អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី

 »  ព័ត៌មាន  »  ព័ត៌មាន​សេដ្ឋកិច្ច​កម្ពុជា និង​សកល  »  ចំណូល​ផែ​ភ្នំពេញ​កើន​ជាង​​ ១៤%​ រយៈ​ពេល​ ៩ខែ

ចំណូល​ផែ​ភ្នំពេញ​កើន​ជាង​​ ១៤%​ រយៈ​ពេល​ ៩ខែ

ថ្ងៃព្រហស្បត្ត៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥  |  ប្រភព ៖ ឌឹ​ភ្នំពេញ​ប៉ុស្ត៍

ភ្នំពេញៈ ចំណូល​សរុប​របស់​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ (PPAP) ដែល​នឹង​ឡើង​ផ្សារ​ហ៊ុន​នៅ​ចុង​ឆ្នាំ​នេះ បាន​កើន​ឡើង​ជាង​១៤​ភាគរយ​ក្នុង​រយៈពេល​៩ខែ​ដំបូង​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ឆ្នាំ​ទៅ។ នេះ​បើ​តាម​ទិន្នន័យ​ដែល​ភ្នំពេញ​ប៉ុស្តិ៍ ទទួល​បាន​កាលពី​ម្សិលមិញ។

ទិន្នន័យ​បាន​បង្ហាញ​ថា​ប្រាក់​ចំណូល​សរុប​ក្នុង​រយៈពេល​៩ខែ ឆ្នាំ​២០១៥ មាន​ចំនួន ១១.៥៦៣.១៤៧​ដុល្លារ កើន​ឡើង​១៤,៤៧​ភាគរយ​បើ​ធៀប​នឹង​៩ខែ​ឆ្នាំ​២០១៤ ដែល​មាន​១០.១០០.៦៣៣​ដុល្លារ។

ទិន្នន័យ​បង្ហាញ​ថា កំណើន​នេះ​ដោយ​សារ​តែ​ការ​កើន​ឡើង​នៃ​ចរាចរណ៍​ទំនិញ​កាត់​តាម​កំពង់ផែ​នេះ។

យោង​តាម​ទិន្នន័យ​ចរាចរណ៍​ទំនិញ​ឆ្លង​កាត់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ រយៈពេល​៩ខែ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​តុលា​បាន​បង្ហាញ​ថា ការ​ដឹក​ជញ្ជូន​ទំនិញ​បាន​កើន​ឡើង​ជាង​ ៦​ ភាគរយ​បើ​ធៀប​រយៈ​ពេល​៩​ខែ ឆ្នាំ​២០១៤។

ទិន្នន័យ​បង្ហាញ​ថា ទំនិញ​ឆ្លង​កាត់​កំពង់ផែ​អន្តរជាតិ​ទី​ពីរ​របស់​កម្ពុជា​នៅ​ក្នុង​រយៈពេល​៩ ខែ​ដំបូង​នេះ​មាន​ចំនួន ១០៨.៧៦០ ធឺអ៊ីយូ​កើន​ឡើង ​៦,៣០​ ភាគរយ ពី​ចំនួន​ ១០២.៣០៨​ ធឺអ៊ីយូ​ក្នុង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅ ពោល​កើន​ឡើង​ចំនួន ៦.៤៥២​ធឺអ៊ីយូ។

លោក​ ស្វាយ ហៃ ប្រធាន និង​ជា​អគ្គនាយក​ ក្រុមហ៊ុន​មូលបត្រ ​អេស៊ីលីដា ​បាន​ឲ្យ​ដឹង​ថា ការ​កើន​ឡើង​ប្រាក់​ចំណូល​នេះ​ជា​សញ្ញា​ល្អ​សម្រាប់​កំពង់ផែ​ ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​កាន់​តែ​ច្រើន​ខណៈ​កំពង់ផែ​នឹង​ត្រូវ​ធ្វើ​ការ​ជួញ​ដូរ​ក្នុង​ផ្សារ​ហ៊ុន។

លោក​ថ្លែង​ថា៖ "[កំណើន​ក្នុង​អំឡុង​ត្រី​មាស​ទី ៣] វា​នឹង​រួម​ចំណែក​ដល់​និន្នាការ​កំណើន​ប្រាក់​ចំណេញ​នៅ​ត្រី​មាស​បញ្ចប់​ក្នុង​ឆ្នាំ​នេះ។ វិនិយោគិន​ដែល​វិនិយោគ​នៅ​ក្នុង​ប្រាក់​ចំណូល​ខ្ពស់​នេះ​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​កំណើន​នេះ ហើយ​ពួក​គេ​នឹង​វិនិយោគ​បន្ថែម​ទៀត"។

លោក​បន្ត​ថា កំណើន​ទ្វេដង​ក្នុង​ការ​ធ្វើ​បរិវិសកម្ម​របស់​កំពង់​ផែ ធៀប​នឹង​ពេល​ធ្វើ Book Building និង​ជំរុញ​តម្លៃ​ឲ្យ​កើន​ឡើង។ លោក​បាន​បន្ត​ថា៖«ជាមួយ​នឹង​គោល​នយោបាយ​បែង​ចែក​ភាគលាភ​ខ្ពស់ និង​ស្ថិរភាព​នៃ​កំពង់ផែ​ទន្លេ​ដ៏​ធំ​នេះ នឹង​ធ្វើ​ឲ្យ​តម្លៃ​ភាគហ៊ុន​របស់​ខ្លួន​កាន់​តែ​មាន​ភាព​ទាក់ទាញ។ កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​រក​បាន​ប្រាក់​៥,២​លាន​ដុល្លារ​ដោយ​ជោគជ័យ​ ក្នុង​ការ​បោះផ្សាយ​មូលបត្រ​សាធារណៈ​លើក​ដំបូង (IPO) ដែល​មាន​ការ​ធ្វើ​បរិវិសកម្ម​ជាង​១,៤​ដង។ នេះ​បើ​តាម​ភ្នាក់ងារ​ធានា​ទិញ​មូល​បត្រ​របស់​ខ្លួន​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ។

ការ​ធ្វើ​បរិវិសកម្ម​ភាគ​ហ៊ុន​៤,១​លាន ដែល​ជា​ភាគ​ហ៊ុន​ ២០​ ភាគរយ របស់​កំពង់​ផែ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី​១២​ ដល់​ថ្ងៃទី​១៧ ​ខែ​វិច្ឆិកា ដោយ​មាន​ការ​កំណត់​តម្លៃ​ក្នុង​មួយ​ភាគហ៊ុន ៥.១២០ រៀល បន្ទាប់​ពី​ការ​ស្ទាប​ស្ទង់​តម្លៃ​មូលបត្រ​ជា​សាធារណៈ​កាល​ពី​ខែ​មុន។ ភាគ​ហ៊ុន​របស់​ក្រុមហ៊ុន​នេះ​នឹង​ត្រូវ​ជួញ​ដូរ​ក្នុង​ផ្សារ​ហ៊ុន​កម្ពុជា (CSX) នៅ​ខែ​ធ្នូ។

លោក Han Kyung Tae អគ្គ​នាយក​ក្រុមហ៊ុន​មូល​បត្រ Yuanta Securities (Cambodia) ជា​ក្រុមហ៊ុន​រៀបចំ​ការ​ធ្វើ Book Building និង​ជា​ភ្នាក់ងារ​ធានា​ទិញ​មូលបត្រ​បាន​ថ្លែង​ថា៖ "អត្រា​ការ​ធ្វើ​បរិវិសកម្ម​លើស​ចំនួន​ដែល​បាន​រួម​បញ្ចូល​គ្នា ដែល​ការ​ស្ទាបស្ទង់​តម្លៃ​មូលបត្រ​ជា​សាធារណៈ​បូក​នឹង​ការ​ធ្វើ​បរិវិសកម្ម​ លក់​រាយ មាន​ចំនួន​តិច​ជាង​១,៤​ដង"។

លោក​ថ្លែង​ថា គណៈ​កម្មការ​មូលបត្រ​កម្ពុជា (SECC) តម្រូវ​ថា​ជនជាតិ​កម្ពុជា​ត្រូវ​បាន​ផ្ដល់​អាទិភាព​ដល់​២០​ភាគរយ​នៃ​ការ​បោះ ​ផ្សាយ​មូល​បត្រ​លក់​សាធារណៈ​ជា​លើក​ដំបូង។

លោក​ថ្លែង​ថា៖ "ដោយ​សារ​តែ​ការ​ប្រព្រឹត្ត​ជា​ពិសេស​សម្រាប់​ជនជាតិ​កម្ពុជា អត្រា​ការ​បែងចែក​ភាគហ៊ុន​ពិត​ប្រាកដ​នឹង​មាន​ភាព​ខុស​គ្នា​តិច​តួច។ ចំនួន​ចុង​ក្រោយ​នឹង​អាច​រក​បាន​នៅ​សប្ដាហ៍​ក្រោយ បន្ទាប់​ពី​ទទួល​បាន​ការ​យល់​ព្រម"។

លោក​បាន​អះអាង​ថា កាល​បរិច្ឆេទ​ចុះ​បញ្ជី​ភាគហ៊ុន​របស់ PPAP នៅ​លើ​ផ្សារ​មូលបត្រ​កម្ពុជា (CSX) ត្រូវ​បាន​រំកិល​ដល់​ថ្ងៃទី​៩ ធ្នូ។

PPAP នឹង​ក្លាយ​ជា​ក្រុមហ៊ុន​ទី៣ និង​ជា​សហគ្រាស​គ្រប់ គ្រង​ដោយ​រដ្ឋ​ទី២ ក្នុង​ការ​ចុះ​បញ្ជី​ក្នុង​ផ្សារ​ហ៊ុន​ដែល​ទើប​នឹង​កកើត​មួយ​នេះ។

PPAP មាន​អាជ្ញាប័ណ្ណ​ផ្ដាច់​មុខ​ក្នុង​ការ​គ្រប់គ្រង​និង​ប្រតិបត្តិការ​កំពង់ផែទន្លេ​ពាណិជ្ជកម្ម​ក្នុង​និង​ជុំវិញ​ទីក្រុង​ភ្នំពេញ។ កំពង់​ផែ​នេះ​រក​ប្រាក់​ចំណេញ​តាម​រយៈ​ការ​ជួល​ទ្រព្យសកម្ម​ផង​ដែរ រួម​មាន​ដី និង​អគារ៕

ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ៨    ចំនួនអ្នកទស្សនាថ្ងៃនេះ : ១.១៥០    ចំនួនអ្នកទស្សនាពីម្សិល : ១.៦៣៩