navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
កូនអើយស្តាប់ពុក
- បទកាកគតិ -
| ១- | ស្តាប់ពុកណាកូន | មុនឪពុកសូន្យ | កូនកុំតោះតើយ |
| | ចូរកូនប្រុងស្តាប់ | ពុកប្រាប់ឱ្យហើយ | ការគួរសួរឆ្លើយ |
| | | កុំធុញទ្រាន់អ្វី ។ | |
|
| ២- | ចាស់អស់កម្លាំង | ការងារអស់ខ្លាំង | ខ្សោយទាំងស្មារតី |
| | ភ្លេចជ្រុងភ្លេចជ្រោយ | ថ្លោះធ្លោយសេចក្តី | គាប់ចង់ថាអ្វី |
| | | ភ្លេចប្រយោគឃ្លា ។ | |
|
| ៣- | ចាស់ហូបមិនឆ្ងាញ់ | ជួនលើសជាតិខ្លាញ់ | ឡើងឈាមមិនជា |
| | លើសខ្វះជាតិស្ករ | ត្រដរវេទនា | គ្មានធ្មេញទំពា |
| | | រាករោគក្រពះ ។ | |
|
| ៤- | ភ្នែកចាស់ស្រវាំង | ពព្រៀកចាញ់ចាំង | ស្តាប់ស្តីមិនលះ |
| | ច្រមុះខូចញាណ | មិនឃ្លានក្លិនជះ | ននៀលននះ |
| | | ធុំទឹកធុំបាយ ។ | |
|
| ៥- | យប់ថ្ងៃចុករួយ | រោគចាស់រែងព្រួយ | រួមរឹតពេញកាយ |
| | ប្រឹងដេកមិនលក់ | ស្ទះស្ទក់ក្រហាយ | ទុក្ខមិនរសាយ |
| | | កូនអើយរោគចាស់ ។ | |
|
| ៦- | រៀនវាចាល្អ | ល្អចិត្តស្មោះសរ | ស្មោះសរច្បាប់ច្បាស់ |
| | ច្បាស់កាយសុភាព | សុភាពស្គាល់ចាស់ | ចាស់ពុកចាំណាស់ |
| | | កើតចាស់ឈឺស្លាប់ ។ | |
|
| ៧- | កូនអើយលះលោភ | យល់ទោសកុំល្មោភ | យល់មោហ៍កុំចាប់ |
| | លះបាបស្រាលធ្ងន់ | សងគុណឱ្យឆាប់ | ល្អគួរត្រងត្រាប់ |
| | | ថ្កើងយសសក្តា ។ | |
|
ជំនួយស្មារតី : អប់រំបុត្រ និងបុត្រធីតា កុំឱ្យធុញទ្រាន់នឹងវ័យចាស់ជរា របស់ឳពុកម្តាយ និងឱ្យលះបង់នូវអំពើបាប ។
អប់រំ : ឱ្យកូនយល់អំពី គុណទោស និងដំណើរជីវិត ។