www.acledasecurities.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​សេដ្ឋកិច្ច​កម្ពុជា និង​សកលnavigate_nextទំហំ​ពាណិជ្ជកម្ម​រវាង​ អាស៊ាន និង​សហគមន៍​អឺរ៉ុប​ មាន​ទឹកប្រាក់​២០១​ពាន់​លាន​យូរ៉ូ​កើន​១១ ភាគរយ

ទំហំ​ពាណិជ្ជកម្ម​រវាង​ អាស៊ាន និង​សហគមន៍​អឺរ៉ុប​ មាន​ទឹកប្រាក់​២០១​ពាន់​លាន​យូរ៉ូ​កើន​១១ ភាគរយ

ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦  |  ប្រភព ៖ កម្ពុជា​ថ្មី


ភ្នំពេញ​៖ ទំហំ​ពាណិជ្ជកម្ម​រវាង​អាស៊ាន និង​សហគមន៍​អឺរ៉ុប មាន​ទឹកប្រាក់​សរុប ២០១ ពាន់​លាន​យូរ៉ូ កើនឡើង ១១ ភាគរយ បើ​ប្រៀបធៀប​កាលពី​ឆ្នាំមុន។ នេះ​បើ​យោងតាម​តាម​សេចក្ដីប្រកាស​ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​ស្នងការ​ពាណិជ្ជកម្ម​សហគមន៍​អឺរ៉ុប លើក​ទី​១៤ នៅ​ទីក្រុង​ឈៀង​ម៉ៃ ប្រទេស​ថៃ​កាលពី​ថ្ងៃទី​៣​ ខែ​មីនា។

លោក​ស៊ុន ចាន់ថុល ​រដ្ឋមន្ត្រី ​ពាណិជ្ជកម្ម ​និង​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​សម្រាប់​កម្ពុជា បាន​ចូលរួម​កិច្ច​ពិគ្រោះ​យោបល់​រវាង​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​ស្នងការ​ពាណិជ្ជកម្ម​សហគមន៍​អឺរ៉ុប លើក​ទី ១៤ នៅ​ទីក្រុង​ឈៀង​ម៉ៃ ប្រទេស​ថៃ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹងថា កិច្ច​ពិគ្រោះ​យោបល់ សហ​ដឹកនាំ​ដោយ​លោកស្រី Khemmani Pholsena រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ឡាវ និង​លោកស្រី​Cecilia Malmström ស្នងការ​ពាណិជ្ជ​កម្ម​សហគមន៍​អឺរ៉ុប។

លោក​បន្ថែម​ថា យោង​តាម​សេចក្ដីប្រកាស​ក្រោយ​កិច្ចប្រជុំ​បាន​ឲ្យ​ដឹងថា​៖”​នៅ​ឆ្នាំ ២០១៥ ទំហំ​ពាណិជ្ជកម្ម​រវាង​អាស៊ាន និង​សហគមន៍​អឺរ៉ុប មាន​ទឹកប្រាក់​សរុប ២០១ ពាន់​លាន​យូរ៉ូ កើនឡើង ១១ ភាគរយ ប្រៀបធៀប​ឆ្នាំមុន ដោយ​ផ្អែក​តាម​ស្ថិតិ​របស់​សហគមន៍​អឺរ៉ុប​។ នៅ​ឆ្នាំ ២០១៤ លំហូរ​វិនិយោគ​ផ្ទាល់​ពី​សហគមន៍​អឺរ៉ុប បាន​កើន​ឡើង ៣១,៥ ភាគរយ ដែល​មាន​ទឹកប្រាក់​សរុប ២៩,៣ ពាន់​លាន​ដុល្លារ​អាមេរិក ស្មើនឹង ២១,៥ ភាគរយ នៃ​លំហូរ​វិនិយោគ​ផ្ទាល់​សរុបទៅ​កាន់​អាស៊ាន។

រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​ស្នងការ​ពាណិជ្ជកម្ម​សហគមន៍​អឺរ៉ុប បាន​សន្យា​លើ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​ដ៏​រឹងមាំ រវាង​តំបន់​ទាំងពីរ។ សហគមន៍​អឺរ៉ុប ជា​ដៃគូ​ពាណិជ្ជកម្ម និង​លំហូរ​វិនិយោគ​ផ្ទាល់​ធំ​លំដាប់​ទី ២ របស់​អាស៊ាន។ រដ្ឋមន្ត្រី​ និង​ស្នងការ​ពាណិជ្ជកម្ម​សហគមន៍​អឺរ៉ុប​បាន​ពិភាក្សា​លើ​បញ្ហា​មួយ​ចំនួន​ពាក់ព័ន្ធ​ការអនុវត្ត​​កម្មវិធី​ការងារ​ពាណិជ្ជកម្ម​ និង​វិនិយោគ​អាស៊ាន​-​សហគមន៍​អឺរ៉ុប​ឆ្នាំ​២០១៥-២០១៦, លទ្ធផល​ការងារ​ដែល​បាន​អនុវត្ត​ដោយ​អាស៊ាន ​និង​សហគមន៍​អ៊ឺរ៉ុប​បូកសរុប​រួម​ដោយ​ឧ​ត្ត​ម​មន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ និង​សហគមន៍​អឺរ៉ុប​ និង​ទិសដៅ​អនាគត​នៃ​ទំនាក់ទំនង​អាស៊ាន​-​សហគមន៍​អឺរ៉ុប​រួមមាន​លទ្ធភាព​នៃ​ការបន្ត​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​សហគមន៍​អឺរ៉ុប​។

ជាមួយ​គ្នា​នេះ​ភាគី​ទាំង​ពីរ​បាន​ផ្លាស់​ប្តូរ​យោបល់​គ្នា​អំពី​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​តំបន់​និង​ពិភពលោក​នា​ពេល​ថ្មីៗ​ និង​បាន​បញ្ជាក់​ឡើងវិញ​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​តំបន់​ទាំងពីរ​ឲ្យ​កាន់តែ​កើន​ឡើង​ខ្លាំង​ថែមទៀត៕

ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៣ ចំនួនអ្នកទស្សនាថ្ងៃនេះ : ៤១៦ ចំនួនអ្នកទស្សនាពីម្សិល : ៥៥៥