www.acledabank.com.kh

navigate_nextMedianavigate_nextEducational Poems

ពុក !!!

- បទពាក្យ៧ -
* ពុកអើយកូននឹកគ្រប់វេលា ពុកនឿយម្នីម្នាចិញ្ចឹមកូន
  ឃើញពុករាល់ថ្ងៃឥឡូវសូន្យ ជួបតែបងប្អូនកូនខ្លោចផ្សា ។
* ភ្លៀងផ្គររលឹមពុកភ្ជួររាស់ ថ្ងៃក្តៅកាប់គាស់រានចម្ការ
  នឿយគ្រប់រដូវប្រាំងវស្សា ប្រឹងប្រកបការឱ្យកូនរៀន ។
* ពុកធ្លាប់លើកកូនជិះលើស្មា ទៅលេងយាយតាញាតិព្រៀងលាន
  ពុកបាននិយាយរឿងនិទាន ពុកយល់កូនឃ្លានឱ្យអាហារ ។
* កូនឈឺពុកព្រួយប្រឹងព្យាបាល កក់ក្តៅនៅកាលវ័យកុមារ
  ពុកអប់រំកូនឱ្យឧស្សាហ៍ ពុកប្រោសមេត្តារាល់កំហុស ។
* ពុករកផ្គត់ផ្គង់ក្នុងគ្រួសារ ពុកប្រឹងធ្វើការឱ្យដាលដុះ
  ពុកកែតម្រូវពេលកូនខុស ឱ្យកូនចាំចុះជាសីលធម៌ ។
* កាលក្មេងរស់នៅបានជួបជុំ ចម្រើនវ័យធំគួរត្រេកអរ
  ស្រាប់តែបាត់អ្នកមានគុណល្អ មមៃបន្តនឹកឃើញពុក ។
* គ្មានអ្វីតបស្នងគុណស្មើពិត ពុកផ្តាំកូនគិតរក្សាទុក
  ចងក្រងបណ្តាំជាទំនុក ទ្រព្យថ្លៃពាក្យពុកមានខ្លឹមសារ ។
* ស្រឡាញ់ពេញចិត្តតួនាទី ព្យាយាមសម្ភីប្រកបការ
  ទទួលខុសត្រូវគ្រងរក្សា ជួយសព្វញាតិសាសងគុណពុក ។

CHAT
SITE MAP FORM CENTER USER MANUAL SECURITY TIPS NEWSLETTER LEGAL AND PRIVACY NOTICE
ONLINE VISITOR: 358 ©2024 ACLEDA Bank Plc.
DARK MODE

ACLEDA Bank Plc. - Credentials

CONNECT WITH US ON