www.acledasecurities.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​សេដ្ឋកិច្ច​កម្ពុជា និង​សកលnavigate_nextតំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​ចំណូល​ថវិកា​ជាតិ

តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​ចំណូល​ថវិកា​ជាតិ

ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦  |  ប្រភព ៖ កម្ពុជា​ថ្មី

ភ្នំពេញ៖ មន្ត្រី​ជាន់​ខ្ពស់​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ដែល​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ឈាន​មុខ​មួយ នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​ក្លាយ​ជា​ប្រភព​ចំណូល​មួយ​ដ៏​សំខាន់​ក្នុង​ការ​ផ្តល់​ចំណូល​ថវិកា​ជាតិ។

លោក​បណ្ឌិត គុណ ញឹម អគ្គនាយ​នៃ​អគ្គនាយដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​មាន​ប្រសាសន៍ កាល​ពី​ព្រឹក​ថ្ងៃ​ទី០៩ ខែមិថុនា ពេល​ដែល​ចុះ​ពិនិត្យ​មើល​រោងចក្រ​មួយ​ចំនួន​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ឲ្យ​ដឹង​ថា‍‍‍ "ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​សេដ្ឋកិច្ច​រយៈពេល​វែង​របស់​រាជរដ្ឋា​ភិបាល ក្នុង​ការ​ជំរុញ​វិស័យ​ឧស្សាហកម្ម ផលិតកម្ម និង​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព តាម​រយៈ​ការ​បង្កើន​នូវ​បរិយាកាស​វិនិយោគ ពិសេស​ការ​ទាក់​ទាញ​វិនិយោគ​ផ្ទាស់​ពី​បរទេស (Foreign Direct Investment-FDI) ការ​ជំរុញ និង​ការ​បង្កើន​ការ​នាំ​ចេញ ការ​បង្កើត​ការងារ និង​ជំនាញ​ជូន​ពលរដ្ឋ​កម្ពុជា ព្រម​ទាំង​សកម្មភាព​សេដ្ឋកិច្ច​ជា​ច្រើន​ទៀត"។

លោក​បណ្ឌិត គុណ ញឹម បាន​លើក​ឡើង​នូវ​របាយការណ៍​មក​បញ្ជាក់​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​បាន​ផ្តល់​ចំណូល​ពន្ធ និង​អាករគយ​ចូល​ថវិកា​ជាតិ​ប្រមាណ​ជាង ២០ប៊ី​លាន​រៀល (ប្រហែល​ជា​ជាង​៥លាន​ដុល្លារ) ក្នុង​ឆ្នាំ​២០១៥។ លើស​ពី​នេះ​ក្នុង​ត្រីមាស​ទី១ ឆ្នាំ​២០១៦ ចំណូល​ពន្ធ​និង​អាករ ដែល​ប្រមូល​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​នេះ បាន​ច្រើន​ជាង​៧.៦២ប៊ី​លាន​រៀល (ប្រហែល​ជា​ជាង ១.៩លាន​ដុល្លារ) ដែល​មាន​កំណើន​ប្រមាណ ៧៦.៣៤% ប្រៀប​ធៀប​នឹង​រយៈពេល​ដូច​គ្នា ឆ្នាំ​២០១៦។

លោក​បណ្ឌិត គុណ ញឹម បាន​បន្ថែម​ថា ក្នុង​ទំហំ​ផ្ទៃដី​ប្រមាណ​៣៥៧​ហិចតា បច្ចុប្បន្ន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​មាន​ក្រុមហ៊ុន​ចំនួន​៧៧ កំពុង​ដំណើរ​ការ​លើ​វិស័យ​សំខាន់ៗ​ដូចជា ផលិត​គ្រឿង​អេឡិច​ត្រូនិច គ្រឿង​បំណែក​រថយន្ត ច្នៃ​ពេជ្យ ទឹក​ដោះ​គោ ភេសជ្ជៈ កាត់​ដេរ ស្បែក​ជើង ចំណី​សត្វ។ល។ ដោយ​បង្កើត​ការងារ​ច្រើន​ជាង ១៨០០០ កន្លែង។

តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ មាន​ចំងាយ​តែ ៨គីឡូ​ម៉ែត្រ​នៅ​ភាគ​ខាង​លិច​នៃ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ និង​១៨គីឡូ​ម៉ែត្រ​ពី​កណ្តាល​ទីក្រុង​ភ្នំពេញ ដែល​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ព្រះ​សីហនុ​កំពង់​ផែ​សមុទ្រ​ធំ​របស់​កម្ពុជា។ តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ មាន​ទីតាំង​ស្ថិត​នៅ​ចំណុច​កណ្តាល​នៃ​ច្រក​របៀង​ភាគ​ខាង​កើត ភាគ​ខាង​លិច នៅ​តំបន់​នេះ​មាន​ការ​ងាយ​ស្រួល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​តាម​រយៈ​ផ្លូវ​សមុទ្រ (តាម​រយៈ​ទីក្រុង​ហូជីមិញ) និង​ប្រទេស​សិង្ហបុរី (តាម​រយៈ​កំពង់​ផែ​សមុទ្រ​ទឹក​ជ្រៅ​ព្រះ​សីហនុ)។

លោក​ស្រី Deepa Hingorani អនុ​ប្រធាន​នៃ​មូល​និធិ​វិនិយោគ​ដាណឺម៉ាក​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍ (IFU) ប្រចាំ​តំបន់​អាស៊ី​ខាង​ត្បូង​បាន​លើក​ឡើង​បន្ទាប់​ពី​បាន​ទៅ​ទស្សនា និង​បាន​ឃើញ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​នា​ពេល​កន្លង​មក​ថា​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ គឺ​ជា​ជម្រើស​គួរ​ឲ្យ​ទាក់​ទាញ​សម្រាប់​វិនិយោគិន​បរទេស​ក្នុង​ការ​បង្កើត​ទីតាំង ដោយ​សារ​មាន​ទីតាំង​ទូលំ​ទូលាយ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ល្អ​ព្រម​ជា​មួយ​វត្ត​មាន​នៃ​ការិយាល័យ​នាយកដ្ឋាន​រដ្ឋាភិបាល​ដែល​ពាក់​ព័ន្ធ ដែល​ជួយ​សម្រួល​ដល់​ដំណើរ​ការ​បង្កើត​រួម​បញ្ចូល​ទាំង​ការ​អនុមត​នានា ការ​ជ្រើស​រើស​កម្លាំង​ពលកម្ម ដឹក​ជញ្ជូន​ទំនិញ​ក្នុង​និង​ចេញ​ពី​តំបន់។ ជាង​នេះ​ទៀត​តំបន់​សេដ្ឋកិច្ច​ពិសេស ក៏​បាន​ផ្តល់​នូវ​ទឹក​ស្អាត និង​ការ​បម្រុង​ទុក​អគ្គិសនី​បាន​យ៉ាង​ល្អ​ទៀត​ផង៕

ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ២ ចំនួនអ្នកទស្សនាថ្ងៃនេះ : ៤៨៤ ចំនួនអ្នកទស្សនាពីម្សិល : ៤៩១