»  ព័ត៌មាន  »  ព័ត៌មាន​សេដ្ឋកិច្ច​កម្ពុជា និង​សកល  »  CSX នឹង​ដាក់​ឲ្យ​ប្រើ​ប្រាស់​កម្មវិធី​ជួញ​ដូរ​ជា​ប្លុក

CSX នឹង​ដាក់​ឲ្យ​ប្រើ​ប្រាស់​កម្មវិធី​ជួញ​ដូរ​ជា​ប្លុក

ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦  |  ប្រភព ៖ ឌឹ​ភ្នំពេញ​ប៉ុស្ត៍

ភ្នំពេញៈ ក្រុមហ៊ុន​ផ្សារ​មូល​បត្រ​កម្ពុជា (CSX) បាន​ឲ្យ​ដឹង​ថា​នឹង​អនុវត្ត​ឧបករណ៍​ថ្មី​មួយ​ដើម្បី​ជំរុញ​ផ្សារ​ហ៊ុន​ថ្មី​ នេះ​ឲ្យ​មាន​សម្ទុះ តាម​រយៈ​កម្មវិធី​ជួញ​ដូរ​ជា​ប្លុក (​ជា​ការ​ជួញ​ដូរ​ភាគ​ហ៊ុន​ក្នុង​បរិមាណ​ដ៏​ច្រើន​) ដែល​នឹង​អនុញ្ញាត​ឲ្យ​ក្រុម​វិនិយោគិន​និង​បុគ្គល​ជួញ​ដូរ​ភាគ​ហ៊ុន​ក្នុង​ បរិមាណ​ដ៏​ច្រើន​នៅ​ក្រៅ​ប្រតិបតិ្តការ​ទីផ្សារ​ប្រចាំ​ថ្ងៃ​តាម​រយៈ​ ប្រតិបត្តិ​ការ​ចរចា​គ្នា។

លោក ល្មុន សូឡី ប្រធាន​ប្រតិបត្តិការ​ទីផ្សារ​នៅ CSX បាន​ឲ្យ​ដឹង​ថា ផ្សារ​ហ៊ុន​បាន​អភិវឌ្ឍ​កម្មវិធី​នេះ​រួច​ហើយ ហើយ​ឆាប់ៗ​នេះ​នឹង​បញ្ជូន​ទៅ​ឲ្យ​គណៈកម្មការ​មូល​បត្រ​កម្ពុជា (SECC) ដើម្បី​ពិនិត្យ។ លោក​លើក​ឡើង​ថា​៖ "​កម្មវិធី​ជួញ​ដូរ​ជា​ប្លុក របស់​យើង​ត្រូវ​បាន​អភិវឌ្ឍ​រួច​ហើយ និង​ត្រៀម​ជា​ស្រេច​សម្រាប់​ប្រើ​ប្រាស់​"។ លោក​បន្ត​ថា​៖ "ប៉ុន្តែ​ការ​ជួញ​ដូរ​ជា​ប្លុក​នេះ​នឹង​ត្រូវ​បាន​ចាប់​ផ្ដើម​បន្ទាប់​ពី​ មាន​ការ​យល់​ព្រម​ពី SECC អំពី​បទ​ប្បញ្ញត្តិ​ជាប់​ពាក់ព័ន្ធ​។ យើង​គ្រោង​នឹង​ផ្ញើ​ទៅ SECC នៅ​ក្នុង​រយៈពេល​ពីរ​បី​សប្ដាហ៍​ទៀត​"។

ខណៈ​ការ​ជួញ​ដូរ​ជា​ប្លុក ជា​ធម្មតា​ធ្វើ​ឡើង​ក្នុង​ផ្សារ​ហ៊ុន​ប្រទេស​អភិវឌ្ឍន៍​ជា​ច្រើន​ដែល​កំណត់​ ទិសដៅ​លើ​វិនិយោគិន​ជា​ស្ថាប័ន​ធំៗ ធនាគារ​អភិវឌ្ឍន៍ និង​មូលនិធិ​ការពារ​ហានិភ័យ ដែល​ចង់​ទិញ​ក្នុង​បរិមាណ​ច្រើន​នៅ​ក្នុង​ទីផ្សារ​បើក​ចំហ ដែល​អាច​បណ្ដាល​ឲ្យ​មាន​ការ​ប្រែប្រួល​បរិមាណ​ខ្លាំង​នោះ លោក សូឡី បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​វា​ត្រូវ​បាន​ទទួល​យក វា​នឹង​បន្ថយ​ហានិភ័យ។ លោក​បញ្ជាក់ថា​៖ "ការ​ជួយ​សម្រួល​ដល់​ការ​ជួញ​ដូរ​ជា​ប្លុក​នេះ​មិន​មាន​បំណង​ជា​សំខាន់​លើ​ ក្រុម​វិនិយោគិន​ជា​ស្ថាប័ន​នោះ​ទេ ដោយ​សារ​តែ​ទីផ្សារ​របស់​យើង​នៅ​តូច​នៅ​ឡើយ​"។ លោក​បន្ត​ថា​៖ "យើង​គ្រាន់​តែ​ចង់​បំពេញ​តម្រូវការ​របស់​ក្រុម​វិនិយោគិន​ប៉ុណ្ណោះ បុគ្គល ឬ​ស្ថាប័ន ដែល​ចង់​ជួញ​ដូរ​ចំនួន​ច្រើន​ជាមួយ​សម​ភាគី​តាម​រយៈ​ការ​ចរចា​ក្រៅ​ទីផ្សារ​នេះ​"​។ លោក​បន្ថែម​ថា ការ​លក់​ជា​ប្លុក​នេះ​នឹង​ទទួល​បាន​តម្លៃ​ពេញ​ចិត្ត​ដែល​បាន​ចរចា​មុន​ពេល​ ការ​កាន់​កាប់ ហើយ​នឹង​មិន​ប៉ះពាល់​ខ្លាំង​ដល់​តម្លៃ​ភាគ​ហ៊ុន​នោះ​ទេ។

​លោក សូឡី បាន​ឲ្យ​ដឹង​ថា ការ​ជួញ​ដូរ​ជា​ប្លុក នឹង​ត្រូវ​បាន​ស្វាគមន៍​ដោយ​ក្រុម​វិនិយោគិន ដែល​បាន​និង​កំពុង​ស្វែងរក​ជម្រើស​ទទួល​បាន​តម្លៃ​ចរចា​។ លោក​ឲ្យ​ដឹង​ថា​៖ "មាន​តម្រូវ​ការ​ជាច្រើន​ពី​ក្រុម​វិនិយោគិន [​ការ​ជួញ​ដូរ​ជា​ប្លុក​] ប៉ុន្តែ​យើង​មិន​អាច​បម្រើ​ពួក​គេ​បាន​ទេ ដែល​តម្រូវ​ឲ្យ​ពួក​គេ​ជួញ​ដូរ​បរិមាណ​ច្រើន​នៅ​ក្នុង​ផ្សា​រលក់​ដេញ​ថ្លៃនេះ។ ខ្ញុំ​ជឿ​ថា ក្រុម​វិនិយោគិន​ជួញ​ដូរ​ធំៗ​នឹង​សប្បាយ​រីករាយ​ជាមួយ​របៀប​ថ្មី​នេះ​"​។​

​លោក ស្វាយ ហៃ អគ្គនាយក​ក្រុមហ៊ុន​មូលបត្រ អេស៊ីលីដា ស៊ីឃ្យួរឹធី បាន​ឲ្យ​ដឹង​ថា ការ​ជួញ​ដូរ​ជា​ប្លុក​នេះ​អាច​បើក​ផ្លូវ​សម្រាប់​ក្រុម​វិនិយោគិន​ជា ស្ថាប័ន​ថ្មី​ធំៗ​ចូល​មក​ទីផ្សារ​នេះ ជា​អ្វី​ដែល​ផ្សារ​ហ៊ុន​នេះ​ជា រឿយៗ​មិន​អាច​ទាក់​ទាញ​ក្រៅ​ពី​នីតិវិធី​ ការបោះ​ផ្សាយ​មូល​បត្រ​ជា​សាធារណៈ​លើក​ដំបូង​(IPO)​នោះ​ទេ។ លោក​លើក​ឡើង​ថា​៖ "ការ​ជួញ​ដូរ​ជា​ប្លុក នេះ​គឺជា​យន្តការ​មិន​មែន​ជា​ការ​ប្រកួត​ប្រជែង ដែល​អនុញ្ញាត​ឲ្យ​ស្ថាប័ន និង​ក្រុម​វិនិយោគិន​ធំៗ​ចរចា​ជា​ឯកជន​សម្រាប់​ការ​ជួញ​ដូរ​ចំនួន​ភាគ​ហ៊ុន​ ដែល​បាន​កំណត់​"។ លោក​បញ្ជាក់​ថា​៖ "ខណៈ​ដែល​ក្រុម​វិនិយោគិន​លក់​រាយ​គ្រប​ដណ្ដប់​លើ​ទីផ្សារ​នេះ វា​ល្អ​សម្រាប់​ក្រុម​វិនិយោគិន​ក្នុង​ការ​ស្វែងរក​ការ​ជួញ​ដូរ​ក្នុង​បរិមាណ​ច្រើន​ជា​មួយ​នឹង​ការ​ជួញ​ដូរ​ជា​ប្លុក​នេះ​"។

លោក​បន្ថែម​ថា ការ​ជួញ​ដូរ​ជា​ប្លុក គឺជា​យន្ត​ការ​ទីផ្សារ​ដែល​ប្រើប្រាស់​ជា​ទូទៅ និង​ជា​តម្រូវ​ការ​ខ្លាំង​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក​លើក​ឡើង​ថា​៖ "ទីផ្សារ​នេះ​ត្រូវ​ការ​ការ​ជួញ​ដូរ​ជា​ប្លុក ជា​ពិសេស​សម្រាប់​ក្រុម​វិនិយោគិន​មាន​អាណត្តិ និង​ក្រុម​វិនិយោគិន​ជា​ស្ថាប័ន និង​ក្រុម​វិនិយោគិន​រក​ប្រាក់​ចំណូល​ផង​ដែរ ដែល​ពិចារណា​បរិមាណ​ផល​ភាគ​លាភ​កាន់​តែ​ខ្ពស់ ធៀប​នឹង​តម្លៃ​ប្រាក់​ចំណេញ​ធម្មតា​"។

លោក សុខ ដារ៉ា អនុប្រធាន SECC បាន​ឲ្យ​ដឹង​ថា ខណៈ​ដែល​លោក​មិន​អាច​អត្ថាធិប្បាយ​ថា​តើ​ការ​ជួញ​ដូរ​ភាគ​ហ៊ុន​ជា​ប្លុក នេះ​នឹង​ទទួល​បាន​ការ​យល់​ព្រម​ពី​និយតករ​ឬ​អត់​នោះ​ "SECC គាំទ្រ​យ៉ាង​ខ្លាំង​ដល់​គំនិត​ផ្ដួច​ផ្ដើម​គ្រប់​ប្រភេទ​ដើម្បី​លើក​កម្ពស់​ ការ​អភិវឌ្ឍ​ផ្សារ​មូល​បត្រ​នេះ​"៕

ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ១៩    ចំនួនអ្នកទស្សនាថ្ងៃនេះ : ១.០០៤    ចំនួនអ្នកទស្សនាពីម្សិល : ១.៣៣៩