តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

homenavigate_nextព័ត៌មាន​ហិរញ្ញវត្ថុnavigate_nextរបាយការណ៍​ប្រធាន​នាយក​ប្រតិបត្តិ

របាយការណ៍​ប្រធាន​នាយក​ប្រតិបត្តិ


បណ្ឌិត អ៉ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី

បង្កើន​បទពិសោធន៍​របស់​អតិថិជន និង​ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព​អ៉ីនធើណែត គឺ​ជា​ចំណុច​ដែល​ធនាគារ អេស៊ីលីដា ភីអិលស៊ី ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​បំផុត ។ ដើម្បី​សម្រេច​នូវវ​ឌ្ឍនភាព​គោលដៅ​ដ៏​រឹង​មាំ​ទាំង​នេះ ធនាគារ​នឹង​បន្ត​លើក​កម្ពស់​ហេដ្ឋារចនា​សម្ព័ន្ធ​បច្ចេកវិទ្យា​ព៍ត៌មាន តាម​រយៈ​ការវិនិយោគ​លើ​បច្ចេកវិទ្យា​ជឿន​លឿន ពង្រឹង​សមត្ថភាព​ធនធាន​មនុស្ស ព្រម​ទាំង​ពង្រីក​និង​កែ​លម្អ​ដំណើរការ​អាជីវកម្ម ។ ជា​យុទ្ធសាស្ត្រ យើង​ខ្ញុំ​កំពុង​អភិវឌ្ឍ​​ប្រព័ន្ធ​ទូទាត់​ដែល​អាច​ឱ្យ​ដៃគូ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស អាច​ភ្ជាប់​ប្រព័ន្ធ​នេះ​ដើម្បី​បម្រើ​អតិថិជន​ទៅ​វិញ​ទៅ​មក និង​ឆ្លង​ព្រំដែន ។ ខ្ញុំ​បាទ​ជឿជាក់​ថា ប្រព័ន្ធ​នេះ​មិន​ត្រឹមតែ​ផ្តល់​អត្ថប្រយោជន៍​ដោយ​ផ្ទាល់​ដល់​អតិថិជន​ដ៏វៃឆ្លាត​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ដៃគូ​អាជីវកម្ម​របស់​យើង​ផង​ដែរ ។ យើង​ខ្ញុំ​ទទួល​ស្គាល់​ថា អតិថិជន និង​ដៃគូ​អាជីវកម្ម​ទាំង​អស់​គឺ​ជា​បណ្តាញ​តភ្ជាប់​ដ៏​មាន​សារសំខាន់​សម្រាប់​ពង្រីក​សេវាកម្ម​របស់ធនាគារ ។

សមិទ្ធផល​សម្រេច​បាន​ក្នុង​ឆ្នាំ២០១៩

ស្ថានភាព​ប្រកួត​ប្រជែង

ធនាគារ និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ជា​ច្រើន ទទួល​បម្រើ​អតិថិជន​របស់​ពួក​គេ​តាម​រយៈ​បណ្តាញ​ការិយាល័យ និង​សាខា​ជា​ច្រើន ហើយ​ថែម​ទាំង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​សេវា​ធនាគារ​អេឡិចត្រូនិក ដូចជា អេធីអឹម ម៉ាស៊ីន​ឆូតកាត និង​សេវា​ធនាគារ​តាម​អ៉ីនធើណែត ។ ហេដ្ឋារចនាសម្ព័ន្ធ​សេវាធនាគារ​ឌីជីថល ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ជា​បន្តបន្ទាប់ ជាមួយ​នឹង​កម្មវិធី​ដែល​ដំណើរការ​តាម​ទូរស័ព្ទ​ដៃ ដើម្បី​ឱ្យ​សេវាកម្ម​របស់​ពួកគេ អាច​ឈាន​ទៅ​ដល់ដៃ​អតិថិជន​និង​អាច​ប្រើ​បាន​គ្រប់ពេលវេលា (២៤ម៉ោង​ក្នុង១ថ្ងៃ) និង​គ្រប់​ទិសទី ។ ធនាគារ អេស៊ីលីដា បាន​បន្តជោគជ័យ​យ៉ាង​ខ្លាំងក្លា លើ​ការអនុវត្ត​នូវ​គំរូនេះ ។ ដើម្បី​អាច​ប្រគួតប្រជែង​នៅ​លើ​ទីផ្សារ​បាន ធនាគារ អេស៊ីលីដា នៅ​តែ​បន្តគាំទ្រ​ដល់​ការរីកចម្រើន​រួមគ្នា​ដល់​អតិថិជន និង​ដៃគូ​ក្នុង​ការទូទាត់​តាម​រយៈ​ឃ្យូអរកូដ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ។

ចំណុច​សំខាន់ៗ​នៃ​ប្រតិបត្តិការ​ក្នុង​ឆ្នាំ​២០១៩

  • សមតុល្យឥណទានសរុបក្នុងឆ្នាំ២០១៩ មានចំនួន ៣.៨៧៩,៤៦ លានដុល្លារអាមេរិក ក្នុងនោះមានចំនួន ៧៥៧,០៤ លានដុល្លារអាមេរិក ស្មើនឹង ១៩,៥១% បានផ្តល់លើវិស័យកសិកម្ម ក្នុងចំណោមវិស័យផ្សេងៗជាច្រើនទៀត ។ បើប្រៀបធៀបកាលពីឆ្នាំ២០១៨ ការផ្តល់ឥណទានលើវិស័យកសិកម្ម មានចំនួន ៦៥៩,៧១ លានដុល្លារអាមេរិក ។ គិតត្រឹមដំណាច់ឆ្នាំ២០១៩ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានអតិថិជនឥណទានអាជីវកម្មខ្នាតតូច ចំនួន ៤៣៨.៦៥០ នាក់ ។
  • ឥណទានមិនដំណើរការ មានចំនួន ១,១១% ។
  • ប្រាក់បញ្ញើ-សន្សំ មានចំនួន ៤.៣៦៧,៩០ លានដុល្លារអាមេរិក ដែលមានគណនីចំនួន ២.៦២០.៧៧៨ លាន ។
  • ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានប្រាក់ចំណេញប្រចាំឆ្នាំ២០១៩ ចំនួន ១២០,៨៩ លានដុល្លារអាមេរិក ។
  • ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅតែបន្តកាត់បន្ថយចំណាយ និងត្រួតពិនិត្យហានិភ័យ ដើម្បីទទួលបានចំណូលខ្ពស់បំផុត ។
  • សេវាធនាគារអេឡិចត្រូនិកតាមប្រព័ន្ធបច្ចេកវិជ្ជាហិរញ្ញវត្ថុ (FinTech) បានបញ្ចូលជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធសេវាធនាគារអេឡិចត្រូនិក ផ្សេងទៀតរបស់ធនាគារ បានផ្តល់ជូនអតិថិជននូវជម្រើសជាច្រើន ដើម្បីគ្រប់គ្រងធនធានហិរញ្ញវត្ថុរបស់ពួកគាត់យ៉ាងមានប្រសិទ្ធភាព ពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមតម្រូវការ ដើម្បីធ្វើប្រតិបត្តិការសេវាធនាគារយ៉ាងមានសុវត្ថិភាពខ្ពស់ ។

សេវា​លក់​រាយ និង​អាជីវកម្ម​ខ្នាត​តូច

ឥណទានខ្នាតតូចបានកើតឡើង ១៥,២៥% ដែលមានសមតុល្យឥណទានសរុប ២៦៥,៧២ លានដុល្លារអាមេរិក បើប្រៀបធៀបនឹងឆ្នាំ២០១៨ និងឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន កើនឡើង ២០,០៨% ដែលមាន ចំនួនស្មើនឹង ២០,០៣ លានដុល្លារអាមេរិក ។ ឥណទានគេហដ្ឋាន មានចំនួន ១៨៣,២៩ លានដុល្លារអាមេរិក នៃទំហំឥណទានសរុប ដែលឥណទានរយៈពេលវែងរហូតដល់១០ឆ្នាំនេះ បានថយចុះ ៩,៩៤% ដោយសារធនាគារផ្តោតលើសហគ្រាសធុនតូច និងមធ្យម ។ នាដំណាច់ឆ្នាំ២០១៩ សមតុល្យឥណទានសរុប មានចំនួន ៣.៨៧៩,៤៦ លានដុល្លារអាមេរិក ។

ប្រាក់បញ្ញើ-សន្សំមានកំណើន ១២,៩៦% ដែលបានកើនចំនួន ៤៩៧,០៤ លានដុល្លារអាមេរិក បើប្រៀបធៀបនឹងឆ្នាំ២០១៨ ។ វិស័យលក់រាយជាផ្នែកដែលធំជាងគេបំផុតនៃកំណើនប្រាក់បញ្ញើសរុប ដែលភាគច្រើនបានមកពីអតិថិជនដាក់ប្រាក់បញ្ញើដំបូង ដូចជាកម្មករនិយោជិតតាមរយៈ សេវាបើកប្រាក់បៀវត្ស និងអតិថិជននៅតាមជនបទ ដែលពួកគាត់បានប្រើប្រាស់ សេវាអេស៊ីលីដាយូនីធីទាន់ចិត្ត ។ ការពង្រីកសេវាធនាគារតាមរយៈ FinTech បានចូលរួមធ្វើឱ្យមានកំណើននេះខ្លាំងផងដែរ ។ គួរកត់សម្គាល់ផងដែរថា ប្រាក់បញ្ញើទាំងនោះអាចគ្របដណ្តប់លើសមតុល្យឥណទាន ដែលមានចំនួន ៤.០៨២,៧២ លានដុល្លារអាមេរិក ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី កំពុងតែអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធសាខាទាំង ៣១៣ទីតាំង, អេធីអឹម ៦៨៣គ្រឿង, និងម៉ាស៊ីនឆូតកាត ៤.២៨៩គ្រឿង ថែមទាំងធ្វើឱ្យសេវាអេស៊ីលីដាយូនីធីទាន់ចិត្ត កាន់តែទំនើប និងមានប្រជាប្រិយ ដែលមានអតិថិជនកំពុងប្រើប្រាស់ជាង ១,៣ លាននាក់ ។ សមតុល្យប្រាក់បញ្ញើ-សន្សំ មានចំនួន ៤.៣៦៧,៩០ លានដុល្លារអាមេរិក ជាមួយនឹងគណនីសរុបជាង ២,៦លានគណនី ហើយបានចេញប័ណ្ណឥណពន្ធចំនួន ១,៣ លានប័ណ្ណ ។

ឥណទាន​ខ្នាត​មធ្យម និងសាជីវកម្ម

ក្នុងឆ្នាំ២០១៩ ឥណទាននៅក្នុងវិស័យនេះកើនឡើង ១,៣៧% ដែលមានចំនួនស្មើនឹង ៣១,១៣% នៃឥណទានសរុប ។ សេវាគ្រប់គ្រងសាច់ប្រាក់បានកើនឡើងយ៉ាងខ្លាំង តាមរយៈការចាប់ដៃគូជាមួយនឹងវិស័យសាធារណៈ ជាពិសេសបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្រ្តីរាជការស៊ីវិល សេវាបើកប្រាក់បៀវត្សសម្រាប់មន្រ្តីរដ្ឋាភិបាល និងសេវាប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ រួមទាំងអតិថិជនមុខជំនួញជាច្រើន ជាពិសេសរោងចក្រកាត់ដេរ ។ ក្នុងនាមជាអ្នកគ្រប់គ្រងមូលនិធិរបស់បេឡាជាតិសន្តិសុខសង្គម ធនាគារ អេស៊ីលីដា ភីអិលស៊ី អាចទទួលបានប្រាក់បញ្ញើទូទាំងរាជធានី-ខេត្ត ។ លើសពីនេះទៀត អតិថិជនថ្មីៗជាច្រើនត្រូវបានតម្រូវឱ្យបើកគណនី ដោយសារការបន្ថែមម៉ាស៊ីនអេធីអឹម និងការទូទាត់វិក្កយបត្ររបស់ស្ថាប័នផ្សេងៗ តាមរយៈសេវាអេស៊ីលីដាយូនីធីទាន់ចិត្ត ព្រមទាំងសេវាអេស៊ីលីដាអ៉ីនធើណែត ផងដែរ ។ ទាំងនេះធ្វើឱ្យមានលទ្ធផលវិជ្ជមាន ទៅលើលំហូរសាច់ប្រាក់ជារូបិយវត្ថុរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងអាចឱ្យយើងផ្តល់ឥណទានជាប្រាក់រៀល ពីប្រាក់បញ្ញើបានផងដែរ ។ តម្រូវការប្រើប្រាស់សេវាបើកប្រាក់បៀវត្ស កើនឡើងខ្លាំងនៅក្នុងឆ្នាំ២០១៩ ដោយមានស្ថាប័នរដ្ឋាភិបាល និងមន្រ្តីរាជការ ព្រមទាំងក្រុមហ៊ុន ក្នុងប្រទេស និងក្រៅប្រទេស ធំៗ និងស្ថាប័ននានាបានចូលរួមប្រើប្រាស់ ដែលជាឱកាសដ៏ល្អសម្រាប់ការលក់ផលិតផលផ្សេងៗទៀត ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន នៅតែបន្តសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្ររយៈពេលវែង ជាមួយធនាគារជប៉ុន SMBC, ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍, និង ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ។ ដោយរួមបញ្ចូលគ្នានូវបទពិសោធន៍រាប់រយឆ្នាំក្នុងសេវាធនាគារ និងហិរញ្ញវត្ថុ ដៃគូទាំងអស់ជួយដល់អតិថិជន គ្រប់គ្រងធនធានហិរញ្ញវត្ថុរបស់ពួកគាត់ប្រកបដោយប្រសិទ្ធភាព និងធ្វើឱ្យធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានប្រាក់ចំណូល បង្កើនប្រភពមូលនិធិយូរអង្វែងសម្រាប់ធនាគារ អេស៊ីលីដា ភីអិលស៊ី ។ ភាពជាដៃគូទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការផ្តល់មូលនិធិរយៈពេលវែងដល់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងជាប្រភពដ៏មានប្រយោជន៍នៃប្រាក់ចំណូល ក្រៅតារាងតុល្យការ ។ ម្យ៉ាងវិញទៀត ការចែករំលែកនូវជំនាញអន្តរជាតិ មានតួនាទីយ៉ាងល្អដល់ការគ្រប់គ្រង និងការអភិវឌ្ឍសមត្ថភាពធនធានមនុស្សរបស់ធនាគារ ។

រតនាភិបាល និង​អន្តរជាតិ

ចំណូលពីសេវាប្តូរប្រាក់បន្តកើនឡើង និងចូលរួមបង្កើនចំណូលមិនមែនការប្រាក់ ។ ដោយយោងលើគោលនយោបាយគ្រប់គ្រងហានិភ័យ ធនាគារ អេស៊ីលីដា ភីអិលស៊ី បម្រើសេវាប្តូរប្រាក់សម្រាប់តែគាំទ្រដល់អាជីវកម្មរបស់អតិថិជនប៉ុណ្ណោះ ។ សេវានេះជាប្រភពចំណូលមានហានិភ័យទាប និងមានស្ថិរភាព ហើយមានកំណើនជាលំដាប់ បង្កើតប្រាក់ចំណូលល្អប្រសើរ និងរក្សាទំនាក់ទំនងយូរអង្វែងជាមួយអតិថិជន ។

តារាងតុល្យការរបស់ធនាគារកាន់តែរឹងមាំថែមទៀត តាមរយៈកំណើនអតិថិជនបញ្ញើ-សន្សំយ៉ាងខ្លាំង ធ្វើឱ្យអនុបាតឥណទានធៀបនឹងប្រាក់បញ្ញើមានភាពល្អប្រសើរ និងជួយទ្រទ្រង់ដល់ការរីកចម្រើននៅលើទីផ្សារ ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានចូលរួមចំណែកផ្សព្វផ្សាយការប្រើប្រាស់ប្រាក់រៀល ដោយផ្តល់ឥណទានជាប្រាក់រៀលដល់អតិថិជនដែលមានចំនួនជាង ១៣% នៃទំហំឥណទានសរុប ដែលលើសពីបញ្ញត្តិតម្រូវត្រឹមតែ ១០% ប៉ុណ្ណោះ ។ ធនាគារក៏បានចូលរួមយ៉ាងសកម្មនៅក្នុង Liquidity Providing Collateralized Operation (LPCO) ដើម្បីប្រភពទន់បន្ថែមជាប្រភេទប្រាក់ក្នុងស្រុក ។

បន្ថែមពីនេះទៀត ដើម្បីគាំទ្រដល់ប្រភពមូលនិធិរយៈពេលវែង ធនាគារ អេស៊ីលីដា ភីអិលស៊ី បានចាត់ចែងជម្រើសមូលនិធិដោយរក្សាទំនាក់ទំនងល្អជាមួយនឹងដៃគូយុទ្ធសាស្ត្រទូទាំងសកលលោក ជាពិសេស នៅអឺរ៉ុប សហរដ្ឋអាមេរិក និងអាស៊ី ។ ធនាគារនៅតែបន្តពង្រឹងទំនាក់ទំនងជាមួយស្ថាប័នហិរញ្ញវត្ថុជាច្រើន និងបានបន្ថែមធនាគារដៃគូក្រៅប្រទេសថ្មីៗជាច្រើនថែមទៀត ដើម្បីបង្កើនបណ្តាញប្រតិបត្តិការរបស់ធនាគារ ។ នាដំណាច់ឆ្នាំ២០១៩ ធនាគារមានធនាគារដៃគូចំនួន ២៩២ នៅក្នុង ៤៥ប្រទេស ។ បន្ថែមពីនេះទៀត ធនាគារមានចំណែកទីផ្សារលើសលុបសម្រាប់គណនីរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក ព្រមទាំងផ្តល់សេវាផ្ទេរប្រាក់ដល់អតិថិជនទូទាំងប្រទេស ។

ធនាគារក៏បានរៀបចំ និងអនុវត្តបានទាំងស្រុង តាមគោលការណ៍គ្រប់គ្រងហានិភ័យផ្ទៃក្នុង តម្រូវការបទប្បញ្ញត្តិ និងកិច្ចព្រមព្រៀងជាមួយនឹងម្ចាស់បំណុលនានា ។

យុទ្ធសាស្ត្រ​អាទិភាព​សម្រាប់​ឆ្នាំ២០២០

  1. បន្ត​លើក​កម្ពស់​ការអភិវឌ្ឍ FinTech ដើម្បី​ផ្តល់​ភាព​កាន់​តែ​ងាយ​ស្រួល​ប្រើប្រាស់​ដល់​អតិថិជន ក្នុង​ការ​ផ្លាស់​ប្តូរ​ទៅ​ការ​ប្រើ​ប្រាស់​សេវា​ធនាគារ​តាម​បែប​ឌីជីថល (ស្វ័យ​សេវា) ។
  2. អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេវាកម្មធនាគារស្វ័យប្រវត្តិ ដើម្បីបម្រើអតិថិជន និងសាធារណជន ២៤ម៉ោង ។
  3. ពង្រឹងសមត្ថភាពក្រុមហ៊ុនបុត្រសម្ព័ន្ធ ទាំងក្នុង និងក្រៅប្រទេស ដើម្បីអាចប្រកួតប្រជែងនៅលើទីផ្សារបាន ។
  4. បង្កើតឯកសារឌីជីថល និងឯកសារផ្សេងៗបញ្ចូលគ្នាជាទម្រង់ឌីជីថល សម្រាប់ផលិតផលនិងសេវាកម្មហិរញ្ញវត្ថុ ។
  5. បង្កើនសុវត្ថិភាពប្រព័ន្ធព័ត៌មានវិទ្យា សម្រាប់គាំទ្រដល់ ធនាគារឌីជីថល ។
  6. ចាប់​ដៃគូ​ជា​មួយ​ស្ថាប័ន​នានា ដើម្បី​ភាព​រីក​ចម្រើន​របស់​ធនាគារ  ។
  7. ដើរតួនាទីជាអ្នកថែរក្សា និងធ្វើពិពិធកម្មមូលនិធិ ដែលទទួលបានពីផ្សារមូលបត្រកម្ពុជា (ផ.ម.ក) ។
  8. ធ្វើឱ្យសេវាអេស៊ីលីដាយូនីធីទាន់ចិត្ត ក្លាយជាសេវាដែលអាចទូទាត់កាន់តែទូលំទូលាយ ។

បញ្ហា​ចម្បង​ក្នុង​ឆ្នាំ២០២០

ធនាគារ អេស៊ីលីដា នឹងចុះបញ្ជីក្នុងក្រុមហ៊ុមមូលបត្រកម្ពុជា ។ យើងកំពុងតែធ្វើការច្រើនជាមួយនឹងនិយតករ និងសាធារណៈ ។ ទោះជាយ៉ាងណាក៏ដោយ ថ្នាក់គ្រប់គ្រងរបស់ធនាគារបានធ្វើការស៊ីជម្រៅ និងបង្កើតកំណត់ត្រាយ៉ាង ច្បាស់លាស់ រួមជាមួយនឹងវប្បធម៌ការងារដ៏មានតម្លាភាពរបស់ធនាគារ នឹងធ្វើឱ្យធនាគារសម្រេចបានជោគជ័យលើកិច្ចការទាំងអស់ ។

ការប្រកួតប្រជែង មិនត្រឹមតែគុណភាពសេវាកម្ម និងតម្លៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបច្ចេកវិទ្យា FinTech ដែលជឿនលឿនថែមទៀត ដែលធ្វើឱ្យស្ថាប័នធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវតែពង្រឹងនិងវិនិយោគលើបច្ចេកវិទ្យានេះ ។ សេវាករទូទាត់បានកាន់កាប់ចំណែកទីផ្សារនៃវិស័យហិរញ្ញវត្ថុពីព្រោះស្ថាប័នសេវាកម្ម ទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ហើយស្ថាប័នទាំងនោះកំពុងផ្តល់សេវាទូទាត់ដល់អតិថិជនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុយ៉ាងសកម្ម ។

ការរីករាលដាលនៃវីរុសកូរវីដ-១៩ និងភាពភ័យខ្លាចផ្សេងៗទូទាំងពិភពលោកនឹងជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ច ។ ខណៈដែលផលប៉ះពាល់ពិតប្រាកដលើសេដ្ឋកិច្ចពិតប្រាកដមានការលំបាកក្នុងការទស្សន៍ទាយ ។ សង្ឈឹមថានឹងមាន វ៉ាកសាំងការពារមេរោគឆ្លង COVID19 និងលែងមានការភ័យខ្លាចមេរោគដ៏កាចសាហាវនេះបន្តទៀត ។

របាយការណ៍ហិរញ្ញវត្ថុដែលតម្រូវឱ្យអនុវត្តតាម CIFRS សម្រាប់របាយការណ៍សវនកម្មឆ្នាំ២០១៩ តទៅ ។ នេះជារបាយការណ៍ថ្មីដែលធនាគារបញ្ចូលក្នុងរបាយការណ៍ប្រចាំឆ្នាំ ។ របាយការណ៍ថ្មីនេះទាមទារឲ្យមានប្រព័ន្ធទំនើប និងបទប្បញ្ញត្តិ ក្នុងការគ្រប់គ្រង និងប្រើប្រាស់នៅពេលមានតម្រូវការ ។ ធនាគារបានបង្កើតរបាយការណ៍ហិរញ្ញវត្ថុនេះឡើង ហើយខ្ញុំបាទសូមណែនាំ និងបង្ហាញជូនភាគីពាក់ព័ន្ធទាំងអស់ ។

ខ្ញុំសូមណែនាំសេវាអេស៊ីលីដាយូនីធីទាន់ចិត្ត បានពង្រីកបណ្តាញអាជីវកម្មយ៉ាងទូលំទូលាយ តាមរយៈមុខងារ Public Access Interface, ទៅកាន់គ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុ និងសេវាករទូទាត់នានា ដែលបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ។ តាមរយៈបណ្តាញអាជីវកម្មនេះ នឹងបម្រើដល់អតិថិជនក្រុមហ៊ុន និងឯកត្តជន ហើយក៏ជួយឱ្យធនាគារ អេស៊ីលីដា អាចបម្រើអតិថិជនបាន ២៤ម៉ោង ។ ជាមួយសេវាអេស៊ីលីដាទាន់ចិត្ត អតិថិជនអាចគ្រប់គ្រងអាជីវកម្មរបស់ពួកគាត់យ៉ាងមានប្រសិទ្ធភាព និងអាចធ្វើប្រតិបត្តិការសេវាធនាគារជាច្រើនប្រភេទ គ្រប់ទីកន្លែងប្រកបដោយសុវត្ថិភាពខ្ពស់ ។

ជា​ចុង​បញ្ចប់ ខ្ញុំ​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​អតិថិជន​ដ៏​វៃ​ឆ្លាត ក្រុម​ប្រឹក្សា​ភិបាល ថ្នាក់​គ្រប់​គ្រង និង​បុគ្គលិក ក្រុម​ប្រឹក្សា​យោបល់​ព្រម​ទាំង​រាជ​រដ្ឋា​ភិបាល ធនាគារ​ជាតិ​នៃ​កម្ពុជា ដែល​បាន​គាំទ្រ​ដល់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុង​ឆ្នាំ​២០១៨ កន្លង​មក  ។ សូម​ជូន​ពរ​ដល់​លោក​អ្នក និង​ក្រុម​​គ្រួសារ ក្នុង​ឆ្នាំ​២០១៩ ទទួល​បាន​នូវ​សេចក្ដី​សុខ​កាយ សប្បាយ​ចិត្ដ ចម្រើន​​ដោយ​ប្រយោជន៍ ជោគជ័យ​ក្នុង​នាទី​ការងារ​និង​មុខ​ជំនួញ ប្រកប​ដោយ​គុណភាព និង​ប្រសិទ្ធភាព​ដ៏​ឧត្ដុង្គ​ឧត្ដម​កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ ។


បណ្ឌិត អ៉ិន ចាន់នី
ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ថ្ងៃ​ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៥០៣.៥២២ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ១០៤    ចំនួនអ្នកទស្សនាថ្ងៃនេះ : ២៥.៧៨៧    ចំនួនអ្នកទស្សនាពីម្សិល : ៣០.៤១០