អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី

 »  ព័ត៌មាន  »  ព័ត៌មាន​សេដ្ឋកិច្ច​កម្ពុជា និង​សកល  »  Facebook ចំណាយ $៦ ពាន់​លាន​ទិញ​ហ៊ុន​មក​វិញ

Facebook ចំណាយ $៦ ពាន់​លាន​ទិញ​ហ៊ុន​មក​វិញ

ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦  |  ប្រភព ៖ ឌឹ​ភ្នំពេញ​ប៉ុស្ត៍

សានហ្វ្រានស៊ីស្កូ៖ កាល​ពី​ថ្ងៃ​សុក្រ ក្រុម​ប្រឹក្សា​ភិបាល​របស់​ក្រុមហ៊ុន Facebook បាន​ឯកភាព​អនុញ្ញាត​ឲ្យ​មាន​ការ​ចំណាយ​ប្រាក់​រហូត​ដល់​ទៅ ៦ ពាន់​លាន​ដុល្លារ​ដើម្បី​ទិញ​ភាគហ៊ុន​មក​វិញ​របស់​ក្រុមហ៊ុន​បណ្តាញ​សង្គម​ឈាន​មុខ​គេ​នេះ។

កម្មវិធី​ទិញ​ភាគ​ហ៊ុន​មក​វិញ​នេះ​នឹង​ចាប់​ផ្តើម​មាន​សុពលភាព​នៅ​ដើម​ឆ្នាំ​ក្រោយ ដែល​អាច​នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន Facebook ទាញ​យក​ចំណេញ​ពី​ការ​ធ្លាក់​ចុះ​តម្លៃ​ដែល​កើត​មាន​ឡើង​នៅ​ដើម​ខែ​នេះ ដោយ​សារ​តែ​មាន​ការ​លេច​ឮ​ថា​កំណើន​ប្រាក់​ចំណូល​នឹង​ថយ​ចុះ ព្រោះ​ក្រុមហ៊ុន​បាន​ឈាន​ដល់​កម្រិត​នៃ​ចំនួន​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​ដែល​ខ្លួន​អាច​ដាក់​បាន​នៅ​លើ​ទំព័រ Facebook។

នៅ​ក្នុង​លិខិត​មួយ​ផ្ញើ​ទៅ​កាន់​គណៈកម្មាធិការ​មូលបត្រ​អាមេរិក ក្រុមហ៊ុន Facebook បាន​ឲ្យ​ដឹង​ថា៖ "ការបរិច្ឆេទ និង​ចំនួន​ជាក់​លាក់​នៃ​ភាគហ៊ុន​ដែល​ត្រូវ​បាន​ទិញ​មក​វិញ​នឹង​អាស្រ័យ​ទៅ​លើ​កត្តា​ផ្សេងៗ រួមមាន​តម្លៃ​លក្ខខណ្ឌ​ធុរកិច្ច និង​ទីផ្សារ​ទូទៅ និង​ឱកាស​វិនិយោគ​ផ្សេងៗ​ទៀត"។

យោង​តាម​លិខិត​ដដែល​ផែន​ការ​នេះ​ជា​ផ្នែក​នៃ​យុទ្ធសាស្រ្ត​របស់​ក្រុមហ៊ុន Facebook ដើម្បី​សង្កត់​ធ្ងន់​ទៅ​លើ​កំណើន​ពាណិជ្ជកម្ម​រយៈ​ពេល​វែង។

ភាគហ៊ុន​របស់​ក្រុមហ៊ុន Facebook ដែល​បាន​ធ្លាក់​ចុះ​តិច​ជាង ១ ភាគ​រយ​នៅ​យប់​ថ្ងៃ​ជួញ​ដូរ​ផ្លូវ​ការ​បាន​កើន​ឡើង​បន្តិច​មក​វិញ​ដល់ ១១៨,២៥ ដុល្លារ​ក្នុង​មួយ​ហ៊ុន​ក្នុង​ការ​ជួញ​ដូរ​ក្រៅ​ទីផ្សារ។

ការ​ទិញ​ភាគហ៊ុន​មក​វិញ​អាច​ជួយ​ឲ្យ​ក្រុម​វិនិយោគិន​មាន​ភាព​ស្ងប់​ស្ងាត់​ឡើង​វិញ បន្ទាប់​ពី​ជួប​ភាព​ជ្រួល​ច្របល់​មួយ​សម្រាប់​ក្រុមហ៊ុន Facebook។

តម្លៃ​ភាគ​ហ៊ុន​បាន​ធ្លាក់​ចុះ​ភ្លាមៗ​នៅ​ដើម​ខែ​នេះ​បន្ទាប់​ពី​បណ្តាញ​សង្គម​នេះ បាន​បង្ហាញ​ពី​ប្រាក់​ចំណូល​ប្រចាំ​ត្រីមាស​ដ៏​ច្រើន​របស់​ខ្លួន ក៏​ប៉ុន្តែ​ក៏​បាន​ធ្វើ​ការ​ព្រមាន​ផង​ដែរ​ថា​កំណើន​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​របស់​ខ្លួន​នឹង​មាន​ការ​ថយ​ចុះ៕

ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ២១    ចំនួនអ្នកទស្សនាថ្ងៃនេះ : ២.១៦៤    ចំនួនអ្នកទស្សនាពីម្សិល : ២.៣៣៨