ដំណឹងឯកជនភាព

ភាសាខ្មែរ|English|中文

លក្ខខណ្ឌទូទៅក្នុងការប្រតិបត្តិគណនីជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី

លក្ខខណ្ឌទូទៅ ឬហៅថា "កិច្ចព្រមព្រៀង" នេះ ត្រូវបានបង្កើតឡើងជាបទដ្ឋានក្នុងការប្រតិបត្តិគណនីធនាគារប្រកបដោយតម្លាភាព និងការ គាំពារអតិថិជន ដោយលក្ខខណ្ឌទូទៅនេះនឹងប្រើប្រាស់សម្រាប់អមជាមួយ "លក្ខខណ្ឌប្រតិបត្តិការគណនី អត្រាការប្រាក់់ និងកម្រៃសេវា (Account Operations Conditions, Interest Rate and Fees Charge)" និង "តារាងអត្រាការប្រាក់ (Interest Rate Table)" ជូនអតិថិជន។ លក្ខខណ្ឌទូទៅ ឬកិច្ចព្រមព្រៀងនេះ រួមនឹងលក្ខខណ្ឌប្រតិបត្តិការគណនី អត្រាការប្រាក់ និងកម្រៃសេវា បានពន្យល់អំពីការដាក់ប្រាក់សន្សំ និងសេវាផ្សេងៗទៀត ដែលធនាគារ អេស៊ីលីដា ភីអិលស៊ី ផ្តល់សេវាកម្មជូនអតិថិជន។

នៅពេលអតិថិជនយល់ព្រមបើកគណនីនៅចំពោះមុខភ្នាក់ងារ ឬប្រព័ន្ធអនឡាញ បញ្ជាក់ថា អតិថិជនត្រូវបានពន្យល់ និងណែនាំ ឬអានដោយ ខ្លួនឯង បានយល់ច្បាស់គ្រប់លក្ខខណ្ឌទាំងអស់នៃកិច្ចព្រមព្រៀងនេះ និងព្រមព្រៀងចំពោះថ្លៃសេវានៃប្រតិបត្តិការគណនី និងអត្រាការប្រាក់ ដែលធនាគារ អេស៊ីលីដា ភីអិលស៊ី បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ហើយកិច្ចព្រមព្រៀងនេះ នឹងត្រូវបានចូល ជាធរមាន។

ធនាគារ អេស៊ីលីដា ភីអិលស៊ី អាចធ្វើការកែប្រែលើកិច្ចព្រមព្រៀង អត្រាការប្រាក់ លក្ខខណ្ឌ និងថ្លៃសេវានៃប្រតិបត្តិការគណនី នៅពេលណាមួយ ដោយអនុលោមទៅតាមច្បាប់ជាធរមាន និង/ឬស្ថានភាពជាក់ស្តែង។ កំណែទម្រង់ចុងក្រោយនឹងមានបង្ហាញទីនេះ ដើម្បីផ្សព្វផ្សាយជូនអតិថិជនទូទៅ និងអនុវត្តក្នុងការប្រើប្រាស់គណនីជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។ ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងជូនដំណឹងនូវរាល់ការកែប្រែទាំងឡាយណាដែលប៉ះពាល់ដល់សិទ្ធិ និងកាតព្វកិច្ច របស់អតិថិជន (តាមមធ្យោបាយសមស្របណាមួយ ឬតាមលទ្ធភាពដែលធនាគារអាចធ្វើទៅបាន)។

ពាក្យថា "អតិថិជន" សំដៅដល់អ្នកស្នើសុំបើកគណនី ឬម្ចាស់គណនី ឬអ្នកប្រើប្រាស់សេវាកម្មរបស់ធនាគារ។

ពាក្យថា "ធនាគារ" សំដៅដល់ធនាគារ អេស៊ីលីដា ភីអិលស៊ី។

១. ម្ចាស់គណនី

អតិថិជន អាចបើកគណនីក្នុងនាមខ្លួនឯងផ្ទាល់ ឬមានអ្នករួមជាមួយម្នាក់ ឬច្រើននាក់ផ្សេងទៀត ក្នុងនាមជាអ្នករួមគណនី ឬក្នុងនាម ជាក្រុមហ៊ុន។ ខាងក្រោមនេះ គឺជាប្រភេទនៃម្ចាស់គណនី៖

១.៣ គណនីរួម

នៅពេលដែលអតិថិជនមានភាគីពីរ ឬច្រើន "អតិថិជនរួម" លក្ខខណ្ឌទាំងនេះ នឹងត្រូវអនុវត្តចំពោះអតិថិជនរួមផង និងជាបុគ្គលផង។ "អតិថិជនរួម" ម្នាក់ៗ ត្រូវទទួលខុសត្រូវជាបុគ្គលចំពោះធនាគារ លើបំណុលទាំងមូលនៃគណនីរួមដែលជំពាក់ធនាគារ។

២. ការបើកគណនី

២.១ អតិថិជនត្រូវបំពេញ និងផ្ដិតស្នាមមេដៃ/Biometric ឬចុះហត្ថលេខាលើទម្រង់បើកគណនី ដែលបានផ្តល់ជូនដោយធនាគារ និងផ្តល់នូវ ឯកសារសម្គាល់អត្តសញ្ញាណឯកត្តជន ឬក្រុមហ៊ុន/ស្ថាប័ន និងឯកសារផ្សេងៗ ទៅតាមគោលការណ៍ និងនីតិវិធីរបស់ធនាគារ ដើម្បីបញ្ជាក់នូវភាព ត្រឹមត្រូវ ពិតប្រាកដ និងយកជាការបាន។ ប្រសិនបើមានការផ្លាស់ប្តូរព័ត៌មានអ្វីមួយនៅក្នុងទម្រង់បើកគណនី អតិថិជនត្រូវជូនដំណឹងជាលាយលក្ខណ៍ អក្សរមកធនាគារ។ ក្នុងករណីអតិថិជនគ្មានលទ្ធភាពចុះហត្ថលេខា ឬផ្តល់ស្នាមម្រាមដៃ ដោយពិការភាពត្រូវអនុវត្តដូចខាងក្រោម៖

២.២ នៅពេលបើកគណនីចរន្ត អតិថិជនត្រូវដាក់ប្រាក់តម្កល់ក្នុងគណនីនោះនូវចំនួនទឹកប្រាក់ ដែលបានកំណត់ដោយធនាគារ។ ចំពោះគណនីបញ្ញើសំចៃ និងគណនីបញ្ញើតាមតម្រូវការ មិនតម្រូវឱ្យអតិថិជនដាក់ប្រាក់តម្កល់ក្នុងគណនីឡើយ លើកលែងការដាក់ប្រាក់បញ្ញើមានកាលកំណត់ អតិថិជន ត្រូវដាក់បញ្ញើនូវចំនួនទឹកប្រាក់ដែលមិនទាបជាងចំនួនទឹកប្រាក់អប្បបរមា ដែលបានកំណត់ដោយធនាគារ។

២.៣ គណនីចរន្ត តម្រូវឱ្យអតិថិជនប្រើប្រាស់មូលប្បទានបត្រដើម្បីធ្វើប្រតិបត្តិការ ចំណែកឯគណនីបញ្ញើសំចៃ អាចប្រើប្រាស់សៀវភៅប្រាក់បញ្ញើ ឬប័ណ្ណព័ត៌មានគណនី អាស្រ័យទៅតាមតម្រូវការរបស់អតិថិជន។ រាល់ការប្រើប្រាស់មូលប្បទានបត្រ និងសៀវភៅប្រាក់បញ្ញើ អតិថិជនត្រូវបង់ថ្លៃសេវា ទៅតាមការកំណត់របស់ធនាគារ។

២.៤ ចំពោះគណនីចរន្តគ្រប់ប្រភេទ អតិថិជនយល់ព្រមអនុញ្ញាតផ្តល់សិទ្ធិឱ្យធនាគារ អេស៊ីលីដា ភីអិលស៊ី នូវរាល់ការបញ្ចូលព័ត៌មានរបស់ មូលប្បទានបត្រដែលបានចេញដោយសំវិធានធនមិនគ្រប់គ្រាន់ ឬគ្មាន ទៅឱ្យតតិយជន តាមរយៈក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូ សម្រាប់គោលបំណងដូចមាន ចែងក្នុងប្រកាសស្តីពីការចែករំលែកព័ត៌មានឥណទាន។ ទន្ទឹមនឹងនេះ អតិថិជនមានសិទ្ធិទទួលព័ត៌មាន និងទិន្នន័យរបស់ខ្លួន ហើយមានសិទ្ធិតវ៉ា ដើម្បីស្នើសុំកែតម្រូវ ឬលុបចោលទិន្នន័យទាំងនោះស្របតាមនីតិវិធី (ប្រសិនបើមានភស្តុតាងគ្រប់គ្រាន់) ដូចមានចែងក្នុងប្រកាសស្តីពីការចែករំលែក ព័ត៌មានឥណទានរបស់ធនាគារជាតិនៃកម្ពុជា។

២.៥ គ្រប់គណនីទាំងអស់ ត្រូវបានលើកទឹកចិត្តឱ្យភ្ជាប់អេស៊ីស៊ូភើអេប និង/ឬសេវាអេស៊ីលីដាអ៊ីនធើណែត ដើម្បីបង្កភាពងាយស្រួល ក្នុងការ គ្រប់គ្រង និងធ្វើប្រតិបត្តិការគណនីដូចជា ការផ្ទេរប្រាក់ ការទូទាត់ប្រាក់ ការផ្ទេរប្រាក់ចេញ-ចូលគណនីជួញដូរមូលបត្រ និងជាពិសេសការពិនិត្យមើល របាយការណ៍គណនីបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ល។ ចំពោះគណនីរបស់អតិថិជនដែលទទួលអត្ថប្រយោជន៍ពី ប.ជ.ស ឬ ប.ជ.អ ឬ ម.ជ.ព អាចមានការលើកលែង ប្រសិនបើអតិថិជនមិនអាចប្រើបាន។

២.៦ អតិថិជនមិនត្រូវបើកគណនីសម្រាប់លក់ ឬជួល ឬផ្តល់ទៅឱ្យបុគ្គលណាម្នាក់ក្នុងគោលបំណងទុច្ចរិត ឬឈរឈ្មោះ បើកគណនីឱ្យបុគ្គលផ្សេង ឬប្រព្រឹត្តិបទល្មើសផ្សេងៗ ដែលផ្ទុយនឹងច្បាប់ជាតិ និងអន្តរជាតិឡើយ។ ក្នុងករណីរកឃើញថាគណនីអតិថិជនបានជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តិ ផ្ទុយនឹង ច្បាប់ណាមួយ ឬធ្វើប្រតិបត្តិការពាក់ព័ន្ធនឹងការលាងសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ឬហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ឬការក្លែងបន្លំផ្សេងៗ នោះម្ចាស់គណនីនឹងត្រូវបានផ្តន្ទាទោស និង/ឬរងពិន័យជាប្រាក់ ស្របតាមផ្លូវច្បាប់ជាធរមាន ហើយធនាគារនឹងមិនទទួល ខុសត្រូវចំពោះអតិថិជន ឬភាគីណាមួយឡើយ ក្នុងករណីបែបនេះ។

២.៧ អតិថិជនជាម្ចាស់គណនី ឬក្រុមហ៊ុនដែលមានសញ្ជាតិអាមេរិក (US Citizen) តម្រូវឱ្យផ្តល់នូវលេខសម្គាល់អត្តសញ្ញាណពន្ធ (TIN-Tax Identification Number) ចំពោះបុគ្គល ឬលេខសម្គាល់អត្តសញ្ញាណពន្ធ (EIN-Employer Identification Number) ចំពោះនីតិបុគ្គល តាមរយៈការបំពេញទម្រង់ W-9 ស្របតាមអនុលោមភាពពន្ធ ចំពោះគណនីក្រៅប្រទេសរបស់បុគ្គលអាមេរិក ដូចមានចែងនៅក្នុងគោលការណ៍ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធរមាន។

៣. ការបិទគណនី

៣.១ ការបិទគណនីឯកត្តជន ម្ចាស់គណនីត្រូវបំពេញពាក្យស្នើសុំបិទគណនីដែលផ្តល់ជូនដោយធនាគារ ចំណែកគណនីរួម ត្រូវមានការព្រមព្រៀងពី គ្រប់សមាជិកទាំងអស់ ឬក្នុងករណីចាំបាច់ អ្នកមានសិទ្ធិរបស់ធនាគារ មានសិទ្ធិក្នុងការអនុម័តិលើពាក្យស្នើសុំបិទគណនី តាមលក្ខខណ្ឌនៃប្រតិបត្តិការ គណនី។ ចំពោះសមតុល្យទឹកប្រាក់នៅសល់ក្នុងគណនី ត្រូវអនុលោមតាមលក្ខខណ្ឌក្នុងការប្រតិបត្តិគណនី និងគំរូហត្ថលេខា ដែលមានតម្កល់នៅ ធនាគារ។

៣.២ ការបិទគណនីក្រុមហ៊ុន/ស្ថាប័ន អតិថិជន (ម្ចាស់គណនី ឬអ្នកមានសិទ្ធិ) ត្រូវធ្វើលិខិតស្នើសុំបិទគណនីដោយមានចុះហត្ថលេខា និងបោះត្រា (ប្រសិនបើមាន) ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ ឬបំពេញពាក្យស្នើសុំបិទគណនី ហើយចំពោះការដកសមតុល្យទឹកប្រាក់នៅសល់ក្នុងគណនី ត្រូវ អនុលោមតាមលក្ខខណ្ឌនៃប្រតិបត្តិការគណនី និងគំរូហត្ថលេខា ដែលមានតម្កល់នៅធនាគារ។

៣.៣ ការបិទគណនីក្នុងរយៈពេល ០៣ខែ (បីខែ) គិតចាប់ពីថ្ងៃបើកគណនីអាចធ្វើទៅបាន ប៉ុន្តែអតិថិជនត្រូវបង់ថ្លៃសេវាតាមការកំណត់របស់ ធនាគារ។

៣.៤ ការបិទគណនីបញ្ញើសំចៃ មិនតម្រូវឱ្យអតិថិជនប្រគល់សៀវភៅប្រាក់បញ្ញើ និងប័ណ្ណព័ត៌មានគណនីមកវិញទេ លើកលែងតែករណីចាំបាច់ ប៉ុណ្ណោះ។

៣.៥ ការបិទគណនីចរន្ត អតិថិជនត្រូវប្រគល់មូលប្បទានបត្រដែលនៅសល់ទាំងអស់ជូនធនាគារវិញ និងត្រូវប្រាកដថា គ្មានមូលប្បទានបត្រណាមួយដែលចេញប្រើប្រាស់រួចហើយ ដោយមិនទាន់បានទូទាត់នោះទេ បើមិនដូច្នោះទេ អតិថិជនត្រូវធ្វើការធានាជាលាយលក្ខណ៍អក្សរ មុននឹងបិទគណនីនោះ។ ក្នុងករណីម្ចាស់គណនីចេញមូលប្បទានបត្រដែលសំវិធានធនមិនគ្រប់គ្រាន់ ឬគ្មាន លើសពីបីដងឡើងទៅ ធនាគាររក្សាសិទ្ធិ ក្នុងការ បិទគណនីអតិថិជនដោយស្វ័យប្រវត្តិ ទោះបីជាធនាគារមិនទាន់បានប្រមូលមូលប្បទានបត្រដែលនៅសល់ ឬមិនទាន់ទូទាត់ក៏ដោយ។

៣.៦ ប្រសិនបើធនាគារតម្រូវឱ្យមានការយល់ព្រមពីអាជ្ញាធរមានសមត្ថកិច្ច ទើបអាចបើកគណនី រក្សាគណនី និងធ្វើប្រតិបត្តិការគណនីជាមួយ ធនាគារបាន អតិថិជនត្រូវធ្វើតាមការស្នើសុំនោះ។ ធនាគារអាចស្នើឱ្យអតិថិជនផ្តល់នូវឯកសារនៃការយល់ព្រមទាំងនេះ នៅពេលណាក៏បាន។

៣.៧ ធនាគាររក្សាសិទ្ធិក្នុងការបង្កកទឹកប្រាក់ក្នុងគណនីទុកជាបណ្តោះអាសន្ន ឬបិទគណនីដោយមិនចាំបាច់មានការជូនដំណឹងទៅអតិថិជនជាមុនទេ ក្នុងករណីធនាគារទទួលបានការណែនាំ ឬស្នើសុំពីអាជ្ញាធរមានសមត្ថកិច្ច និង/ឬមានឯកសារដែលបញ្ជាក់ថា៖

៣.៨ នៅពេលគណនីអតិថិជនបានបិទរួចរាល់ ម្ចាស់គណនីអាចស្នើសុំឱ្យធនាគារដកចេញ ឬរក្សាសិទ្ធិជូនធនាគារ ដើម្បីបន្តការរក្សាទុកទិន្នន័យ ផ្ទាល់ខ្លួនទាំងនោះដដែល ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ធនាគារនឹងបន្តរក្សាទុកទិន្នន័យរបស់អតិថិជន រហូតដល់រយៈពេលកំណត់ណាមួយ ឬលុប ចោលនូវទិន្នន័យដែលពាក់ព័ន្ធជាមួយគណនីចេញពីក្នុងប្រព័ន្ធ ដោយអនុលោមតាមគោលការណ៍រក្សាទុកទិន្នន័យរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដើម្បីអនុវត្តនូវកាតព្វកិច្ចរបស់ធនាគារ ឱ្យស្របតាមក្របខណ្ឌច្បាប់ ឬបទប្បញ្ញត្តិ។

៤. ប្រតិបត្តិការគណនី

៤.១ រាល់ការបង្គាប់មកធនាគារ ត្រូវតែធ្វើជាលាយលក្ខណ៍អក្សរ ហើយត្រូវផ្ដិតស្នាមមេដៃ/Biometric ឬមានចុះហត្ថលេខាដោយផ្ទាល់ (សំណៅដើម) ពីអតិថិជន (ម្ចាស់គណនី ឬអ្នកដែលមានសិទ្ធិ) ដែលដូចគ្នាទៅនឹងស្នាមមេដៃ/Biometric ឬហត្ថលេខា ដែលបានតម្កល់នៅ ធនាគារ ក្នុងករណីអតិថិជនគ្មានលទ្ធភាពចុះហត្ថលេខា ឬផ្តល់ស្នាមម្រាមដៃ ដោយពិការភាពត្រូវអនុវត្តដូចលក្ខខណ្ឌបើកគណនី។ ការដកប្រាក់ ឬផ្ទេរប្រាក់ តាមរយៈម៉ាស៊ីនថតស្នាមម្រាមដៃស្វ័យប្រវត្តិ ក្រោមចំនួនកំណត់ គឺមិនមានការចុះហត្ថលេខា ឬផ្ដិតស្នាមម្រាមដៃលើទម្រង់ដកប្រាក់ ឬផ្ទេរប្រាក់នោះ ទៀតឡើយ។ ធនាគារមិនទទួលយកនូវលិខិតបង្គាប់ថតចម្លង ឬការបង្គាប់តាមទូរសព្ទ ឬតាមសារអេឡិចត្រូនិកឡើយ លុះត្រាតែ មានការព្រមព្រៀងជាពិសេសណាមួយជាលាយលក្ខណ៍អក្សរពីធនាគារ។ រាល់លិខិតបង្គាប់ ឬឯកសារ ដែលទទួលពីអតិថិជន ដែលមិនមានភាព ច្បាស់លាស់ ឬមានទំនាស់នឹងគ្នា ធនាគារមិនអាចទទួលយកឯកសារនោះទេ លុះត្រាតែធនាគារបានទទួលការបញ្ជាក់ថា ឯកសារទាំងនោះពិតជា ត្រឹមត្រូវ។

៤.២ អតិថិជននឹងត្រូវភ្ជាប់កាតព្វកិច្ច ដោយកិច្ចព្រមព្រៀងណាមួយដែលបានយល់ព្រមជាមួយធនាគារ ទាក់ទងទៅនឹងការចេញឱ្យប្រើប្រាស់ មូលប្បទានបត្រ ឬការសរសេរមូលប្បទានបត្រ ឬការប្រតិបត្តិគណនី ក្នុងនោះរួមមាន ៖ កិច្ចព្រមព្រៀងលើការចុះហត្ថលេខារួមគ្នា ការចុះហត្ថលេខា ច្រើនគ្នា សមតុល្យអតិបរមា ឬអប្បបរមានៃគណនីនីមួយៗ។

៤.៣ រាល់ប្រតិបត្តិការគណនី ដូចជា ផ្ទេរប្រាក់ចូល ដាក់ប្រាក់ ឬប្រតិបត្តិការផ្សេងៗទៀត ដែលមានប្រភេទរូបិយប័ណ្ណផ្សេងពីរូបិយប័ណ្ណដើម នៃគណនីដែលអតិថិជនមាននៅធនាគារ ប្រភេទរូបិយប័ណ្ណនៃប្រតិបត្តិការនោះនឹងត្រូវប្តូរទៅតាមរូបិយប័ណ្ណនៃគណនីដែលអតិថិជនកំពុងប្រតិបត្តិការ ដោយផ្អែកលើអត្រាប្តូរប្រាក់ផ្លូវការជាក់ស្តែងរបស់ធនាគារនៅថ្ងៃធ្វើប្រតិបត្តិការ។

៤.៤ គ្រប់ប្រភេទគណនីទាំងអស់ជារូបិយប័ណ្ណបរទេស ធនាគារមានសិទ្ធិជាឯកច្ឆន្ទ ក្នុងការបើកសាច់ប្រាក់ជូនម្ចាស់គណនីនូវចំនួនទឹកប្រាក់ ណាមួយ ដែលបានដកពីគណនីរូបិយប័ណ្ណបរទេស (រូបិយប័ណ្ណផ្សេងៗក្រៅពីរូបិយប័ណ្ណដុល្លារអាមេរិក) តាមវិធីណាមួយ ឬវិធីទាំងពីរដូចខាងក្រោម៖

៤.៥ ចំពោះប្រតិបត្តិការជួញដូរមូលបត្រ (មូលបត្រឯកជន ឬមូលបត្ររដ្ឋ) ម្ចាស់គណនីជួញដូរ ឬម្ចាស់គណនីរក្សាសុវត្ថិភាព ត្រូវដាក់តម្កល់ សាច់ប្រាក់យ៉ាងតិច ១០០% នៃតម្លៃមូលបត្រដែលត្រូវបានដាក់បញ្ជាទិញ បូកនឹងថ្លៃសេវានៅក្នុងគណនីជួញដូរ សម្រាប់ការបញ្ជាទិញមូលបត្រ (Trading Account Balance > 100% of Total Securities Value " Securities Price * Number of Shares Purchased " Plus Trading Fee)។ ទឹកប្រាក់តម្កល់នេះអាចតិចជាង ១០០% នៃតម្លៃមូលបត្រដែលត្រូវបានដាក់បញ្ជាទិញ បូកនឹងថ្លៃសេវានៅក្នុងគណនីជួញដូរ សម្រាប់ការបញ្ជាទិញមូលបត្រ ករណីមានយន្តការណែនាំ ឬនីតិវិធីណែនាំបន្ថែម ពីផ្សារមូលបត្រកម្ពុជា ឬនិយ័តករមូលបត្រកម្ពុជា ឬធនាគារជាតិនៃកម្ពុជា។ ការទូទាត់សាច់ប្រាក់ លើការជួញដូរមូលបត្រ រវាងគណនីសាច់ប្រាក់អតិថិជន គណនីផ្ទាល់ខ្លួន និងគណនីទូទាត់សាច់ប្រាក់របស់ក្រុមហ៊ុនមូលបត្រ និងគណនីរបស់ប្រតិបត្តិករ ប្រព័ន្ធផាត់ទាត់ និងទូទាត់ នៃផ្សារមូលបត្រកម្ពុជា ត្រូវបានធ្វើឡើងបន្ទាប់ពីធនាគារ អេស៊ីលីដា ភីអិលស៊ី បានទទួលព័ត៌មានអេឡិចត្រូនិកបង្គាប់ឱ្យទូទាត់ ដែលបញ្ជាទូទាត់ដោយក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងក្រុមហ៊ុនមូលបត្រ តាមរយៈប្រព័ន្ធរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ឬតាមរយៈមធ្យោបាយ ឌីជីថល ដែលអនុញ្ញាតជាផ្លូវការដោយផ្សារមូលបត្រកម្ពុជា ឬតាមរយៈប្រព័ន្ធ NBCP របស់ធនាគារជាតិនៃកម្ពុជា ដោយមិនចាំបាច់មានការបង្គាប់ ដោយផ្ទាល់ពីម្ចាស់គណនីឡើយ លើកលែងតែប្រតិបត្តិការផ្សេងពីនេះ ដែលត្រូវអនុវត្តជាធម្មតាទៅតាមលក្ខខណ្ឌប្រតិបត្តិការ។

៥. ការកែប្រែព័ត៌មានគណនី

៥.១ គណនីគ្រប់ប្រភេទ (គណនីបញ្ញើសំចៃ គណនីចរន្ត គណនីបញ្ញើតាមតម្រូវការ ប្រាក់បញ្ញើមានកាលកំណត់ និងគណនីផ្សេងៗទៀត) អាចធ្វើការ កែប្រែព័ត៌មានបានតាមតម្រូវការរបស់អតិថិជន តាមរយៈការមកបំពេញពាក្យស្នើសុំផ្លាស់ប្តូរព័ត៌មាននៅតាមការិយាល័យធនាគារ អេស៊ីលីដា ភីអិលស៊ី ឬទាញយក (Download) តាមរយៈគេហទំព័រ៖ www.acledabank.com.kh/kh/khm/formcenter រួចបំពេញឱ្យបានត្រឹមត្រូវ ដើម្បីផ្តល់ជូន ធនាគារ រួមទាំងឯកសារគតិយុត្តដែលនៅមានសុពលភាព និង/ឬឯកសារចាំបាច់ផ្សេងទៀត ដែលពាក់ព័ន្ធជាមួយនឹងការផ្លាស់ប្តូរព័ត៌មានទាំងនេះ។ ព័ត៌មានដែលបានផ្លាស់ប្តូរនេះមានសុពលភាពរហូតដល់មានការជូនដំណឹងជាថ្មីពីអតិថិជន ហើយអតិថិជនត្រូវទទួលខុសត្រូវទាំងស្រុងចំពោះការខូចខាត ដែលអាចកើតមានឡើងបណ្តាលមកពីការកែប្រែព័ត៌មានទាំងនេះ។

៥.២ ការបំពេញពាក្យស្នើសុំផ្លាស់ប្តូរព័ត៌មានដូចខាងលើ ក៏ត្រូវបានអនុវត្តចំពោះគណនីរួម និងគណនីក្រុមហ៊ុនផងដែរ ប៉ុន្តែត្រូវមានការព្រមព្រៀង ពីគ្រប់សមាជិកទាំងអស់ ឬអាចអនុញ្ញាតឱ្យសមាជិកណាម្នាក់ទៅតាមលក្ខខណ្ឌប្រតិបត្តិការគណនីស្នើសុំកែប្រែព័ត៌មានទាំងនេះ ទៅតាមការកំណត់ របស់ធនាគារ។ ចំពោះគណនីក្រុមហ៊ុន ក៏អនុញ្ញាតឱ្យស្នើសុំកែប្រែព័ត៌មាន តាមរយៈលិខិតស្នើសុំជាលាយលក្ខណ៍អក្សរពីអតិថិជន (ម្ចាស់គណនី ឬអ្នក ដែលមានសិទ្ធិ) ផងដែរ។

៥.៣ ការផ្លាស់ប្តូរឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារពាក់ព័ន្ធនានា នៅពេលដែលឯកសារនោះជិតដល់កាលបរិច្ឆេទផុតកំណត់ ឬដល់ កាលបរិច្ឆេទផុតកំណត់ ជាកាតព្វកិច្ចរបស់អតិថិជនផ្ទាល់ ដើម្បីរក្សាសុពលភាពឯកសាររបស់ខ្លួនតាមផ្លូវច្បាប់ ហើយអាចផ្តល់មកធនាគារនៅតាម ការិយាល័យ ឬតាមរយៈភ្នាក់ងារលក់នៅក្រៅការិយាល័យធនាគារ ឬតាមរយៈសារអេឡិចត្រូនិក សម្រាប់គណនី ឯកត្តជន។ ធនាគារនឹងជូនដំណឹង តាមគ្រប់មធ្យោបាយ ឬចាត់វិធានការផ្សេងៗ ដើម្បីធ្វើបច្ចុប្បន្នភាពលើឯកសារគតិយុត្តពាក់ព័ន្ធ ដែលនឹងផុតសុពលភាព។

៥.៤ ធនាគាររក្សាសិទ្ធិក្នុងការបដិសេធលើការកែប្រែព័ត៌មានអតិថិជន ប្រសិនបើត្រួតពិនិត្យឃើញថាការស្នើសុំរបស់អតិថិជនមិនត្រឹមត្រូវតាម លក្ខខណ្ឌទូទៅក្នុងការប្រតិបត្តិគណនី ជាមួយធនាគារ។

៦. បំណុលវិបារូបន៍ ឬសមតុល្យឥណពន្ធ

ក្នុងករណីមានប្រតិបត្តិការដកប្រាក់លើសសមតុល្យ (សាច់ប្រាក់ដែលមាននៅក្នុងគណនី) អតិថិជនត្រូវសងប្រាក់ដែលដកលើសមកធនាគារវិញ និងត្រូវបង់ការប្រាក់លើសមតុល្យឥណពន្ធប្រចាំថ្ងៃ និងប្រាក់ពិន័យផ្សេងៗ តាមការកំណត់របស់ធនាគារ។

៧. ការប្រុងប្រយ័ត្ន

៧.១ នៅពេលបាត់មូលប្បទានបត្រថ្មីដែលពុំទាន់មានចុះចំនួនទឹកប្រាក់ អតិថិជនត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរជាបន្ទាន់មកធនាគារ ដោយ បញ្ជាក់ឱ្យបានច្បាស់លាស់នូវឈ្មោះគណនី លេខគណនី ពេលវេលា កាលបរិច្ឆេទ ទីកន្លែង ចំនួនសន្លឹក និងលេខរៀងរបស់មូលប្បទានបត្រដែលបាត់ ដើម្បីឱ្យធនាគារបញ្ឈប់មូលប្បទានបត្រនោះ នៅក្នុងប្រព័ន្ធរបស់ធនាគារ។

៧.២ នៅពេលបាត់សន្លឹកមូលប្បទានបត្រដែលមានចុះចំនួនទឹកប្រាក់ ឬបញ្ឈប់មូលប្បទានបត្រណាមួយនោះ អតិថិជនត្រូវជូនដំណឹងជា លាយលក្ខណ៍អក្សរមកធនាគារជាបន្ទាន់ ដោយបញ្ជាក់ឱ្យបានច្បាស់លាស់នូវឈ្មោះគណនី លេខគណនី ពេលវេលា កាលបរិច្ឆេទ ទីកន្លែង លេខរៀង ចំនួនទឹកប្រាក់ដែលមាននៅក្នុងមូលប្បទានបត្រ បុគ្គល/ស្ថាប័នដែលត្រូវទទួល និងមូលហេតុនៃការបញ្ឈប់មូលប្បទានបត្រនោះ។ ប្រសិនបើព័ត៌មាន ដែលបានផ្តល់មកមិនត្រឹមត្រូវ ធនាគារមិនទទួលខុសត្រូវចំពោះការមិនបញ្ឈប់មូលប្បទានបត្រនោះឡើយ។

៧.៣ អតិថិជនត្រូវរក្សាសមតុល្យអប្បបរមានៅក្នុងគណនីរបស់ខ្លួនទៅតាមការកំណត់របស់ធនាគារ។ ថ្លៃសេវានឹងត្រូវកាត់ចេញពីគណនីអតិថិជន រៀងរាល់ចុងខែ នៅពេលណាដែលសមតុល្យគណនីធ្លាក់ចុះក្រោមសមតុល្យអប្បបរមា បើមិនដូច្នោះទេលុះត្រាតែមានការយល់ព្រមពីធនាគារ។

៧.៤ នៅពេលដែលមានសមាជិក "អតិថិជនរួម" បាត់បង់សមាជិកភាព ធនាគារនឹងចាត់ចែងសមតុល្យគណនី និងសម្ភារៈធានាទាំងអស់ ដែលជា កម្មសិទ្ធិរបស់ "អតិថិជនរួម" តាមការបង្គាប់របស់អ្នកដែលនៅមានសមាជិកភាព តាមឯកសារយោង។

៨. គណនីមូលប្បទានបត្រ ឬគណនីចរន្ត

៨.១ មូលប្បទានបត្រត្រូវតែប្រើប្រាស់ដោយអនុលោមទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ហើយអតិថិជនត្រូវទទួលស្គាល់ថា ច្បាប់នេះអាច ដាក់ការហាមឃាត់ទៅលើសកម្មភាពទូទាត់ជាក់លាក់ណាមួយ ជាប្រាក់ដុល្លារអាមេរិក ឬរូបិយប័ណ្ណបរទេសផ្សេងៗ នៅប្រទេសកម្ពុជា។ ធនាគារមិនមាន កាតព្វកិច្ចក្នុងការធានាថា ប្រតិបត្តិការណាមួយស្របច្បាប់ ឬមិនស្របច្បាប់ឡើយ ប៉ុន្តែធនាគារមានសិទ្ធិបដិសេធមិនធ្វើការទូទាត់ ចំពោះប្រតិបត្តិការ ណាមួយបាន រហូតដល់មានការបញ្ជាក់ថា ការទូទាត់នោះមានលក្ខណៈត្រឹមត្រូវ និងស្របតាមផ្លូវច្បាប់។

៨.២ មូលប្បទានបត្រដែលបានចេញផ្សាយ ត្រូវមានសំវិធានធនគ្រប់គ្រាន់សម្រាប់ឱ្យធនាគារធ្វើការទូទាត់ បើមិនដូច្នោះទេ អតិថិជននឹងត្រូវរង ការផាកពិន័យជាសាច់ប្រាក់ ស្របទៅតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា និង/ឬទទួលខុសត្រូវចំពោះមុខច្បាប់។

៨.៣ មូលប្បទានបត្រត្រូវបានទូទាត់នៅពេលបង្ហាញ ទោះបីជាកាលបរិច្ឆេទនៃការបង្ហាញកើតឡើងមុនកាលបរិច្ឆេទចេញផ្សាយ ដែលបញ្ជាក់លើ មូលប្បទានបត្រក៏ដោយ។ ដូច្នេះអតិថិជនត្រូវប្រាកដថា សមតុល្យទឹកប្រាក់នៅក្នុងគណនីមានគ្រប់គ្រាន់សម្រាប់ទូទាត់រាល់មូលប្បទានបត្រដែលបាន ចេញផ្សាយ ប្រសិនបើពុំដូច្នោះទេ ធនាគារមិនទទួលខុសត្រូវជំនួសអតិថិជន ចំពោះករណីនេះឡើយ។

៨.៤ មូលប្បទានបត្រដែលប្រើដើម្បីដកប្រាក់ពីគណនីអតិថិជន ត្រូវតែជាមូលប្បទានបត្រដែលបោះពុម្ព និងចេញឱ្យប្រើប្រាស់ដោយធនាគារ ហើយបានបំពេញតាមលក្ខខណ្ឌរបស់ធនាគារ។ មូលប្បទានបត្រនីមួយៗ ត្រូវតែចុះហត្ថលេខា/ផ្តិតស្នាមមេដៃ ដោយអ្នកដែលមានសិទ្ធិ ហើយដែល ដូចគ្នាទៅនឹងគំរូដែលតម្កល់ទុកនៅធនាគារ និងបោះត្រា (ប្រសិនបើមាន)។

៨.៥ នៅពេលធនាគារយល់ថា មូលប្បទានបត្រមិនអាចទូទាត់បាន ធនាគារអាចបង្វិលមូលប្បទានបត្រនោះទៅអ្នកកាន់វិញ (តែមិនមែនជា កាតព្វកិច្ចរបស់ធនាគារទេ) និងបញ្ជាក់ពីហេតុផលដែលមិនអាចទូទាត់បាន។ ធនាគារនឹងមិនទទួលខុសត្រូវលើផលប៉ះពាល់ដែលអាចកើតមាន ចំពោះ អតិថិជន ឬភាគីទីបីណាមួយ ដោយសារការមិនទទួលយកមូលប្បទានបត្រនោះ ទោះជាមូលប្បទានបត្រនោះអាចត្រូវទទួលយកក៏ដោយ ដើម្បីឱ្យ ធនាគារប្រតិបត្តិក្នុងសុចរិតភាព។

៨.៦ ធនាគាររក្សាសិទ្ធិក្នុងការមិនទទួលយកមូលប្បទានបត្រណាមួយ ដើម្បីបញ្ចូលប្រាក់ទៅក្នុងគណនីទេ ប្រសិនបើឈ្មោះអ្នកទទួលមិនដូចឈ្មោះ អតិថិជនក្នុងបញ្ជីដែលបានតម្កល់នៅធនាគារ។

៨.៧ ធនាគារអាចទទួលយកប្រាក់បញ្ញើជាមូលប្បទានបត្រ បានតាមឆន្ទានុសិទ្ធិរបស់ខ្លួន។ ការផ្ញើប្រាក់របៀបនេះនឹងចូលជាធរមាន ហើយ អតិថិជននឹងទទួលបានការប្រាក់ក្រោយពេលធនាគារធ្វើការផាត់ទាត់នៅឯសភាផាត់ទាត់ជាតិរួចរាល់។ នៅពេលទទួលមូលប្បទានបត្រដាក់ប្រាក់បញ្ញើ ធនាគារនឹងចេញប័ណ្ណទទួលប្រាក់ជូនអតិថិជនដើម្បីបញ្ជាក់ និងទទួលស្គាល់ថា បានទទួលមូលប្បទានបត្រ និងដើម្បីជាមូលដ្ឋានក្នុងការបញ្ចូលទឹកប្រាក់ ទៅក្នុងគណនីអតិថិជន។ ធនាគារនឹងមិនទទួលខុសត្រូវចំពោះការដាក់បញ្ញើជាមូលប្បទានបត្រណា ដែលគ្មានប័ណ្ណទទួលប្រាក់ចេញដោយធនាគារ ឡើយ។

៨.៨ ធនាគារដើរតួជាភ្នាក់ងារប្រមូលប្រាក់បញ្ញើជាមូលប្បទានបត្ររបស់អតិថិជន ដាក់នៅជាមួយធនាគារ។ អតិថិជនជាអ្នកទទួលហានិភ័យ ក្នុងការប្រមូលប្រាក់បញ្ញើនេះ។ ក្នុងករណីដែលមូលប្បទានបត្រមិនមានសាច់ប្រាក់គ្រប់គ្រាន់ ធនាគាររក្សាសិទ្ធិក្នុងការទទួលប្រាក់ពីអតិថិជននោះវិញ ហើយធ្វើការកត់ត្រាលេខនាបញ្ច្រាសទៅលើគណនីនោះ។

៩. របាយការណ៍សមតុល្យគណនី និងព័ត៌មានគណនី

៩.១ គ្រប់ប្រតិបត្តិការសេដ្ឋកិច្ចដែលកើតឡើងក្នុងគណនី អតិថិជនអាចពិនិត្យ និងផ្ទៀងផ្ទាត់ប្រតិបត្តិការទាំងនោះ តាមរយៈម៉ាស៊ីនអេធីអឹម អេស៊ីស៊ូភើអេប សេវាអេស៊ីលីដាអ៊ីនធើណែត ឬរបាយការណ៍ដែលធនាគារផ្ដល់ជូន ឱ្យបានច្បាស់លាស់។ ក្នុងករណីមានភាពមិនប្រក្រតី ឬប្រសិនបើ ត្រួតពិនិត្យឃើញថាមានភាពខុសគ្នារវាងកំណត់ត្រារបស់ខ្លួន និងរបាយការណ៍គណនីដែលទទួលបាន ត្រូវជូនដំណឹងមកកាន់ធនាគារវិញមិនឱ្យហួស ៣០ថ្ងៃ បន្ទាប់ពីថ្ងៃដែលប្រតិបត្តិការគណនីមិនប្រក្រតីកើតឡើង ដើម្បីឱ្យធនាគារត្រួតពិនិត្យរវាងភាពខុសគ្នានោះ និងធ្វើការកែតម្រូវ ឱ្យបានត្រឹមត្រូវ។ ចំពោះប្រតិបត្តិការគណនីដែលកើតឡើងដោយកំហុសអចេតនារបស់ប្រតិបត្តិករ ឬកំហុសបច្ចេកទេសប្រព័ន្ធ ធនាគារមានសិទ្ធិជាឯកច្ឆន្ទកែតម្រូវទៅតាម ស្ថានភាពជាក់ស្តែង។

៩.២ រាល់លិខិតឆ្លើយឆ្លង និងលិខិតជូនដំណឹងទៅអតិថិជន នឹងត្រូវបញ្ជូនទៅកាន់អាសយដ្ឋានអ៊ីម៉ែលរបស់អតិថិជន ដែលបានបំពេញ នៅក្នុង បែបបទបើកគណនី ឬអាសយដ្ឋានអ៊ីម៉ែលចុងក្រោយបំផុតដែលអតិថិជនបានជូនដំណឹងជាលាយលក្ខណ៍អក្សរមកធនាគារ។ ធនាគារនឹងមិនធានាថា រាល់លិខិតឆ្លើយឆ្លងគ្នា ឬលិខិតជូនដំណឹងទៅអតិថិជននោះ បានទៅដល់អតិថិជនគ្រប់ទាំងអស់ឡើយ។

៩.៣ អតិថិជនត្រូវផ្តល់សិទ្ធិជូនធនាគារក្នុងការផ្តល់ព័ត៌មានទាំងឡាយដែលទាក់ទងនឹងស្ថានភាពហិរញ្ញវត្ថុ និងគណនីរបស់ខ្លួន ដែលមាននៅតាម សាខាណាមួយរបស់ធនាគារ ប្រសិនបើជាការតម្រូវរបស់អាជ្ញាធរ ឬរដ្ឋអំណាចមូលដ្ឋាន ការធ្វើសវនកម្ម ករណីផ្សេងៗទៀត ដែលមានការឯកភាពពី អតិថិជន និងស្របទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

១០. សោហ៊ុយចំណាយ និងការទូទាត់

១០.១ ធនាគារអាចគិតកម្រៃសេវាមួយចំនួនចំពោះប្រតិបត្តិការលើគណនី ដែលសោហ៊ុយចំណាយនោះ បានបង្កើតឡើងនៅក្នុងតារាង "លក្ខខណ្ឌ និងថ្លៃសេវានៃប្រតិបត្តិការគណនី" ដើម្បីផ្តល់ជូនអតិថិជនឱ្យបានជ្រាបជាមុន ទាក់ទងនឹងព័ត៌មានគណនី និងថ្លៃសេវាផ្សេងៗ។ ចំពោះថ្លៃសេវាលើការ ធ្វើប្រតិបត្តិការចេញពីគណនី ត្រូវអនុលោមតាមថ្លៃសេវាដែលធនាគារបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ឬថ្លៃសេវាដែលបានព្រមព្រៀងពិសេសជាមួយ ធនាគារ។

១០.២ អតិថិជនត្រូវពិនិត្យលើថ្លៃសេវាដែលធនាគារដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ឬថ្លៃសេវាដែលបានព្រមព្រៀងគ្នាឱ្យបានច្បាស់លាស់ មុននឹងសម្រេច ធ្វើប្រតិបត្តិការនីមួយៗ និងយល់ព្រមបង់ជាសាច់ប្រាក់ ឬឱ្យធនាគារកាត់កងទឹកប្រាក់ពីគណនីរបស់ខ្លួនដើម្បីទូទាត់កម្រៃសេវា និងការចំណាយផ្សេងៗ ដែលពាក់ព័ន្ធ។ ថ្លៃសេវាលើប្រតិបត្តិការដែលបានព្រមព្រៀងរួចហើយ មិនអនុញ្ញាតឱ្យកែប្រែ ឬផ្លាស់ប្តូរដោយពុំមានការយល់ព្រមពីភាគីណាមួយឡើយ។

១០.៣ អតិថិជនត្រូវបង់សោហ៊ុយចំណាយទាំងឡាយទាក់ទងទៅនឹងប្រតិបត្តិការគណនី ឬមូលប្បទានបត្រ ឬសេវាផ្សេងៗ តាមការតម្រូវរបស់ ធនាគារ ហើយធនាគារនឹងកាត់យកសោហ៊ុយចំណាយ ឬថ្លៃសេវាចេញពីគណនីរបស់អតិថិជន ទៅតាមស្ថានភាពជាក់ស្តែង។

១០.៤ ធនាគារមានសិទ្ធិជាឯកច្ឆន្ទក្នុងការកាត់កងប្រាក់ចេញពីគណនីរបស់អតិថិជន ដើម្បីទូទាត់បំណុល បង់ថ្លៃសោហ៊ុយចំណាយ បង់ប្រាក់ពិន័យ និងថ្លៃសេវាផ្សេងៗទៀត ដែលអតិថិជនជំពាក់ធនាគារ ឬដើម្បីកែតម្រូវលើការទូទាត់ដែលបណ្តាលមកពីកំហុសបច្ចេកទេសណាមួយ ដោយពុំចាំបាច់ ជូនដំណឹងជាមុនឡើយ ហើយធនាគារមិនទទួលខុសត្រូវលើការខាតបង់ការប្រាក់ក្នុងគណនីនោះទេ ទោះជាឯកសារតម្កល់ទុកនៅធនាគារមានការអធិប្បាយ យ៉ាងណាក៏ដោយ។ ករណីគណនីមានទឹកប្រាក់មិនគ្រប់គ្រាន់ ធនាគារនឹងជូនដំណឹងអតិថិជនឱ្យមកដាក់ប្រាក់បន្ថែមនៅក្នុងគណនីឱ្យបានគ្រប់គ្រាន់។ ធនាគារនឹងគិតការប្រាក់ ២,៥% (ពីរក្បៀសប្រាំភាគរយ) ក្នុងមួយខែ លើចំនួនទឹកប្រាក់ដែលនៅជំពាក់ លើកលែងគណនីឥណទានវិបារូបន៍ (Overdraft)។ សិទ្ធិនេះត្រូវអនុវត្តលើគ្រប់ប្រភេទគណនី នៅគ្រប់ការិយាល័យ ធនាគារ អេស៊ីលីដា ភីអិលស៊ី ទាំងអស់។

១០.៥ ករណីមានការកែប្រែអត្រាការប្រាក់ និងថ្លៃសេវាផ្សេងៗ ធនាគារនឹងជូនដំណឹងជាមុនរហូតដល់ ៣០ថ្ងៃ តាមរយៈមធ្យោបាយណាមួយក្នុង ចំណោមខាងក្រោម៖

១០.៦ ប្រសិនបើធនាគារស្វែងរកវិធីណាមួយ ដើម្បីពង្រឹងការអនុវត្តសិទ្ធិ ឬការការពារសិទ្ធិ ឬដោះស្រាយជម្លោះណាមួយដែលទាក់ទងទៅនឹងគណនីអតិថិជន នោះអតិថិជនជាអ្នកចំណាយសងទៅធនាគារ នូវរាល់សោហ៊ុយចំណាយ និងថ្លៃសេវាផ្សេងៗទៀត ដែលអាចកើតមានឡើងជាយថាហេតុ ក្នុងនោះមានរួមបញ្ចូលទាំងការចំណាយផ្នែកច្បាប់ផង ដោយដកយកពីគណនីអតិថិជនផ្ទាល់។

១១. កាតព្វកិច្ចសំណង

១១.១ អតិថិជនត្រូវយល់ព្រមសងមកធនាគារវិញដោយឥតលក្ខខណ្ឌនូវរាល់ការខូចខាត ការតវ៉ា ការទាមទារ វិធានការ បំណុល ការទទួលខុសត្រូវ ការចំណាយពាក់ព័ន្ធនឹងច្បាប់ និងរាល់ការចំណាយផ្សេងៗ ទោះជាក្រោមរូបភាពណាក៏ដោយដែលជាកំហុសទាក់ទងទៅនឹងការប្រតិបត្តិគណនីរបស់ អតិថិជនគ្រប់ប្រភេទ។

១១.២ ធនាគារនឹងមិនទទួលខុសត្រូវចំពោះរាល់ការតវ៉ា ការទាមទារ វិធានការ បណ្តឹង ការបាត់បង់ផលប្រយោជន៍ ការចំណាយផ្សេងៗ ដែលរួមទាំង ការចំណាយដែលពាក់ព័ន្ធនឹងច្បាប់ បំណុល ឬការទទួលខុសត្រូវណាមួយ ដែលជាកំហុសកើតឡើងជាយថាហេតុទាក់ទងទៅនឹងការប្រតិបត្តិគណនី របស់អតិថិជន ទោះជាក្រោមរូបភាពណាក៏ដោយ លើកលែងតែកំហុសបច្ចេកទេសដែលកើតឡើងដោយធនាគារ។

១២. ការប្រើប្រាស់ និងការកំណត់ឯកជនភាពនៃព័ត៌មាន ឬទិន្នន័យបុគ្គល

១២.១ ធនាគារអាចប្រមូល និងរក្សាទុកនូវព័ត៌មានដែលផ្ដល់ដោយអតិថិជន ដូចជា ឈ្មោះជាភាសាខ្មែរ និងអក្សរឡាតាំង លេខទូរសព្ទ នាមខ្លួន នាមត្រកូល ភេទ ថ្ងៃខែឆ្នាំកំណើត ទីកន្លែងកំណើត លេខអត្តសញ្ញាណប័ណ្ណ កាលបរិច្ឆេទផុតកំណត់អត្តសញ្ញាណប័ណ្ណ អត្តសញ្ញាណប័ណ្ណនិយោជិត អាសយដ្ឋាន អ៊ីម៉ែល និងព័ត៌មានផ្សេងទៀត ដើម្បីអនុវត្តក្នុងការបើកគណនី។

១២.២ ធនាគារអាចប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជន ក្នុងករណីណាមួយដូចខាងក្រោម៖

១២.៣ ធនាគារនឹងចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជន ដោយអនុលោមតាមច្បាប់ បទប្បញ្ញតិ្ត និងតម្រូវការរបស់អាជ្ញាធរមានសមត្ថកិច្ច និង ចែករំលែកជាមួយតតិយជនដែលបានចុះកិច្ចព្រមព្រៀងធ្វើជាអ្នកផ្តល់សេវាកម្មជាមួយធនាគារប៉ុណ្ណោះ ដើម្បីគ្រប់គ្រង និងដំណើរការនូវប្រតិបត្តិការទូទាត់ របស់អតិថិជន។

១២.៤ ធនាគារនឹងរក្សាទុកនូវព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជន ដោយយោងទៅលើគោលការណ៍នៃការរក្សាទុកទិន្នន័យរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ប៉ុន្តែការរក្សាទុកនេះ គឺរហូតដល់រយៈពេលកំណត់ណាមួយ ដើម្បីអនុវត្តនូវកាតព្វកិច្ចរបស់ធនាគារ ស្របតាមក្របខណ្ឌច្បាប់ ឬបទប្បញ្ញត្តិ ប៉ុណ្ណោះ។ នៅពេលដែលព័ត៌មានរបស់អតិថិជនលែងជាតម្រូវការចាំបាច់ នោះធនាគារនឹងលុបចោលភ្លាមៗ ជាសម្ងាត់ ប្រកបដោយសុវត្ថិភាព។

១២.៥ រាល់ព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជន ត្រូវបានរក្សាទុកតាមមធ្យោបាយដែលមានសុវត្ថិភាពខ្ពស់ និងមានទំនុកចិត្ត។ ធនាគារនឹងការពារនូវ ព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជន ដោយអនុវត្តទៅតាមយន្តការសុវត្ថិភាពខ្ពស់ វិធានការត្រួតពិនិត្យដ៏ប្រសើរបំផុតដោយរួមបញ្ចូលទាំងបច្ចេកវិទ្យាជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់ ហើយបាន encrypted ដោយបច្ចេកវិជ្ជា cryptographic ខ្ពស់បំផុត និងស្របទៅតាមស្តង់ដារសុវត្ថិភាពឧស្សាហកម្ម ដើម្បីការពាររាល់ការចូលលុកលុយ ការប្រមូល ការប្រើប្រាស់ ការបង្ហាញ ការចម្លង ការកែប្រែ ការដកចេញ ឬ ហានិភ័យផ្សេងទៀត ដោយគ្មានការអនុញ្ញាត។

១៣. ផ្សេងៗ

១៣.១ ដើម្បីជាការធានាចំពោះបំណុលរបស់ខ្លួន ធនាគារអាចរក្សាទុកនូវរាល់សម្ភារៈ ឬរូបិយវត្ថុ ឬទ្រព្យសម្បត្តិផ្សេងទៀតរបស់អតិថិជន ឬដាក់តម្កល់ ដោយអតិថិជនក្នុងឃ្លាំង ឬក្នុងកន្លែងដែលជាកម្មសិទ្ធិរបស់ធនាគារ ឬតាមរបៀបផ្សេងពីនេះ ដើម្បីរក្សាសុវត្ថិភាព។

១៣.២ ប្រសិនបើទឹកប្រាក់ដែលត្រូវបង់ទៅធនាគារ ជាទឹកប្រាក់ដែលនឹងត្រូវកាត់ទុក ឬដកទុកមួយចំនួន អតិថិជនត្រូវបង់សងទៅធនាគារនូវចំនួន ទឹកប្រាក់បន្ថែមយ៉ាងណាឱ្យធនាគារទទួលបាននូវចំនួនទឹកប្រាក់សុទ្ធ ក្រោយការកាត់ទុក ឬដកទុក ស្មើនឹងចំនួនទឹកប្រាក់ដែលត្រូវបង់សង ទៅធនាគារ។

១៣.៣ បំណុលអតិថិជនចំពោះធនាគារនឹងមិនប៉ះពាល់ទេ ទោះជាមានការផ្លាស់ប្តូរសមាសភាព ឬចំណុចណាមួយនៃស្ថានភាពផ្លូវច្បាប់ក៏ដោយ ហើយវានឹងភ្ជាប់កាតព្វកិច្ចដល់អ្នកស្នងមរតករបស់អតិថិជន។

១៣.៤ អតិថិជននឹងទទួលបានការប្រាក់ទៅតាមប្រភេទគណនីដែលបានកំណត់ដោយធនាគារ អេស៊ីលីដា ភីអិលស៊ី ហើយត្រូវបានគិតបង្គរ ជាប្រចាំថ្ងៃ និងជាស្វ័យប្រវត្តិ ដើម្បីបញ្ចូលក្នុងគណនីអតិថិជនទៅតាមពេលវេលាកំណត់នៃប្រភេទគណនីនីមួយៗ និងត្រូវកាត់ពន្ធទៅតាមអត្រាដែល បានកំណត់ដោយនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយកាត់ចេញពីគណនីអតិថិជនដោយស្វ័យប្រវត្តិ។

១៣.៥ គណនីគ្រប់ប្រភេទដែលគ្មានប្រតិបត្តិការ ដក-ដាក់ប្រាក់ ផ្ទេរប្រាក់/ទូទាត់ចេញ-ចូលគណនីនៅតាមបញ្ជរ តាមប្រព័ន្ធធនាគារអេឡិចត្រូនិក ឬឌីជីថល និងកម្រៃសេវាផ្សេងៗដែលអតិថិជនកាត់ចេញពីគណនី និងប្រតិបត្តិការដែលធ្វើឡើងដោយធនាគារផ្ទាល់ ដូចជា ការគិតការប្រាក់ ឬការគិត ថ្លៃសេវាកម្មផ្សេងៗ អស់រយៈពេលលើសពី ១២ខែ ឡើងទៅ ត្រូវចាត់ទុកថាជាគណនីនៅស្ងៀមឬគ្មានសកម្មភាព និងត្រូវគិតកម្រៃសេវា ទៅតាមការ កំណត់របស់ធនាគារ ដោយកាត់ចេញពីគណនីអតិថិជនដោយផ្ទាល់។

១៣.៦ ករណីលក្ខខណ្ឌណាមួយដែលបានចែងខាងលើនេះ មិនស្របនឹងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ត្រូវចាត់ទុកជានិរាករណ៍ ប៉ុន្តែពុំធ្វើឱ្យ ប៉ះពាល់ដល់សុពលភាពអនុវត្តលក្ខខណ្ឌដទៃទៀតឡើយ។

១៣.៧ លោក-លោកស្រីអាចយល់ព្រមតាមលក្ខខណ្ឌកំណែទម្រង់ចុងក្រោយដែលមានរក្សាទុកនៅក្នុងគេហទំព័រផ្លូវការរបស់អេស៊ីលីដា តាមរយៈការ ធីក ( √ ) យល់ព្រមនៅក្នុងទម្រង់បើកគណនី ហើយរក្សាទុកក្នុងឯកសារបើកគណនីអតិថិជន ឬអាចទទួលយកតាមមធ្យោបាយអេឡិចត្រូនិកផ្សេងៗ ដែលធនាគារអាចធ្វើទៅបាន ដើម្បីបញ្ជាក់ក្នុងការប្រើប្រាស់គណនីជាមួយធនាគារបានត្រឹមត្រូវ។ ក្នុងករណីដែលអត្ថបទជាភាសាខ្មែរមានអត្ថន័យ ខុសគ្នានឹងអត្ថបទជាភាសាអង់គ្លេស ឬភាសាចិន នោះអត្ថបទជាភាសាខ្មែរត្រូវបានទទួលយកជាផ្លូវការ។

ខ្ញុំ/យើងខ្ញុំ បានអាន យល់ និងព្រមព្រៀងគ្រប់ខចែង ដែលមានរៀបរាប់នៅក្នុងលក្ខខណ្ឌទូទៅខាងលើ។

ការិយាល័យ​ទំនាក់ទំនង​អតិថិជន (បម្រើ២៤ម៉ោង) ៖
phone_in_talk០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh
webwww.acledabank.com.kh