»  ព័ត៌មាន  »  ព័ត៌មាន​សេដ្ឋកិច្ច​កម្ពុជា និង​សកល  »  កំពង់ផែ​ព្រះសីហនុ​នឹង​បោះ IPO បន្ទាប់​ពី​ចូល​ឆ្នាំ​ខ្មែរ

កំពង់ផែ​ព្រះសីហនុ​នឹង​បោះ IPO បន្ទាប់​ពី​ចូល​ឆ្នាំ​ខ្មែរ

ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧  |  ប្រភព ៖ ឌឹ​ភ្នំពេញ​ប៉ុស្ត៍

ភ្នំពេញៈ កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ​ (SAP)​ គ្រោង​បោះផ្សាយ​មូល​ប​ត្រលក់​ជា​លើក​ដំបូង ​(IPO) ​នៅ​អំឡុង ​សប្តាហ៍​ទី​បី​នៃ ​ខែ​មេសា​ដោយ​រំពឹងថា​នឹង​ប្រមូល​ដើម​ទុន​ពី​ការ​លក់​ហ៊ុន​ដំបូង​នេះ​ប្រមាណ ២៧ លាន​ដុល្លារ​ដើម្បី​ពង្រីក​ការវិនិយោគ​។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​ប្រធាន​ក្រុមហ៊ុន​កាលពី​ម្សិលមិញ​។

លោក លូ គឹមឈន់ អគ្គនាយក​ក្រុមហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បានបញ្ជាក់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា កាល​បរិច្ឆេទ​នៃ​ការបោះ IPO ត្រូវបាន​កំណត់​រួចហើយ​នៅក្នុង​សំណើ​ធ្វើ IPO ហើយ​បានដាក់​ទៅ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា (SECC) ដើម្បី​អនុម័ត​។ លោក​បញ្ជាក់ថា បើតាម​គម្រោង SAP នឹងធ្វើ​ការបោះ​ផ្សាយ IPO ចំនួន​២១,៤៤ លាន​ហ៊ុន ដោយ​រំពឹងថា​នឹង​ទទួលបាន​ទឹកប្រាក់​ប្រមាណ​២៧ លាន​ដុល្លារ​។ លោក​ថ្លែងថា​៖ «​យើង​គ្រោង​ប្រកាស​ជា​សាធារណៈ​នៃ​ការធ្វើ IPO នៅ​អំឡុង​ថ្ងៃទី ១១ ទៅ ១៣ ខែមេសា ហើយ​ប្រហែលជា​ចាប់​ផ្តើម​ធ្វើ Roadshow ដើម្បី​ឲ្យ​សាធារណជន​ទិញ​ហ៊ុន​ពីថ្ងៃ​ទី ១៩ ដល់​ថ្ងៃទី ២៥ ខែ​មេសា​»​។

លោក គឹមឈន់ មិន​បាន​លម្អិត​ពី​ប្រាក់ចំណេញ​របស់​កំពង់​ផែ​កាលពី​ឆ្នាំ ២០១៦ ទេ​។ បើ​យោង​តាម​ការ​រាយការណ៍​របស់​ភ្នំពេញ​ប៉ុស្ត៍​កាល​ពី​មុន SAP បាន​ទទួល​ប្រាក់​ចំណេញ ៤៥ លាន​ដុល្លារ​កាលពី​ឆ្នាំ ២០១៥ ដែល​ជា​ការ​ទទួល​បាន​ប្រាក់​ចំណេញ​៤ ឆ្នាំ​ជាប់​គ្នា ហើយក៏​លើស​ពី​លក្ខខណ្ឌ​តម្រូវ​របស់ SECC ផង​ដែរ​។

យោង​តាម​តួលេខ​របស់ SAP ក្រុមហ៊ុន​កំពង់ផែ​សមុទ្រ តែ​មួយ​គត់​របស់​កម្ពុជា​មួយ​នេះ​បាន​ទទួល​កុងតឺន័រ​ឆ្លងកាត់​សរុប ៤០០ ១៨៧ ធឺអ៊ីយូ កាលពី​ឆ្នាំ​២០១៦ កើន​ឡើង​២,១​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៥​។ ចំនួន​នេះ​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់ ខណៈ​ក្រុមហ៊ុន​តែង​ទទួល​បាន​កំណើន​ពីរ​ខ្ទង់​នៃ​ចរាចរណ៍​ទំនិញ​ឆ្លង​កាត់​ ក្នុង​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ​។ យ៉ាង​ណា​ក៏​ដោយ​អគ្គនាយក​កំពង់ផែ​រូបនេះ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ការ​ថមថយ​កំណើន​នៃ​ចរាចរណ៍​ទំនិញ​នេះ​ក៏​កើត​មាន​នៅ​កំពង់ផែ​អន្តរជាតិ​ ជុំវិញ​ពិភពលោក​ផង​ដែរ​។

លោក​ថ្លែង​ថា​៖ «​ការ​ថមថយ​កំណើន​កាលពី​ឆ្នាំ​មុន​មិន​បង្ក​ជា​ក្តីបារម្ភ​សម្រាប់​យើង​ នោះទេ យើង​មើលឃើញ​កំណើន​​គួរ​ឲ្យ​កត់​សម្គាល់​នៃ​ចរាចរណ៍​ទំនិញ​នៅ​ដើមឆ្នាំ​នេះ ហើយ​យើង​ជឿជាក់​ថា ប្រតិបត្តិការ​របស់​យើង​នៅ​ឆ្នាំនេះ​នឹង​ប្រសើរ​ច្រើន​ធៀប​នឹង​ឆ្នាំ​មុន​»​។

តំណាង​របស់ SECC កាលពី​ម្សិលមិញ​បាន​បញ្ជាក់​ថា SECC បាន​ទទួល​សំណើ​បោះ​ផ្សាយ IPO ពី​កំពង់ផែ​ហើយ ហើយ​កំពុង​សិក្សា និង​វាយ​តម្លៃ​លើ​សំណើ​នេះ​។

កំពង់ផែ​នេះ​បាន​បង្ហាញ ផែនការ​ចុះ​បញ្ជី​នៅ​ផ្សារ​ហ៊ុន​កម្ពុជា​ជាច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​បាន​ពន្យារ​ពេល​ជា​ច្រើន​ដង​រហូត​ដល់​ពេល​នេះ​។ កំពង់ផែ​ព្រះសីហនុ នឹង​ក្លាយ​ជា​ក្រុមហ៊ុន​ទី​៥ ដែល​ចុះបញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា​ហើយនឹង​ក្លាយ​ជា​សហគ្រាស​គ្រប់គ្រង​ ដោយ​រដ្ឋ​ទី​៣​នៅលើ​ទីផ្សារ​នេះ​។ ក្រុមហ៊ុន​ចុះ​បញ្ជី​នៅ CSX រួមមាន ក្រុមហ៊ុន​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ (PPWSA)​ក្រុមហ៊ុន​ឯកជន Grand Twins International (Cambodia) ក្រុមហ៊ុន​កំពង់ផែ​ស្វយ័ត​ភ្នំពេញ និង​ក្រុមហ៊ុន​ឯកជន តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​។​

លោក ល្មុន សូឡី ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​ទីផ្សារ​នៅ CSX បាន​ឲ្យ​ដឹង​ថា វត្តមាន​កំពង់ផែ​ព្រះសីហនុ នឹង​ជួយ​បង្កើន​សកម្មភាព​ជួញដូរ​នៅ CSX ខណៈ​ក្រុម​វិនិយោគិន​មាន​ចំណាប់​អារម្មណ៍​លើ​ក្រុមហ៊ុន​នេះ​ច្រើន​ដោយ​សារ​ តែ​សកម្មភាព​របស់​ក្រុមហ៊ុន​នេះ​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​សេដ្ឋកិច្ច​របស់​ប្រទេស​។

លោក​ថ្លែង​ថា​៖ «​តាម​ដែល​ខ្ញុំ​ដឹង មាន​ក្រុម​វិនិយោគិន​ជាច្រើន​ចាប់អារម្មណ៍​លើ​ក្រុមហ៊ុន​រដ្ឋ​ដែល​គ្រោង​ ចុះបញ្ជី​ក្នុង​ផ្សារ​ហ៊ុន​នេះ​»​។ លោក​បន្ថែម​ថា សកម្មភាព​របស់ SAP មាន​ទំនាក់​ទំនង​ដោយ​ផ្ទាល់​នឹង​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ព្រមទាំង​សកម្មភាព​នាំចេញ នាំចូល​។ លោក​បញ្ជាក់ថា​៖ «​សេដ្ឋកិច្ច​របស់​កម្ពុជា​មាន​កំណើន​ខ្ពស់ ហើយ​រំពឹងថា នឹង​រក្សាបាន​កំណើន​៧​ភាគរយ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ខាង​មុខ​។ ក្រុម​វិនិយោគិន​រយៈពេល​វែង និង​ក្រុម​វិនិយោគិន​បរទេស​នឹងមាន​ចំណាប់​​អារម្មណ៍​ខ្លាំង​»​។​

លោក ស្វាយ ហៃ អគ្គនាយក​ក្រុមហ៊ុន​មូលបត្រ ACLEDA Securities Plc. បាន​ឲ្យ​ដឹងថា វត្តមាន SAP នឹង​ល្អ​សម្រាប់​ផ្សារ​មូល​បត្រ​កម្ពុជា​ដោយ​សារ​តែ​ស្ថានភាព​ទីផ្សារ​ បច្ចុប្បន្ន​ត្រូវការ​ក្រុមហ៊ុន​បោះផ្សាយ​មូល​ប​ត្រ​ច្រើន​។ SAP គឺជា​ក្រុមហ៊ុន​បោះផ្សាយ​មូលបត្រ ដែលមាន​សក្តានុពល​ខ្លាំង​ដើម្បី​ទាក់ទាញ​ក្រុម​វិនិយោគិន​នៅ​ទីផ្សារ​នេះ​។

ទីផ្សារ​នេះ​ត្រូវការ​ការ​ចុះ​បញ្ជី​កាន់​តែ​ច្រើន ដូច្នេះ IPO របស់​កំពង់ផែ​ព្រះសីហនុ​នឹង​ក្លាយ​ជា​ការ​រួម​ចំណែក​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​ទាក់ទាញ​ក្រុម​វិនិយោគិន​កាន់​តែ​ច្រើន​នៅ​ក្នុង​​ទីផ្សារ​កម្ពុជា​ដែល​ កំពុង​ជំរុញ​ការ​ជួញ​ដូរ​។ ក្រុមហ៊ុន​ចុះ​បញ្ជី​មកពី​សហគ្រាស​រដ្ឋ​អាច​ទាក់ទាញ​ក្រុម​វិនិយោគិន​ កម្ពុជា​កាន់​តែ​ច្រើន​ធៀប​នឹង​ក្រុមហ៊ុន​ឯកជន​។ លោក​ថ្លែង​ថា​៖ «​នៅពេល​មាន​ក្រុមហ៊ុន​បោះផ្សាយ​កាន់​តែ​ច្រើន​នៅ​ទីផ្សារ​នេះ វា​នឹង​ផ្ដល់​អត្ថ​ប្រយោជន៍​ច្រើន​សម្រាប់​ទីផ្សារ ដោយ​សារ​តែ​វា​បង្កើត​ទីផ្សារ​ពេញ​លេញ​ដែល​មាន​អ្នកលក់ និង​អ្នកទិញ​គ្រប់គ្រាន់​»​។ លោក​បន្តថា​៖ «​ទីផ្សារ​ដែល​ផ្ដល់​ជម្រើស​កាន់​តែ​ច្រើន​អាច​ទាក់ទាញ​អ្នកទិញ ​ជាច្រើន ដូច្នេះ​ក្រុម​វិនិយោគិន​នឹង​មាន​ជម្រើស​កាន់​តែ​ច្រើន​»៕

ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ៣៦    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៥១៥    ចំនួនអ្នកទស្សនាពីម្សិល : ២.០៤៥