លក្ខខណ្ឌទូទៅក្នុងការប្រើប្រាស់ប្រាក់បញ្ញើមានកាលកំណត់ ជាមួយ ធនាគារ អេស៊ីលីដា ភីអិលស៊ី
១. ប្រាក់បញ្ញើមានកាលកំណត់ គឺជាកិច្ចសន្យារវាងលោក-លោកស្រី និងធនាគារ អេស៊ីលីដា ភីអិលស៊ី ស្តីពីការដាក់ប្រាក់បញ្ញើក្នុងអំឡុងពេលកំណត់មួយជាក់លាក់ នៅតាមការិយាល័យធនាគារ អេស៊ីលីដា ភីអិលស៊ី ឬសេវាធនាគារអេឡិចត្រូនិក និងឌីជីថល ដើម្បីទទួលបានការប្រាក់ខ្ពស់ និងមានសុវត្ថិភាព។
២. លោក-លោកស្រី អាចដាក់ប្រាក់បញ្ញើមានកាលកំណត់ និងជ្រើសរើសលក្ខខណ្ឌបន្តកិច្ចសន្យាដោយស្វ័យប្រវត្តិតាមប្រភេទប្រាក់បញ្ញើ ដូចជា៖ ប្រាក់បញ្ញើមានកាលកំណត់កំណើនខ្ពស់ ប្រាក់បញ្ញើមានកាលកំណត់ចំណូលខ្ពស់ និងប្រាក់បញ្ញើមានកាលកំណត់រយៈពេលវែង ហើយអាចបន្តកិច្ចសន្យាដោយស្វ័យប្រវត្តិ ឬមិនបន្តទៅតាមតម្រូវការជាក់ស្តែង។ លោក-លោកស្រីនឹងទទួលបានវិញ្ញាបនបត្រប្រាក់បញ្ញើ ឬវិញ្ញាបនបត្រអេឡិចត្រូនិក ជាភស្តុតាង បន្ទាប់ពីបានព្រមព្រៀងលើពាក្យសុំវិញ្ញាបនបត្រប្រាក់បញ្ញើ និងដាក់ប្រាក់ចូលក្នុងគណនីរួចរាល់។
៣. លោក-លោកស្រី អាចដកប្រាក់បញ្ញើនៅតាមបញ្ជរបេឡា ឬតាមរយៈម៉ាស៊ីនស្វ័យប្រវត្តិ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន ចាប់ពីកាលបរិច្ឆេទបញ្ចប់នៅក្នុងវិញ្ញាបនបត្រប្រាក់បញ្ញើ ឬដកប្រាក់ដើមមុនកាលកំណត់ ដូចខាងក្រោម៖
៣.១ ការដកប្រាក់បញ្ញើតាមកាលបរិច្ឆេទបញ្ចប់
- ប្រាក់បញ្ញើមានកាលកំណត់កំណើនខ្ពស់៖ ប្រាក់ដើម និងការប្រាក់ ដកបាននៅពេលចប់កិច្ចសន្យា។
- ប្រាក់បញ្ញើមានកាលកំណត់ចំណូលខ្ពស់៖ ការប្រាក់ដកបានរៀងរាល់ខែ ប្រាក់ដើមដកបាននៅពេលចប់កិច្ចសន្យា។
- ប្រាក់បញ្ញើមានកាលកំណត់រយៈពេលវែង៖ ការប្រាក់ដកបានរៀងរាល់បីខែម្តង ប្រាក់ដើមដកបាននៅពេលចប់កិច្ចសន្យា។
៣.២ ការដកប្រាក់ដើមមុនកាលកំណត់
លោក-លោកស្រី អាចបញ្ចប់កិច្ចសន្យាប្រាក់បញ្ញើមុនកាលកំណត់ លុះត្រាតែមានការយល់ព្រមជាមុន ពីធនាគារ អេស៊ីលីដា ភីអិលស៊ី។
៣.២.១ ចំពោះលោក-លោកស្រី ជាតំណាងគ្រឹះស្ថានធនាគារ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុ ត្រូវជូនដំណឹងមុនយ៉ាងតិច ៣០ថ្ងៃនៃថ្ងៃធ្វើការ តាមការដាក់ពាក្យស្នើសុំបញ្ចប់ ឬការជូនដំណឹងជាលាយលក្ខណ៍អក្សរតាមរយៈលិខិតផ្លូវការ ឬសេវាបញ្ជាតាម E-mail/Fax មកធនាគារ និងភ្ជាប់មកនូវវិញ្ញាបនបត្រប្រាក់បញ្ញើ ដែលស្នើសុំដកបា្រក់ដើមមុនកាលកំណត់ ដោយមិនទទួលបានការប្រាក់ឡើយ ហើយត្រូវកាត់កងការប្រាក់ជាមួយប្រាក់ដើម ដើម្បីទូទាត់សងមកធនាគារ អេស៊ីលីដា ភីអិលស៊ី វិញ ក្នុងករណីបានទទួលការប្រាក់ប្រចាំខែចំពោះប្រាក់បញ្ញើមានកាលកំណត់ចំណូលខ្ពស់ និងបានទទួលការប្រាក់ប្រចាំត្រីមាសចំពោះប្រាក់បញ្ញើមានកាលកំណត់រយៈពេលវែង រួចហើយ។
៣.២.២ ចំពោះលោក-លោកស្រី ជាតំណាងក្រុមហ៊ុន/ស្ថាប័ន ក្រៅពីគ្រឹះស្ថានធនាគារ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុ ត្រូវជូនដំណឹងមុនយ៉ាងតិច ៣០ថ្ងៃនៃថ្ងៃធ្វើការ តាមការដាក់ពាក្យស្នើសុំបញ្ចប់ ឬការជូនដំណឹងជាលាយលក្ខណ៍អក្សរតាមរយៈលិខិតផ្លូវការ ឬសេវាបញ្ជាតាម E-mail/Fax មកធនាគារ ដោយមិនតម្រូវឲ្យភ្ជាប់មកនូវវិញ្ញាបនបត្រប្រាក់បញ្ញើ ដែលស្នើសុំដកបា្រក់ដើមមុនកាលកំណត់ឡើយ និងទទួលបានការប្រាក់តាមអត្រានៃគណនីបញ្ញើសំចៃ លើចំនួនទឹកប្រាក់បញ្ញើដែលស្នើសុំដកមុនកាលកំណត់។ ចំពោះលោក-លោកស្រីដាក់ប្រាក់បញ្ញើមានកាលកំណត់ចំណូលខ្ពស់ និងប្រាក់បញ្ញើមានកាលកំណត់រយៈពេលវែង ប្រសិនបើក្នុងអំឡុងពេលកន្លងមក បានទទួលការប្រាក់ប្រចាំខែ និងប្រចាំត្រីមាសរួចហើយ ត្រូវកាត់កងការប្រាក់ជាមួយប្រាក់ដើម ដើម្បីទូទាត់សងមកធនាគារ អេស៊ីលីដា ភីអិលស៊ី វិញ។
៣.២.៣ ចំពោះលោក-លោកស្រី ជាឯកត្តជន អាចបញ្ចប់កិច្ចសន្យាប្រាក់បញ្ញើមុនកាលកំណត់ ដោយមិនតម្រូវឲ្យភ្ជាប់មកនូវវិញ្ញាបនបត្រប្រាក់បញ្ញើ ដែលស្នើសុំដកបា្រក់ដើមមុនកាលកំណត់ឡើយ។ ការប្រាក់នឹងទទួលបានតាមអត្រាការប្រាក់នៃគណនីបញ្ញើសំចៃ លើចំនួនទឹកប្រាក់បញ្ញើដែលស្នើសុំដកមុនកាលកំណត់ ចំពោះប្រាក់បញ្ញើមានកាលកំណត់កំណើនខ្ពស់ និងប្រាក់បញ្ញើមានកាលកំណត់ចំណូលខ្ពស់ ប៉ុន្តែការប្រាក់ដែលអតិថិជនទទួលបានប្រចាំខែ រួចហើយ នឹងត្រូវកាត់កងជាមួយប្រាក់ដើម ដើម្បីទូទាត់សងមកធនាគារ អេស៊ីលីដា ភីអិលស៊ី វិញ។ ចំពោះប្រាក់បញ្ញើមានកាលកំណត់រយៈពេលវែង ត្រូវជូនដំណឹងមុនយ៉ាងតិច ៣០ថ្ងៃនៃថ្ងៃធ្វើការ តាមការដាក់ពាក្យស្នើសុំបញ្ចប់ ឬការជូនដំណឹងជាលាយលក្ខណ៍អក្សរតាមរយៈលិខិតផ្លូវការ ឬសេវាបញ្ជាតាម E-mail/Fax មកធនាគារ ដើម្បីទទួលបានការប្រាក់តាមអត្រានៃគណនីបញ្ញើសំចៃធម្មតា បើមិនដូច្នោះទេការប្រាក់មិនត្រូវបានផ្តល់ជូនឡើយ ហើយប្រសិនបើក្នុងអំឡុងពេលកន្លងមក បានទទួលការប្រាក់ប្រចាំត្រីមាសរួចហើយ ត្រូវកាត់កងការប្រាក់ជាមួយប្រាក់ដើម ដើម្បីទូទាត់សងមកធនាគារ អេស៊ីលីដា ភីអិលស៊ី វិញ។
៤. ចំណូលការប្រាក់របស់លោក-លោកស្រី ត្រូវជាប់ពន្ធស្របតាមប្រកាស ស្តីពីពន្ធលើប្រាក់ចំណេញ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
៥. អត្រាការប្រាក់ដែលបានព្រមព្រៀងរួចហើយ មិនអនុញ្ញាតឲ្យកែប្រែ ឬផ្លាស់ប្តូរដោយពុំមានការយល់ព្រមពីភាគីណាមួយឡើយ នៅពេលដែលកិច្ចសន្យាដាក់ប្រាក់បញ្ញើមានកាលកំណត់មិនទាន់បញ្ចប់ លើកលែងតែក្នុងករណីធនាគារមិនបន្តកិច្ចសន្យា ឬបញ្ចប់កិច្ចសន្យាប្រាក់បញ្ញើ មុនកាលកំណត់ដោយមូលហេតុអត្រាការប្រាក់ទូទៅក្នុងទីផ្សារមានការធ្លាក់ចុះខ្លាំង។ ធនាគារនឹងជូនដំណឹងអតិថិជនជាលាយលក្ខណ៍អក្សរ តាមរយៈលិខិតផ្លូវការជាមុន យ៉ាងតិច ៣០ថ្ងៃនៃថ្ងៃធ្វើការ ដោយផ្តល់ការប្រាក់តាមការចរចាជាក់ស្តែង។
៦. ការបន្តកិច្ចសន្យាស្វ័យប្រវត្តិ កើតឡើងនៅពេលដែលលោក-លោកស្រី បានស្នើសុំដាក់ប្រាក់បញ្ញើបន្តមួយវគ្គទៀត ឬច្រើនវគ្គបន្តបន្ទាប់គ្នាដោយមិនមានការផ្លាស់ប្តូរលេខកិច្ចសន្យាថ្មី។ ការបន្តបែបនេះ គឺអាស្រ័យទៅតាមការបង្គាប់របស់លោក-លោកស្រី តាមរយៈការផ្តល់ព័ត៌មាននៅពេលដាក់ប្រាក់បញ្ញើ ឬជូនដំណឹងនៅពេលណាមួយក្នុងអំឡុងពេលនៃកិច្ចសន្យា ឬយ៉ាងតិចបំផុត ០២ថ្ងៃនៃថ្ងៃធ្វើការ មុនថ្ងៃបញ្ចប់កិច្ចសន្យា។
៧. នៅពេលលោក-លោកស្រី ជ្រើសរើសលក្ខខណ្ឌបន្តដោយស្វ័យប្រវត្តិ មានន័យថា លោក-លោកស្រីព្រមព្រៀងបន្តផ្ញើប្រាក់ជាមួយធនាគារអេស៊ីលីដា ភីអិលស៊ី តទៅទៀត ដែលមានប្រាក់ដើម ឬប្រាក់ដើមរួមទាំងការប្រាក់ដែលបានទទួល និងរយៈពេលផ្ញើនៅរក្សាដូចកិច្ចសន្យាដែលបានព្រមព្រៀងពីដំបូងដដែល លើកលែងតែអត្រាការប្រាក់ត្រូវអនុវត្តដូចខាងក្រោម៖
- គិតជូនតាមអត្រាការប្រាក់ធម្មតាដែលធនាគារ អេស៊ីលីដា ភីអិលស៊ី ដាក់ឲ្យប្រើប្រាស់ជាផ្លូវការចុងក្រោយបង្អស់។
- ចំពោះលោក-លោកស្រី ដែលមានកិច្ចព្រមព្រៀងផ្តល់អត្រាការប្រាក់ពិសេស មិនអនុញ្ញាតឲ្យជ្រើសរើសលក្ខខណ្ឌបន្តជាស្វ័យប្រវត្តិឡើយ។ ករណីមានតម្រូវការដាក់ប្រាក់បញ្ញើបន្តទៀត គឺត្រូវគិតការប្រាក់តាមអត្រាធម្មតាវិញ។
៨. ករណីលោក-លោកស្រីស្នើសុំវិញ្ញាបនបត្រប្រាក់បញ្ញើថ្មី ជំនួសវិញ្ញាបនបត្រប្រាក់បញ្ញើចាស់ដែលបានបាត់ ឬខូច លោក-លោកស្រីត្រូវបង់ថ្លៃសេវាតាមការកំណត់របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។
៩. ធនាគារ អេស៊ីលីដា ភីអិលស៊ី រក្សាសិទ្ធិពេញលេញក្នុងការបដិសេធមិនទទួល ឬមិនបន្តកិច្ចសន្យា ឬបញ្ឈប់កិច្ចសន្យា មុនពេលកំណត់ ប្រសិនបើព័ត៌មានរបស់លោក-លោកស្រី មានជាប់ពាក់ព័ន្ធសកម្មភាពមិនអនុវត្តតាមគោលការណ៍ ច្បាប់ និងបទប្បញ្ញត្តិផ្សេងៗ ទាក់ទងនឹងការប្រតិបត្តិគណនី ឬមានជាប់ពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយនឹងបុគ្គល ឬអង្គភាពហាមឃាត់របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។
១០. សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ អេស៊ីលីដា ភីអិលស៊ី និងព័ត៌មានផ្សេងៗទៀត សូមលោក-លោកស្រី ទំនាក់ទំនងការិយាល័យទំនាក់ទំនងអតិថិជន ២៤ម៉ោង តាមរយៈទូរសព្ទលេខ៖ ០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣ ឬអ៊ីម៉ែល៖ inquiry@acledabank.com.kh
ខ្ញុំ/យើងខ្ញុំជាអតិថិជនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី បានអានយល់ និងព្រមព្រៀងគ្រប់ "ខ" ចែង ដែលមានរៀបរាប់នៅក្នុងលក្ខខណ្ឌខាងលើ។
