»  ព័ត៌មាន  »  ព័ត៌មាន​សេដ្ឋកិច្ច​កម្ពុជា និង​សកល  »  កម្ពុជា​គ្រោង​ទិញ​ភាគហ៊ុន​ចំនួន ៦២៣​ហ៊ុន ​ពី​ធនាគារ AIIB

កម្ពុជា​គ្រោង​ទិញ​ភាគហ៊ុន​ចំនួន ៦២៣​ហ៊ុន ​ពី​ធនាគារ AIIB

ថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០១៥  |  ប្រភព ៖ កោះ​សន្តិភាព

រាជធានី​ភ្នំពេញ៖ បន្ទាប់​ពី​រដ្ឋសភា​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​យល់ព្រម​លើ​ កិច្ចព្រមព្រៀង​នៃ​ការ​បង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ (AIIB) ​រួច​មក កម្ពុជា​គ្រោង​នឹង​ទិញ​ភាគហ៊ុន​ចំនួន​៦២៣​ហ៊ុន ស្មើនឹង​០,០៦៣៥%​នៃ​ដើមទុន​សរុប ដែល​មាន​តម្លៃ​៦២,៣០​លាន​ដុល្លារ​អា​មេ​រិ​ក។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​រដ្ឋ​មន្ត្រី​ក្រសួង​​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អូន ព័ន្ធ​មុនី​រ័​ត្ន បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​តំណាង​រាជរ​ដ្ឋាភិ​បាលកាលពីដើម​ស​ប្ដា​ហ៍​នេះនៅ​ឯ​វិមាន​រដ្ឋ​សភា។

ក្នុង​កិច្ច​ពិភាក្សារ​នេះ លោក​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា៖ "រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​ទុក​សេចក្តីព្រាងច្បាប់​នេះ នឹង​ផ្តល់​ឱ្យ​កម្ពុជា​ក្នុង​រយៈពេល​មធ្យម និង​វែង នូវ​ប្រភព​ហិរញ្ញប្បទាន​ថ្មី​ពី​ប្រភព​ដៃគូ​អភិវឌ្ឍន៍​នានា។ ផ្នែក​ធនាគារ​ដែល​មាន​បេសកកម្ម​ផ្តល់​ហិរញ្ញប្បទាន​លើ​វិស័យ​ ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យ​បង្កើត​ផលិតភាព​សេដ្ឋកិច្ច​ដែល​ឆ្លើយ​តប​ទាំងស្រុង​ចំពោះ​ តម្រូវការ​ជា​អាទិភាព ក្នុង​បរិការណ៍​នៃ​ការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​សង្គម​កម្ពុជា"។

លោក អូន ព័ន្ធ​មុនី​រ័​ត្ន មាន​ប្រសាសន៍​បន្ត​ថា៖ "ដោយ​មើលឃើញ​ពីសារ​សំខាន់​នៃ​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី ហៅ​កាត់​ថា AIIB (Asian Infrastructure Investment Bank) ចំពោះ​កម្ពុជា រាជរដ្ឋាភិបាល​នឹង​សម្រេច​ដាក់​ទុន​ក្នុង​កម្រិត​ប្រហាក់ប្រហែល​នឹង​ទុន​ដែល​បាន​ដាក់​ក្នុង​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បី​ ឱ្យ​សំឡេង​​កម្ពុជា​មាន​ទម្ងន់​គ្រប់គ្រាន់​សម្រាប់​ការពារ​ផលប្រយោជន៍​របស់​ខ្លួន​ឱ្យ​បានជា​អតិបរមា​ក្នុង​ធនាគារ AIIB"។

"​តាម​កិច្ចព្រមព្រៀ nnjmង កម្ពុជា​ត្រូវ​បង់​ដើមទុន​ដំបូង​១២,៤៦​លាន​ដុល្លារ​អា​មេ​រិ​ក ជា​១០​ដំណាក់កាល​ក្នុង​រយៈពេល​១០​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៥ ដែល​ក្នុង​១​ឆ្នាំ​ត្រូវ​បង់​ចំនួន ១.២៤៦.០០០​ដុល្លារ​អា​មេ​រិ​ក"។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​រដ្ឋមន្ត្រី។

លោក​បន្ដ​ថា៖ "កិច្ចព្រមព្រៀង​នេះ​មាន​១១​ជំពូក ចែក​ចេញ​ជា​៦០​មាត្រា។ បន្ទាប់​ពី​ការ​ពិភាក្សា​គ្នា​រួច​មក គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា ក៏​បាន​ឯកភាព​ជាមួយ​តំណាង​រាជរដ្ឋាភិបាល ដោយ​រក្សា​ទុក​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​នេះ​នៅ​ដដែល"។

ចំណែក​លោក​បណ្ឌិត​រដ្ឋ ជាម យៀ​ប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវន​កម្ម​នៃ​រដ្ឋសភា បាន​មាន​ប្រសាសន៍​ដែរ​ថា៖ "នឹង​បញ្ជូន​សេចក្ដី​ព្រាង​ច្បាប់​នេះ ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដើម្បី​សម្រេច​ដាក់​បញ្ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​ ធ្វើការ​ពិភាក្សា និង​អនុម័ត​នា​ពេល​ខាង​មុខ"។

យោង​តាម​ផែនការអភិវឌ្ឍន៍​យុទ្ធសាស្ត្រ​ជាតិ​ ឆ្នាំ​២០១៤-២០១៨ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន ដូច​ជា គម្រោង​ទឹក​ស្អាត និង​អនាម័យ​ជនបទ​ជាដើម រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ត្រូវការ​ថវិកា​ចំនួន​១,៦​ពាន់​លាន​ដុល្លារ​ សម្រាប់​ការ​អភិវឌ្ឍ​ផ្លូវថ្នល់ ផ្លូវដែក ថាមពល អគ្គិសនី សេវា​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ក្នុង​មួយ​ឆ្នាំ​ចំនួន​១,៣​ពាន់​លាន​ដុល្លារ។

សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា៖ "​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី ជា​ជម្រើស​ថ្មី​មួយទៀត​ដល់​បណ្តា​ប្រទេស​ទាំងឡាយ ជា​ពិសេស​ប្រទេស​ក្រីក្រ​ក្នុង​ការ​ស្វែងរក​ជំនួយ​បន្ថែម​ដើម្បី​អភិវឌ្ឍ​ ប្រទេស​ខ្លួន​"។

ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី គឺជា​ធនាគារ​មួយ​ដែល​បង្កើត​ឡើង​ដោយ​ប្រទេស​មហាអំណាច​ធំ​ៗ​ចំនួន​៥​គឺ ប្រេ​ស៊ី​ល រុ​ស្ស៊ី ឥណ្ឌា ចិន និង​អាហ្វ្រិក​ខាងត្បូង។ ធនាគារ​នេះ គឺជា​របត់​ថ្មី​មួយ​សម្រាប់​បណ្តា​ប្រទេស​ក្រីក្រ និង​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​អាស៊ី ដែល​ត្រូវការ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ​ដើម្បី​ សាងសង់ និង​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ បង្កើន និង​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ពួក​គេ។ ប្រទេស​កម្ពុជា​បាន​ចូល​ជា​សមាជិក​នៅ​ខែតុលា ឆ្នាំ​២០១៤ ដែល​បាន​ចុះហត្ថលេខា​នៅ​ទីក្រុង​ប៉េ​កាំ​ង។

បច្ចុប្បន្ន ធនាគារ​នេះ​មាន​សមាជិក​ចំនួន​៥៧​ប្រទេស ក្នុង​នោះ​តំបន់​អាស៊ី​មាន​ចំនួន​៣៧​ប្រទេស ហើយ​មាន​ដើមទុន​៥០​ពាន់​លាន​ដុល្លារ និង​ការ​រួម​វិភាគទាន​របស់​ប្រទេស​នីមួយ​ៗ​ចំនួន​១០​ពាន់​លាន​ដុល្លារ ខណៈ​ទុនបម្រុង​នឹង​មាន​ចំនួន​១០០​ពាន់​លាន​ដុល្លារ។ ក្នុង​ចំណោម​មូលនិធិ​នេះ ប្រទេស​ចិន​នឹង​ធ្វើ​វិភាគទាន​ធំ​ជាងគេ​ចំនួន​៤១​ពាន់​លាន​ដុល្លារ បន្ទាប់​មក​ចំនួន​១៨​ពាន់​លាន​ដុល្លារ​បាន​មក​ពី​ប្រទេស​ប្រេ​ស៊ី​ល ឥណ្ឌា រុ​ស្ស៊ី ហើយ​ទឹកប្រាក់​ចំនួន​៥​ពាន់​លាន​ដុល្លារ​បាន​មក​ពី​ប្រទេស​អាហ្វ្រិក​ ខាងត្បូង។

ធនាគារ​នេះ មិន​គ្រាន់តែ​ជា​ការ​ផ្តួចផ្តើម​របស់​ប្រទេស​ចិន​ដើម្បី​ផ្តល់​មូលនិធិ​ដល់​ គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ជួយ​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្កើត​មូលនិធិ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ "Silk Road" ចំនួន​៤០​ពាន់​លាន​ដុល្លារ ដែល​នឹង​សាងសង់​ផ្លូវថ្នល់ និង​ស្ពាន​ជា​ច្រើន ព្រមទាំង​ដឹកនាំ​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី ដែល​មាន​មូលនិធិ​ចំនួន​៥០​ពាន់​លាន​ដុល្លារ និង​ជា​ធនាគារ​អភិវឌ្ឍ​មួយទៀត​ផង​ដែរ៕


« ព័ត៌មាន​សេដ្ឋកិច្ច​កម្ពុជា និង​សកល
ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ១៤    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៨៤៤    ចំនួនអ្នកទស្សនាពីម្សិល : ១.៨១៩