»  ព័ត៌មាន  »  ព័ត៌មាន​មូលបត្រ​ថ្មីៗ  »  អតិថិជន​ពីរ​រូប​បាន​ឈ្នះ​ពាន​រង្វាន់

អតិថិជន​ពីរ​រូប​បាន​ឈ្នះ​ពាន​រង្វាន់

ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩

ភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ ៖ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ជា​ក្រុមហ៊ុន​មូលបត្រ​ដែល​លោក​អ្នក​ជឿ​ទុក​ចិត្ត និង​ជា​ក្រុមហ៊ុន​មូលបត្រ​ឈាន​មុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា សូម​ជូន​ដំណឹង​នៅ​ថ្ងៃ​នេះ​ថា អតិថិជន​ពីរ​រូប​របស់​អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី បាន​ឈ្នះ​ពាន​រង្វាន់​ពី​កម្មវិធី​ប្រកួត​ប្រជែង​ជួញ​ដូរ​ភាគហ៊ុន ដែល​រៀបចំ​ដោយ​ផ្សារ​មូលបត្រ​កម្ពុជា (ផ.ម.ក) ។

កម្មវិធី​ប្រកួត​ប្រជែង​ជួញ​ដូរ​ភាគហ៊ុន ដែល​បាន​រៀបចំ​ដោយ​ផ្សារ​មូលបត្រ​កម្ពុជា (ផ.ម.ក) ដោយ​មាន​ការ​គាំទ្រ​ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា (គ.ម.ក) ពី​ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ រហូត​ដល់​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ។ កម្មវិធី​នេះ​បាន​អនុញ្ញាត​ឲ្យ​អ្នក​ចូល​រួម និង​វិនិយោគិន​ទាំង​អស់ ចូល​រួម​ក្នុង​ការ​ប្រកួត​ប្រជែង​ជួញ​ដូរ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ដែល​បាន​ចុះ​បញ្ជី​បោះផ្សាយ​នៅ​ពេល​បច្ចុប្បន្ន​នេះ មាន​ចំនួន ៥ក្រុមហ៊ុន គឺ ៖ រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ (PPWSA), ហ្គ្រេនធ្វីន អ៊ីនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី (GTI), កំពង់ផែ​ស្វយ័ត​ក្រុង​ភ្នំពេញ (PPAP), ភ្នំពេញ​អេសអ៊ីហ្សិត ភីអិលស៊ី (PPSP), និង​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ (PAS) ។ ជ័យលាភី​កំពូល​បី​រូប​នឹង​ទទួល​បាន​រង្វាន់​ជា​ទឹក​ប្រាក់​ចំនួន ៨.000.000រៀល, ៥.000.000រៀល, និង ៣.000.000រៀល រួម​ជា​មួយ​នឹង​ពាន​រង្វាន់​ជ័យលាភី ពី ផ.ម.ក. ។ ចំពោះ​ជ័យលាភី​ចំណាត់​ថ្នាក់ ទី៤ ដល់ ទី៨ ផ.ម.ក.នឹង​ផ្តល់​រង្វាន់​ជូន​ក្នុង​ម្នាក់ៗ​ចំនូន ៥០០.០០០រៀល ។

លោក ព្រំ វិសុទ្ធ អគ្គនាយក​ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា កម្មវិធី​នេះ​គឺ​ជា​កម្មវិធី​ដ៏​ល្អ​មួយ​ដែល​បាន​ផ្តួច​ផ្តើម​ដោយ​ផ្សារ​មូលបត្រ​កម្ពុជា (ផ.ម.ក) ព្រោះ​បាន​ជួយ​បង្កើន​ការ​យល់​ដឹង​ជា​សាធារណៈ​អំពី​ទីផ្សារ​មូលបត្រ​កម្ពុជា ព្រម​ទាំង​ទាក់ទាញ​ចំណាប់​អារម្មណ៍​វិនិយោគិន​ដែល​មាន​ស្រាប់ និង​វិនិយោគិន​ថ្មីៗ​ចូល​រួម​ធ្វើ​ការ​ជួញ​ដូរ បង្កើន​បរិមាណ​ជួញ​ដូរ និង​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ដែល​បាន​ចុះ​បញ្ជី​នៅ​លើ​ផ្សារ​មូលបត្រ​កម្ពុជា ។ តាម​រយះ​កម្មវិធី​ប្រកួត​ប្រជែង​ជួញ​ដូរ​ភាគហ៊ុន​នេះ អតិថិជន​របស់​អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី តែងតែ​បាន​ទទួល​ជ័យលាភី​ជា​រៀង​រាល់​ឆ្នាំ ។ យើង​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​វិយោគិន​ទាំង​អស់​ដែល​បាន​ប្រើប្រាស់​សេវា​របស់​យើង​ខ្ញុំ​សម្រាប់​ការ​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​នេះ យើង​ខ្ញុំ​ប្តេជ្ញា​ថា​គុណភាព​នៃ​សេវាកម្ម​របស់​យើង​ខ្ញុំ គឺ​ជា​អាទិភាព​ដំបូង​បំផុត​សម្រាប់​វិនិយោគិន​ទាំង​អស់ ។

អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី គឺ​ជា​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​មូលបត្រ ដែល​ទទួល​បាន​អាជ្ញាបណ្ណ ពី​គណៈកម្មការមូលបត្រ​កម្ពុជា និង​ផ្សារ​មូលបត្រ​កម្ពុជា ដើម្បី​ផ្តល់​នូវ​សេវា​ជើងសា​មូលបត្រ​ជូន​ដល់​វិនិយោគិន​ជា​រូបវន្ត​បុគ្គល ជា​ក្រុមហ៊ុន និង​សាធារណៈ​ជន​ទូទៅ ។ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ និង​កាន់​កាប់​ភាគហ៊ុន ១០០ភាគរយ ដោយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។ នៅ​ដំណាច់​ឆ្នាំ២០១៨ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី មាន​ទ្រព្យ​សកម្ម​សរុប​ចំនួន ២,២៧ លាន​ដុល្លារ​អាមេរិក និង​មាន​គណនី​ជួញដូរ​សរុប​ចំនួន ១៣,៧២៥ ជា​មួយ​នឹង​សមតុល្យ​ភាគហ៊ុន ៥,៧០លាន​ហ៊ុន ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់​ទំនង​មក ៖

លោក ហោ ស៊ីម៉េត
នាយកប្រតិបត្តិការ និងហិរញ្ញវត្ថុ
អ៊ីម៉ែលៈ simeth@acledasecurities.com.kh

ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ២៣    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៧៥៩    ចំនួនអ្នកទស្សនាពីម្សិល : ១.៨១៩