www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextការ​ចូល​រួម​បរិច្ចាគ​ឈាម​របស់​កម្មករ​និយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់​លំដាប់​ថ្នាក់

ការ​ចូល​រួម​បរិច្ចាគ​ឈាម​របស់​កម្មករ​និយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់​លំដាប់​ថ្នាក់

ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣

ACLEDA Photo

រាជធានីភ្នំពេញ ថ្ងៃចន្ទ ១៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារ​ពាណិជ្ជ​ទីមួយ ដែល​បាន​បោះផ្សាយ​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​នៅ​កម្ពុជា បាន​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃ​នេះ​ថា ថ្នាក់​ដឹកនាំ និង​កម្មករ​និយោជិត​ធនាគារ អេស៊ីលីដា គ្រប់​លំដាប់​ថ្នាក់​នៅ​ការិយាល័យ​កណ្តាល និង​សាខា​ជុំវិញ​រាជធានី​ភ្នំពេញ បាន​ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត ដើម្បី​ជួយ​សង្គ្រោះ​ជនរង​គ្រោះ និង​អ្នក​ជំងឺ​ដែល​ត្រូវ​ការ​ឈាម។

ACLEDA Photo

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា បាន​មាន​ប្រសាសន៍​ថា ការបរិច្ចាគ​ឈាម​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ការជួយ​សង្គ្រោះ​ជន​រងគ្រោះ និង​អ្នក​ជំងឺ​ដែល​ត្រូវការ​ឈាម ដើម្បី​ព្យាបាល​ជំងឺ។ ម្យ៉ាង​វិញ​ទៀត ការចូលរួម​ចំណែក​ក្នុង​កិច្ចការសង្គម​ដ៏​មាន​សារៈសំខាន់​មួយ​នេះ កម្មករនិយោជិត ធនាគារ អេស៊ីលីដា បានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តចំនួន ៥ដង រួចមកហើយ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១២, ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦, ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧, ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨, និង ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩។ សម្រាប់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល ដូច្នេះនៅថ្ងៃនេះ ជាលើកទី៦ ហើយដែលកម្មករនិយោជិតធនាគារ អេស៊ីលីដា គ្រប់លំដាប់ថ្នាក់នៅការិយាល័យកណ្តាល និងសាខាជុំវិញរាជធានីភ្នំពេញ សរុបចំនួន ២៣១នាក់ ដោយក្នុងនោះស្ត្រីមានចំនួន ៧៧នាក់ បានបន្តចូលរួមបរិច្ចាគឈាម ដើម្បីរួមចំណែកក្នុងសកម្មភាពសង្គម និងមនុស្សធម៌ សម្រាប់បំពេញតម្រូវការកង្វះឈាមក្នុងការជួយសង្គ្រោះអាយុជីវិត ជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម សម្រាប់ជួយសង្គ្រោះជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ ជាពិសេសសម្រាប់ជួយជីវិតមនុស្សដែលត្រូវការសង្គ្រោះបន្ទាន់។ ដោយឡែក សម្រាប់កម្មករនិយោជិត ធនាគារ អេស៊ីលីដា នៅតាមបណ្តាសាខាខេត្ត សរុបចំនួន ៣៧២នាក់ ក្នុងនោះ ស្រ្តីមានចំនួន ១០៦នាក់ ក៏បានចូលរួមបរិច្ចាគឈាមនៅតាមមន្ទីរពេទ្យបង្អែកនៃខេត្តនីមួយៗផងដែរ។

ACLEDA Photo

លោកស្រីវេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ថា សកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ក្រសួង ស្ថាប័ន ក្រុមហ៊ុន និងប្រជាពលរដ្ឋ បានចាប់ផ្តើមផុលផុសបណ្តើរៗឡើងវិញហើយ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាលរួចមក។ សព្វថ្ងៃនេះ យើងមិនទាន់មានឈាម ដែលមានប្រភពពីអ្នកស្ម័គ្រចិត្ត គ្រប់គ្រាន់សម្រាប់ជួយសង្គ្រោះជីវិតមនុស្ស ដែលត្រូវការឈាមបន្ទាន់នៅឡើយទេ។ ក្នុងមួយថ្ងៃគ្រាន់តែនៅរាជធានីភ្នំពេញ ត្រូវការឈាមប្រមាណ ១៥០ប្លោក សម្រាប់ជួយសង្គ្រោះជនរងគ្រោះ និងអ្នកជំងឺ ហើយនៅទូទាំងប្រទេសត្រូវការឈាមប្រមាណ ២០០ប្លោក ជារៀងរាល់ថ្ងៃ ដូចនេះ យើងត្រូវការឈាមបន្ថែមទៀត ដើម្បីសង្គ្រោះជីវិតមនុស្សបន្ទាន់។ លោកស្រីវេជ្ជបណ្ឌិត បានជំរុញ និងអំពាវនាវទៅកាន់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជាពិសេសក្រុមយុវជន មេត្តាចូលរួមបរិច្ចាគឈាម ដើម្បីយកទៅជួយជនរងគ្រោះ ដែលត្រូវការឈាមជាចាំបាច់ ហើយសកម្មភាពទាំងនេះ ពិតជាបានចូលរួមចំណែកយ៉ាងខ្លាំង លើការជួយសង្រ្គោះជីវិតមនុស្ស។ លោកស្រីវេជ្ជបណ្ឌិត បានថ្លែងបញ្ជាក់ថា បើសិនជាគ្មានការចូលរួមចំណែក ពីសប្បុរសជនស្ម័គ្រចិត្តទាំងឡាយនោះទេ មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងមន្ទីរពេទ្យ ទាំងអស់ ព្រមទាំងគ្រួសារអ្នកជំងឺ ពិតជាមានការលំបាកដោយសារឈាមមានប្រភពពីក្នុងចំណោមប្រជាជនយើង ដូច្នេះ ការចូលរួមរបស់បងប្អូនពិតជាមានសារៈសំខាន់យ៉ាងខ្លាំងណាស់។ លោកស្រីវេជ្ជបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ និងកម្មករនិយោជិតធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់លំដាប់ថ្នាក់ ដែលបានបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជួយសង្រ្គោះដល់ជនរងគ្រោះដែលត្រូវការឈាមជាចាំបាច់នោះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៤ គឺ៖ វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, ធនាគារ អេស៊ីលីដា ឡាវ លីមីធីត, និង ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ានម៉ា។ គិតត្រឹមដំណាច់ ខែធ្នូ ឆ្នាំ២០២២នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៩,០៣ប៊ីលានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៦,៤២ប៊ីលានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៦,៣៩ប៊ីលានដុល្លារ អាមេរិក និងមានអតិថិជនប្រមាណជាង ៣,៨៧លាននាក់។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានចំនួនអ្នក ប្រើប្រាស់ អេស៊ីលីដាម៉ូបាល ២,៦៤លាននាក់ និងមានដៃគូអាជីវកម្ម ចំនួន ២០២.៩៦៥ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២២។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈ

លោក ហូរ រតនៈ នាយកប្រតិបត្ដិធនធានមនុស្ស
ទូរស័ព្ទ៖ ០១៥ ៩០០ ២៦១
អ៊ីម៉ែល៖ ho.rattanak@acledabank.com.kh

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៩២ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖