លក្ខខណ្ឌទូទៅក្នុងការដាក់ប្រាក់បញ្ញើមានកាលកំណត់ជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី
១. ប្រាក់បញ្ញើមានកាលកំណត់ គឺជាកិច្ចសន្យារវាងលោក-លោកស្រី និងធនាគារ អេស៊ីលីដា ភីអិលស៊ី ស្តីពីការដាក់ប្រាក់បញ្ញើក្នុងអំឡុងពេល កំណត់មួយជាក់លាក់ នៅតាមការិយាល័យធនាគារ អេស៊ីលីដា ភីអិលស៊ី ឬសេវាធនាគារអេឡិចត្រូនិក និងឌីជីថល ដើម្បីទទួលបានប្រាក់ចំណេញខ្ពស់ និងមានសុវត្ថិភាព។
២. លោក-លោកស្រី អាចជ្រើសរើសលក្ខខណ្ឌដាក់ប្រាក់បញ្ញើមានកាលកំណត់កំណើនខ្ពស់ ប្រាក់បញ្ញើមានកាលកំណត់ចំណូលខ្ពស់ និងប្រាក់បញ្ញើមានកាលកំណត់រយៈពេលវែង ហើយអាចបន្តកិច្ចសន្យាដោយស្វ័យប្រវត្តិ ឬមិនបន្តទៅតាមតម្រូវការជាក់ស្តែង។ លោក-លោកស្រីនឹងទទួលបានវិញ្ញាបនបត្រប្រាក់បញ្ញើ ឬវិញ្ញាបនបត្រអេឡិចត្រូនិក ជាភស្តុតាង បន្ទាប់ពីបានព្រមព្រៀងលើទម្រង់វិញ្ញាបនបត្រប្រាក់បញ្ញើ និងដាក់ប្រាក់ចូលក្នុងគណនីរួចរាល់។
៣. លោក-លោកស្រី អាចដកប្រាក់បញ្ញើនៅតាមបញ្ជរបេឡា ឬតាមរយៈម៉ាស៊ីនស្វ័យប្រវត្តិ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន ចាប់ពីកាលបរិច្ឆេទបញ្ចប់នៅក្នុងវិញ្ញាបនបត្រប្រាក់បញ្ញើ ឬដកប្រាក់ដើមមុនកាលកំណត់ ដូចខាងក្រោម៖
៣.១ ការដកប្រាក់បញ្ញើតាមកាលបរិច្ឆេទបញ្ចប់
- ប្រាក់បញ្ញើមានកាលកំណត់កំណើនខ្ពស់: ប្រាក់ដើម និងប្រាក់ចំណេញ ដកបាននៅពេលចប់កិច្ចសន្យា។
- ប្រាក់បញ្ញើមានកាលកំណត់ចំណូលខ្ពស់: ប្រាក់ចំណេញដកបានរៀងរាល់ខែ ប្រាក់ដើមដកបាននៅពេលចប់កិច្ចសន្យា។
- ប្រាក់បញ្ញើមានកាលកំណត់រយៈពេលវែង: ប្រាក់ចំណេញដកបានរៀងរាល់បីខែម្តង ប្រាក់ដើមដកបាននៅពេលចប់កិច្ចសន្យា។
៣.២ ការដកប្រាក់ដើមមុនកាលកំណត់
លោក-លោកស្រី អាចបញ្ចប់កិច្ចសន្យាប្រាក់បញ្ញើមុនកាលកំណត់គ្រប់ប្រភេទ ដើម្បីដកប្រាក់ដើមមុនកាលកំណត់បាន និងត្រូវអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម៖
៣.២.១ ចំពោះលោក-លោកស្រី ជាតំណាងគ្រឹះស្ថានធនាគារ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុ ត្រូវជូនដំណឹងមុនយ៉ាងតិច ៣០ថ្ងៃនៃថ្ងៃធ្វើការ តាមការដាក់ពាក្យស្នើសុំបញ្ចប់ ឬការជូនដំណឹងជាលាយលក្ខណ៍អក្សរតាមរយៈលិខិតផ្លូវការ ឬសេវាបញ្ជាតាម E-mail មកធនាគារ និងភ្ជាប់មកនូវ វិញ្ញាបនបត្រប្រាក់បញ្ញើ ដែលស្នើសុំដកបា្រក់ដើមមុនកាលកំណត់ ដោយមិនទទួលបានប្រាក់ចំណេញឡើយ ហើយត្រូវកាត់កងប្រាក់ចំណេញជាមួយ ប្រាក់ដើម ដើម្បីទូទាត់សងមកធនាគារ អេស៊ីលីដា ភីអិលស៊ី វិញ ក្នុងករណីបានទទួលប្រាក់ចំណេញប្រចាំខែចំពោះប្រាក់បញ្ញើមានកាលកំណត់ ចំណូលខ្ពស់ និងបានទទួលប្រាក់ចំណេញប្រចាំត្រីមាសចំពោះប្រាក់បញ្ញើមានកាលកំណត់រយៈពេលវែង រួចហើយ។
៣.២.២ ចំពោះលោក-លោកស្រី ជាតំណាងក្រុមហ៊ុន/ស្ថាប័ន ក្រៅពីគ្រឹះស្ថានធនាគារ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុ ត្រូវជូនដំណឹងមុនយ៉ាងតិច ៣០ថ្ងៃនៃ ថ្ងៃធ្វើការ តាមការដាក់ពាក្យស្នើសុំបញ្ចប់ ឬការជូនដំណឹងជាលាយលក្ខណ៍អក្សរតាមរយៈលិខិតផ្លូវការ ឬសេវាបញ្ជាតាម E-mail មក ធនាគារ ដោយមិនតម្រូវឱ្យភ្ជាប់មកនូវវិញ្ញាបនបត្រប្រាក់បញ្ញើ ដែលស្នើសុំដកបា្រក់ដើមមុនកាលកំណត់ឡើយ និងទទួលបានប្រាក់ចំណេញតាមការបែងចែក នៃគណនីបញ្ញើសំចៃ លើចំនួនទឹកប្រាក់បញ្ញើដែលស្នើសុំដកមុនកាលកំណត់។ ចំពោះលោក-លោកស្រីដាក់ប្រាក់បញ្ញើមានកាលកំណត់ចំណូលខ្ពស់ និងប្រាក់បញ្ញើមានកាលកំណត់រយៈពេលវែង ប្រសិនបើក្នុងអំឡុងពេលកន្លងមក បានទទួលប្រាក់ចំណេញប្រចាំខែ និងប្រចាំត្រីមាស រួចហើយ ត្រូវកាត់កងប្រាក់ចំណេញជាមួយប្រាក់ដើម ដើម្បីទូទាត់សងមកធនាគារ អេស៊ីលីដា ភីអិលស៊ី វិញ។
៣.២.៣ ចំពោះលោក-លោកស្រី ជាឯកត្តជន អាចបញ្ចប់កិច្ចសន្យាប្រាក់បញ្ញើមុនកាលកំណត់ ដោយមិនតម្រូវឱ្យភ្ជាប់មកនូវវិញ្ញាបនបត្រប្រាក់បញ្ញើ ដែលស្នើសុំដកបា្រក់ដើមមុនកាលកំណត់ឡើយ។ ប្រាក់ចំណេញនឹងទទួលបានតាមការបែងចែកប្រាក់ចំណេញ នៃគណនីបញ្ញើសំចៃ លើចំនួនទឹកប្រាក់បញ្ញើ ដែលស្នើសុំដកមុនកាលកំណត់ ចំពោះប្រាក់បញ្ញើមានកាលកំណត់កំណើនខ្ពស់ និងប្រាក់បញ្ញើមានកាលកំណត់ចំណូលខ្ពស់ ប៉ុន្តែប្រាក់ចំណេញ ដែលអតិថិជនទទួលបានប្រចាំខែ រួចហើយ នឹងត្រូវកាត់កងជាមួយប្រាក់ដើម ដើម្បីទូទាត់សងមកធនាគារ អេស៊ីលីដា ភីអិលស៊ី វិញ។ ចំពោះប្រាក់បញ្ញើមានកាលកំណត់រយៈពេលវែង ត្រូវជូនដំណឹងមុនយ៉ាងតិច ៣០ថ្ងៃនៃថ្ងៃធ្វើការ តាមការដាក់ពាក្យស្នើសុំបញ្ចប់ ឬការជូនដំណឹងជាលាយលក្ខណ៍អក្សរតាមរយៈលិខិតផ្លូវការ ឬសេវាបញ្ជាតាម E-mail មកធនាគារ ដើម្បីទទួលបានប្រាក់ចំណេញតាមការបែងចែកនៃគណនីបញ្ញើសំចៃធម្មតា បើមិនដូច្នោះទេប្រាក់ចំណេញមិនត្រូវបានផ្តល់ជូនឡើយ ហើយប្រសិនបើក្នុងអំឡុងពេលកន្លងមក បានទទួលប្រាក់ចំណេញប្រចាំ ត្រីមាសរួចហើយ ត្រូវកាត់កងប្រាក់ចំណេញជាមួយប្រាក់ដើម ដើម្បីទូទាត់សងមកធនាគារ អេស៊ីលីដា ភីអិលស៊ី វិញ។
៤. ចំណូលប្រាក់ចំណេញរបស់លោក-លោកស្រី ត្រូវជាប់ពន្ធស្របតាមប្រកាស ស្តីពីពន្ធលើប្រាក់ចំណេញ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
៥. ការបែងចែកប្រាក់ចំណេញដែលបានព្រមព្រៀងរួចហើយ មិនអនុញ្ញាតឱ្យកែប្រែ ឬផ្លាស់ប្តូរដោយពុំមានការយល់ព្រមពីភាគីណាមួយឡើយ នៅពេលដែលកិច្ចសន្យាដាក់ប្រាក់បញ្ញើមានកាលកំណត់មិនទាន់បញ្ចប់ លើកលែងតែក្នុងករណីធនាគារមិនបន្តកិច្ចសន្យា ឬបញ្ចប់កិច្ចសន្យាប្រាក់បញ្ញើ មុនកាលកំណត់ដោយមូលហេតុការបែងចែកប្រាក់ចំណេញទូទៅក្នុងទីផ្សារមានការធ្លាក់ចុះខ្លាំង។ ធនាគារនឹងជូនដំណឹងអតិថិជនជាលាយលក្ខណ៍អក្សរ តាមរយៈលិខិតផ្លូវការជាមុន យ៉ាងតិច ៣០ថ្ងៃនៃថ្ងៃធ្វើការ ដោយផ្តល់ប្រាក់ចំណេញតាមការចរចាជាក់ស្តែង។
៦. ការបន្តកិច្ចសន្យាស្វ័យប្រវត្តិ កើតឡើងនៅពេលដែលលោក-លោកស្រី បានស្នើសុំដាក់ប្រាក់បញ្ញើបន្តមួយវគ្គទៀត ឬច្រើនវគ្គបន្តបន្ទាប់គ្នាដោយ មិនមានការផ្លាស់ប្តូរលេខកិច្ចសន្យាថ្មី។ ការបន្តបែបនេះ គឺអាស្រ័យទៅតាមការបង្គាប់របស់លោក-លោកស្រី តាមរយៈការផ្តល់ព័ត៌មាននៅពេលបើកគណនី ឬជូនដំណឹងនៅពេលណាមួយក្នុងអំឡុងពេលនៃកិច្ចសន្យា ឬយ៉ាងតិចបំផុត ០២ថ្ងៃនៃថ្ងៃធ្វើការ មុនថ្ងៃបញ្ចប់កិច្ចសន្យា។
៧. នៅពេលលោក-លោកស្រី ជ្រើសរើសលក្ខខណ្ឌបន្តដោយស្វ័យប្រវត្តិ មានន័យថា លោក-លោកស្រីព្រមព្រៀងបន្តផ្ញើប្រាក់ជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី តទៅទៀត ដែលមានប្រាក់ដើម ឬប្រាក់ដើមរួមទាំងប្រាក់ចំណេញដែលបានទទួល និងរយៈពេលផ្ញើនៅរក្សាដូចកិច្ចសន្យា ដែលបានព្រមព្រៀងពីដំបូងដដែល លើកលែងតែការបែងចែកប្រាក់ចំណេញត្រូវអនុវត្តដូចខាងក្រោម៖
- គិតជូនតាមការបែងចែកប្រាក់ចំណេញធម្មតាដែលធនាគារ អេស៊ីលីដា ភីអិលស៊ី ដាក់ឱ្យប្រើប្រាស់ជាផ្លូវការចុងក្រោយបង្អស់។
- ចំពោះលោក-លោកស្រី ដែលមានកិច្ចព្រមព្រៀងផ្តល់ការបែងចែកប្រាក់ចំណេញពិសេស មិនអនុញ្ញាតឱ្យជ្រើសរើសលក្ខខណ្ឌបន្តជាស្វ័យប្រវត្តិឡើយ។ ករណីមានតម្រូវការដាក់ប្រាក់បញ្ញើបន្តទៀត គឺត្រូវគិតប្រាក់ចំណេញតាមការបែងចែកធម្មតាវិញ។
៨. ករណីលោក-លោកស្រីស្នើសុំវិញ្ញាបនបត្រប្រាក់បញ្ញើថ្មី ជំនួសវិញ្ញាបនបត្រប្រាក់បញ្ញើចាស់ដែលបានបាត់ ឬខូច លោក-លោកស្រីត្រូវបង់ថ្លៃ សេវាតាមការកំណត់របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។
៩. ធនាគារ អេស៊ីលីដា ភីអិលស៊ី រក្សាសិទ្ធិពេញលេញក្នុងការបដិសេធមិនទទួល ឬមិនបន្តកិច្ចសន្យា ឬបញ្ឈប់កិច្ចសន្យាមុនពេលកំណត់ ប្រសិនបើព័ត៌មានរបស់លោក-លោកស្រី មានជាប់ពាក់ព័ន្ធសកម្មភាពមិនអនុវត្តតាមគោលការណ៍ច្បាប់ និងបទប្បញ្ញត្តិផ្សេងៗ ទាក់ទងនឹងការប្រតិបត្តិគណនី ឬមានជាប់ពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយនឹងបុគ្គល ឬអង្គភាពហាមឃាត់របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។
១០. សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ អេស៊ីលីដា ភីអិលស៊ី និងព័ត៌មានផ្សេងៗទៀត សូមលោក-លោកស្រី ទំនាក់ទំនងការិយាល័យទំនាក់ ទំនងអតិថិជន ២៤ម៉ោង តាមរយៈទូរសព្ទលេខ: ០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣ ឬអ៊ីម៉ែល៖ inquiry@acledabank.com.kh
ខ្ញុំ/យើងខ្ញុំជាអតិថិជនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី បានអានយល់ និងព្រមព្រៀងគ្រប់ "ខ" ចែង ដែលមានរៀបរាប់នៅក្នុងលក្ខខណ្ឌខាងលើ។

