www.acledasecurities.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​សេដ្ឋកិច្ច​កម្ពុជា និង​សកលnavigate_nextអាមេរិក​រំពឹង​ទុក​ថា កម្ពុជា​នឹង​ឈាន​ដល់​ប្រទេស​មាន​ចំណូល​មធ្យម​ក្នុង​ពេល​ឆាប់ៗ​នេះ

អាមេរិក​រំពឹង​ទុក​ថា កម្ពុជា​នឹង​ឈាន​ដល់​ប្រទេស​មាន​ចំណូល​មធ្យម​ក្នុង​ពេល​ឆាប់ៗ​នេះ

ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦  |  ប្រភព ៖ កម្ពុជា​ថ្មី

ភ្នំពេញ៖ តំណាង​មន្រ្តី​ជាន់​ខ្ពស់​ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា តាម​រយៈ​កាអភិវឌ្ឍ​ប្រទេស​ជាតិ យ៉ាង​ឆាប់​រហ័ស និង​មាន​ទំនាក់​ទំនង​ផ្នែក​ពាណិជ្ជកម្ម​យ៉ាង​ល្អ​បែប​នេះ កម្ពុជា​នឹង​ចាក​ចេញ LDC ឈាន​ទៅ​រក​ប្រទេស​ដែល​មាន​ចំណូល​មធ្យម ក្នុង​ពេល​ឆាប់ៗ​ជា​មិន​ខាន។

លោក William A.Heidt ឯកអគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ថ្មី ប្រចាំ​នៅ​កម្ពុជា បាន​លើក​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​នៅ​ទីស្តីការ​ក្រសួង​ជា​មួយ​លោក​ទេស​រដ្ឋ​មន្រ្តី ឆាយ ថន រដ្ឋ​មន្ត្រី​ក្រសួង​ផែនការ នៅ​ថ្ងៃ​ទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ ថា កម្ពុជា​មាន​ការរីក​ចម្រើន​យ៉ាង​ខ្លាំង​ក្នុង​វិស័យ​អប់រំ​សុខា​ភិបាល និង​សន្តិសុខ​ស្បៀង អភិវឌ្ឍន៍ សេដ្ឋកិច្ច ជា​ពិសេស​លើ​ផ្នែក​ពាណិជ្ជកម្ម ទេសចរណ៍ និង​ឧស្សាហកម្ម ដែល​ត្រូវ​ចាត់​ទុក​ជា​វិស័យ​អាទិភាព​មួយ​សម្រាប់​កម្ពុជា។

លោក​ឯក​អគ្គ​រដ្ឋ​ទូត បាន​ថ្លែង​លើក​ឡើង​បន្ត​ទៀត​ថា បើ​សម្លឹង​មើល​ក្នុង​វិស័យ​វាយនភណ្ឌ ឧស្សាហកម្ម​កាត់​ដេរ កម្ពុជា​ក៏​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ផង​ដែរ ដែល​ធ្វើ​ឲ្យ​ផលិតផល​នាំ​ចេញ​ពី​រោង​ចក្រ​ទៅ​កាន់​សហរដ្ឋ​អាមេរិក គឺ​បាន​ជាប់​ក្នុង​លំដាប់​ថ្នាក់​ហើយ​សម្រាប់​ការ​ផ្តល់​ប្រាក់​បៀវត្សរ៏ ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់​ដេរ​នេះ​វិញ ក៏​មាន​ការ​ចំណាយ​ជាង ២០០លាន​ដុល្លារ​អាមេរិក ក្នុង​១ខែ​ផង​ដែរ ដែល​ជា​ទិន្នន័យ​បាន​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ការអភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស អាច​ធ្វើ​ឲ្យ​កម្ពុជា​ដើរ​ចេញ LDC ទៅ​រក​ប្រទេស​ដែល​មាន​ចំណូល​មធ្យម ក្នុង​ពេល​ឆាប់ៗ ដែល​មាន​ការប្រកួត​ប្រជែង​យ៉ាង​ខ្លាំង​ដោយ​ទាមទារ​ការអភិវឌ្ឍ​ខ្លួន​ប្រកប​ដោយ​ភាព​ខ្លាំង​ខ្លា​ផង​ដែរ។

នៅ​ក្នុង​ជំនួប​នេះ​ដែរ លោក​ទេស​រដ្ឋ​មន្ត្រី ឆាយ ថន រដ្ឋ​មន្រ្តី​ក្រសួង​ផែនការ បាន​ថ្លែង​ឲ្យ​ដឹង​ផង​ដែរ​ថា ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ គិត​ជា​មធ្យម កម្ពុជា​រក្សា​អត្រា​សេដ្ឋកិច្ច​ចំណូល ក្នុង​រង្វង់ ៧,៧% ក្នុង​មួយ​ឆ្នាំៗ ហើយ​បើ​គិត​គ្រឹម​ឆ្នាំ២០១៣ មាន​អត្រា៧,៣% ឆ្នាំ២០១៤ មាន​អត្រា៧,១% និង​ឆ្នាំ២០១៥ កម្ពុជា​សម្រេច​បាន​អត្រា៧% ផង​ដែរ។ ក្នុង​នោះ​សម្រាប់​ចំណូល​ប្រជាពលរដ្ឋ​វិញ នៅ​ក្នុង​ឆ្នាំ២០០៣ សម្រាប់ GDP ប្រជាជន​ម្នាក់ៗ​មាន​ចំណូល​ត្រឹម​តែ ២៨៣ដុល្លារ​ប៉ុន្តែ​មក​ដល់​ឆ្នាំ២០១៥ កំណើន​នេះ​កើន​ឡើង​ដល់ ១.២៤០ដុល្លារ​អាមេរិក ដែល​កម្ពុជា​ក៏​សង្ឃឹម​ផង​ដែរ​ថា យើង​នឹង​អាច​ដើរ​ចេញ​ពី​ប្រទេស ដែល​មាន​ចំណូល​មធ្យម​កម្រិត​ទាប ឈាន​មក​រក​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​ជា​មិន​ខាន៕

ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៥ ចំនួនអ្នកទស្សនាថ្ងៃនេះ : ២៩៦ ចំនួនអ្នកទស្សនាពីម្សិល : ៥១៥