អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី

 »  ព័ត៌មាន  »  ព័ត៌មាន​សេដ្ឋកិច្ច​កម្ពុជា និង​សកល  »  PPWSA រំពឹង​ថា​នឹង​បង្កើន​ចំណូល​ពី​ការ​ពង្រីក​ការ​ផ្គត់​ផ្គង់

PPWSA រំពឹង​ថា​នឹង​បង្កើន​ចំណូល​ពី​ការ​ពង្រីក​ការ​ផ្គត់​ផ្គង់

ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧  |  ប្រភព ៖ ឌឹ​ភ្នំពេញ​ប៉ុស្ត៍

ភ្នំពេញៈ ក្រុមហ៊ុន​រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ដែល​ចុះ​បញ្ជី​ក្នុង​ផ្សារ​ហ៊ុន​កម្ពុជា​បានដាក់​ដំណើរការ​រោងចក្រ​ ប្រព្រឹត្ត​កម្ម​ទឹកស្អាត​និរោធ​ជំហ៊ាន​ទី ​២​ កាលពី​ថ្ងៃ​ម្សិលមិញ ដែល​អ្នក​នៅក្នុង​ឧស្សាហកម្ម​នេះ​មើល​ឃើញ​ថា ជា​ឱកាស​ក្នុង​ការ​បង្កើន​ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន​រដ្ឋ​មួយ​នេះ​។

រោងចក្រ​ទឹកស្អាត​ទី​ពីរ​នេះ​មាន​សមត្ថភាព​ផលិត​ទឹក​ ១៣​ ម៉ឺន​ម៉ែត្រគុប​ក្នុង​មួយថ្ងៃ​ដែល​នឹង​ជំរុញ​ឲ្យ​សមត្ថភាព​ផលិត​ទឹកស្អាត​ សរុប​មាន​រហូត​ដល់​៥៦​ម៉ឺន​ម៉ែត្រគុប​ក្នុង​មួយថ្ងៃ​។

PPWSA គឺជា​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋ​ដំបូង​គេ​ដែល​ចុះបញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា (CSX) ហើយ​អ្នក​ជំនាញ​នៅក្នុង​វិស័យ​នេះ​បាន​ឲ្យ​ដឹងថា ការពង្រីក​អាជីវកម្ម​ទឹកស្អាត​របស់​ក្រុមហ៊ុន នឹង​បង្កើន​សមត្ថភាព​រក​ចំណូល​របស់​ក្រុមហ៊ុន​។​

ទោះបីជា​ការ​សម្ពោធ​រោងចក្រ​ថ្មី​នេះ​មិនមាន​ឥទ្ធិពល​ភ្លាមៗ​ដល់​តម្លៃ​ភាគហ៊ុន​ ដែល​កំពុង​ជួញ​ដូរ​ក៏​ដោយ លោក ស្វាយ ហៃ អគ្គនាយក​ក្រុមហ៊ុន​មូល​បត្រ​អេស៊ីលីដា បាន​ឲ្យ​ដឹង​ថា ការ​ដាក់​ឲ្យ​ដំណើរ​ការ​កត្តា​ផលិតកម្ម​បន្ថែម​របស់ PPWSA នឹង​ជា​ប្រភព​បង្កើន​ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន ដែល​កត្តា​នេះ​អាច​ជួយ​ទាក់​ទាញ​ទំនុក​ចិត្ត​វិនិយោគិន​ជា ពិសេស​វិនិយោគិន​រយៈពេល​វែង​ដែល​ទិញ​ភាគ​ហ៊ុន​ដើម្បី​ទទួល​បាន​ភាគ​លាភ​។

របាយការណ៍​ប្រចាំ​ឆ្នាំ​របស់ PPWSA បង្ហាញ​ថា ប្រាក់​ចំណេញ​សុទ្ធ កាលពី​ឆ្នាំ ២០១៦ មាន​ចំនួន​ ១២,៣​ លាន​ដុល្លារ ធ្លាក់​ចុះ​ ១៣% ​ធៀប​នឹង​ឆ្នាំ​ ២០១៥ ខណៈ​ប្រាក់​ចំណូល​សរុប​កាលពី​ឆ្នាំ​មុន​បាន​កើន​ឡើង​ត្រឹម​តែ​ ៣,៥%​ប៉ុណ្ណោះ​ពី​ឆ្នាំ ២០១៥​។

រោងចក្រ​នេះ​មាន​ទីតាំង​នៅ​ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ដោយ​ចំណាយ​ទឹក​ប្រាក់​ជាង​ ៦០​លាន​ដុល្លារ ក្នុង​នោះ ជាង​៣៦​លាន​ដុល្លារ គឺជា​កម្ចី​បាន​មក​ពី​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ប្រទេស​បារាំង ( AFD)​។

លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន បាន​ចូលរួម​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​រោងចក្រ​នេះ​ កាល​ពី​ម្សិល​មិញ​ បាន​ឲ្យ​ដឹង​ថា PPWSA គួរតែ​បង្កើន​ការ​ផ្គត់ផ្គង់​ទឹក​នៅ​តាម​តំបន់​ផ្សេងៗ​ទៀត​នៅ​ក្នុង​សង្កាត់ ​មួយ​ចំនួន​នៅ​ទីក្រុង ​ភ្នំពេញ ជា​ពិសេស​ សង្កាត់ ដែល​ទើប​បាន​ដាក់​បញ្ចូល​ក្រោម​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​សង្កាត់​ថ្មី​ទាំង​នោះ​នៅ​បន្ត​ប្រើប្រាស់​ទឹក​របស់​ក្រុមហ៊ុន​ឯកជន​។

លោក​ថ្លែង​ថា​៖ «​កិច្ចការ​ដែល​ត្រូវធ្វើ សូម​ឲ្យ​រដ្ឋាករ​ទឹក​ក្រុង​ភ្នំពេញ​ទិញយក​នូវ​បណ្តាញ​ទឹក​ដែល​វិស័យ​ឯកជន​ បាន​វិនិយោគ​នៅ​បណ្តា​ឃុំ ដែល​មុន​នេះ​ជា​ឃុំ​នៅក្នុង​ខេត្ត​កណ្តាល​ឥឡូវ​បាន​កាត់​ចូល​មក​ទីក្រុងភ្នំពេញ​»​។

តម្លៃ​ភាគ​ហ៊ុន​ចុង​ក្រោយ​របស់ PPWSA នៅ​ផ្សារ​មូល​បត្រ​កម្ពុជា​កាលពី​ម្សិលមិញ​គឺ ៣៩៦០​រៀល ក្នុង​មួយ​ភាគ​ហ៊ុន ដោយ​មាន​ការ​ជួញ​ដូរ ៧៧៥ ហ៊ុន​។

លោក ល្មុន សូឡី ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​ទីផ្សារ​នៅ​ផ្សារ​មូល​បត្រ​កម្ពុជា​ (CSX) បាន​ឲ្យ​ដឹង​ថា ព័ត៌មាន​ពី​ការ​ដាក់​ឲ្យ​ប្រើប្រាស់​នេះ​មិន​បាន​ផ្លាស់​ប្តូរ​តម្លៃ​ ភាគហ៊ុន​របស់ PPSWA នោះ​ទេ ដោយ​សារ​តែ​ក្រុម​វិនិយោគិន​មិន​ភ្ញាក់​ផ្អើល ខណៈ​ពួក​គេ​បាន​តាម​ដាន​អាជីវកម្ម និង​គម្រោង​របស់ PPWSA ហើយ​ក្រុមហ៊ុន​នេះ​បាន​ជូន​ដំណឹង​ជា​សាធារណៈ​អំពី​ការ​ពង្រីក​នេះ​ចាប់​តាំង ​ពី​ពីរ​ទៅ​បី​ឆ្នាំ​មុន​ម្ល៉េះ។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ លោក​ឲ្យ​ដឹងថា ការ​ពង្រីក​ផលិតកម្ម បង្ហាញ​ពី​សញ្ញា​វិជ្ជមាន​សម្រាប់​វិនិយោគិន​ដោយ​សារ​វា​បង្ហាញថា​អាជីវកម្ម ​របស់​ក្រុមហ៊ុន​នេះ​នឹង​កើន​ឡើង​។

លោក​ថ្លែងថា​៖ «​តាម​រយៈ​ការ​ពង្រីក​ទីក្រុង​ភ្នំពេញ​ជា​បន្ត​បន្ទាប់​នៅ​រយៈពេល​ជាច្រើន​ ឆ្នាំ​នេះ PPWSA នឹង​ត្រូវ ពង្រីក​សកម្មភាព​របស់​ខ្លួន​ទៀត​ដើម្បី​មាន​ប្រតិបត្តិការ​លើ​តំបន់​ថ្មីៗ​ ទាំង​នោះ​»​។

លោក​បាន​បន្ត​ថា​៖ «​ដូច្នេះ ទំហំ​អាជីវកម្ម​របស់​ក្រុមហ៊ុន​នឹង​កាន់​តែ​ធំ​»៕

ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ១៥    ចំនួនអ្នកទស្សនាថ្ងៃនេះ : ២.១៣៨    ចំនួនអ្នកទស្សនាពីម្សិល : ១.៥២៤