ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥
ភ្នំពេញ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត បានប្រកាសនៅថ្ងៃនេះថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបើកសម្ពោធជាផ្លូវការនូវអគារថ្មីការិយាល័យកណ្តាល ដែលមានទីតាំងនៅអគារលេខ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលសមាគមសេដ្ឋកិច្ចអាស៊ាន នាចុងឆ្នាំ២០១៥នេះ ។ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនេះ ប្រព្រឹត្តឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងឯកឧត្តម ឯកអគ្គរដ្ឋទូត និងរាជទូត ព្រមទាំងអង្គទូត និងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា នៅពេលអេស៊ីលីដា ទទួលបានអាជ្ញាប័ណ្ណជាធនាគារឯកទេស ក្នុងឆ្នាំ២០០០ អគារការិយាល័យអេស៊ីលីដា មានទីតាំងនៅតាមបណ្តោយមហាវិថីម៉ៅសេទុង មានផ្ទៃក្រឡាបម្រើការងារចំនួន ២.២២០ ម៉ែត្រការ៉េតែប៉ុណ្ណោះ ។ ចាប់ពីពេលដែលអេស៊ីលីដា ទទួលបានអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជក្នុងឆ្នាំ២០០៣ អគារការិយាល័យកណ្តាលត្រូវបានបង្កើនផ្ទៃក្រឡាបម្រើការងារដល់ទំហំ ៦.០៨៣ ម៉ែត្រការ៉េ មានចំណតយានយន្តចំនួន ១៦៨គ្រឿង ។ អគារនេះបានសាងសង់នៅក្នុងឆ្នាំ២០០៥ លើដីកម្មសិទ្ធិរបស់ធនាគារទីតាំងនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ហើយបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០០៧ ដោយប្រើប្រាស់ថវិកាចំនួន ៧.៦៨៥.៦៩៤ ដុល្លារអាមេរិក ។ អគារការិយាល័យបច្ចុប្បន្ននេះ បានដំណើរការអស់រយៈពេល ០៨ឆ្នាំកន្លងមកហើយ ។ ដោយសារតែសក្តានុពលកំណើនអតិថិជនពីចំនួន ៦០.៨៦០នាក់ ដល់ចំនួនជាង ២លាននាក់ បានធ្វើឲ្យទ្រព្យសកម្មរបស់អេស៊ីលីដាកើនពីចំនួន ២២.៣ លានដុល្លារអាមេរិករហូតដល់ចំនួន ៣.៩០១ លានដុល្លារអាមេរិក ហើយបុគ្គលិកកើនដល់ចំនួន ១១.៩១៣នាក់ ដែលក្នុងនោះបុគ្គលិកការិយាល័យកណ្តាលកើនពីចំនួន ៧២នាក់ នៅឆ្នាំ២០០០ ដល់ចំនួន ១.៥៥០នាក់ រួមទាំងបុគ្គលិកក្រុមហ៊ុនបុត្រសម្ព័ន្ធនាដំណាច់ខែវិច្ឆិកា ឆ្នាំ២០១៥ ហើយអាចនឹងបន្តកើនឡើងជាលំដាប់នាឆ្នាំក្រោយៗទៀត ។
បណ្ឌិត អ៊ិន ចាន់នី បានមានប្រសាសន៍បន្តទៀតថា ដោយសារតែអភិវឌ្ឍនារ្យភាពរបស់ខ្លួន និងសេចក្តីត្រូវការរបស់អតិថិជន អេស៊ីលីដា បាននិងកំពុងបន្តធ្វើនវូបនីយកម្មទាន់សម័យបច្ចេកវិជ្ជាធនាគារ នៃបណ្តាញប្រតិបត្តិការទាំងហេដ្ឋារចនាសម្ព័ន្ធអគារការិយាល័យចំនួន ៣០៤ ទាំងក្នុងប្រទេស និងក្រៅប្រទេស និងប្រព័ន្ធបច្ចេកវិជ្ជាព័ត៌មានលំដាប់ថ្នាក់អន្តរជាតិ ក្នុងនោះរួមមានសេវាអេស៊ីលីដាយូនីធីជាសេវាធនាគារតាមទូរស័ព្ទដៃ ម៉ាស៊ីនដាក់-ដកប្រាក់ស្វ័យប្រវត្តិ ម៉ាស៊ីនឆូតកាតអេស៊ីលីដាដែលជាឧបករណ៍អេឡិចត្រូនិកសម្រាប់ប្រើជាមួយប័ណ្ណអេស៊ីលីដា និងប័ណ្ណរបស់បណ្តាធនាគារក្នុងស្រុក និងអន្តរជាតិសម្រាប់ធ្វើការទូទាត់ទំនិញ ឬសេវាកម្ម ។ សេវាអេស៊ីលីដាអ៊ីនធើណែត និងសេវាអេស៊ីលីដា អ៊ីខុមមើសដែលជាសេវាលំដាប់ថ្នាក់ពិភពលោកដែលមានលក្ខណៈងាយស្រួលប្រកបដោយសុវត្ថិភាពខ្ពស់សម្រាប់អតិថិជនប្រើប្រាស់ស្វ័យប្រតិបត្តិការធ្វើឱ្យអតិថិជនអាចបម្រើសេវា ឬធ្វើប្រតិបត្តិការដោយខ្លួនឯងតាមតម្រូវការគ្រប់ពេលវេលា គ្រប់ទីកន្លែងរហូតដល់២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ដោយពុំចាំបាច់ធ្វើដំណើរមកកាន់ការិយាល័យអេស៊ីលីដាឡើយ ។
អេស៊ីលីដា បាន និងកំពុងបម្រើអតិថិជនជាសកលប្រកបដោយគុណភាព ផាសុកភាព និងសុវត្ថិភាពស្របពេលជាមួយសមាហរណកម្មសេដ្ឋកិច្ចអាស៊ាននាចុងឆ្នាំ២០១៥ នេះ ដោយបានសាងសង់អគារថ្មីការិយាល័យកណ្តាលតាមស្តង់ដារអន្តរជាតិក្នុងខែមករា ឆ្នាំ២០១៣ ដែលមានកម្ពស់ ២០ជាន់ និងអគារក្រោមដីចំនួន ០៤ជាន់មានផ្ទៃក្រឡាបម្រើការងារសរុបចំនួន ៤៣.០០០ ម៉ែត្រការ៉េសម្រាប់ប្រើប្រាស់រយៈពេល ២០ឆ្នាំទៅមុខទៀត រីឯអគារការិយាល័យកណ្តាលបច្ចុប្បន្នទុកសម្រាប់ធ្វើជាសាលបម្រើអតិថិជន ។
អគារថ្មីការិយាល័យកណ្តាលនេះគូសប្លង់ដោយក្រុមហ៊ុន Aedas មានការិយាល័យនៅទីក្រុងហុងកុងដែលជាស្ថាបត្យករល្បីល្បាញ និងទទួលស្គាល់ជាលំដាប់ថ្នាក់អន្តរជាតិរួមជាមួយនិងក្រុមហ៊ុន iLi Consulting Engineers Mekong Ltd. ជាទីប្រឹក្សាបច្ចេកទេសផ្នែកវិស្វកម្ម, Optima Consultant Ltd. ជាទីប្រឹក្សាបច្ចេកទេសផ្នែកមេកានិកអគ្គិសនី និងប្រព័ន្ធបណ្តាញទឹក និង BK Asia Pacific ជាទីប្រឹក្សាផ្នែកគ្រប់គ្រងចំណាយ ។ អគារថ្មីនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុន HYUNDAI Engineering Co., Ltd. ដែលជាក្រុមហ៊ុនជំនាញ និងមានឈ្មោះល្បីល្បាញលើការសាងសង់អគារជាច្រើននៅប្រទេសកូរ៉េខាងត្បូង និងនៅបរទេសព្រមទាំងទទួលបានជោគជ័យនៅក្នុងប្រទេសកម្ពុជាដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៤ខែ និងថវិកាចំនួន ៧៦.៦៩៥.២២៤ ដុល្លារអាមេរិក បំពាក់ទៅដោយឧបករណ៍សម្ភារការិយាល័យទំនើប និងទាន់សម័យព្រមទាំងមានប្រព័ន្ធការពារសន្តិសុខ ការសន្សំសំចៃថាមពលប្រើប្រាស់ ការបង្ការអគ្គិភ័យ បណ្តាញត្រួតពិនិត្យ និងប្រព័ន្ធទូរគមនាគមន៍ ហើយនិងប្រព័ន្ធគាំទ្របច្ចេកវិជ្ជាព័ត៌មានរួមទាំងមានកន្លែងសម្រាប់ចតយានយន្តគ្រប់ប្រភេទចំនួន ១.២៣៩ គ្រឿង និងមានអាហារដ្ឋានសម្រាប់បុគ្គលិកដែលប្រកបដោយផាសុកភាពខ្ពស់ ។
លោក សូស៊ុកិ ម៉ូរី នាយកប្រតិបត្តិ និងជាប្រធានអាស៊ីបាស៊ីហ្វិចទទួលបន្ទុកជាប្រធានធុរកិច្ចទីផ្សារនៃធនាគារ Sumitomo Mitsui Banking Corporation បានមានប្រសាសន៍ថា ពីរ-បី ឆ្នាំកន្លងមកនេះធនាគារ Sumitomo Mitsui Banking Corporation បានចាប់ផ្តើមស្វែងរកដៃគូអាជីវកម្មដ៏ល្អ និងគួរឱ្យទុកចិត្តបំផុតក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងការធ្វើកិច្ចសហការជាមួយគ្នាមិនត្រឹមតែដើម្បីជួយគាំទ្រដល់អតិថិជនសាជីវកម្មរបស់ប្រទេសជប៉ុនប៉ុណ្ណោះទេ គឺថែមទាំងជួយគាំទ្រ និងជំរុញជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឱ្យមានលក្ខណៈកាន់តែល្អប្រសើរផងដែរ ។ ជាជោគជ័យយើងបានសហការជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី និងកម្មករនិយោជិតរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាអ្នកផ្តល់សេវាធនាគារដ៏ល្អបំផុតជូនដល់អតិថិជនដូចនឹងគតិពេចន៍របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី "ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត" ពិតប្រាកដមែន ។
លោក សូស៊ុកិ ម៉ូរី បានបញ្ជាក់បន្ថែមទៀតថាការអភិវឌ្ឍដ៏ឆាប់រហ័សរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងរយៈពេល ២៣ឆ្នាំកន្លងមកនេះគឺពិតជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់បំផុត ។ ហើយថ្ងៃនេះផងដែរមុនការមកដល់នៃសហគមន៍សេដ្ឋកិច្ចអាស៊ាន "AEC" យើងទាំងអស់គ្នាមានវត្តមាននៅទីនេះធ្វើការប្រារព្ធឡើងនូវព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ថ្មីមួយទៀតដើម្បីចាប់ផ្តើមប្រតិបត្តិការលើដំណើរការឆ្ពោះទៅរកចំណុចកំពូលថ្មី ។ ទោះបីជាយ៉ាងណាក៏ដោយដំណើរឆ្ពោះទៅមុខគឺវាមិនងាយស្រួលនោះទេប្រសិនបើយើងបង្កើនភាពមិនប្រាកដប្រជាក្នុងសេដ្ឋកិច្ចសកលលោក ។ ការប្រកួតប្រជែងឆ្លងប្រទេសដើម្បីផ្តល់ការបម្រើដ៏ល្អប្រសើរជូនដល់អតិថិជន នឹងបង្កើនភាពច្បាស់លាស់ជាមួយនឹងសមាហរណកម្មហិរញ្ញវត្ថុដ៏ធំក្នុងតំបន់អាស៊ាននៅឆ្នាំ២០២០ ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី អាចប្រឈរមុខនឹងបញ្ហាប្រឈមគ្រប់ប្រភេទដែលនឹងកើតមានតាមរយៈបច្ចេកវិជ្ជាហិរញ្ញវត្ថុថ្មីៗ "Fin Tech" ដែលបណ្តាស្ថាប័នប្រកួតប្រជែងទាំងនោះគេនឹងបង្កើតសេវាហិរញ្ញវត្ថុតាមរយៈប្រព័ន្ធអ៊ីនធើណែត ។ ជាមួយគ្នានេះដែរ ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រាកដជាអាចតស៊ូជម្នះនឹងបញ្ហាប្រឈមដែលនឹងកើតមានឡើងនេះក្នុងនាមជាស្ថាប័នដែលមានឥទ្ធិពលហើយក៏ជាធនាគារដែលមានការរីកចម្រើនខ្ពស់ជាងគេក្នុងតំបន់ ។ ដោយសារហេតុអ្វី ? ពីព្រោះសមិទ្ធផលរបស់អេស៊ីលីដា រយៈពេលជាង ២៣ឆ្នាំកន្លងមកនេះបានបង្ហាញឱ្យយើងដឹងបែបនោះ ។ ហើយព្រមទាំងអគារស្តង់ដារថ្មីស្រឡាងនេះហើយគឺជានិមិត្តរូបមិនត្រឹមតែជាចក្ខុវិស័យប៉ុណ្ណោះទេប៉ុន្តែជាទំនុកចិត្តរបស់ធនាគារដែលបានដើរតួនាទីដ៏ធំក្នុងឆ្នាំបន្តបន្ទាប់ទៀត ។
លោក សូស៊ុកិ ម៉ូរី ក៏បានបន្តទៀតថា ធនាគារ Sumitomo Mitsui Banking Corporation មានមោទនភាពដែលបានចូលរួមចំណែកក្នុងព្រឹត្តិការណ៍នេះជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ហើយមិនត្រឹមតែជាភាគទុនិកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដៃគូ និងជាក្រុមដែលរួមសហប្រតិបត្តិការដ៏ល្អជាមួយគ្នាផងដែរ ។
ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ ធនាគារ អេស៊ីលីដា ជាពិសេស បណ្ឌិត អ៊ិន ចាន់នី ដែលបានរាយការណ៍ជូនអង្គពិធីយ៉ាងក្បោះក្បាយដោយឆ្លុះបញ្ចាំងពីវឌ្ឍនភាព និងការរីកចម្រើននៃប្រតិបត្តិការរបស់ធនាគារ ក៏ដូចជាការពង្រីកបណ្តាញប្រតិបត្តិការទាំងក្នុងនិងក្រៅប្រទេស ។ ក្នុងការរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលធនាគារជាតិនៃកម្ពុជាបានបន្តអនុវត្តគោលនយោបាយរូបិយវត្ថុប្រកបដោយភាពទន់ភ្លន់ និងប្រុងប្រយ័ត្នផ្អែកលើការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងនិន្នាការនៃស្ថានភាពសេដ្ឋកិច្ចតំបន់និងសកលដោយរក្សាបាននូវស្ថិរភាពថ្លៃនិងអត្រាប្តូរប្រាក់រៀល ។ អត្រាអតិផរណាបន្តមានស្ថិរភាពដោយត្រូវបានប៉ាន់ស្មានក្នុងកម្រិតក្រោម ៣% ដែលជាកម្រិតទាបអាចគ្រប់គ្រងបាន ។ ធនាគារជាតិនៃកម្ពុជាក៏បានពង្រឹងជាបន្តបន្ទាប់ជាមួយភាគីពាក់ព័ន្ធដើម្បីបង្កើនការយល់ដឹងរបស់សាធារណជនអំពីវិស័យធនាគារនិងហិរញ្ញវត្ថុ និងការប្រើប្រាស់សេវាហិរញ្ញវត្ថុដែលកំពុងរីកចម្រើននិងគ្របដណ្តប់រហូតដល់តំបន់ជនបទ និងដើម្បីពង្រឹងបរិយាប័ន្នហិរញ្ញវត្ថុ និងជំនឿទុកចិត្តរបស់សាធារណជនមកលើប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា ។
ឯកឧត្តម ជា ចាន់តូ បានមានប្រសាសន៍បន្តទៀតថាអត្រាកំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថានឹងបន្តមានភាពរឹងមាំក្នុងកម្រិតជាមធ្យមប្រមាណ ៦,៩% ដែលគាំទ្រដោយកំណើនដ៏រឹងមាំនៃការនាំចេញផលិតផល វាយនភណ្ឌ ការរីកចម្រើននៃវិស័យកសិកម្ម ទេសចរណ៍ និងសំណង់ ។ សមិទ្ធផលដ៏គួរឱ្យកត់សម្គាល់នេះអាចសម្រេចទៅបានដោយសារកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការរក្សាបាននូវស្ថិរភាពនយោបាយ សន្តិសុខសង្គម និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច តាមរយៈការបន្តអនុវត្តកម្មវិធីកំណែទម្រង់ និងអភិវឌ្ឍនានាព្រមទាំងការអនុវត្តគោលនយោបាយរូបិយវត្ថុប្រកបដោយភាពប្រុងប្រយ័ត្នដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចិរភាព ។
កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍កោតសរសើរចំពោះភាគទុនិក ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងនិយោជិតទាំងអស់ដែលបានខិតខំប្រឹងប្រែងពង្រឹង និងពង្រីកសកម្មភាពធនាគាររបស់ខ្លួន ហើយបានប្រតិស្នឡើងនូវអគារថ្មីដ៏ទំនើប និងរឹងមាំព្រមទាំងបំពាក់ដោយប្រព័ន្ធសុវត្ថិភាពទាន់សម័យស្របតាមបទដ្ឋានអន្តរជាតិ ។ រូបរាង និងទីតាំងអគារថ្មីនេះនឹងសម្រួលដល់ការបម្រើសេវាកម្មជូនអតិថិជនឱ្យកាន់តែល្អប្រសើរដោយមានទីកន្លែង និងបរិស្ថានល្អ ដែលធ្វើឱ្យធនាគារបង្កើនបាននូវភាពជឿទុកចិត្តចំពោះសាធារណជនទាំងក្នុង និងក្រៅប្រទេស ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានរួមចំណែកក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជាដោយបានទាក់ទាញវិនិយោគិនក្នុង និងក្រៅប្រទេស កៀរគរប្រាក់សន្សំ ផ្តល់ហិរញ្ញប្បទាន និងផ្តល់សេវាហិរញ្ញវត្ថុជាច្រើនទៀតដល់អាជីវករ ពាណិជ្ជករ វិនិយោគិន និងប្រជាពលរដ្ឋ ជាពិសេសបានពង្រីកសកម្មភាពបណ្តាញប្រតិបត្តិការទាំងហេដ្ឋារចនាសម្ព័ន្ធការិយាល័យចំនួន ៣០៤ ទាំងក្នុងប្រទេស និងក្រៅប្រទេស ។ សកម្មភាពទាំងនេះជាមោទនភាពដ៏ខ្ពង់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជាដែលមានធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារខ្មែរដំបូងគេបង្អស់បានពង្រីកវិសាលភាពប្រតិបត្តិការទៅក្នុងតំបន់អាស៊ាន ។ ជាងនេះទៅទៀតការវិវឌ្ឍរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ការិយាល័យកណ្តាល ជាសក្ខីកម្មដែលបញ្ជាក់ពីការរីកចម្រើនភាពរឹងមាំ និងថែមទាំងបានបង្ហាញពីការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងព្រះរាជាណាចក្រកម្ពុជាជាពិសេសការត្រៀមខ្លួនសម្រាប់សមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាននៅចុងខែធ្នូ ឆ្នាំ២០១៥ នេះ ។
កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ក៏បានជម្រាបពីសកម្មភាពរបស់វិស័យធនាគារ និងហិរញ្ញវត្ថុមានការរីកចម្រើនជាខ្លាំងព្រមទាំងបន្តរក្សាបាននូវភាពរឹងមាំ និងស្ថិរភាពក្នុងកាលៈទេសៈលំបាកនានាកន្លងមក ។ ជាក់ស្ដែងគិតត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០១៥ ទាំងធនាគារពាណិជ្ជ ទាំងធនាគារឯកទេសបានបើកសាខាសរុបចំនួន ៥៨៦ កន្លែងនៅទូទាំងប្រទេស ។ ទ្រព្យសកម្មក្នុងវិស័យធនាគារដោយរាប់បញ្ចូលទាំងស្ថាប័នមីក្រូហិរញ្ញវត្ថុស្របច្បាប់កើនឡើងដល់ប្រមាណជាង ២២ ពាន់លានដុល្លារអាមេរិក ខណៈដែលប្រាក់បញ្ញើអតិថិជនបានកើនឡើងដល់ប្រមាណជាង ១២ ពាន់លានដុល្លារអាមេរិក និងឥណទានសរុបកើនឡើងដល់ប្រមាណជាង ១៤ ពាន់លានដុល្លារអាមេរិក ។ តួលេខនេះបង្ហាញពីទំនុកចិត្តកាន់តែខ្ពស់មកលើប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា ។ គោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុគឺបន្តប្រឹងប្រែងធ្វើឱ្យវិស័យនេះកាន់តែមានវិសាលភាពទូលំទូលាយ ពិពិធភាព ស៊ីជម្រៅ និងរឹងមាំដោយផ្អែកលើគោលការណ៍ទីផ្សារដើម្បីរួមចំណែកទ្រទ្រង់កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ។ ដើម្បីសម្រេចបាននូវគោលដៅនេះរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ ២០១១-២០២០ ដោយផ្ដោតលើអាទិភាពមួយចំនួនដូចជា៖ ការអភិវឌ្ឍនិងសម្របសម្រួលក្របខ័ណ្ឌគោលនយោបាយ, ការអភិវឌ្ឍសមត្ថភាពស្ថាប័ននិងធនធានមនុស្ស, ការអភិវឌ្ឍយន្តការបង្ការ និងដោះស្រាយវិបត្តិ និងយន្តការផ្ដល់សញ្ញាជាមុនអំពីវិបត្តិនានា, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងប្រសិទ្ធភាពប្រតិបត្តិការនៃវិស័យហិរញ្ញវត្ថុ, ការពង្រីកសេវាមីក្រូហិរញ្ញវត្ថុដែលមានការប្រាក់សមរម្យសម្រាប់ប្រជាជនក្រីក្រជាដើម ។ ភាពរឹងមាំ ស្ថិរភាព និងការរីកចម្រើននៃវិស័យធនាគារនិងហិរញ្ញវត្ថុនិយាយដោយឡែក និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចយ៉ាងខ្លាំងក្លាមកទល់បច្ចុប្បន្ននិយាយជារួមគឺជាមនុញ្ញកុសលនៃការដឹកនាំដ៏វៃឈ្លាសពោរពេញទៅដោយបញ្ញាញាណ និងគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ប្រកបដោយភាពប្រាកដនិយមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទោះបីទទួលរងនូវបញ្ហាប្រឈមនានាជាពិសេសគ្រោះធម្មជាតិ និងឥទ្ធិពលអាក្រក់ពីវិបត្តិកលិយុគហិរញ្ញវត្ថុអន្តរជាតិ ព្រមទាំងការធា្លក់ចុះនៃសេដ្ឋកិច្ចសាកលលោកក្តីក៏កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព និងបរិយាប័ន្នជាមធ្យមជាង ៨% ក្នុងមួយឆ្នាំក្នុងរយៈពេលជាងមួយទស្សវត្សរ៍កន្លះតាំងពីឆ្នាំ ១៩៩៩ មក ។ ភាពធននៃសេដ្ឋកិច្ចកម្ពុជាខាងលើនេះក៏ដោយសារតែគុណបុណ្យនៃនយោបាយ ឈ្នះ-ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានដាក់ចេញ និងដឹកនាំអនុវត្តផ្ទាល់ហើយសម្រេចបានជោគជ័យដ៏ត្រចះត្រចង់កាលពីចុងឆ្នាំ១៩៩៨ ដែលបាននាំមកជូនកម្ពុជានូវសុខសន្តិភាពពេញលេញឯកភាពទឹកដី ឯកភាពជាតិដែលជាបុរេល័ក្ខខ័ណ្ឌក្នុងការរក្សានូវស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពហិរញ្ញវត្ថុ សណ្ដាប់ធ្នាប់សង្គម លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ។ ទន្ទឹមនឹងនេះ កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ក៏បានបញ្ជាក់ជូនសាធារណជនទាំងអស់ជាពិសេសបងប្អូននៅជនបទឱ្យបានជ្រាបថាស្ថាប័នមីក្រូហិរញ្ញវត្ថុមួយចំនួនដែលកំពុងធ្វើប្រតិបត្តិការនៅជនបទពុំបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ និងឆ្លៀតឱកាសផ្ដល់ឥណទានដោយយកការប្រាក់ខ្ពស់ហួសហេតុ ។ ជាមួយគ្នានេះក៏មានស្ថាប័នឬអង្គការមួយចំនួនទៀតធ្វើសកម្មភាពមីក្រូហិរញ្ញវត្ថុដោយខុសច្បាប់ និងបម្រើសកម្មភាពនយោបាយទៅវិញដោយពុំមានបញ្ជាក់អំពីប្រភពហិរញ្ញប្បទាន និងអត្តសញ្ញាណច្បាស់លាស់ ។ ចំពោះមុខ ក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនឹងចាត់វិធានការផ្លូវច្បាប់ម៉ឺងម៉ាត់បំផុតចំពោះស្ថាប័នឬអង្គការដែលខុសច្បាប់ទាំងនោះ ។ កិត្តិសេដ្ឋាបណ្ឌិត បានស្នើឱ្យធនាគារ អេស៊ីលីដា ភីអិលស៊ី បន្តពង្រីកតំបន់គ្របដណ្ដប់សេវារបស់ខ្លួន ក្នុងន័យរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលុបបំបាត់ស្ថាប័នមីក្រូហិរញ្ញវត្ថុខុសច្បាប់នៅទូទាំងប្រទេស ។
កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ក៏បានរម្លឹកអំពីសារអំពាវនាវរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ ដែលបានស្នើដល់ស្ថាប័នហិរញ្ញវត្ថុ និងធនាគារត្រូវធ្វើការជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុរិះរកមធ្យោបាយជួយប្រជាជនដែលរងគ្រោះដូចជាពន្យារពេលសង ឬពន្យារពេលសងដោយមិនយកការប្រាក់ ឬបន្ថយការប្រាក់ និងទប់ស្កាត់ការរឹបអូសដីធ្លីផ្ទះសម្បែង ទ្រព្យសម្បត្តិពីម្ចាស់បំណុលចំពោះកូនបំណុលដែលកំពុងជួបការលំបាកដោយគ្រោះធម្មជាតិនៅឆ្នាំនេះ ។ នេះជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់ខ្លាំងបំផុតរបស់សម្ដេចនាយករដ្ឋមន្ត្រីចំពោះជីវភាពរស់នៅ និងសុខុមាលភាពរបស់បងប្អូនប្រជាកសិករដែលកំពុងប្រឈមនឹងបញ្ហាធ្លាក់ចុះនៃតម្លៃកសិផល និងកង្វះទឹកសម្រាប់បង្ករបង្កើនផល ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈ ៖
បណ្ឌិត សូ ផនណារី
អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ
អ៊ីម៉ែល ៖ phonnary@acledabank.com.kh
លោក ព្រំ វិសុទ្ធ
អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិនីតិកម្ម និងលេខាធិការក្រុមហ៊ុន
អ៊ីម៉ែល ៖ visoth@acledabank.com.kh