»  ព័ត៌មាន  »  ព័ត៌មាន​សេដ្ឋកិច្ច​កម្ពុជា និង​សកល  »  SECC ផ្អាក​ផ្តល់​អាជ្ញា​ប័ណ្ណ​ក្រុមហ៊ុន​សម​ភាគី​កណ្តាល

SECC ផ្អាក​ផ្តល់​អាជ្ញា​ប័ណ្ណ​ក្រុមហ៊ុន​សម​ភាគី​កណ្តាល

ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧  |  ប្រភព ៖ ឌឹ​ភ្នំពេញ​ប៉ុស្ត៍

ភ្នំពេញៈ គណៈកម្មការ​មូល​បត្រ​កម្ពុជា ​(SECC) ប្រកាស​ផ្អាក​ផ្តល់​អាជ្ញា​ប័ណ្ណ​ដល់​ក្រុមហ៊ុន​សម​ភាគី​កណ្តាល​ក្នុង​ ទីផ្សារ​ឧបករណ៍​និស្សន្ទ ដោយ​បញ្ជាក់​ថា​ក្រុមហ៊ុន​ដែល​មាន​ស្រាប់​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ ការ​ទូទាត់​ការ​ជួញ​ដូរ​នាពេល​បច្ចុប្បន្ន​ដោយ​សារ​សកម្មភាព នៅ​មាន​កម្រិត​នៅ​ឡើយ​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​កាលពី​ម្សិលមិញ​។

សេចក្តី​ជូន​ដំណឹង​របស់ SECC បាន​ធ្វើ​ឡើង​តាំង​ពី​ថ្ងៃទី​២០ មីនា SECC ដែល​នឹង​ឈប់​ទទួល​ពាក្យ​ស្នើ​សុំ​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​សម​ភាគី​កណ្តាល​ ចាប់ពី​ថ្ងៃ​ជូន​ដំណឹង​ទៅ ដោយ​មិនទាន់​មាន​ការ​បរិច្ឆេទ​ថា​បើក​ទទួល​ពាក្យ​វិញ​នៅ​ពេល​ណា​នោះ​ទេ បន្ទាប់​ពី SECC បាន​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​សម​ភាគី​កណ្តាល​ក្នុង​ទីផ្សារ​ឧបករណ៍​ និ​ស្ស​ន្ទ​ចំនួន​៤ ក្រុមហ៊ុន​រួចមក​។

ប៉ុន្តែ​សេចក្តី​ជូន​ដំណឹង​ដដែល​នោះ បញ្ជាក់​ថា និយ័ត​ករ​ផលិតផល​មូល​បត្រ និង ឧបករណ៍​និស្សន្ទ​នៅ​កម្ពុ​ជាមួយ​នេះ​នឹង​នៅ​បន្ត​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​ ក្រុមហ៊ុន​ឈ្មួញ​ជើងសារ​ឧបករណ៍​និស្សន្ទ​បន្ត​ទៀត ខណៈ​បច្ចុប្បន្ន​ក្រុមហ៊ុន​ឈ្មួញ​ជើង​សារ​ក្នុង​ទីផ្សារ​មាន​៦​ក្រុមហ៊ុន​។

លោក សុខ តារា អគ្គនាយករង SECC បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ចំនួន​ក្រុមហ៊ុន​សម​ភាគី​កណ្តាល​ក្នុង​ទីផ្សារ​ឧបករណ៍​និស្សន្ទ​ដែល​មាន​៤ រួច​ជា​ស្រេច​សម​នឹង​តម្រូវ​ការ​ទីផ្សារ​ជួញ​ដូរ​បច្ចុប្បន្ន​។

លោក​ថ្លែង​ថា​៖ «​សម្រាប់​ស្ថានភាព​ទីផ្សារ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទនា​ពេល​បច្ចុប្បន្ន​ការ ​មាន​ក្រុមហ៊ុន​សម​ភាគី​កណ្តាល​៤ គឺ​គ្រប់​គ្រាន់​ដើម្បី​ដំណើរការ​ជួញ​ដូរ​»​។

លោក​បញ្ជាក់​ថា SECC នៅ​តែ​ត្រូវ​ការ​វត្តមាន​ក្រុមហ៊ុន​ឈ្មួញ​ជើង​សារ​ឧបករណ៍​និស្សន្ទ​ច្រើន​ ទៀត​ដើម្បី​ធ្វើ​ឲ្យ​ដំណើរ​ការ​ការ​ជួញ​ដូរ​ឧបករណ៍​នេះ​ឲ្យ​ដំណើរ​ការ​ល្អ ហើយ​នឹង​ស្វាគមន៍​ការ​ដាក់​ពាក្យ​ពី​ក្រុមហ៊ុន​ដើម្បី​ក្លាយ​ជា​ក្រុមហ៊ុន​ ឈ្មួញ​ជើង​សារ​ឧបករណ៍​និស្សន្ទ​។

លោក​បន្ថែម​ថា​៖ «​សម្រាប់​ក្រុមហ៊ុន​សម​ភាគី​កណ្តាល យើង​នឹង​ពិចារណា​ថា​បើក​ទទួល​ពាក្យ​ផ្តល់​អាជ្ញាប័ណ្ណ​វិញ នៅ​ពេល​សកម្មភាព​ជួញ​ដូរ​កាន់​តែ​ខ្លាំង​ជាង​នេះ ឬ​ថា​នៅ​ពេល​សមស្រប​ណា​មួយ​នា​ពេល​ខាង​មុខ​»​។

SECC បាន​ផ្ដល់​ជា​ផ្លូវ​ការ​អាជ្ញាប័ណ្ណ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ​ជុំ​ដំបូង​ របស់​ខ្លួន​កាលពី​ខែ​សីហា គឺ​ជិត​ ១០​ ខែ បន្ទាប់​ពី​ខ្លួន​បាន​ប្ដេជ្ញា​ថា​នឹង​គ្រប់គ្រង​ជា​ផ្លូវ​ការ​លើ​ឧបករណ៍​ ហិរញ្ញវត្ថុ​មាន​ហានិភ័យ​ទាប និង​ផ្ដល់​ជម្រើស​កាន់​តែ​ច្រើន​ដល់​ក្រុម​វិនិយោគិន​ដើម្បី​រក​ប្រាក់​ចំណេញ​។ ក្រុមហ៊ុន​សម​ភាគី​កណ្តាល និង ឈ្មួញ​ជើង​សារ គឺជា​តួអង្គ​សំខាន់​ក្នុង​ការ​ដំណើរ​ការ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ ខណៈ​ដែល​ក្រុមហ៊ុន​សម​ភាគី​កណ្តាល​ប្រៀប​បាន​ជា​ទីផ្សារ​ដែល​បង្កើត​ឲ្យ​មាន ​អ្នក​ទិញ និង អ្នក​លក់​ឧបករណ៍​និស្សន្ទ ហើយ​ក្រុមហ៊ុន​ឈ្មួញ​ជើង​សារ​ជា​អ្នក​សម្រប​សម្រួល​ធ្វើ​ការ​ជួញ​ដូរ​របស់​ អ្នក​លក់ និង​អ្នក​ទិញ​។ ជា​គោល​ការណ៍​ដើម្បី​ទទួល​អាជ្ញាប័ណ្ណ ក្រុមហ៊ុន​សម​ភាគី​កណ្ដាល​ត្រូវមាន​ទុន​អប្បបរមា​៥​លាន​ដុល្លារ និង​ក្រុមហ៊ុន​ឈ្មួញ​ជើង​សារ​ចំនួន​២៥ ម៉ឺន​ដុល្លារ​។

លោក តារា មិន​បាន​បញ្ជាក់​ពី​ចំនួន​ជាក់​ស្តែង​នៃ​ចំនួន​វិនិយោគិន​ឧបករណ៍​និស្សន្ទ ឬ​ចំនួន​គណនី​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ​នោះ​ទេ ប៉ុន្តែ​លោក​បញ្ជាក់​ថា វា​នៅ​មាន​ចំនួន​តិច​តួច​នៅ​ឡើយ​។

លោក​បាន​បន្ថែម​ថា ផលិតផល​ជួញ​ដូរ​និស្សន្ទ​នៅ​ពេល​បច្ចុប្បន្ន​គឺ​មាន​តិច​តួច ដូច​ជា​កិច្ច​ព្រម​ព្រៀង​លើ​ការ​ជួញ​ដូរ​គម្លាត​ថ្លៃ​រូបិយប័ណ្ណ កិច្ច​ព្រម​ព្រៀង​លើ​ការ​ជួញ​ដូរ​គម្លាត​ថ្លៃ​មាស និង​ប្រាក់ និង​កិច្ច​ព្រម​ព្រៀង​លើ​ការ​ជួញ​ដូរ​គម្លាត​ថ្លៃ​ប្រេង​។

លោក ស្វាយ ហៃ អគ្គនាយក​ក្រុមហ៊ុន​មូលបត្រ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា ខណៈ​ដែល​ការ​ជួញ​ដូរ​នៅ​ពេល​បច្ចុប្បន្ន​នៅ​តែ​មាន​កម្រិត ចំនួន​ក្រុមហ៊ុន​សម​ភាគី​កណ្តាល​៤ គឺ​គ្រប់គ្រាន់​ក្នុង​ការ​ដោះស្រាយ​ពាណិជ្ជ​កម្ម​នេះ​។ បើ​យោង​តាម​លោក ហៃ ការ​បញ្ឈប់​ការ​ផ្ដល់​អាជ្ញាប័ណ្ណ ជា​បណ្ដោះ​អាសន្ន​គឺជា​វិធី​ដ៏​ល្អ​មួយ ដែល​ឆ្លុះ​បញ្ចាំង​តម្រូវ​ការពិត​នៃ​ការ​ជួញ​ដូរ​ទីផ្សារ​នៅពេល​បច្ចុប្បន្ន ដោយ​សារ​ក្រុមហ៊ុន​សម​ភាគី​កណ្តាល​អាចធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន​ឈ្មួញ​ជើង​ សារ​ជាច្រើន​ក្នុង​ពេល​តែមួយ​។

លោក​ថ្លែង​ថា​៖ «​ក្នុង​ស្ថានភាព​ទីផ្សារ​បច្ចុប្បន្ន ដែល​យើង​មាន​ការ​ជួញដូរ​តិចតួច ប្រសិន​បើ​យើង​អនុញ្ញាត​ឲ្យ​ទីផ្សារ ​ក្រុមហ៊ុន​សម​ភាគី​កណ្តាល​ ជាច្រើន​ពេក​វា​នឹង​មាន​បញ្ហា​ដោយ​សារ​តែ​ក្រុមហ៊ុន​សម​ភាគី​កណ្តាល​នឹង​មិន​អាច​រ៉ាប់រង​លើ​តម្លៃ​ប្រតិបតិ្តការ ឬ​មិន​អាច​រក​ប្រាក់​ចំណេញ​បាន​»​។

លោក​បន្តថា​៖ «​ពេល​អនាគត ប្រសិន​បើ​ចំនួន​អ្នក​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ​កើន​ឡើង និង​ត្រូវ​ការ​ក្រុមហ៊ុន​សម​ភាគី​កណ្តាល​ច្រើន​ជាង​នេះ SECC អាច​ពិចារណា​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​ឡើង​វិញ​បាន​»​។

លោក បញ្ជាក់​ថា ការ​សម្រេច​ចិត្ត​ផ្អាក​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​សម​ភាគី​ កណ្តាល​នេះ​មាន​គុណ​សម្បត្តិ​ច្រើន ទោះបី​ជា​អាច​គុណវិបត្តិ​តិចតួច ដែល​គុណវិបត្តិ​នោះ​អាច​មាន​តែ​ក្នុង​ករណី​ដែល​អាច​មាន​ក្រុមហ៊ុន​សម​ភាគី​ កណ្តាល​មាន​លក្ខណៈ​សម្បត្តិ​ល្អ​ជាង​ក្រុមហ៊ុន​ដែល​មាន​ស្រាប់​ចង់​សុំ​ អាជ្ញាប័ណ្ណ​ដូច្នេះ SECC នឹង​មិន​បាត់​ឱកាស​ទទួល​បាន​បេក្ខភាព​ល្អ​៕

ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ៣៧    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៥២០    ចំនួនអ្នកទស្សនាពីម្សិល : ២.០៤៥