»  ព័ត៌មាន  »  ព័ត៌មាន​មូលបត្រ​ថ្មីៗ  »  អតិថិជន​ពីរ​រូប​បាន​ឈ្នះ​ពាន​រង្វាន់

អតិថិជន​ពីរ​រូប​បាន​ឈ្នះ​ពាន​រង្វាន់

ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨

ភ្នំពេញ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ៖ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ជា​ក្រុមហ៊ុន​មូលបត្រ​ដែល​លោក​អ្នក​ជឿ​ទុក​ចិត្ត និង​ជា​ក្រុមហ៊ុន​មូលបត្រ​ឈាន​មុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា សូម​ជូន​ដំណឹង​នៅ​ថ្ងៃ​នេះ​ថា អតិថិជន​ពីរ​រូប​របស់​អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី បាន​ឈ្នះ​ពាន​រង្វាន់​ពី​កម្មវិធី​ប្រកួត​ប្រជែង​ជួញ​ដូរ​ភាគហ៊ុន ដែល​រៀបចំ​ដោយ​ផ្សារ​មូលបត្រ​កម្ពុជា (ផ.ម.ក) ។

កម្មវិធី​ប្រកួត​ប្រជែង​ជួញ​ដូរ​ភាគហ៊ុន ដែល​បាន​រៀបចំ​ដោយ​ផ្សារ​មូលបត្រ​កម្ពុជា (ផ.ម.ក) ដោយ​មាន​ការ​គាំទ្រ​ពី​គណៈ​កម្មការ​មូលបត្រ​កម្ពុជា (គ.ម.ក) ពី​ថ្ងៃ​ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ រហូត​ដល់​ថ្ងៃ​ទី១២ ខែមករា ឆ្នាំ២០១៨ ។ កម្មវិធី​នេះ​បាន​អនុញ្ញាត​ឲ្យ​អ្នក​ចូល​រួម និង​វិនិយោគិន​ទាំង​អស់ ចូល​រួម​ក្នុង​ការ​ប្រកួត​ប្រជែង​ជួញ​ដូរ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ដែល​បាន​ចុះ​បញ្ជី​បោះ​ផ្សាយ​នៅ​ពេល​បច្ចុប្បន្ន​នេះ មាន​ចំនួន ៥ ក្រុមហ៊ុន​គឺ ៖ រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ (PPWSA), ហ្គ្រេនធ្វីន អ៊ីនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី (GTI), កំពង់ផែ​ស្វយ័ត​ក្រុង​ភ្នំពេញ (PPAP), ភ្នំពេញ​អេសអ៊ីហ្សិត ភីអិលស៊ី (PPSP), និង​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ (PAS) ។ ពាន​រង្វាន់​ត្រូវ​បាន​ផ្តល់​ជូន​អ្នក​ឈ្នះ​ចំនួន​៣​រូប ដែល​ទទួល​បាន​ភាគរយ​នៃ​ប្រាក់​ចំណេញ​ខ្ពស់​បំផុត ដែល​ទទួល​បាន​ជា​ប្រាក់​រង្វាន់​ចំនួន ៨ លាន​រៀល, ៥ លាន​រៀល និង ៣ លាន​រៀល ជា​សាច់​ប្រាក់ និង​ជា​ពាន​រង្វាន់ ។ រង្វាន់​នឹង​ត្រូវ​បាន​ផ្តល់​ជូន​នៅ​ក្នុង​កម្មវិធី​ពិព័រណ៍​ផ្សារ​ភាគហ៊ុន​កម្ពុជា នា​ថ្ងៃ​អាទិត្យ ទី៤ ខែមីនា ឆ្នាំ២០១៨ នៅ​ផ្សារ​ទំនើប​អ៊ីអន ។

លោក ព្រំ វិសុទ្ធ អគ្គនាយក ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា កម្មវិធី​នេះ​គឺ​ជា​កម្មវិធី​ដ៏​ល្អ​មួយ​ដែល​បាន​ផ្តួច​ផ្តើម​ដោយ​ផ្សារ​មូលបត្រ​កម្ពុជា (ផ.ម.ក) ព្រោះ​បាន​ជួយ​បង្កើន​ការ​យល់​ដឹង​ជា​សាធារណៈ ទាក់​ទាញ​ចំណាប់​អារម្មណ៍​វិនិយោគិន​ដែល​មាន​ស្រាប់ និង​វិនិយោគិន​ថ្មីៗ ។ យើង​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​អតិថិជន​ទាំង​អស់​ដែល​បាន​ប្រើ​ប្រាស់​សេវា​របស់​យើង​ខ្ញុំ​សម្រាប់​ការ​ចូល​រួម​ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​នេះ ។ យើង​ខ្ញុំ​ប្តេជ្ញា​ថា​គុណភាព​នៃ​សេវាកម្ម គឺ​ជា​អាទិភាព​ដំបូង​ផុត​សម្រាប់​អតិថិជន​ទាំង​អស់ ។

អំពី អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី

អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី គឺ​ជា​ក្រុម​ហ៊ុន​ឈ្មួញ​ជើង​សា​មូលបត្រ ដែល​ទទួល​បាន​អាជ្ញាបណ្ណ ពី​គណៈ​កម្មការ​មូលបត្រ​កម្ពុជា និង​ផ្សារ​មូលបត្រ​កម្ពុជា ដើម្បី​ផ្តល់​នូវ​សេវា​ជើងសា​មូលបត្រ ជូន​ដល់​វិនិយោគិន​ជា​រូបវន្ត​បុគ្គល ជា​ក្រុមហ៊ុន និង​សាធារណៈ​ជន​ទូទៅ ។ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ និង​កាន់​កាប់​ភាគហ៊ុន ១០០ភាគរយ ដោយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។ នៅ​ដំណាច់​ឆ្នាំ២០១៧ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី មាន​ទ្រព្យ​សកម្ម​សរុប​ចំនួន ២,៣ លាន​ដុល្លារ​អាមេរិក និង​មាន​គណនី​ជួញ​ដូរ​សរុប​ចំនួន ២,៩៣៣ ជា​មួយ​នឹង​សមតុល្យ​ភាគហ៊ុន ៥,៨ លាន​ហ៊ុន ។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់​ទំនង​មក ៖

លោក ហោ ស៊ីម៉េត នាយកប្រតិបត្តិការ និងហិរញ្ញវត្ថុ
អ៊ីម៉ែលៈ simeth@acledasecurities.com.kh

ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ១២    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៨៥៤    ចំនួនអ្នកទស្សនាពីម្សិល : ៩៥៥