»  ព័ត៌មាន  »  ព័ត៌មាន​មូលបត្រ​ថ្មីៗ  »  ក្រុមហ៊ុន​ធំ​ឈានមុខគេ​បង្អស់​ចំនួន​ពីរ​របស់​ប្រទេស​ជប៉ុន បាន​ទិញ​ភាគហ៊ុន​បន្ថែម​នៅក្នុង​ធនាគារ អេស៊ីលីដា ភីអិលស៊ី

ក្រុមហ៊ុន​ធំ​ឈានមុខគេ​បង្អស់​ចំនួន​ពីរ​របស់​ប្រទេស​ជប៉ុន បាន​ទិញ​ភាគហ៊ុន​បន្ថែម​នៅក្នុង​ធនាគារ អេស៊ីលីដា ភីអិលស៊ី

ថ្ងៃ​ទី២៤ ខែសីហា ឆ្នាំ​២០១៥

ភ្នំពេញ, ថ្ងៃទី២៤ ខែសីហា ឆ្នាំ​២០១៥ - យោង​តាម​ការអនុម័ត​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ចុះ​ថ្ងៃ​ទី១៧ ខែសីហា ឆ្នាំ២០១៥, ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ធនាគារ​ពាណិជ្ជ​ឈានមុខគេ​លើ​គ្រប់​វិស័យ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ក្នុង​ថ្ងៃនេះ​ថា ក្រុមហ៊ុន​ធំ​ឈានមុខគេ​បង្អស់​ចំនួន​ពីរ​របស់​ប្រទេស​ជប៉ុន បាន​ទិញ​ភាគហ៊ុន​ពី ជេ អេស អេធ អេ អេធ អិល (JSH Asian Holdings Limited) ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ ចាឌីន (Jardine Strategic Holdings Limited) នៅ​ក្នុង​ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺ​ធនាគារ អេស អ៊ឹម ប៊ី ស៊ី (Sumitomo Mitsui Banking Corporation) បាន​ទិញ​ភាគហ៊ុន​បន្ថែម​ចំនួន ៦% ធ្វើ​ឲ្យ​ភាគហ៊ុន​ដែល​មាន​ស្រាប់​កើន​ឡើង​ដល់​ចំនួន ១៨,២៥% និង​ក្រុមហ៊ុន​សាជីវកម្ម​ហិរញ្ញវត្ថុ អូរិច ខបផូរេហ្សិន (ORIX Corporation) បាន​ទិញ​ភាគហ៊ុន​បន្ថែម​ចំនួន ៦,២៥% ធ្វើ​ឲ្យ​ភាគហ៊ុន​ដែល​មាន​ស្រាប់​កើន​ឡើង​ដល់​ចំនួន ១២,២៥% ។

លោក សូស៊ូគី ម៉ូរី អគ្គនាយក​ធនាគារ អេស អ៊ឹម ប៊ី ស៊ី ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វីក បាន​មាន​ប្រសាសន៍​ថា "យើង​បាន​ចាប់ផ្តើម​វិនិយោគ​ក្នុង​ធនាគារ អេស៊ីលីដា ភីអិលស៊ី តាំងពី​ខែ​សីហា ឆ្នាំ​២០១២ ហើយ​យើង​បាន​ទទួល​ជោគជ័យ​ក្រៃលែង​ពី​ការវិនិយោគ​នេះ ហើយ​ជា​កិត្តិយស​របស់​ធនាគារ អេស អ៊ឹម ប៊ី ស៊ី ដែល​បាន​ទិញ​ភាគហ៊ុន​បន្ថែម​ចំនួន ៦% នៅក្នុង​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។ ការ​វិនិយោគ​បន្ថែម​នេះ ជំរុញ​ការ​ខិតខំ​ប្រឹងប្រែង​របស់ ធនាគារ អេស អ៊ឹម ប៊ី ស៊ី សម្រេច​បាន​យុទ្ធសាស្ត្រ​កាន់កាប់​ទីផ្សារ​អាស៊ី​ឆាប់​រហ័ស និង​ផ្តល់​លទ្ធភាព​ដល់​ធនាគារ អេស អ៊ឹម ប៊ី ស៊ី បម្រើ​សេចក្តី​ត្រូវការ​ចម្រុះ​របស់​អតិថិជន តាម​រយៈ​ការពង្រីក​បណ្តាញ​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​កំពុង​រីកចម្រើន យើង​ចង់​ចូលរួម​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​បន្ថែម​ទៀត និង​គាំទ្រ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដើម្បី​សម្រេច​បាន​ទស្សន​វិស័យ​ក្នុងការ​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ល្អបំផុត​ជូន​សាធារណជន​គ្រប់​មជ្ឈដ្ឋាន​ក្នុង​សហគមន៍ តាមរយៈ​ទំនាក់ទំនង​ដ៏​ជ្រាលជ្រៅ​នេះ" ។

លោក ស៊ូជី អីរី នាយក​ប្រតិបត្តិ និង​ប្រធាន​ខាង​វិនិយោគ​នៃ​ក្រុមហ៊ុន អូរិច ខបផូរេហ្សិន បាន​មាន​ប្រសាសន៍​ថា "យើង​ជឿជាក់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ធនាគារ​ពាណិជ្ជ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ទទួល​បាន​ជោគជ័យខ្លាំង​ជាងគេ​បំផុត ។ យើង​មាន​មោទនភាព​ណាស់ ដែល​ក្រុមហ៊ុន អូរិច ខបផូរេហ្សិន បាន​ទិញ​ភាគហ៊ុន​បន្ថែម​នៅក្នុង​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។ យើង​នឹង​ចូលរួម​ចំណែក​ក្នុងការ​អភិវឌ្ឍ និង​ពង្រីក​ប្រតិបត្តិការ​ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅ​ក្នុង​ដំណាក់កាល​នៃការ​រីកចម្រើន និង​ពង្រីក​ប្រតិបត្តិការ​នៅ​អាស៊ាន" ។

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី លោក​បាន​មាន​ប្រសាសន៍​ថា "បទពិសោធន៍​ជាង ២៣​ឆ្នាំ​នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ការ​រីកចម្រើន​ខ្លាំង​ជាមួយ​អតិថិជន និង​ដៃគូ​យុទ្ធសាស្ត្រ ។ យើង​តែងតែ​ស្តាប់​ដំបូន្មាន​ដ៏​មាន​តម្លៃ​របស់​អតិថិជន និង​ភាគី​ពាក់ព័ន្ធ ហើយ​បាន​ផ្តល់​ជូន​នូវ​ផលិតផល និង​សេវាកម្ម​ហិរញ្ញវត្ថុ​សម្បូរ​បែប​ដែល​ពួកគេ​មាន​តម្រូវការ ។ លោក​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា ការ​ទិញ​ភាគហ៊ុន​បន្ថែម​របស់​ធនាគារ អេស អ៊ឹម ប៊ី ស៊ី និងក្រុមហ៊ុន អូរិច ខបផូរេហ្សិន ជា​សក្ខីភាព​ដែល​ឆ្លុះ​បញ្ចាំង​ថា វិនិយោគិន​របស់​ប្រទេស​ជប៉ុន​ដ៏​មាន​សក្តានុពល​ទាំងពីរ​នេះ មាន​ការ​ជឿជាក់​មកលើ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​សម្រេច​បាន​នូវ​សមទ្ធផល​ដ៏​ធំធេង​ឈានមុខគេ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ទីផ្សារ​ហិរញ្ញវត្ថុ​អាស៊ាន​ផងដែរ" ។

លោក​បណ្ឌិត​បាន​បន្តទៀត​ថា "ការ​ទិញ​ភាគហ៊ុន​បន្ថែម​របស់​ភាគទុនិក​ទាំងពីរ​នេះ ធនាគារ អេស អ៊ឹម ប៊ី ស៊ី និង​ក្រុមហ៊ុន អូរិច ខបផូរេហ្សិន នឹង​ជួយ​ពង្រឹង​ដើមទុន​និង​វិជ្ជាជីវៈ​ធនាគារ បន្ថែម​លើ​សមត្ថភាព ចំណេះ​ជំនាញ បទពិសោធន៍ និង​ធនធាន​សម្បូរបែប​ដែល​មាន​ស្រាប់​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ទាំងក្នុង​ទីផ្សារ​អាស៊ាន និង​ទីផ្សារ​ក្នុង​តំបន់ ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​របស់​អតិថិជន ចំពោះ​ការប្រើប្រាស់​សេវាហិរញ្ញវត្ថុ​ដ៏​ទូលំទូលាយ ។ ធនាគារ អេស អ៊ឹម ប៊ី ស៊ី និង​ក្រុមហ៊ុន អូរិច ខបផូរេហ្សិន បាន​ទិញ​ភាគហ៊ុន​ទាំងអស់​ចំនួន ១២,២៥% របស់​ក្រុមហ៊ុន ចាឌីន នៅ​ក្នុង​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។ ការ​ផ្ទេរ​ភាគហ៊ុន​ផ្ទៃក្នុង​នេះ ធនាគារ អេស អ៊ឹម ប៊ី ស៊ី នឹង​ក្លាយជា​ភាគទុនិក​ដ៏​សំខាន់​មួយ ដែល​កាន់កាប់​ភាគហ៊ុន​នៅក្នុង​ធនាគារ អេស៊ីលីដា ភីអិលស៊ី ចំនួន ១៨,២៥% និង​ក្រុមហ៊ុន អូរិច ខបផូរេហ្សិន កាន់កាប់​ចំនួន ១២,២៥%" ។

លោក ភីទ័រ ប៊ីនុន ប្រធាន​តំបន់​សម្ព័ន្ធ ចាឌីន ម៉ាដស៊ុន បាន​មាន​ប្រសាសន៍​ថា "យើង​ជឿ​ជាក់​ចំពោះ​ការវិនិយោគ​បន្ថែម​ដោយ​ធនាគារ អេស អ៊ឹម ប៊ី ស៊ី និង​ក្រុមហ៊ុន អូរិច ខបផូរេហ្សិន គឺ​ជា​ដំណើរការ​ដ៏​វិជ្ជមាន​សម្រាប់​ការរីក​ចម្រើន​ទៅ​មុខ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។ យើង​មាន​មោទនភាព​ណាស់​ដែល​កន្លង​មក​ធ្លាប់​ធ្វើ​ជា​ភាគទុនិក​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​ទទួល​បាន​ការអភិវឌ្ឍ​យ៉ាង​ជោគជ័យ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ ។ ចាឌីន នៅ​តែ​បន្ត​គាំទ្រ និង​ចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​នៅ​ពេល​អនាគត និង​តាំង​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការបន្ត​ការវិនិយោគ​នៅ​កម្ពុជា ជាពិសេស​ក្នុងវិស័យ​អចលនទ្រព្យ និង​ការលក់រាយ​គ្រប់​ប្រភេទ" ។

អំពី អេស អ៊ឹម ប៊ី ស៊ី (Sumitomo Mitsui Banking Corporation)

អេស អ៊ឹម ប៊ី ស៊ី គឺជា​ធនាគារ​ជប៉ុន​លំដាប់​ពិភពលោក ដែល​មាន​ទ្រព្យសកម្ម​សរុប​ទាំងអស់​ចំនួន ១.២៩០ (មួយពាន់​ពីររយ​កៅសិប) ពាន់លាន​ដុល្លារ​អាមេរិក អនុបាត​ដើមទុន​ថ្នាក់​ទីមួយ​មាន ១២,៦១% និង​ទទួល​បាន​ចំណាត់​ថ្នាក់​ពី​ក្រុមហ៊ុន​ដែល​ផ្តល់​ចំណាត់​ថ្នាក់​ហិរញ្ញវត្ថុ​អន្តរជាតិ អេ បូក ពី អេស អេន ភី និង អេ វ័ន ពី ម៉ូឌី នៅ​ខែ​មីនា ឆ្នាំ​២០១៥ ។ តាម​រយៈ​​បណ្តាញ​ប្រតិបត្តិការ​ក្នុង​ប្រទេស​ជប៉ុន​ចំនួន ៤៤១សាខា (ដោយ​មិនរាប់​រួម​បញ្ចូល​អនុសាខា និង​ភ្នាក់ងារ​ហិរញ្ញវត្ថុ​របស់​ធនាគារ) និង​ផ្សារហ៊ុន​នៅលើ​ពិភពលោក​ចំនួន ៧០សាខា (រួមទាំង​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ អនុសាខា និង​ការិយាល័យ​តំណាង) ។ ធនាគារ អេស អ៊ឹម ប៊ី ស៊ី ផ្តល់​សេវា​ហិរញ្ញវត្ថុ​ទូលំទូលាយ​រួមមាន ៖ សេវា​ប្រាក់​បញ្ញើ, សេវា​សាជីវកម្ម​ហិរញ្ញវត្ថុ, សេវា​រចនា​សម្ព័ន្ធ​ហិរញ្ញវត្ថុ, សេវា​វិនិយោគ​មូលបត្រ, សេវា​ផ្ទេរប្រាក់, សេវា​ប្តូរ​រូបិយប័ណ្ណ​បរទេស, សេវា​គ្រប់គ្រង​ប័ណ្ណ​បំណុល​សាជីវកម្ម និង​ធានា​បញ្ញើ​ទ្រព្យសម្បត្តិ, សេវា​កិច្ចធានា​ហិរញ្ញវត្ថុ​នា​ពេល​អនាគត និង​សេវា​បរធនបាល ។ ក្រុមហ៊ុន​មេ​របស់​ធនាគារ អេស អ៊ឹម ប៊ី ស៊ី ដែល​មាន​ឈ្មោះ​ថា អេស អ៊ឹម ហ្វេស ជី ជា​ក្រុមហ៊ុន​ចុះបញ្ជី​បោះផ្សាយ​ផ្សារ​ហ៊ុន​នៅ​ក្នុង​ទីក្រុង​តូក្យូ ទីក្រុង​ណាហ្គូយ៉ា និង​ទីក្រុង​ញូយ៉ក ដែលមាន​ដើមទុន​នៅក្នុង​ទីផ្សារ​ប្រហែល​ចំនួន ៥៤ ពាន់​លាន​ដុល្លារ​​អាមេរិក នៅ​ក្នុង​ខែ​មីនា ឆ្នាំ​២០១៥ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទស្សនា​វេបសាយ www.smfg.co.jp/english ។

អំពី អូរិច ខបផូរេហ្សិន (ORIX Corporation)

អូរិច ខបផូរេហ្សិន ជា​ក្រុមហ៊ុន​សាជីវកម្ម​ហិរញ្ញវត្ថុ​របស់​ប្រទេស​ជប៉ុន ចុះ​បញ្ជី​នៅ​ទីក្រុង​តូក្យូ (ធី អេស អ៊ី: ៨៥៩១) និង​ទីក្រុង​ញូយ៉ក (អ៊ិន វាយ អេស អ៊ី: ប្រាំបួន) ជា​សម្ព័ន្ធ​សេវា​ហិរញ្ញវត្ថុ​មួយ​ដែល​ផ្តល់ជូន​អតិថិជន​នូវ​ផលិតផល និង​សេវាកម្ម​ថ្មីៗ​ប្រកបដោយ​តម្លាភាព ។ ក្រុមហ៊ុន អូរិច ខបផូរេហ្សិន បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៦៤ ផ្តើម​ចេញ​ពី​ការ​បម្រើ​សេវា​ភតិសន្យា ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន អូរិច ខបផូរេហ្សិន បាន​ពង្រីក​សេវាកម្ម​រួមមាន ៖ សេវា​ផ្តល់​កម្ចី, សេវា​វិនិយោគ, សេវា​ធានា​រ៉ាប់រង​អាយុជីវិត, សេវា​ធនាគារ, សេវា​គ្រប់គ្រង​ទ្រព្យសកម្ម, សេវា​ពាក់ព័ន្ធ​ជា​មួយ​យានយន្ត​គ្រប់​ប្រភេទ, សេវា​អចលនទ្រព្យ, និង​សេវា​សហគ្រាស​ពាក់ព័ន្ធ​នឹង​ថាមពល និង​បរិស្ថាន ។ តាំង​ពី​ពង្រីក​បណ្តាញ​ប្រតិបត្តិការ​លើកដំបូង​នៅ​បរទេស ផ្តើម​ចេញពី​ទីក្រុង​ហុងកុង​នៅ​ឆ្នាំ​១៩៧១ ក្រុមហ៊ុន អូរិច ខបផូរេហ្សិន បាន​ពង្រីក​អាជីវកម្ម​លើ​ពិភពលោក​ដែលមាន​និរន្តរភាព ដោយបាន​បោះ​ទីតាំង​ធ្វើ​ប្រតិបត្តិការ​នៅ ៣៦​ប្រទេស និង​នៅ​តាម​តំបន់​មួយ​ចំនួន​ទូទាំង​សកល​លោក ។ គោលដៅ​បន្ត​ទៀត​របស់​ក្រុមហ៊ុន អូរិច ខបផូរេហ្សិន គឺ​មាន​បំណង​ចែករំលែក​សេវា​ហិរញ្ញវត្ថុ​ដល់​សង្គម និង​បន្តការ​ចាប់យក​កាលានុវត្តភាព​ធុរកិច្ច​ថ្មីៗ​បន្ថែម​ទៀត ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទស្សនា​វេបសាយ​របស់​ក្រុមហ៊ុន អូរិច ខបផូរេហ្សិន តាមរយៈ www.orix.co.jp/grp/en ។

អំពី ធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា ភីអិលស៊ី "ប្រជាធនាគារ​ដែល​លោកអ្នក​ជឿទុកចិត្ត" បាន​ក្លាយជា​ធនាគារ​លំដាប់​លេខមួយ​នៅក្នុង​ព្រះរាជាណាចក្រ​​កម្ពុជា តាំងពី​ឆ្នាំ​២០១០ ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៣ ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ ដែល​មាន​ទិសដៅ​អភិវឌ្ឍ​សហគ្រាស​ខ្នាត​តូច និង​ខ្នាតតូច​បំផុត​តាមរយៈការ​ផ្តល់​ឥណទាន ។ នៅ​ខែ​តុលា ឆ្នាំ​២០០០ ទទួល​បាន​អាជ្ញាប័ណ្ណ​ជា​ធនាគារ​ឯកទេស​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា និង​នៅ​ឆ្នាំ​២០០៣ ទទួល​បាន​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ​ជា​ធនាគារ​ពាណិជ្ជ​ពី​ធនាគារជាតិ​នៃ​កម្ពុជា ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​បណ្តាញ​ប្រតិបត្តិការ​រហូត​ដល់ ២៥៥​ការិយាល័យ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា និង ៤១​ការិយាល័យ​នៅ​ប្រទេស​ឡាវ និង០៦ការិយាល័យ​នៅ​ប្រទេស​មីយ៉ាន់ម៉ា ដោយ​មាន​ទ្រព្យសកម្ម​សរុប​ចំនួន​ជាង ៣.៦៤៣ (បីពាន់​ប្រាំ​មួយ​រយ​សែសិប​បី) លាន​ដុល្លារ​​អាមេរិក, សមតុល្យ​ឥណទាន​សរុប​ចំនួន​ជាង ២.៣០៥ (ពីរពាន់​បីរយប្រាំ) លានដុល្លារ​អាមេរិក និង​បា្រក់បញ្ញើ​សន្សំ សរុប ចំនួន​ជាង ២.៦៣៧ (ពីរពាន់​ប្រាំមួយរយ​សាមសិប​ប្រាំពីរ) លាន​ដុល្លារ​អាមេរិក នៅ​ដំណាច់​ខែ​មិថុនា ឆ្នាំ​២០១៥ ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ក្រុមហ៊ុន បុត្រសម្ព័ន្ធ​ចំនួន​បួន គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, អេស៊ីលីដា ត្រេននីង សេនធ័រ, និង​អេស៊ីលីដា មីក្រូហិរញ្ញវត្ថុ មីយ៉ាន់ម៉ា ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​តាម​រយៈ ៖

ធនាគារ អេស៊ីលីដា ភីអិលស៊ី
លោក ព្រំ វិសុទ្ធ
អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយក​ប្រតិបត្តិ​នីតិកម្ម និង​លេខាធិការ​ក្រុមហ៊ុន
អ៊ីម៉ែល: visoth@acledabank.com.kh

ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ៤    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៤០៦    ចំនួនអ្នកទស្សនាពីម្សិល : ៩២៩