លក្ខខណ្ឌប្រតិបត្តិការសេវាផ្ទេរប្រាក់ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី
សូមអានលក្ខខណ្ឌនេះដោយប្រុងប្រយ័ត្ន។ លក្ខខណ្ឌនេះបានបង្កើតឡើងសម្រាប់ប្រើជាកិច្ចព្រមព្រៀងក្នុងប្រតិបត្តិការផ្ទេរប្រាក់ជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី។ លក្ខខណ្ឌនេះ បង្កើតឡើង សម្រាប់ប្រើជាកិច្ចព្រមព្រៀងក្នុងប្រតិបត្តិការផ្ទេរប្រាក់រវាងលោក-លោកស្រី ជាមួយធនាគារ។
ការទទួលខុសត្រូវរបស់អតិថិជន
- លោក-លោកស្រីត្រូវប្រាកដថា រាល់ព័ត៌មានដែលបានបំពេញលើពាក្យសុំផ្ទេរប្រាក់ ពិតជាត្រឹមត្រូវ និងគ្រប់គ្រាន់។
- ករណីមានការកែប្រែព័ត៌មាន ពន្យារពេលទូទាត់ ឬបញ្ឈប់ប្រតិបត្តិការផ្ទេរប្រាក់ លោក-លោកស្រីត្រូវជូនដំណឹងមកធនាគារជាលាយលក្ខណ៍អក្សរ ឬតាមអ៊ីម៉ែល ឬតាមមធ្យោបាយអេឡិចត្រូនិកផ្សេងទៀត។
- លោក-លោកស្រី ត្រូវអះអាងថា ប្រតិបត្តិការផ្ទេរប្រាក់នេះ ទោះក្នុងនាមខ្លួនឯងផ្ទាល់ ឬសាច់ញាតិ ឬប្រតិបត្តិការទូទាត់ក្រោមកិច្ចសន្យា ពិតជា ត្រឹមត្រូវស្របតាមច្បាប់ជាតិ និង/ឬអន្តរជាតិ។
- លោក-លោកស្រី ត្រូវសហការ និងយល់ព្រមក្នុងការផ្តល់ឯកសារគាំទ្រពាក់ព័ន្ធនឹងប្រតិបត្តិការផ្ទេរប្រាក់ ករណីធនាគារមានតម្រូវការ។
- ទំនាក់ទំនងហិរញ្ញវត្ថុ ជាទូទៅកើតមាននៅពេលដែលមានប្រតិបត្តិការពីររវាងក្រុមហ៊ុន/ស្ថាប័ន និងក្រុមហ៊ុន/ស្ថាប័នដែលជាសម្ព័ន្ធញាតិនឹងគ្នា។ នេះមានន័យថា បុគ្គលជាប្រតិបត្តិករអាចកាន់កាប់ភាគហ៊ុនមួយផ្នែក ឬទាំងស្រុងរបស់ប្រតិបត្តិករផ្សេងទៀតដោយផ្ទាល់ ឬដោយប្រយោល៖
ទំនាក់ទំនងហិរញ្ញវត្ថុ
- មាន (R): ក្រុមហ៊ុន/ស្ថាប័នវិនិយោគផ្ទាល់ ជាការវិនិយោគរវាងប្រតិបត្តិករជានិវាសនជន ឬអនិវាសនជនជាមួយប្រតិបត្តិករអនិវាសនជន ឬ និវាសនជន ដែលមានភាគហ៊ុន ១០% ឬច្រើនជាង ១០% នៃក្រុមហ៊ុន/ស្ថាប័ន វិនិយោគផ្ទាល់។
- គ្មាន (N): បានន័យថាប្រតិបត្តិករជានិវាសនជន ឬអនិវាសនជនគ្មានភាគហ៊ុន ឬមានភាគហ៊ុនតិចជាង ១០% ជាមួយប្រតិបត្តិករជា អនិវាសនជន ឬនិវាសនជនផ្សេងទៀត។
- មិនដឹង (DN)។
- លោក-លោកស្រី ទទួលខុសត្រូវទាំងស្រុងទៅលើភាពត្រឹមត្រូវនៃប្រតិបត្តិការផ្ទេរប្រាក់ និងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ទាក់ទងនឹងព័ត៌មាន និង/ឬឯកសារគាំទ្រនៃប្រតិបត្តិការផ្ទេរប្រាក់ដែលបានផ្តល់មកធនាគារ ដោយរួមបញ្ចូលទាំងការបាត់បង់ ឬបង្វែរប្រតិបត្តិការ ត្រឡប់មកវិញ ឬបង្កក ឬលុបចោលការផ្ទេរប្រាក់ ប្រសិនបើធនាគារ ឬធនាគារដៃគូមិនអាចទទួលធ្វើប្រតិបត្តិការបាន ឬរកឃើញថា ប្រតិបត្តិការមានពាក់ព័ន្ធនឹងការសម្អាតប្រាក់ ឬហិរញ្ញប្បទានភេរវកម្ម ឬហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និង/ឬសកម្មភាព មិនស្របច្បាប់ និង/ឬអំពើល្មើសច្បាប់/បទប្បញ្ញត្តិជាតិ និង/ឬអន្តរជាតិ។
ប្រតិបត្តិការផ្ទេរប្រាក់
- ប្រតិបត្តិការសេវាផ្ទេរប្រាក់នឹងត្រូវធ្វើឡើងក្រោយពេលធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានទម្រង់ផ្ទេរប្រាក់ ឬសំណើសុំតាមសេវាអេស៊ីលីដា អ៊ីនធើណែត ឬអេស៊ីស៊ូភើអេប ឬសេវាបញ្ជាតាមរយៈ E-mail ពី លោក-លោកស្រី។
- ធនាគារនឹងធ្វើប្រតិបត្តិការទូទាត់ទៅតាមព័ត៌មានដែលបានបញ្ជាក់នៅក្នុងទម្រង់ផ្ទេរប្រាក់ ឬសំណើសុំផ្ទេរប្រាក់តាមសេវាអេស៊ីលីដាអ៊ីនធើណែត ឬអេស៊ីស៊ូភើអេប ឬសេវាបញ្ជាតាមរយៈ E-mail។ ក្នុងករណីលោក-លោកស្រី ផ្តល់ព័ត៌មានមិនត្រឹមត្រូវ មិនគ្រប់គ្រាន់ ឬមិនច្បាស់លាស់ ឬមិនបានទាន់ពេលវេលា ឬពាក់ព័ន្ធនឹងការបោកបន្លំ នោះលោក-លោកស្រីជាអ្នកទទួលខុសត្រូវលើការបាត់បង់ និងការចំណាយផ្សេងៗ។
- ប្រតិបត្តិការផ្ទេរប្រាក់ ជាប្រភេទរូបិយប័ណ្ណផ្សេងក្រៅពីប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក ទោះបីអ្នកទទួលផលមានគណនី ឬគ្មានគណនី ក៏ដោយ គឺអាចដកបាននៅពេលធនាគារមានបម្រុងសាច់ប្រាក់ជារូបិយប័ណ្ណប្រភេទនោះគ្រប់គ្រាន់ប៉ុណ្ណោះ។ បើមិនដូច្នោះទេ អតិថិជនត្រូវដកជា ប្រាក់រៀល ឬដុល្លារអាមេរិកដោយគិតទៅតាមអត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅពេលនោះ។
- ប្រតិបត្តិការផ្ទេរប្រាក់ទៅអ្នកទទួលគ្មានគណនី៖
- ទឹកប្រាក់ផ្ទេរអាចស្ថិតនៅក្នុងគណនីព្យួររបស់ធនាគាររយៈពេល ៩០ថ្ងៃ តែប៉ុណ្ណោះ។ ដោយគិតចាប់ពីថ្ងៃផ្ទេរប្រាក់ អ្នកផ្ទេរត្រូវទំនាក់ទំនង អ្នកទទួលដើម្បីឱ្យមកដកប្រាក់បានទាន់ពេលតាមការកំណត់។
- ក្រោយពីទទួលបានការផ្ទេរប្រាក់ចូលរយ:ពេល ៩០ថ្ងៃ ដោយពុំមានអ្នកទទួលមកដកប្រាក់នោះទេ ទឹកប្រាក់នឹងត្រូវផ្ទេរត្រឡប់ទៅគណនីអ្នក ផ្ទេរវិញ។
- ករណីអ្នកផ្ទេរ ឬអ្នកទទួល ត្រឡប់មកដកប្រាក់ចាប់ពីថ្ងៃទី ៩១ តទៅ ត្រូវភ្ជាប់មកនូវឯកសារពាក់ព័ន្ធនៃការផ្ទេរប្រាក់ (សម្រាប់អ្នកផ្ទេរ) ឬសំណួរ-ចម្លើយ ឬលិខិតសម្គាល់អត្តសញ្ញាណ (សម្រាប់អ្នកទទួល) ធនាគារនឹងបង្វែរទឹកប្រាក់នោះជូនអ្នកផ្ទេរ ឬអ្នកទទួលវិញ។
- ការស្នើសុំបញ្ឈប់ប្រតិបត្តិការផ្ទេរប្រាក់ ធនាគារនឹងប្រគល់ជូនតែចំនួនប្រាក់ផ្ទេរប៉ុណ្ណោះ ចំណែកកម្រៃសេវានឹងមិនបង្វែរជូនលោក-លោកស្រីវិញឡើយ។ ចំពោះការផ្ទេរប្រាក់ទៅក្រៅប្រទេសនឹងទទួលបានទឹកប្រាក់ជាក់ស្តែង ក្រោយពេលធនាគារនៅក្រៅប្រទេសបង្វែរទឹកប្រាក់នោះមកវិញ (ករណី ទឹកប្រាក់បង្វែរខុសពីរូបិយប័ណ្ណគណនីអ្នកផ្ញើ ធនាគារនឹងធ្វើការបញ្ចូលទឹកប្រាក់ក្នុងគណនីអ្នកផ្ញើវិញដោយគិតតាមអត្រាប្តូរប្រាក់ជាក់ ស្តែង) ឬពុំអាចទទួលទឹកប្រាក់បានឡើយ ប្រសិនបើអ្នកទទួលនៅក្រៅប្រទេសមិនអនុញ្ញាតឱ្យបង្វែរទឹកប្រាក់ត្រឡប់មកលោក-លោកស្រី វិញ។
- ជម្រើសបង់ថ្លៃសេវា "OUR" មានន័យថា ធនាគារ អេស៊ីលីដា ភីអិលស៊ី ធានាថាទឹកប្រាក់នឹងត្រូវបានផ្ទេរទៅកាន់ធនាគារទទួលផលគ្រប់ចំនួន។ យ៉ាងណាក៏ដោយ ធនាគារទទួលផលអាចគិតកម្រៃសេវាផ្សេងៗ បន្ថែមពីអតិថិជនជាអ្នកទទួលផលនៅក្រៅប្រទេស តាមគោលការណ៍ផ្ទៃក្នុង របស់ធនាគារនោះ ហើយអ្នកទទួលផលត្រូវទទួលបន្ទុកបង់កម្រៃសេវាបន្ថែមនេះទាំងស្រុង។
ប្រភេទរូបិយប័ណ្ណ
ប្រតិបត្តិការផ្ទេរប្រាក់អាចធ្វើឡើងជាប្រាក់រៀល ប្រាក់ដុល្លារអាមេរិក ឬរូបិយប័ណ្ណផ្សេងៗទៀត ដែលធនាគារ អេស៊ីលីដា ភីអិលស៊ី ដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការ។ ករណីប្រតិបត្តិការផ្ទេរប្រាក់មានប្រភេទរូបិយប័ណ្ណផ្សេងគ្នា ត្រូវឆ្លងកាត់អត្រាប្ដូរប្រាក់ផ្លូវការរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅពេលទូទាត់ចូលគណនី។
កម្រៃសេវាផ្ទេរប្រាក់
- លោក-លោកស្រី ត្រូវពិនិត្យលើថ្លៃសេវាដែលធនាគារដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ឬថ្លៃសេវាដែលបានព្រមព្រៀងគ្នាឱ្យបានច្បាស់លាស់ មុននឹង សម្រេចធ្វើប្រតិបត្តិការនីមួយៗ និងយល់ព្រមបង់ជាសាច់ប្រាក់ ឬឱ្យធនាគារកាត់កងទឹកប្រាក់ចេញពីគណនីរបស់ខ្លួនដើម្បីទូទាត់កម្រៃសេវា និង ការចំណាយផ្សេងៗដែលពាក់ព័ន្ធ។
- ថ្លៃសេវាលើប្រតិបត្តិការផ្ទេរប្រាក់ដែលបានព្រមព្រៀងរួចហើយមិនអនុញ្ញាតឱ្យកែប្រែ ឬផ្លាស់ប្តូរដោយពុំមានការយល់ព្រមពីភាគីណាមួយឡើយ។
- ចំពោះការផ្ទេរប្រាក់ទៅក្រៅប្រទេសតាមប្រព័ន្ធ Swift ធនាគារអាចស្នើសុំលោក-លោកស្រីឱ្យបង់កម្រៃសេវាបន្ថែម ទៅលើការកែប្រែព័ត៌មាន ឬបន្ថែមព័ត៌មាន ឬការសាកសួរព័ត៌មាន ករណីមានតម្រូវការស្នើសុំពីធនាគារនៅក្រៅប្រទេស។
ការរក្សាការសម្ងាត់
រាល់ព័ត៌មានផ្ទេរប្រាក់ ត្រូវបានរក្សាការសម្ងាត់ដោយធនាគារ អេស៊ីលីដា ភីអិលស៊ី។ លើកលែងតែករណីដូចជា៖
- ធនាគារមានតម្រូវការព័ត៌មានសម្រាប់រៀបចំរបាយការណ៍ ឬការធ្វើសវនកម្ម ឬសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត ឬច្បាប់តម្រូវ។
- ករណីមានដីកាពីតុលាការ ឬអាជ្ញាធរមានសមត្ថកិច្ចក្នុងគោលបំណងស៊ើបអង្កេត ឬដំណើរការផ្លូវច្បាប់ទាក់ទងនឹងបទល្មើសដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល។
ការប្រើប្រាស់ និងការកំណតឯកជនភាពនៃព័ត៌មាន ឬទិន្នន័យបុគ្គល
- ធនាគារអាចប្រមូល និងរក្សាទុកនូវព័ត៌មានដែលផ្ដល់ដោយលោក-លោកស្រី ដូចជា ឈ្មោះអ្នកទទួល ឈ្មោះអ្នកផ្ញើ ភេទ លេខទូរសព្ទ លេខគណនី អាសយដ្ឋាន លេខអត្តសញ្ញាណប័ណ្ណ លេខឥណទាន និងព័ត៌មានផ្សេងទៀត ដើម្បីអនុវត្តក្នុងការផ្ទេរប្រាក់។
- ធនាគារអាចប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់លោក-លោកស្រី ក្នុងករណីណាមួយដូចខាងក្រោម៖
- នៅពេលធនាគារ គ្រប់គ្រង និងចាត់ចែងប្រតិបត្តិការផ្ទេរប្រាក់របស់លោក-លោកស្រី
- នៅពេលមានតម្រូវការដោយគោរពតាមលក្ខខណ្ឌច្បាប់ បទប្បញ្ញត្តិ ឬអាជ្ញាធរមានសមត្ថកិច្ច
- ផ្តល់ជូនលោក-លោកស្រី នូវផលិតផល និងសេវាកម្មរបស់ធនាគារ
- កែលម្អ/ផ្សព្វផ្សាយ ផលិតផល និងសេវាកម្មរបស់ធនាគារឱ្យប្រសើរឡើង
- ធនាគារនឹងចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់លោក-លោកស្រី ដោយអនុលោមតាមច្បាប់ បទប្បញ្ញតិ្ត និងតម្រូវការរបស់អាជ្ញាធរមានសមត្ថកិច្ច និងចែករំលែកជាមួយតតិយជនដែលបានចុះកិច្ចព្រមព្រៀងធ្វើជាអ្នកផ្តល់សេវាកម្មជាមួយធនាគារប៉ុណ្ណោះ ដើម្បីគ្រប់គ្រង និងដំណើរការនូវ ប្រតិបត្តិការទូទាត់ របស់អតិថិជន។
- ធនាគារនឹងរក្សាទុកនូវព័ត៌មានផ្ទាល់ខ្លួនរបស់លោក-លោកស្រី ដោយយោងតាមគោលការណ៍នៃការរក្សាទុកទិន្នន័យរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ប៉ុន្តែការរក្សាទុកនេះ គឺរហូតដល់រយៈពេលកំណត់ណាមួយ ដើម្បីអនុវត្តនូវកាតព្វកិច្ចរបស់ធនាគារ ស្របតាមក្របខណ្ឌច្បាប់ ឬ បទប្បញ្ញត្តិប៉ុណ្ណោះ។ នៅពេលដែលព័ត៌មានរបស់លោក-លោកស្រី លែងជាតម្រូវការចាំបាច់ នោះធនាគារនឹងលុបចោលភ្លាមៗ ជាសម្ងាត់ ប្រកបដោយសុវត្ថិភាព ស្របតាម "គោលការណ៍ស្តីពីការកម្ទេចឯកសារ"។
- រាល់ព័ត៌មានផ្ទាល់ខ្លួនរបស់លោក-លោកស្រី ត្រូវបានរក្សាទុកតាមមធ្យោបាយដែលមានសុវត្ថិភាពខ្ពស់ និងមានទំនុកចិត្ត។ ធនាគារនឹងការពារនូវ ព័ត៌មានផ្ទាល់ខ្លួនរបស់លោក-លោកស្រី ដោយអនុវត្តទៅតាមយន្តការសុវត្ថិភាពខ្ពស់ វិធានការត្រួតពិនិត្យដ៏ប្រសើរបំផុតដោយរួមបញ្ចូលទាំង បច្ចេកវិទ្យា ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់ ហើយបាន encrypted ដោយបច្ចេកវិជ្ជា cryptographic ខ្ពស់បំផុត និងស្របទៅតាមស្តង់ដាសុវត្ថិភាពឧស្សាហកម្ម ដើម្បីការពាររាល់ការចូលលុកលុយ ការប្រមូល ការប្រើប្រាស់ ការបង្ហាញ ការចម្លង ការកែប្រែ ការដកចេញ ឬហានិភ័យផ្សេងទៀត ដោយគ្មានការអនុញ្ញាត។
សំណងការខាតបង់
- លោក-លោកស្រី យល់ព្រមដោយគ្មានលក្ខខណ្ឌ ក្នុងការទូទាត់សំណងជូនធនាគារនូវរាល់ការខាតបង់ ការប្ដឹងផ្ដល់ ការទាមទារសំណង និងចំណាយផ្លូវច្បាប់ផ្សេងៗដែលបណ្ដាលមកពីការធ្វើប្រតិបត្តិការផ្ទេរប្រាក់នេះ។
- លោក-លោកស្រី យល់ព្រមឲ្យធនាគារកាត់ទឹកប្រាក់ដែលមានក្នុងគណនីរបស់ខ្លួនសម្រាប់ទូទាត់សំណងដែលបានរៀបរាប់ លើនេះទៅតាមស្ថានភាពជាក់ស្ដែង។
ផ្សេងៗ
- លក្ខខណ្ឌនេះអាចនឹងធ្វើការកែប្រែជាបន្តបន្ទាប់ ដើម្បីឱ្យសមស្របជាមួយច្បាប់ជាតិ និង/ឬអន្តរជាតិ។
- លក្ខខណ្ឌនេះត្រូវបានរៀបចំឡើងជាភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន ករណីមានចំណុចណាមួយ រវាងអត្ថបទទាំងបីមានន័យមិនស្រប ឬមិនស៊ីគ្នា នោះអត្ថបទជាភាសាខ្មែរចាត់ទុកជាបានការ។
- ភាគីដែលពាក់ព័ន្ធ ពិតជាបានអានយ៉ាងល្អិតល្អន់ និងយល់គ្រប់ចំណុចទាំងអស់ដែលមានចែងនៅក្នុងលក្ខខណ្ឌនេះ ហើយអាចទទួលយកតាម មធ្យោបាយអេឡិចត្រូនិកផ្សេងៗ ដែលធនាគារអាចធ្វើទៅបាន។

