www.acledasecurities.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​សេដ្ឋកិច្ច​កម្ពុជា និង​សកលnavigate_nextCSX នឹងដាក់ការជួញដូរអនឡាញឆ្នាំនេះ

CSX នឹងដាក់ការជួញដូរអនឡាញឆ្នាំនេះ

ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧  |  ប្រភព ៖ ឌឹ​ភ្នំពេញ​ប៉ុស្ត៍

ភ្នំពេញៈ អ្នកនាំពាក្យផ្សារមូលបត្រកម្ពុជាបានឲ្យដឹងកាលពីម្សិលមិញថា កម្មវិធីជួញដូរតាមអនឡាញថ្មីមួយកំពុងត្រូវបានអភិវឌ្ឍឡើង ដើម្បីជំរុញចំណាប់អារម្មណ៍នៅក្នុងផ្សារហ៊ុនដែលមានដំណើរការយឺត របស់កម្ពុជា ដែលអនុញ្ញាតឲ្យអ្នកជួញដូរចូលទៅផ្សារហ៊ុននេះពីចម្ងាយតាមរយៈ សូហ្វវែរដែលប្រើបានក្នុងទូរស័ព្ទស្មាតហ្វូន។

លោក ល្មុន សូឡី នាយកផ្នែកប្រតិបត្តិការទីផ្សារនៅផ្សារមូលបត្រកម្ពុជា (CSX) បានឲ្យដឹងថា កម្មវិធីនេះកំពុងត្រូវបានអភិវឌ្ឍឡើងដោយមានជំនួយបច្ចេកទេសពី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ហើយនឹងត្រូវចាប់ផ្ដើមដំណើរការនៅពេលណាមួយនៅឆ្នាំនេះ។

លោកមានប្រសាសន៍ថា៖ «យើងគ្រោងនឹងប្រតិបត្តិការកម្មវិធីនៅឆ្នាំនេះ ប៉ុន្តែ ខ្ញុំមិនអាចផ្ដល់កាលបរិចេ្ឆទជាក់លាក់ថានៅពេលណាយើងនឹងដំណើរការ កម្មវិធីនេះទេ»។

លោក សូឡី បានពន្យល់ថា កម្មវិធីអនឡាញនេះនឹងអនុញ្ញាតឲ្យអ្នកជួញដូរធ្វើការជួញដូរ និងទទួលបានទិន្នន័យផ្សារហ៊ុនតាមពេលវេលាជាក់ស្តែងតាមកុំព្យូទ័រ លើតុ កុំព្យូទ័រយួរដៃ ឬទូរស័ព្ទចល័តរបស់អ្នកជួញដូរទាំងនោះ។

លោកបានមានប្រសាសន៍បន្តថា៖ «ប្រជាជនកម្ពុជាជាច្រើនមានលទ្ធភាពប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន ហើយយើងសង្ឃឹមថា កម្មវិធីនេះនឹងជំរុញឲ្យមានការជួញដូរកាន់តែច្រើនឡើង»។ លោកបានបន្តថា៖ «កម្មវិធីនេះនឹងធ្វើឲ្យកាន់តែងាយស្រួលដល់ការជួញដូរ ហើយទិន្នន័យរបស់ក្រុមហ៊ុន និងផ្សារហ៊ុនទាំងអស់នឹងស្ថិតលើកម្មវិធីមួយ»។

លោកបានបន្ថែមថា កម្មវិធីទូរស័ព្ទស្មាតហ្វូន នឹងបម្រើជាឧបករណ៍អប់រំមួយសម្រាប់ក្រុមវិនិយោគិនថ្មីៗ ឬក្រុមវិនិយោគិននៅពេលអនាគតផងដែរ។

លោកបានបញ្ជាក់ថា៖ «វាមានសារៈសំខាន់ ដែលថា ប្រជាជនកម្ពុជារៀនយល់ដឹងពីដំណើរការរបស់ផ្សារហ៊ុន របៀបជួញដូរ និងទទួលបានការអប់រំកាន់តែប្រសើរ ដោយសារតែប្រជាជនកាន់តែច្រើនកំពុងមានបំណងរៀនសូត្រអំពីផ្សារ ហ៊ុន»។

ផ្សារហ៊ុន CSX ដែលបានបើកដំណើរការកាលពីឆ្នាំ២០១១ ហើយរហូតមកដល់ពេលនេះមានក្រុមហ៊ុនបញ្ជីចំនួន ៤ ដែលរួមមាន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ Grand Twins International កំពង់ផែស្វយ័តក្រុងភ្នំពេញ និងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។

ពេលបិទការជួញដូរពីម្សិលមិញ សន្ទស្សន៍ផ្សារហ៊ុនបានធ្លាក់ចុះ ២,២៩ភាគរយ មកនៅត្រឹម ៣៥០,១១ ដោយមានការជួញដូរសរុប ១ ៤០០ហ៊ុន ដែលមានទឹកប្រាក់សរុបជាង ៥លានរៀល។ ការធ្លាក់ចុះនេះនាំមុខដោយក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលធ្លាក់ចុះ ៣,៩៤ភាគរយ ខណៈរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញធ្លាក់ចុះ ៣,៣៨ភាគរយ។ PPAP និង GTI គ្មានការជួញដូរទេ៕

ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៥ ចំនួនអ្នកទស្សនាថ្ងៃនេះ : ១៨៦ ចំនួនអ្នកទស្សនាពីម្សិល : ៥១៥