»  ព័ត៌មាន  »  ព័ត៌មាន​មូលបត្រ​ថ្មីៗ  »  អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ត្រូវ​បាន​ទទួល​ស្គាល់​ជា​ភ្នាក់ងារ​តំណាង​ម្ចាស់​មូលបត្រ​បំណុល

អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ត្រូវ​បាន​ទទួល​ស្គាល់​ជា​ភ្នាក់ងារ​តំណាង​ម្ចាស់​មូលបត្រ​បំណុល

ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨

រាជធានី​ភ្នំពេញ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ៖ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ជា​ក្រុមហ៊ុន​មូលបត្រ​ដែល​លោក​អ្នក​ជឿ​ទុក​ចិត្ត និង​ជា​ក្រុមហ៊ុន​មូលបត្រ​ឈាន​មុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ត្រូវ​បាន​ទទួល​ស្គាល់​ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា (គ.ម.ក) ដើម្បី​ធ្វើ​ជា​ភ្នាក់ងារ​តំណាង​ម្ចាស់​មូលបត្រ​បំណុល ។

ភ្នាក់ងារ​តំណាង​ម្ចាស់​មូលបត្រ​បំណុល តំណាង​ឲ្យ​វិនិយោគិន​ក្នុង​ការ​ទំនាក់​ទំនង​ជា​មួយ​បុគ្គល​បោះ​ផ្សាយ ត្រួត​ពិនិត្យ​បុគ្គល​បោះ​ផ្សាយ ផ្តល់​ព័ត៌មាន​ទៅ​ម្ចាស់​មូលបត្រ​បំណុល និង​ការពារ​ផលប្រយោជន៍​របស់​ម្ចាស់​មូលបត្រ​បំណុល ស្រប​ទៅ​តាម​លក្ខខណ្ឌ​ក្នុង​ការ​បោះ​ផ្សាយ​មូលបត្រ​បំណុល ។ ភ្នាក់ងារ​តំណាង​ម្ចាស់​មូលបត្រ​បំណុល​មាន​តួនាទី និង​ភារកិច្ច​លម្អិត ដូច​ខាង​ក្រោម ៖

  1. ត្រូវ​ការពារ​ផលប្រយោជន៍​របស់​ម្ចាស់​មូលបត្រ​បំណុល ។
  2. ត្រូវ​តាម​ដាន​ទ្រព្យ​ធានា ដែល​បាន​ធានា​សម្រាប់​ការ​បោះ​ផ្សាយ​លក់​មូលបត្រ​បំណុល​ជា​សាធារណៈ ដោយ​គោរព​ទៅ​តាម​លក្ខខណ្ឌ​នៃ​កិច្ច​ព្រម​ព្រៀង​ភ្នាក់ងារ​តំណាង​ម្ចាស់​មូលបត្រ​បំណុល និង​មិន​ត្រូវ​ប្រើ​ប្រាស់​ទ្រព្យ​ធានា​ទាំង​នេះ​ដើម្បី​ស្វែងរក​ប្រាក់​ចំណេញ​ឡើយ ។
  3. ត្រូវ​តាម​ដាន​កម្រិត​សាធនភាព​របស់​បុគ្គល​បោះ​ផ្សាយ​ដែល​មាន​ចែង​ក្នុង​លក្ខខណ្ឌ​នៃ​មូលបត្រ​បំណុល​ដែល​បាន​បោះ​ផ្សាយ​លក់ ។
  4. ត្រូវ​តាម​ដាន​ការអនុវត្ត​លក្ខខណ្ឌ​នៃ​មូលបត្រ​បំណុល​ដែល​បាន​បោះ​ផ្សាយ​លក់ (Term and Conditions) និង​កិច្ច​ព្រម​ព្រៀង​ភ្នាក់ងារ​តំណាង​ម្ចាស់​មូលបត្រ​បំណុល ។
  5. ត្រូវ​អនុវត្ត​រាល់​សកម្មភាព​ដែល​ចាំ​បាច់​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ម្ចាស់​មូលបត្រ​បំណុល និង​ដោះ​ស្រាយ​ការ​ទាម​ទា​របស់​ម្ចាស់​មូលបត្រ​បំណុល ។
  6. ត្រូវ​ធានា​ថា​មូលបត្រ​បំណុល​ដែល​បាន​ធ្វើ​បរិវត្ត ឬ​ទូទាត់​សង​ត្រូវ​ធ្វើ​ឡើង​ដោយ​អនុលោម​តាម​លក្ខខណ្ឌ​នៃ​មូលបត្រ​បំណុល​ដែល​បាន​បោះ​ផ្សាយ​លក់ ។
  7. ត្រូវ​រាយការណ៍​ជូន​ម្ចាស់​មូលបត្រ​បំណុល​យ៉ាង​តិច ៦ (ប្រាំ​មួយ) ខែ​ម្តង អំពី​ការអនុវត្ត​លក្ខខណ្ឌ​នៃ​មូលបត្រ​បំណុល​ដែល​បាន​បោះ​ផ្សាយ​លក់ ។
  8. ត្រូវ​ស្នើ​សុំ ឬ​រៀប​ចំ​ឲ្យ​មាន​កិច្ច​ប្រជុំ​រវាង​ម្ចាស់​មូលបត្រ​បំណុល​ទាំង​អស់​ជា​មួយ​នឹង​បុគ្គល​បោះ​ផ្សាយ ក្នុង​ករណី​មាន​បណ្តឹង​ជា​លាយ​លក្ខណ៍​អក្សរ ដែល​ចុះ​ហត្ថលេខា​ដោយ​ម្ចាស់​មូលបត្រ​បំណុល​យ៉ាង​តិច ១/១០ (មួយ​ភាគ​ដប់) នៃ​តម្លៃ​មូលបត្រ​បំណុល​ដែល​កំពុង​ចរាចរ និង​មាន​ការ​កើត​ឡើង​នូវ​ព្រឹត្តិការណ៍​ណា​មួយ ដែល​ចាត់​ទុក​ថា​ជា​ការ​ខក​ខាន​មិន​បាន​សង​បំណុល ឬ​ភ្នាក់ងារ​តំណាង​ម្ចាស់​មូលបត្រ​បំណុល​យល់​ឃើញ​ថា មាន​ការ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ម្ចាស់​មូលបត្រ​បំណុល ។

លោក ព្រំ វិសុទ្ធ អគ្គនាយក ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា វា​គឺ​ជា​ព្រឹត្តិការណ៍​សំខាន់​មួយ​ទៀត​សម្រាប់ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី នៅ​ក្នុង​ឆ្នាំ​នេះ ដែល​ទទួល​បាន​ការ​ទទួល​ស្គាល់​ជា​ភ្នាក់ងារ​តំណាង​ម្ចាស់​មូលបត្រ​បំណុល​ពី​គណៈគម្មការ​មូលបត្រ​កម្ពុជា ។ ស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី នឹង​ដើរ​តួនាទី​សំខាន់​មួយ​ទៀត ដើម្បី​ចូល​រួម​គាំទ្រ និង​អភិវឌ្ឍន៏​ទីផ្សារ​មូលបត្រ​កម្ពុជា ជា​ពិសេស​ទីផ្សារ​មូលបត្រ​បំណុល​ថ្មី បន្ថែម​លើ​សេវា​ដែល​ខ្លួន​មាន​ស្រាប់​ជា​ឈ្មួញ​ជើងសារ​មូលបត្រ ។ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី នឹង​ធ្វើ​ជា​ចំណុច​តែ​មួយ​នៃ​ការ​ទំនាក់​ទំនង​ជា​មួយ​បុគ្គល​បោះ​ផ្សាយ និង​ម្ចាស់​មូលបត្រ​បំណុល ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ម្ចាស់​មូលបត្រ​បំណុល ដែល​បាន​វិនិយោគ​មូលនិធិ​នៅ​ក្នុង​ទីផ្សារ​មូលបត្រ​បំណុល​កម្ពុជា ស្រប​ទៅ​តាម​លក្ខខណ្ឌ​ក្នុង​ការ​បោះ​ផ្សាយ​មូលបត្រ​បំណុល ។

អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី គឺ​ជា​ក្រុមហ៊ុន​ឈ្មួញ​ជើង​សា​មូលបត្រ នៅ​ក្នុង​ទីផ្សារ​មូលបត្រ ដែល​ទទួល​បាន​អាជ្ញា​បណ្ណ​ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា (គ.ម.ក) ដើម្បី​ផ្តល់​នូវ​សេវា​ជា​អាជីវកម្ម​ឈ្មួញ​ជើងសា​មូលបត្រ និង​អ្នក​តំណាង​ម្ចាស់​មូលបត្រ​បំណុល ជូន​ដល់​វិនិយោគិន​ជា​រូបវន្ត​បុគ្គល ជា​ក្រុមហ៊ុន និង​សាធារណៈជន​ទូទៅ ។ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ និង​កាន់​កាប់​ភាគហ៊ុន ១០០ភាគរយ ដោយ ធនាគារ អេស៊ីលីដា ភីអិលស៊ី ។ នៅ​ដំណាច់​ខែមេសា ឆ្នាំ២០១៨ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី មាន​ទ្រព្យ​សកម្ម​សរុប​ចំនួន ២,៣ លាន​ដុល្លារ​អាមេរិក និង​មាន​គណនី​ជួញ​ដូរ​សរុប​ចំនួន ២.៩៥៨ ជា​មួយ​នឹង​សមតុល្យ​ភាគហ៊ុន ៥,៨ លាន​ហ៊ុន ។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់​ទំនង​មក ៖

លោក ហោ ស៊ីម៉េត នាយកប្រតិបត្តិការ និងហិរញ្ញវត្ថុ
អ៊ីម៉ែលៈ simeth@acledasecurities.com.kh

ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ២៧    ចំនួនអ្នកទស្សនាថ្ងៃនេះ : ១.០៤០    ចំនួនអ្នកទស្សនាពីម្សិល : ១.៤៦២