អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី

 »  ព័ត៌មាន  »  ព័ត៌មាន​សេដ្ឋកិច្ច​កម្ពុជា និង​សកល  »  វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​ទទួល​បាន​ចំណូល​១៨០០​លាន​ដុល្លារ​ពី​វិស័យ​ទេសចរណ៍

វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​ទទួល​បាន​ចំណូល​១៨០០​លាន​ដុល្លារ​ពី​វិស័យ​ទេសចរណ៍

ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦  |  ប្រភព ៖ កម្ពុជា​ថ្មី


ភ្នំពេញ​៖​ វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​បាន​ទទួល​ចំណូល​១៨០០​លាន​ដុល្លារ​ពី​វិស័យ​ទេសចរណ៍ ដោយសារ​មូលដ្ឋាន​ផលិតកម្ម​ក្នុងស្រុក​កាន់តែ​ត្រូវ​បាន​ពង្រឹង ដោយ​កាត់បន្ថយ​លំហូរ​ទំនិញ​ពី​បរទេស។

លោក​ឧកញ៉ា តែ តាំង​ប៉ ប្រធាន​សម្ពន្ធសមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ពេល​ថ្មីៗ​នេះ​ថា សហគ្រាស​ធុន​តូច និង​មធ្យម​បានទទួល​ប្រាក់​ពី​វិស័យ​ទេសចរណ៍ ប្រមាណ​១៨០០ លាន​ដុល្លារ​កាលពី​ឆ្នាំមុន ហេតុនេះ​ទើប​លោក​បាន និង​កំពុង​ពង្រឹង​កិច្ចសហការ​ជាមួយ​ក្រសួងទេសចរណ៍ ដើម្បី​ពង្រីក​ការ​ផ្សព្វផ្សាយ និង​តាំង​ពិព័រណ៍​ផលិតផល​ក្នុងស្រុក​ក្នុង​ព្រឹត្តិការណ៍​នានា ដើម្បី​ជំរុញ​ការលក់ និង​លើក​កម្ពស់​ផលិតផល​ក្នុងស្រុក។

លោក​បន្តថា កាលពី​ឆ្នាំ​២០១៤​កន្លង​មក​នេះ កម្ពុជា​បាន​កាត់បន្ថយ​ការ​នាំចូល​ទំនិញ​៧​ភាគរយ​ពី​ប្រទេស​ថៃ ដែល​មាន​ទឹកប្រាក់​ក្នុង​រង្វង់​២៣០​លាន​ដុល្លារ​អាមេរិក ដោយសារ​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុងស្រុក​បាន​ពង្រឹង​គុណភាព​ផលិតផល​របស់​ពួកគេ ដើម្បី​វាយលុក​ទីផ្សារ ​តាម​គោលនយោបាយ​ចតុកោណ​របស់​រាជរដ្ឋាភិបាល គឺ​ផ្តោត​លើ​ការ​ពង្រឹង​ការផលិត​ទំនិញ​ក្នុងស្រុក និង​កាត់បន្ថយ​ការ​នាំចូល​ទំនិញ​ពី​បរទេស។

លោក​ឧកញ៉ា តែ តាំង​ប៉ ក៏បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល ប្រើ​វិធានការ​សមស្រប​ ដើម្បី​ទប់​លំហូរ​ទំនិញ​ពី​ប្រទេសជិតខាង បើ​ទោះជា​កម្ពុជា​បាន​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​ក្តី ប៉ុន្តែ​ការ​ទប់​លំហូរ​ទំនិញ​ជា​រឿង​ដែល​គួរ​យកចិត្តទុកដាក់ ព្រោះ​រដ្ឋាភិបាល​ថៃ​បាន​ផ្តល់ប្រាក់ ១០ លាន​ដុល្លារ​ដល់​វិស័យ​ឯកជន ដើម្បី​ពង្រីក​លំហូរ​ទំនិញ​មកកាន់​កម្ពុជា តាមរយៈ​ការតាំង​ពិព័រណ៍​ផលិតផល​នានា ជាការ​តាំង​ពិព័រណ៍​លក់ទំនិញ​រយៈពេល​យូរ ដែល​បាន​សម្លាប់​ដល់​អាជីវករ​ក្នុងស្រុក​។​

លោក អាង គីម​អៀង ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ថ្លែង​ថា កម្ពុជា​ខ្វះ​សិប្បកម្ម​ផលិត​វត្ថុ​អនុស្សាវរីយ៍​ក្នុងស្រុក ដែល​គួរ​មានការ​វិនិយោគ​ពី​ វិស័យ​ឯកជន ដើម្បី​បង្ហាញ​ពី​ផលិតផល​ជា​អត្តសញ្ញាណ​របស់​ខ្លួន ក៏ដូចជា​ចូលរួម​លើកស្ទួយ​សេដ្ឋកិច្ច ព្រោះ​ភ្ញៀវ​ទេសចរ​​​ទៅ​ទស្សនា​នៅ​ប្រទេស​ណាមួយ ពួកគេ​ចង់​ទិញ​ទំនិញ​ផលិត​នៅ​ប្រទេស​នោះ​ មិន​មែន​ទិញ​ទំនិញ​នាំ​ចូល​មកពី​ប្រទេស​ថៃ និង​ប្រទេស​ដទៃ​ទៀត​នោះ​ទេ៕

ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ១៧    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៨៨៧    ចំនួនអ្នកទស្សនាពីម្សិល : ២.៣៣៨