»  ព័ត៌មាន  »  ព័ត៌មាន​សេដ្ឋកិច្ច​កម្ពុជា និង​សកល  »  តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ មាន​ក្រុមហ៊ុន​អន្តរជាតិ ៧៦​ក្រុមហ៊ុន កំពុង​ប្រតិបត្តិការ

តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ មាន​ក្រុមហ៊ុន​អន្តរជាតិ ៧៦​ក្រុមហ៊ុន កំពុង​ប្រតិបត្តិការ

ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦  |  ប្រភព ៖ KHMER NEWS

ភ្នំពេញ៖ តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSEZ) ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ២០០៦ ដោយ​លោក​ជំទាវ លីម ឈីវហូ ហើយ​ក្រុម​មួយ​នេះ​មាន​និមិត្ត​រូប​ភាគហ៊ុន "PPSP" បាន​វិវត្តន៍​ទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​នាំ​មុខ​គេ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន ជា​មួយ​ផ្ទៃ​ដី​ជាង ៣៥៧ហិកតា និង​ក្រុមហ៊ុន​អន្តរជាតិ ៧៦​ក្រុមហ៊ុន បាន​និង​កំពុង​ធ្វើ​ការ​យ៉ាង​សកម្ម នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ។ សេចក្តី​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​ក្នុង​កម្មវិធី​បើក​សម្ពោធ IPO របស់​ក្រុមហ៊ុន​ភ្នំពេញ អេសអ៊ីហ្សិត កាល​ពី​ព្រឹក​ថ្ងៃទី២០ ខែមេសា ព្រឹក​មិញ​នេះ។

អគ្គនាយក​ក្រុមហ៊ុន ភ្នំពេញ អេសអ៊ីហ្សិត លោក​ជំទាវ លីម ឈីវហូ បាន​មាន​ប្រសាន៍​ឱ្យ​ដឹង​ថា៖ ខណៈ​ពេល​ដែល​ការ​ធ្វើ​សមាហរណកម្ម​អាស៊ាន​ជិត​មក​ដល់ ប្រទេស​កម្ពុជា​នឹង​ក្លាយ​ជា​តំបន់​សំខាន់​សម្រាប់​តភ្ជាប់​នៅ​ក្នុង​មហា​អនុ​តំបន់​ទន្លេ​មេគង្គ។ ជា​មួយ​នឹង​ការ​វិនិយោគ​នៅ​ក្រុង​ប៉ោយប៉ែត ក្រុមហ៊ុន​ភ្នំពេញ អេសអ៊ីហ្សិត មាន​បំណង​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​តំណ​ភ្ជាប់​នេះ។ ម្យ៉ាង​វិញ​ទៀត ការ​ចាប់​ផ្តើម IPO នៅ​ថ្ងៃ​នេះ ជា​សញ្ញា​សំខាន់​នៃ​ទំនុក​ចិត្ត​នៅ​ក្នុង​ទីផ្សារ​សម្រាប់​អាជីវកម្ម​របស់​យើង និង​នៅ​ពេល​អនាគត​រុងរឿង​សម្រាប់​ភ្នំពេញ​អេសអ៊ីហ្សិត សម្រាប់​វិនិយោគ​របស់​យើង និង​សម្រាប់​ប្រទេស​កម្ពុជា។

ជា​មួយ​នឹង​ការវិនិយោគ​សរុប​ចំនួន​ប្រមាណ ៤៦០​លាន​ដុល្លារ​អាមេរិក ភ្នំពេញ​អេសអ៊ីហ្សិត បាន​ផ្លាស់​ប្តូរ​ទិដ្ឋភាព​នៃ​វិស័យ​ឧស្សាហកម្ម​កម្ពុជា ហើយ​សួន​ឧស្សាហកម្ម​មួយ​នេះ ជា​គន្លឹះ​សំខាន់​ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​អន្តរជាតិ​បន្ថែម​ទៀត មក​កម្ពុជា។

គួរ​ជម្រាប​ថា ក្រុមហ៊ុន​ផលិត និង​អ្នក​វិនិយោគ​ធំៗ​នៅ​ក្នុង​ភ្នំពេញ​អេសអ៊ីហ្សិត មាន​ដូចជា៖ Betagro, Coca-Cola, Dentso, Laurelton, Diamonds, Minebea និង​ក្រុមហ៊ុន តូយ៉ូតា ក្នុង​ចំណោម​ក្រុមហ៊ុន​ជា​ច្រើន​ទៀត។ បច្ចុប្បន្ន​សួន​ឧស្សាហកម្ម​នេះ​បាន​ទាក់​ទាញ​វិនិយោគិន​ចំនួន ៧៦ ហើយ ក្នុង​នោះ ៤៣ ជា​ក្រុមហ៊ុន​ជប៉ុន ដែល​ជា​វិនិយោគិន​ច្រើន​ជាង​គេ​បង្អស់​នៅ​ក្នុង​តំបន់ និង​ក្នុង​ចំណោម​តំបន់​សេដ្ឋកិច្ច​ពិសេស ៣៤ ផ្សេង​ទៀត ក្នុង​ប្រទេស​កម្ពុជា និង​ជា​គោលដៅ​នាំ​មុខ​គេ​របស់​វិនិយោគិន​ជប៉ុន​នៅ​ក្នុង​ប្រទេស​នេះ​ផង​ដែរ៕

ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ៤៤    ចំនួនអ្នកទស្សនាថ្ងៃនេះ : ១.៦៩៥    ចំនួនអ្នកទស្សនាពីម្សិល : ១.៨៤១