navigate_nextក្រុមហ៊ុនចុះបញ្ជីnavigate_nextលក់មូលបត្រកម្មសិទ្ធិnavigate_nextលើទីផ្សារគោល
ដោយមានការជួយគាំទ្រពីអង្គការពលកម្មអន្តរជាតិ (ILO) និង កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) អេស៊ីលីដា ត្រូវបានបង្កើតឡើងនៅក្នុងខែមករា ឆ្នាំ១៩៩៣ ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាលមួយ មានទិសដៅអភិវឌ្ឍន៍មុខរបរខ្នាតតូចបំផុត និងខ្នាតតូច ។ ធនាគារ អេស៊ីលីដា ការពង្រីកបណ្តាញប្រតិបត្តិការគ្របដណ្ដប់គ្រប់ខេត្ត-រាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជា និងជាធនាគារកម្ពុជាទីមួយ ដែលបានពង្រីកប្រតបត្តិការនៅប្រទេសជិតខាងដូចជាប្រទេសឡាវ និងភូមា។
ធនាគារ អេស៊ីលីដា បានផ្តល់សេវារបស់ខ្លួនតាមរយៈបណ្តាញសាខាចំនួន២៦៣ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ៣៨ ការិយាល័យក្នុងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង១៥ការិយាល័យក្នុងសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ អតិថិជនរបស់ធនាគារ អេស៊ីលីដា រួមមាន រូបវ័ន្តបុគ្គល អាជីវកម្មតូចនិងមធ្យម និងនីតិបុគ្គល។ ធនាគារ អេស៊ីលីដា ទទួលប្រាក់បញ្ញើពីអតិថិជន និងផ្តល់ដល់អតិថិជននូវផលិតផលឥណទានច្រើនប្រភេទ ព្រមទាំងសេវាហិរញ្ញវត្ថុផ្សេងៗទៀត។ ដូចជាការផ្ទេរប្រាក់ ការគ្រប់គ្រងសាច់ប្រាក់ ហិរញ្ញប្បទានពាណិជ្ជកម្ម ភតិសន្យាហិរញ្ញវត្ថុ សេវាណែនាំពីផលិតផលធានារ៉ាប់រង និងសេវាកម្មធនាគារអេឡិចត្រូនិក។
នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៣ ធនាគារ អេស៊ីលីដា បានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ក្លាយជាធនាគារពាណិជ្ជ ដែលផ្តល់នូវសេវាធនាគារបានទូទៅ និងទូលំទូលាយថែមទៀត ហើយក៏បានប្តូរឈ្មោះជាផ្លូវការមកជា "ធនាគារ អេស៊ីលីដា ភីអិលស៊ី"។ ដោយឡែកនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានចុះបញ្ជីជួញដូរមូលបត្រជាផ្លូវការនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.)។
ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាធនាគារដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលទទួលបានការផ្តល់ចំណាត់ថ្នាក់ដោយ ស្ថាប័នផ្តល់ចំណាត់ថ្នាក់ធនាគារអន្តរជាតិ គឺ Standard & Poor's និង GIIRS។ ធនាគារ ក៏ទទួលបានពានរង្វាន់ជាស្ថាប័នរីកចម្រើនលំដាប់ថ្នាក់ពិភពលោក របស់វេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០១៤ (World Economic Forum Global Growth Companies 2014) និងបានចូលជាសមាជិកនៃវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum)។
បច្ចុប្បន្ន ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៤ គឺ ធនាគារ អេស៊ីលីដា ឡាវ, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក, សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា, និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា។
ធនាគារ អេស៊ីលីដា ភីអិលស៊ី មានភាគហ៊ុនិកកាន់កាប់ភាគហ៊ុនចំនួនច្រើនចំនួន ០៥ ដែលក្នុងនោះរួមមាន ACLEDA Financial Trust, ASA, Sumitomo Mitsui Banking Corporation(SMBC), COFFIBRED S.A and ORIX Corporation កាន់កាប់ភាគហ៊ុនចំនួន 26%, 25%, 18.25%, 12.25% and 12.25% រៀងគ្នា ហើយមានភាគហ៊ុនិកកាន់កាប់ភាគហ៊ុនចំនួនតិចចំនួនមួយ គឺ Triodos group កាន់កាប់ភាគហ៊ុនចំនួន 6.25%។