www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ​អេស៊ីលីដា ឡាវ ចាប់​ផ្តើម​ប្រតិបត្តិការ

ធនាគារ​អេស៊ីលីដា ឡាវ ចាប់​ផ្តើម​ប្រតិបត្តិការ

ថ្ងៃ​ទី១៦ ខែកក្កដា ឆ្នាំ​២០០៨

ការិយាល័យ​កណ្តាល ធនាគារ​អេស៊ីលីដា ឡាវ
ការិយាល័យ​កណ្តាល ធនាគារ​អេស៊ីលីដា ឡាវ

ទីក្រុង​វៀងចន្ទន៍ – ថ្ងៃ​ទី០៨ ខែ​កក្កដា ឆ្នាំ២០០៨ – ធនាគារ​អេស៊ីលីដា ឡាវ បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវការ​នូវ​អគារ​ការិយាល័យ​កណ្ដាល​របស់​ខ្លួន មាន​កម្ពស់​បួន​ជាន់ មាន​ទីតាំង​នៅ​អគារ​លេខ៣៧២ រង្វង់មូល​ផ្លូវ​ឌុងប៉ាឡាន និងឌុងប៉ាយណា ក្រុមទី២១ ភូមិផូនសាក់វណ្ណនឿ ខណ្ឌស៊ីសាត់តាក់ណាក ទីក្រុង​វៀងចន្ទន៍ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ។ ពិធី​នេះ​បាន​ទទួល​កិត្តិយស​ចូលរួម​ដ៏​ឧត្ដុង្គឧត្ដម​ពី​សំណាក់​ទេសាភិបាល​ធនាគារ​ឡាវ, ឯកអគ្គរដ្ឋទូត​តំណាង​ប្រទេស​នានា​ប្រចាំ​ប្រទេស​ឡាវ, ភ្ញៀវ​កិត្តិយស, ថ្នាក់​គ្រប់គ្រង​ធនាគារ​អេស៊ីលីដា ភីអិលស៊ី, ថ្នាក់​គ្រប់គ្រង​និង​បុគ្គលិក​ធនាគារ​អេស៊ីលីដា​ឡាវ ទាំង​អស់ ។

លោក អ៊ិន ចាន់នី ប្រធាននាយក​ប្រតិបត្តិ ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​សម្ដែង​ការស្វាគមន៍​ជា​ពិសេស ចំពោះ​លោកស្រី Mattheuis-Maier អញ្ជើញ​មក​ពី KfW នា​ប្រទេស​អាល្លឺម៉ង់ មក​ចូលរួម​ក្នុង​ពេល​នេះ ហើយ​លោកស្រី​ជា​អ្នក​គាំទ្រ​ដ៏​សំខាន់​និង​តាំង​ពី​ដំបូង​បង្អស់ ដល់​ការរីកចម្រើន​របស់​អេស៊ីលីដា ។ យើង​ទទួល​បាន​ការចូលរួម​ពី​ភ្ញៀវ​កិត្តិយស និង​អតិថិជន​មក​ពី​តំបន់​នានា​ជុំវិញ​ពិភពលោក ដែល​មាន​វត្តមាន​នៅ​ទី​នេះ នាពេល​នេះ និង​បាន​ធ្វើឱ្យ​ការសម្ពោធ​នេះ​ក្លាយ​ជា​ពិធី​មួយ​មាន​លក្ខណៈ​ជា​អន្តរជាតិ​យ៉ាង​ពិត​ប្រាកដ ។ លោក អ៊ិន ចាន់នី បាន​បន្ថែម​ទៀត​ថា "ថ្ងៃ​នេះ ខ្ញុំ​មាន​មោទនភាព​ខ្លាំង​ណាស់ ដែល​ពិធី​មួយ​នេះ​នឹង​ជួយ​ជំរុញឱ្យ​វត្តមាន​របស់​ធនាគារ​អេស៊ីលីដា នៅ​ប្រទេស​ឡាវ បោះ​ជំហាន​ឆ្ពោះ​ទៅ​មុខ ស្រប​តាម​យុទ្ធសាស្ត្រ​ចីរភាព​យូរ​អង្វែង​របស់​យើង ដែល​ចង់​ក្លាយ​ជា​ធនាគារ​មួយ​ដ៏​ជោគជ័យ​ប្រចាំ​តំបន់" ។

លោក អ៊ិន ចាន់នី បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ឯកឧត្ដម​ទេសាភិបាល​ធនាគារ​ឡាវ ដែល​បាន​គាំទ្រ​យ៉ាង​មុតមាំ និង​ផ្ដល់​ទំនុក​ចិត្ត​ចំពោះ​យើង​ខ្ញុំ ដែល​បង្ហាញ​ឡើង​តាម​រយៈ​ការផ្ដល់​អាជ្ញាប័ណ្ណ​ពេញលេញ​ដល់​ធនាគារ​អេស៊ីលីដា ឡាវ នា​ថ្ងៃ​នេះ ។

លោក វ៉ាន់ សារឿន អគ្គនាយក ធនាគារ​អេស៊ីលីដា ឡាវ បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​យើង​មាន​បុគ្គលិក ៦៦នាក់ ដែល​បាន​បញ្ជូន​ទៅ​សិក្សា​ទាំង​ទ្រឹស្ដី​និង​ការអនុវត្ត នៅ​ការិយាល័យ​កណ្ដាល ប្រទេស​កម្ពុជា រយៈពេល​ពីរ​ខែ ។ យើង​កំពុង​ជ្រើសរើស​បន្ថែម​ទៀត និង​កំពុង​យកចិត្ត​ទុកដាក់​កសាង​សមត្ថភាព ផ្ទេរ​ចំណេះ​ដឹង​និង​បទពិសោធន៍​នៅ​ទីនេះ ។ បន្ទាប់​ពី​ពីរ​ឆ្នាំ​ខាងមុខ ក្រុម​ជំនាញ​កម្ពុជា​នឹង​ចាប់ផ្ដើម​ចាកចេញ ដោយ​ផ្ទេរ​តំណែងឱ្យ​បុគ្គលិក​ជនជាតិ​ឡាវ ចូល​ទទួល​តំណែង​គ្រប់គ្រង​ទាំង​នោះ​ដោយ​ផ្ទាល់​តែម្ដង ។

ក្នុង​ការ​ខិត​ទៅ​ជិត​អតិថិជន ដើម្បី​បម្រើ​សេវាហិរញ្ញវត្ថុ​ជូន​ពួកគាត់ ធនាគារ​អេស៊ីលីដា ឡាវ នឹង​បើក​សាខា​របស់​ខ្លួន​ពីរ​បន្ថែម​ទៀត​ក្នុង​ឆ្នាំ​នេះ នៅ​ខេត្ត​សាក់វណ្ណខេត និង​ចំប៉ាសាក់ រួច​ហើយ​បើក​សាខា​មួយ​ទៀត​នៅ​ឆ្នាំ​ក្រោយ ក្នុង​ស្រុក​ថាខេក ខេត្ត​ខាំមួន ។ ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ខាងមុខ ធនាគារ​អេស៊ីលីដា មាន​គម្រោង​បើក​សាខា​ខេត្ត-​រាជធានី​ចំនួន​បួន សាខា​ស្រុក​ចំនួន១១ សង្កាត់​ចំនួន១៩ ដោយ​មាន​បុគ្គលិក​កើនឡើង​សរុប​ដល់ ៤០០នាក់ ។ ធនាគារ​អេស៊ីលីដា រំពឹង​ថា​នឹង​ផ្ដល់​ឥណទាន​ជូន​អតិថិជន​របស់​ខ្លួន​បាន​ចំនួន ១៥០.០០០នាក់ ក្នុង​អំឡុងពេល​នោះ ។

តាម​សារព័ត៌មាន Vientiane Times របស់​ឡាវ ចេញ​ផ្សាយ​ថ្ងៃ​ទី១០ កក្កដា ២០០៨ ទេសាភិបាល​ធនាគារ​ឡាវ បាន​មាន​ប្រសាសន៍​ថា "វត្តមាន​របស់​ធនាគារ​អេស៊ីលីដា ឡាវ បាន​ឆ្លុះ​បញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​ដ៏​មុតមាំ​របស់​ខ្លួន ក្នុង​ការចូលរួម​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ ដោយ​សហការ​ជា​មួយ​រដ្ឋាភិបាល​ឡាវ" ។

យោង​តាម​សារព័ត៌មាន Phnom Penh Post ដែល​ចុះផ្សាយ​សម្រាប់​ថ្ងៃ ១១-២៤ កក្កដា ២០០៨ បាន​និយាយ​ថា ធនាគារ​អេស៊ីលីដា ភីអិលស៊ី ជា​ធនាគារ​ពាណិជ្ជ​របស់​កម្ពុជា​ដំបូង​គេ ដែល​ពង្រីក​ប្រតិបត្តិការ​នៅ​បរទេស ចាប់​ពី​ថ្ងៃទី០៨ ខែ​កក្កដា នេះ​តទៅ ។ សារព័ត៌មាន​នេះ​ក៏​បាន​លើក​យក​ប្រសាសន៍​លោក​ជំទាវ នាវ ច័ន្ទថាណា ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា កាល​ពី​ថ្ងៃ​ទី០៧ ខែ​កក្កដា នេះ​ថា ការ​ដាក់​ទុន​វិនិយោគ​របស់​ធនាគារ​អេស៊ីលីដា នៅ​ក្នុង​ប្រទេស​ឡាវ​នេះ បាន​ទទួល​ការគាំទ្រ​យ៉ាង​ពេញលេញ​ពី​ធនាគារជាតិ​នៃ​កម្ពុជា ។ លោកជំទាវ បាន​មាន​ប្រសាសន៍​ថា យើង​បាន​លើក​ទឹកចិត្តឱ្យ​ធនាគារ​កម្ពុជា​ពង្រីក​ប្រតិបត្តិការ​របស់​ខ្លួន​ទៅ​ក្រៅ​ប្រទេស ហើយ​ធនាគារ​អេស៊ីលីដា ជា​ធនាគារ​ដំបូង​បង្អស់​ដែល​ធ្វើ​បាន​សម្រេច ។

កត្តា​មួយ​ចំនួន​ដែល​ជំរុញឱ្យ​ធនាគារ​អេស៊ីលីដា​ជ្រើសរើស​មក​ប្រទេស​ឡាវ រួមមាន​ដូចជា ការរីកចម្រើន​ខ្លាំង​នៃ​សេដ្ឋកិច្ច​ប្រទេស​ឡាវ​ប្រកប​ដោយ​ចីរភាព, ទទួល​បាន​ការគាំទ្រ​យ៉ាង​ពេញលេញ​ពី​អាជ្ញាធរ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ, ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ភាគហ៊ុនិក​និង​ក្រុមប្រឹក្សាភិបាល ព្រមជាមួយ​នឹង​ថ្នាក់​គ្រប់គ្រង និង​បុគ្គលិក​របស់​យើង ដែល​មាន​ការប្ដេជ្ញា​ចិត្ត​ខ្ពស់ ។

ធនាគារ​អេស៊ីលីដា ឡាវ នឹង​ចាប់ផ្ដើម​បម្រើ​នូវ​សេវា​ធនាគារ​ពាណិជ្ជ និង​សេវា​ធនាគារ​លក់រាយ​គ្រប់​ប្រភេទ រួមមាន​ដូចជា សេវា​ឥណទាន សេវា​បញ្ញើ-សន្សំ សេវា​ផ្ទេរប្រាក់ និង​សេវា​ចាត់ចែង​សាច់ប្រាក់ ។


សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​តាមរយៈ

ធនាគារ អេស៊ីលីដា ឡាវ ការិយាល័យ​កណ្ដាល ៖ អគារ​លេខ៣៧២ រង្វង់មូល​ផ្លូវ​ឌុងប៉ាឡាន និងឌុងប៉ាយណា ក្រុមទី២១ ភូមិផូនសាក់វណ្ណនឿ ខណ្ឌស៊ីសាត់តាក់ណាក ទីក្រុង​វៀងចន្ទន៍ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ
ប្រអប់សំបុត្រលេខ ៖ ១៥៥៥
ទូរស័ព្ទ ៖ +៨៥៦ (០)២១ ២៦៤ ៩៩៤
ទូរសារ ៖ +៨៥៦ (០)២១ ២៦៤ ៩៩៥
អ៊ីម៉ែល ៖
SWIFT ៖ ACLBLALA

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៨១ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖