បើកគណនី       ព័ត៌មានផ្ទាល់កំពុងជួញដូរ   

 »  នីតិវិធី​ជួញ​ដូរ​មូលបត្រ  »  ការធ្វើ​ប៊ុកបៀលឌីង និង ដំណើរការ​បរិវិសកម្ម

ការធ្វើ​ប៊ុកបៀលឌីង និង ដំណើរការ​បរិវិសកម្ម

មូលបត្រ​ចំនួន ៨០% នៃ​មូលបត្រកម្មសិទ្ធ​សរុប ត្រូវ​លៃ​បម្រុងទុក​សម្រាប់​វិនិយោគិន​ជនជាតិ​ខ្មែរ និង​បរទេស ។ ចំណែក​មូលបត្រ​កម្មសិទ្ធ​ដែល​នៅ​សល់​ចំនួន ២០% ទៀត ត្រូវ​លៃ​បម្រុងទុក​សម្រាប់​តែ​វិនិយោគិន​ជនជាតិ​ខ្មែរ ។ វិនិយោគិន​ដែល​ត្រូវ​ចូលរួម​ក្នុង​សកម្មភាព​ដូច​ខាង​ក្រោម ត្រូវ​មាន​លេខ​អត្តសញ្ញាណ​វិនិយោគិន និង​គណនី​ជួញ​ដូរ​ជា​មួយ អេស៊ីលីដា ស៊ីឃ្យួរឹធី មុន​ពេល​ចូលរួម​ប៊ុកបៀលឌីង និង​ដំណើរការ​បរិវិសកម្ម ។

ចំណាំ : គ្មាន​លេខ​អត្តសញ្ញាណ​វិនិយោគិន និង​លេខ​គណនី​ជួញដូរ មិន​អនុញ្ញាត​ឱ្យ​ចូលរួម​ប៊ុកបៀលឌីង និង​ដំណើរការ​បរិវិសកម្ម​ទេ ។

ពាក្យ​បំព្រួញៈ

  • ESOP: ផែនការ​បែងចែក​ភាគហ៊ុន​សម្រាប់​បុគ្គលិក
  • IPO: ការ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធ​លើក​ដំបូង​ជា​សាធារណៈ
  • គ.ម.ក.: គណៈកម្មការ​មូលបត្រ​កម្ពុជា

I. ការ​រធ្វើ​ប៊ុកបៀលឌីង

តើ​ដំណើរការ​ប៊ុកបៀលឌីង​ជា​អ្វី ?
ប៊ុកបៀលឌីង​គឺ​ជា​ដំណើរការ​ស្ទាបស្ទង់​តម្លៃ​ពី​វិនិយោគិន​មុន​នឹង​ឈាន​ទៅ​កំណត់​ថ្លៃ IPO ។

  1. វិនិយោគិន​ជនជាតិ​ខ្មែរ និង​បរទេស ដែល​មាន​បំណង​ចូលរួម​ប៊ុកបៀលឌីង
    • ៧០% នៃ​ភាគហ៊ុន IPO បន្ទាប់​ពី​លៃ បម្រុងទុក​សម្រាប់​បុគ្គលិក (ESOP) ត្រូវ​លៃ​ទុក​សម្រាប់​វិនិយោគិន​ដែល​ទទួល​ជោគជ័យ​ក្នុង​ប៊ុកបៀលឌីង ដើម្បី​ធ្វើ​បរិវិសកម្ម
    • វិនិយោគិន​ដែល​ទទួល​ជោគជ័យ​ក្នុង​ប៊ុកបៀលឌីង សំដៅ​ដល់​វិនិយោគិន​ដែល​ហ៊ាន​ទិញ​ក្នុង​តម្លៃ​ស្មើ​ឬ​តម្លៃ​លើស​ពី​តម្លៃ​ដែល​បាន​អនុម័ត​ពី គ.ម.ក.
    • ៣០% នៃ​ភាគហ៊ុន IPO បន្ទាប់​ពីលៃ បម្រុង​ទុក​សម្រាប់​បុគ្គលិក (ESOP) ត្រូវ​លៃ​ទុក​សម្រាប់​វិនិយោគិន​ដែល​មិន​ទទួល​បាន​ជោគជ័យ និង​មិន​បាន​ចូលរួម​ក្នុង​ប៊ុកបៀលឌីង ដើម្បី​ធ្វើ​បរិវិសកម្ម
    • វិនិយោគិន​ដែល​មិន​ទទួល​ជោគជ័យ​ក្នុង​ប៊ុកបៀលឌីង សំដៅ​ដល់​វិនិយោគិន​ដែល​ហ៊ាន​ទិញ​ក្នុង​តម្លៃទាប​ជាង​តម្លៃ​ដែល​បាន​អនុម័ត ពី គ.ម.ក.
  2. បំពេញ​ពាក្យ​ចូលរួម​ប៊ុកបៀលឌីង (កំណត់​តម្លៃ ក្នុង​ចន្លោះ​តម្លៃ​ដែល​បាន​កំណត់)
    • ឯកសារ​តម្រូវ :
      - អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិត​ឆ្លង​ដែន
      - លេខអត្តសញ្ញាណ​វិនិយោគិន និង​លេខ​គណនី​ជួញដូរ
      - ប័ណ្ណ​ដាក់​ប្រាក់ ១០% ចូល​ក្នុង​គណនី IPO
    • បន្ទាប់​ពី​បំពេញ​ពាក្យ​ចូលរួម​ប៊ុកបៀលឌីង​រួច វិនិយោគិន​នឹង​ទទួល​បាន​វិក្កយបត្រ​ប៊ុកបៀលឌីង​សម្រាប់​ផ្ទៀងផ្ទាត់​លទ្ធផល​ប៊ុកបៀលឌីង
  3. ការ​ប្រកាស​លទ្ធផល​ប៊ុកបៀលឌីង
    • ក្រុមហ៊ុន​ធានា​ទិញ​នឹង​ជូន​ដំណឹង​ស្តីពី​លទ្ធផល​ប៊ុកបៀលឌីង​តាម​ទូរស័ព្ទ/និង​តាម​អ៊ីម៉ែល
    • លទ្ធផល​ប៊ុកបៀលឌីង​នឹង​មាន​ផ្សាយ​លើ​គេហទំព័រ​អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី
    • ប្រាក់​កក់ ១០% ត្រូវ​រក្សាទុក​សម្រាប់​ការ​ធ្វើ​បរិវិសកម្ម
    • វិនិយោគិន​ដែល​ទទួល​ជោគជ័យ​ក្នុង​ប៊ុកបៀលឌីង ត្រូវ​រក្សាទុក​វិក្កយបត្រ​ប៊ុកបៀលឌីង​សម្រាប់​ធ្វើ​បរិវិសកម្ម
    • វិនិយោគិន​ដែល​មិន​ទទួល​ជោគជ័យ​ក្នុង​ប៊ុកបៀលឌីង អាច​ទទួល​ប្រាក់ ១០% ត្រលប់​វិញ​ប្រសិន​បើ​ជ្រើសរើស​មិន​បន្ត​ធ្វើ​បរិវិសកម្ម​ក្នុង​អំឡុង​ពេល​ដាក់​ពាក្យ​ប៊ុកបៀលឌីង

II. ដំណើរការ​បរិវិសកម្ម

តើ​ដំណើរការ​បរិវិសកម្ម​ជា​អ្វី ?
ដំណើរការ​បរិវិសកម្ម​គឺ​ជា​ដំណើរការ​សុំ​ចុះ​ឈ្មោះ​ទិញ​មូលបត្រ​នៅ​ពេល​ក្រុមហ៊ុន​ធ្វើ​សំណើ​លក់​ជា​សាធារណៈ ។

  1. ការ​ធ្វើ​បរិវិសកម្ម សម្រាប់​វិនិយោគិន​ជា​ជនជាតិ​ខ្មែរ និង​បរទេស
    • វិនិយោគិន​ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ធ្វើ​ប៊ុកបៀលឌីង អាច​ដាក់​ពាក្យ​ស្នើ​សុំ​ធ្វើ​បរិវិសកម្ម​លើស​ពី​ចំនួន​ដែល​បាន​ធ្វើ​ប៊ុកបៀលឌីង ដោយ​បន្ថែម​សាច់ប្រាក់​បង្គ្រប់ ១០០% ។
    • វិនិយោគិន​ដែល​មិន​ទទួល​បាន​ជោគជ័យ និង​វិនិយោគិន​ដែល​មិន​បាន​ចូលរួម​ក្នុង​ការ​ធ្វើ​ប៊ុកបៀលឌីង អាច​ដាក់ពាក្យ​ស្នើ​សុំ​ធ្វើ​បរិវិសកម្ម​បាន ដោយ​ដាក់​ប្រាក់​រហូត​ដល់ ១០០% ។
    • វិនិយោគិន​ទទួល​បាន​ជោគជ័យ​ប៊ុកបៀលឌីង​មួយ​ចំនួន អាច​ដាក់​ពាក្យ​ស្នើ​សុំ​ធ្វើ​បរិវិសកម្ម ប៉ុន្តែ​វិនិយោគិន​ដែល​ទទួល​បាន​ជោគជ័យ​ប៊ុកបៀលឌីង​មួយ​ចំនួន​ទៀត អាច​មិន​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ធ្វើ​បរិវិសកម្ម​អាច​ដក​ប្រាក់​កក់ ១០% វិញ​បាន ។
    • វិនិយោគិន​ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ធ្វើ​ប៊ុកបៀលឌីង ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​ធ្វើ​បរិវិសកម្ម​មូលបត្រ​កម្មសិទ្ធិ យ៉ាង​តិច​ស្មើ​នឹង​ប្រាក់​កក់ ១០% ក្នុង​ករណី​ចំនួន​អ្នក​ដាក់​ពាក្យ​ធ្វើ​បរិវិសកម្ម មាន​ចំនួន​តិច ។
  2. បំពេញ​ពាក្យ​ស្នើ​សុំ​ធ្វើ​បរិវិសកម្ម (តម្លៃ IPO)
    • ឯកសារ​តម្រូវ :
      - អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិត​ឆ្លង​ដែន
      - លេខ​អត្តសញ្ញាណ​វិនិយោគិន និង​លេខ​គណនី​ជួញ​ដូរ
      - វិក្កយបត្រ​ប៊ុកបៀលឌីង
      - ប័ណ្ណ​ដាក់​ប្រាក់​បន្ថែម​ចំនួន ១០០%
    • បន្ទាប់​ពី​បាន​បំពេញ​ពាក្យ​ស្នើ​ធ្វើ​សុំ​បរិវិសកម្ម​រួច វិនិយោគិន​នឹង​ទទួល​បាន​វិក្កយបត្រ​មួយ​សម្រាប់​ផ្ទៀងផ្ទាត់​លទ្ធផល​ស្តី​ពី​ការ​ចូល​រួម​ធ្វើ​បរិវិសកម្ម ។
    • គ.ម.ក. នឹង​ធ្វើ​ការ​ផ្ទេរ​ភាគហ៊ុន​ចំនួន​មិន​លើស​ពី ២/៣ នៃ ៣០% មូលបត្រ​កម្មសិទ្ធិ​ដែល​បាន​លៃ​បម្រុង​ទុក​សម្រាប់​វិនិយោគិន​ដែល​មិន​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ធ្វើ​ប៊ុកបៀលឌីង​ជូន​ទៅ​វិនិយោគិន​ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ធ្វើ​ប៊ុកបៀលឌីង ក្នុង​ករណី​វិនិយោគិន​ដាក់​ពាក្យ​ស្នើ​សុំ​ធ្វើ​បរិវិសកម្ម​មាន​ចំនួន​ច្រើន​លើស​លុប ។
    • វិនិយាគិន​ដែល​មិន​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ធ្វើ​ប៊ុកបៀលឌីង ដែល​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ធ្វើ​បរិវិសកម្ម អាច​ទទួល​បាន​ចំនួន​មូលបត្រ​កម្មសិទ្ធិ​ច្រើន ក្នុង​ករណី​ដែល​អ្នក​ស្នើ​សុំ​ធ្វើ​បរិវិសកម្ម​មាន​ចំនួន​តិច ។
    • ចំនួន​មូលបត្រ​កម្មសិទ្ធិ​នឹង​ត្រូវ​បែងចែក​ជូន​តាម​វិធាន Pro Rata ក្នុង​ករណី​មាន​វិនិយោគិន​ដែល​ទទួល​បាន​ជោគជ័យ និង​មិន​ទទួល​បាន​ជោគជ័យ ក្នុង​ការ​ចូលរួម​ធ្វើ​ប៊ុកបៀលឌីង បាន​ដាក់​ពាក្យ​ស្នើ​សុំ​ធ្វើ​បរិវិសកម្ម​មាន​ចំនួន​ច្រើន​លើស​លុប ។
  3. ការ​ប្រកាស​លទ្ធផល​នៃ​ការធ្វើ​បរិវិសកម្ម
    • លទ្ធផល​នៃ​ការ​ធ្វើ​បរិវិសកម្ម​នឹង​មាន​ផ្សាយ​លើ​គេហទំព័រ​របស់​អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី
    • ចំនួន​មូលបត្រ​កម្មសិទ្ធ​ដែល​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ​ធ្វើ​បរិវិសកម្ម​នឹង​ត្រូវ​ដាក់​បញ្ជូល​ទៅ​ក្នុង​គណនី​ជួញ​ដូរ
    • សាច់ប្រាក់​ត្រូវ​ផ្ទេរ​ត្រលប់​វិញ​ក្នុង​ករណី​ចំនួន​មូលបត្រ​ដែល​ជោគជ័យ​ក្នុង​ការធ្វើ​បរិវិសកម្ម​មាន​ចំនួន​តិច​ជាង​ចំនួន​ដែល​បាន​ស្នើ​សុំ ។

អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី
ចុះបញ្ជីក្រោមលេខ: 00002713

អគារ​លេខ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក
ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទ: ០២៣ ៩៩៩ ៩៦៦ / ៩៩៩ ៩៧៧ / ៧២៣ ៣៨៨, ០១៥ ៧២៣ ៣៨៨
អ៊ីម៉ែល: info@acledasecurities.com.kh
វេបសាយ: www.acledasecurities.com.kh

ផែនទី​ទំព័រ
ព័ត៌មាន​តាម​អ៊ីម៉ែល
កំណត់​ចំណាំ​ផ្នែក​ច្បាប់
ព័ត៌មាន​លើ​ហ្វេសប៊ុក
​អ្នក​កំពុង​ទស្សនា: ២៣
​អ្នក​ទស្សនាថ្ងៃនេះ: ១.៤៥៥
​អ្នក​ទស្សនាពីម្សិល: ១.៦៥២