អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី

 »  ព័ត៌មាន  »  ព័ត៌មាន​មូលបត្រ​ថ្មីៗ  »  លទ្ធផល​ដ៏​គាប់​ប្រសើរ​នៃ​ដំណើរការ​កំណត់​ថ្លៃ​ភាគហ៊ុន (ប៊ុកបៀលឌីង) របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី

លទ្ធផល​ដ៏​គាប់​ប្រសើរ​នៃ​ដំណើរការ​កំណត់​ថ្លៃ​ភាគហ៊ុន (ប៊ុកបៀលឌីង) របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី

រាជធានី​ភ្នំពេញ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០

កម្មវិធី Roadshow ស្តីពី​ការ​បោះ​ផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី នា​ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០

ធនាគារ អេស៊ីលីដា ភីអិលស៊ី ("ធនាគារ") ដែល​ជា​ធនាគារ​ពាណិជ្ជ​ធំ​ជាង​គេ​នៅ​ប្រទេស​កម្ពុជា បាន​បញ្ចប់​ដំណើរការ​កំណត់​ថ្លៃ​ភាគហ៊ុន (ប៊ុកបៀលឌីង) របស់​ខ្លួន កាល​ពី​ថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០។ ដោយ​មាន​ការ​សហការ​ពី​ក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី ដែល​ជា​ទីប្រឹក្សា​ហិរញ្ញវត្ថុ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​និង​កំពុង​រៀបចំ​ការ​បែង​ចែក​ភាគហ៊ុន និង​កំណត់​ថ្លៃ​ចុង​ក្រោយ​នៃ​ភាគហ៊ុន​របស់​ធនាគារ ដោយ​ផ្អែក​តាម​នីតិវិធី​ស្តី​ពី​ការ​ធ្វើ​ប៊ុកបៀលឌីង និង​ការ​ធ្វើ​បរិវិសកម្ម។

លទ្ធផល​ផ្លូវ​ការ​នៃ​ការ​កំណត់​ថ្លៃ​ភាគហ៊ុន (ប៊ុកបៀលឌីង) នឹង​ត្រូវ​ផ្សព្វផ្សាយ​ជូន​សាធារណជន បន្ទាប់​ពី​ទទួល​បាន​ការអនុម័ត​ពី គណៈកម្មការ​មូលបត្រ​កម្ពុជា ("គ.ម.ក.")។

បណ្ឌិត អ៊ិន ចាន់នី ថ្លែង​មតិ​ស្វាគមន៍ក្នុង​កម្មវិធី Roadshow ស្តីពី​ការ​បោះ​ផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី នា​ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា "វិនិយោគិន​រូបវ័ន្ត​បុគ្គល ជាង ២.០០០នាក់ បាន​ចូល​រួម​នៅ​ក្នុង​ដំណើរការ​កំណត់​ថ្លៃ​ភាគហ៊ុន (ប៊ុកបៀលឌីង) របស់​ធនាគារ។ នេះ​គឺ​ជា​ជោគជ័យ​មួយ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​ជា​ប្រជា​ធនាគារ​ដែល​លោក​អ្នក​ជឿ​ទុក​ចិត្ត និង​ជា​ធនាគារ​ពាណិជ្ជ​ទី​មួយ ដែល​នឹង​ចុះ​បញ្ជី​នៅ​ក្នុង​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា។ នៅ​ពេល​ដែល​វិនិយោគិន​រូបវ័ន្ត​បុគ្គល​ក្លាយ​ជា​ភាគហ៊ុនិក​របស់​ធនាគារ រឹត​តែ​ធ្វើ​ឲ្យ​យើង​បង្កើន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និត និង​កាន់​តែ​រឹងមាំ​ថែម​ទៀត​ជា​មួយ​នឹង​អតិថិជន ប្រកប​ដោយ​វិសាលភាព​ទូលំទូលាយ។ យើង​ខ្ញុំ​សូម​ថ្លែង​អំណរគុណ ដល់​វិនិយោគិន​សក្តានុពល​របស់​ធនាគារ​ទាំង​អស់ ដែល​បាន​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ ចូល​រួម​ក្នុង​ដំណើរការ​កំណត់​ថ្លៃ​ភាគហ៊ុន (ប៊ុកបៀលឌីង) និង​ទិញ​ភាគហ៊ុន​របស់​ធនាគារ"។

លោក Han Kyung Tae ថ្លែង​មតិ​អបអរសាទរក្នុង​កម្មវិធី Roadshow ស្តីពី​ការ​បោះ​ផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី នា​ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០

លោក Han Kyung Tae អគ្គនាយក ក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា "ទោះ​បី​ជា​មាន​កង្វល់​អំពី​ជំងឺ Covid-19 និង​ការ​កើន​ឡើង​នៃ​ភាព​មិន​ប្រាកដ​នៅ​លើ​ទីផ្សារ​ហិរញ្ញវត្ថុ​សកល​ក៏​ដោយ ក៏​តម្រូវការ​ចូលរួម​ដាក់​សំណើ​ទិញ និង​កំណត់​ថ្លៃ​ភាគហ៊ុន (ប៊ុកបៀលឌីង) មាន​ចំនួន​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់ ដោយ​តម្រូវ​ការ​សរុប​មាន​ចំនួន ៣ដង លើស​ចំនួន​ភាគហ៊ុន​ដែល​បាន​បម្រុង​ទុក​ក្នុង​ដំណាក់កាល​ប៊ុកបៀលឌីង។ លទ្ធផល​នៃ​ការ​កំណត់​ថ្លៃ​ភាគហ៊ុន (ប៊ុកបៀលឌីង) នា​ពេល​នេះ ជា​លទ្ធផល​បណ្តោះ​អាសន្ន​នៅ​ឡើយ ហើយ​នឹង​ត្រូវ​ដាក់​ជូន​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា ("ផ.ម.ក.") និង គណៈកម្មការ​មូលបត្រ​កម្ពុជា ("គ.ម.ក.") ដើម្បី​អនុម័ត​លើ​ថ្លៃ​ចុង​ក្រោយ។ ការ​ជូន​ដំណឹង​ខាង​លើ​នេះ គឺ​ក្នុង​គោលបំណង​ជូន​ព័ត៌មាន​ខ្លះៗ​ជា​មុន​ដល់​វិនិយោគិន ដើម្បី​អនុញ្ញាត​ឲ្យ​វិនិយោគិន​រៀបចំ​ខ្លួន និង​ត្រៀម​ខ្លួន​ចូល​រួម​ដំណាក់កាល​បរិវិសកម្ម ដែល​គ្រោង​នឹង​ចាប់​ផ្តើម នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ខាង​មុខ​នេះ។ ការ​បោះ​ផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​របស់​ធនាគារ​នេះ គឺ​ជា​ឱកាស​មាស របស់​វិនិយោគិន​រូបវ័ន្ត​បុគ្គល ដើម្បី​ក្លាយ​ជា​ភាគហ៊ុនិក​របស់​ប្រជា​ធនាគារ​ដែល​លោក​អ្នក​ជឿ​ទុក​ចិត្ត​បំផុត និង​ជា​ធនាគារ​មាន​ស្ថានភាព​ហិរញ្ញវត្ថុ​រឹងមាំ​បំផុត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា"។

លោក Han Kyung Tae បាន​បន្ថែម​ទៀត​ថា "ភាគហ៊ុន​ចំនួន ៤.៣៧៥.៦៩៦ ត្រូវ​បាន​បម្រុង​ទុក​សម្រាប់​វិនិយោគិន​ដែល​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ដំណាក់កាល​កំណត់​ថ្លៃ​ភាគហ៊ុន (ប៊ុកបៀលឌីង)។ សូម​អញ្ជើញ​វិនិយោគិន​សាធារណៈ​ទាំង​អស់ ចូល​រួម​ក្នុង​ដំណាក់កាល​បរិវិសកម្ម ដើម្បី​ទិញ​ភាគហ៊ុន​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​មួយ​នឹង​តម្លៃ​ចុង​ក្រោយ ដែល​រំពឹង​ថា​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ដល់​ថ្ងៃ​ទី០៤ ខែមេសា ឆ្នាំ២០២០ (កាលបរិច្ឆេទ​នេះ​អាច​កែប្រែ​អាស្រ័យ​លើ​ការអនុម័ត​របស់​និយ័តករ)។ វិនិយោគិន​ដែល​ទទួល​បាន​ជោគជ័យ និង​វិនិយោគិន​ដែល​មិន​ទទួល​បាន​ជោគជ័យ នៅ​តែ​អាច​ទិញ​ភាគហ៊ុន​របស់​ធនាគារ​បន្ថែម​ទៀត​បាន​នៅ​ក្នុង​ដំណាក់កាល​បរិវិសកម្ម។ នៅ​ក្នុង​ដំណាក់កាល​បរិវិសកម្ម មាន​ភាគហ៊ុន​សរុប​រហូត​ដល់ ២១.៨៧៨.៤៧៧ ភាគហ៊ុន សម្រាប់​ដាក់​លក់​ជូន​វិនិយោគគិន​សាធារណៈ នៅ​ក្នុង​តម្លៃ​ចុង​ក្រោយ"។

បណ្ឌិត អ៊ិន ចាន់នី បាន​មាន​ប្រសាសន៍​ទៀត​ថា "ធនាគារ អេស៊ីលីដា ភីអិលស៊ី រង់​ចាំ​ទទួល​ស្វាគមន៍​វិនិយោគិន​ទាំង​អស់ ដើម្បី​ចូលរួម​ទិញ​ភាគហ៊ុន និង​ក្លាយ​ជា​ភាគហ៊ុនិក​របស់​ធនាគារ នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ"៕

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​តាម​រយៈ

លោកស្រី ប៊ុត ប៊ុនសីហា
អនុប្រធាន​នាយក​ប្រតិបត្ដិ និង​ជា​គណៈ​ប្រធាន​នាយិកា​ប្រតិបត្ដិ​នីតិកម្ម និង​លេខាធិការ​ក្រុមហ៊ុន (មន្រ្តី​ទទួល​បន្ទុក​ផ្តល់​ព័ត៌មាន)
ទូរសព្ទ: ០១៥ ៦០០ ៥៣២
អ៊ីម៉ែល: buth.bunsayha@acledabank.com.kh

លោកស្រី ម៉ារ អមរា
អនុប្រធាន​នាយក​ប្រតិបត្ដិ និង​ជា​គណៈប្រធាន​នាយិកា​ប្រតិបត្តិ​ហិរញ្ញវត្ថុ (មន្រ្តី​ទំនាក់ទំង​សាធារណៈ)
ទូរសព្ទ: ០១៥ ៩០០ ១២៦
អ៊ីម៉ែល: amara@acledabank.com.kh

ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ៦    ចំនួនអ្នកទស្សនាថ្ងៃនេះ : ១.០១៨    ចំនួនអ្នកទស្សនាពីម្សិល : ១.៣២៩