ​តម្រូវការ​ជូន​អតិថិជន​នៅ​អាស៊ី រួមទាំង​ប្រទេស​កម្ពុជា តាម​រយៈ​ទំនាក់​ទំនង​កិច្ចសហ​ប្រតិបត្តិការ​ជា​មួយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី បន្ថែម​លើ​តួនាទី​ការិយាល័យ​តំណាង​របស់ SMBC នៅ​រាជធានី​ភ្នំពេញ ដែល​មាន​នាទី​ផ្តល់​ព័ត៌មាន ។

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ IFC ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរ​អង្វែង ដែល​បាន​គាំទ្រ​ការ​រីក​ចម្រើន​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​កន្លង​មក​នេះ ហើយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅ​តែ​បន្ត​ភាព​ជា​ដៃគូ និង​កិច្ច​សហប្រតិបត្តិការ​ល្អ ដើម្បី​គាំទ្រ​ដល់​ការ​រីក​ចម្រើន​នៅ​ថ្ងៃ​អនាគត ។ IFC បាន​ជួយ​ដល់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ឱ្យ​មាន​ជំហរ​រឹងមាំ និង​ផ្តល់​ជូន​ធនាគារ អេស៊ីលីដា ភីអិលស៊ី នូវ​វិនិយោគិន​ដ៏​ល្បី​ឈ្មោះ​គឺ SMBC ។ តាម​រយៈ​ការ​វិនិយោគ​ទុន​របស់ SMBC នៅ​ក្នុង​ធនាគារ អេស៊ីលីដា ភីអិលស៊ី យើង​អាច​សហការ​គ្នា​បើក​ទំព័រ​ថ្មី​ក្នុង​ការអនុវត្ត​នូវ​ស្តង់ដារ និង​បច្ចេកទេស​ធនាគារ​ជា​លក្ខណៈ​អន្តរជាតិ ។ កម្មករ​និយោជិត​ធនាគារ អេស៊ីលីដា ភីអិលស៊ី ទាំង​អស់​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​កសាង​ចំណេះ​ជំនាញ​អាជីព ក្នុង​ការ​បម្រើ​ជូន​សេវាកម្ម​ហិរញ្ញវត្ថុ​យ៉ាង​សម្បូរ​បែប ដោយ​ផ្តោត​លើ​តម្រូវការ​អតិថិជន​គ្រប់​មជ្ឈដ្ឋាន​ក្នុង​សហគមន៍​ជាតិ និង​អន្តរជាតិ រហូត​ដល់​ទទួល​ទំនុក​ចិត្ត​ពី​សាធារណជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​មោទនភាព​សូម​ប្រកាស​ថា SMBC វិនិយោគ​ភាគហ៊ុន​ចំនួន ១២,២៥% នៅ​ក្នុង​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។ នេះ​ជា​សក្ខីភាព​បញ្ជាក់​ថា​ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​សក្តានុពលភាព​ទាក់ទាញ​បាន​នូវ​វិនិយោគិន​ដែល​ជា​សាជីវីកម្ម​ធនាគារ​ដ៏​ធំ និង​ល្បី​ឈ្មោះ​ដូច SMBC ។ ការវិនិយោគ​របស់ SMBC ជា​មួយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី អាច​រួម​បញ្ចូល​បទពិសោធន៍​ធនាគារ​ជាង ១២០ឆ្នាំ លើ​វិស័យ​ធនាគារ ជា​ពិសេស​បទពិសោធន៍​អន្តរជាតិ ។ ដូច្នេះ​ធនាគារ អេស៊ីលីដា ភីអិលស៊ី អាច​សម្រេច​គោល​ដៅ​យុទ្ធសាស្ត្រ ជា​ធនាគារ​ថ្នាក់​តំបន់​នៅ​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នាពេល​អនាគត ។

លោក​ក៏​បាន​បន្ត​ទៀត​ថា ចាប់​តាំង​ពី​បើក​ប្រតិបត្តិការ​ដំបូង​រហូត​ដល់​ឆ្នាំ២០១៤ និង​ឆ្នាំ​បន្ត​បន្ទាប់ ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅ​តែ​បន្ត​អភិវឌ្ឍ​ជាប់​ជា​ប្រចាំ​ប្រកប​ដោយ​និរន្តរភាព​នូវ​បណ្តាញ​អគារ​ការិយាល័យ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធនាគារ​អេឡិចត្រូចនិក ដោយ​ធ្វើ​ការ​សម្រប​សម្រួល ជា​បន្ត​បន្ទាប់​តាម​សភាវ​ពាណិជ្ជកម្ម និង​ផលិតផល-សេវាកម្ម​ហិរញ្ញវត្ថុ និង​ធ្វើ​បច្ចុប្បន្នកម្ម​ផលិតផល-សេវាកម្ម​ធនាគារ​អេឡិចត្រូនិក ដើម្បី​បម្រើ​សេវាកម្ម​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ជូន​ដល់​អតិថិជន ឱ្យ​មាន​ការ​រីកចម្រើន​ប្រកប​ដោយ​និរន្តរភាព ។ ហេដ្ឋា​រចនា​សម្ព័ន្ធ​ធនាគារ​អេឡិចត្រូនិក និង​ផលិតផល-សេវាកម្ម​ហិរញ្ញវត្ថុ​ទាំង​នោះ​រួមមាន សេវា​អេស៊ីលីដា​យូនីធី ជា​សេវា​ធនាគារ​តាម​ទូរសព្ទ​ដៃ ម៉ាស៊ីន​ដាក់​ប្រាក់ ម៉ាស៊ីន​ដក​ប្រាក់​ស្វ័យប្រវត្តិ (ATM) ម៉ាស៊ីន​ឆូតកាត​អេស៊ីលីដា ដែល​ជា​ឧបករណ៍​អេឡិចត្រូនិក​សម្រាប់​ប្រើ​ជា​មួយ​ប័ណ្ណ​អេស៊ីលីដា និង​ប័ណ្ណ​របស់​ធនាគារ​ផ្សេងៗ សម្រាប់​ធ្វើ​ការ​ទូទាត់​ទំនិញ ឬ​សេវាកម្ម ប្រកប​ដោយ​ភាពងាយស្រួល និង​មាន​សុវត្ថិភាព​ខ្ពស់ ។ ទន្ទឹម​នឹង​នោះ សេវា​អេស៊ីលីដា​អ៊ីនធើណែត ដែល​ជា​សេវា​លំដាប់​ថ្នាក់​ពិភពលោក ដែល​មាន​លក្ខណៈ​ងាយ​ស្រួល​ប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់ សម្រាប់​អតិថិជន​ប្រើប្រាស់​ស្វ័យ​ប្រតិបត្តិការ ពោល​គឺ​អតិថិជន​អាច​បម្រើ​សេវា ឬ​ធ្វើ​ប្រតិបត្តិការ​ដោយ​ខ្លួន​ឯង (Self Service) តាម​តម្រូវការ​គ្រប់​ពេល​វេលា គ្រប់​ទីកន្លែង រហូត​ដល់​២៤ម៉ោង​ក្នុង​មួយ​ថ្ងៃ ៧ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ដោយ​ពុំ​ចាំ​បាច់​ធ្វើ​ដំណើរ​មក​កាន់​ការិយាល័យ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ឡើយ ។

អំពី​ធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​បង្កើត​ឱ្យ​មាន​អារ្យភា​វូបនីយកម្ម​ទាន់​សម័យ​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ អស់​រយៈ​ពេល​ជាង​២២ឆ្នាំ​មក​ហើយ ដើម្បី​បម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ ជូន​ដល់​អតិថិជន​ទាំង​វិស័យ​ឯកជន និង​វិស័យ​សាធារណៈ តាម​រយៈ​បណ្តាញ​ប្រតិបត្តិការ​រហូត​ដល់ ២៥២សាខា និង​មាន​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ ចំនួន​បួន​គឺ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, អេស៊ីលីដា ត្រេននីង សេនធ័រ, ធនាគារ អេស៊ីលីដា ឡាវ (មាន ៤១ការិយាល័យ) និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា (មាន ៦ការិយាល័យ) ជា​មួយ​នឹង​ទ្រព្យសកម្ម​សរុប​ចំនួន​ជិត​បី​ពាន់​លាន​ដុល្លារ​អាមេរិក គិត​មក​ត្រឹម​ខែកក្កដា ឆ្នាំ២០១៤ នេះ ។

អំពី International Finance Corporation

IFC ជា​សមាជិក​ក្រុម​ធនាគារ​ពិភពលោក គឺ​ជា​ស្ថាប័ន​អភិវឌ្ឍន៍​ពិភពលោក​ធំ​ជាង​គេ​បំផុត ដោយ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​លើ​វិស័យ​ឯកជន ។ តាម​រយៈ​កិច្ច​សហ​ប្រតិបត្តិការ ជា​មួយ​សហគ្រាស​ឯកជន​ជាង​១០០ប្រទេស IFC បាន​ប្រើប្រាស់​ដើមទុន ជំនាញ​បច្ចេកទេស ចូល​រួម​ចំណែក​ក្នុង​ការ​លុប​បំបាត់​ភាពក្រីក្រ និង​ធ្វើ​ឱ្យ​មាន​ការរីក​ចម្រើន ។ ក្នុង​ឆ្នាំ២០១៣ ការវិនិយោគ​របស់ IFC បាន​កើន​ឡើង​ដល់​ជិត​ម្ភៃ​ប្រាំ​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​បាន​គាំទ្រ​និង​លើក​ទឹក​ចិត្ត​ដល់​វិស័យ​ឯកជន​ក្នុង​ការ​បង្កើត​ការងារ និង​ដំណោះ​ស្រាយ​បញ្ហា​ប្រឈម​ដែល​ជា​ឧបសគ្គ​ដល់​ការអភិវឌ្ឍ​នៅ​លើ​ពិភពលោក ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទស្សនា​វេបសាយ ៖ www.ifc.org ។

អំពី Sumitomo Mitsui Banking Corporation

គិត​ត្រឹម​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤ SMBC គឺ​ជា​ធនាគារ​ធំ​មួយ​ក្នុង​ចំណោម​ធនាគារ​ធំ​ជាង​គេ ទាំង​១០​នៅ​លើ​ពិភពលោក ដោយ​មាន​ទ្រព្យសកម្ម​ជាង​មួយ​ពាន់​បី​រយ​ពាន់​លាន​ដុល្លារ​អាមេរិក អនុបាត​ដើមទុន​ថ្នាក់​ទី១ គឺ ១៣,៤៣%, Credit Rating: A+(S&P) និង Aa3 (Moody's) ។ SMBC មាន​សាខា​ក្នុង​ស្រុក​ចំនួន ៥០៥ (មិន​រាប់​បញ្ចូល​អនុសាខា និង​ទីភ្នាក់ងារ) និង​មាន​សាខា​ក្រៅ​ប្រទេស ចំនួន ៤១ (រាប់​បញ្ចូល​ទាំង​អនុសាខា និង​ការិយាល័យ​តំណាង) នៅ​លើ​ពិភពលោក ។ ក្រុមហ៊ុន​មេ Sumitomo Mitsui Financial Group, Inc. (SMFG) បាន​ចុះ​បញ្ជី​នៅ​តូក្យូ, Nagoya និង New York Stock Exchange និង​មូលធនកម្ម​ទីផ្សារ​មាន​ប្រហែល ៥៧ពាន់​លាន​ដុល្លារ​អាមេរិក គិត​ត្រឹម​ដំណាច់​ខែកក្កដា ឆ្នាំ២០១៤ ។

Sumitomo Mitsui Banking Corporation មាន​ផលិតផល-សេវាកម្ម​យ៉ាង​សម្បូរ​បែប មាន​ដូចជា បា្រក់​បញ្ញើ, ឥណទាន, ជំនួញ និង​ជើងសារ​មូលបត្រ, ការវិនិយោគ​មូលបត្រ, ផ្ទេរ​បា្រក់, ប្តូរ​ប្រាក់, សេវាកម្ម Corporate Bond Trustee និង​សេវាកម្ម​ប្រអប់​បញ្ញើ​សុវត្ថិភាព, Financial Futures Underwriting, Investment Trust Sales និង​ផលិតផល-សេវាកម្ម​ធនាគារ​ពាណិជ្ជ​ផ្សេងៗ​ទៀត ។ SMBC ក៏​បាន​បង្កើត​ឱ្យ​មាន​ផង​ដែរ​នូវ Investment Banking, ភតិសន្យា, Consumer Finance និង​ប័ណ្ណ​ឥណទាន ។ SMBC ជា​បុត្រសម្ព័ន្ធ​របស់ SMFG សហការ​ជា​មួយ​បុត្រសម្ព័ន្ធ​ដទៃ​ទៀត​បម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ​ដ៏​មាន​គុណភាព​ជូន​ដល់​អតិថិជន ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទស្សនា​វេបសាយ ៖ www.smfg.co.jp/english ។


សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​តាម​រយៈ ៖

បណ្ឌិត សូ ផនណារី
អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ
អ៊ីម៉ែល : phonnary@acledabank.com.kh

លោក ព្រំ វិសុទ្ធ
អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយក​ប្រតិបត្តិ​នីតិកម្ម និង​លេខាធិការ​ក្រុមហ៊ុន
អ៊ីម៉ែល : visoth@acledabank.com.kh

ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ១០    ចំនួនអ្នកទស្សនាថ្ងៃនេះ : ២១៣    ចំនួនអ្នកទស្សនាពីម្សិល : ២.១១៤