navigate_nextព័ត៌មានnavigate_nextព័ត៌មានមូលបត្រថ្មីៗnavigate_nextសារលិខិតចូលរួមរំលែកព្រះរាជមរណទុក្ខ
សារលិខិតចូលរួមរំលែកព្រះរាជមរណទុក្ខ
ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១២
- សូមក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!
- សូមក្រាបបង្គំទូលថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុង សេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!
តាងនាមថ្នាក់ដឹកនាំ និងកម្មករនិយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា មានសេចក្តីតក់ស្លុត រន្ធត់ចិត្តជាអនេកប្បការ ដោយបានទទួលដំណឹងដ៏សែនក្រៀមក្រំ និងសោកសៅជាទីបំផុតថា ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះអង្គបានយាងចូលព្រះទីវង្គតនៅថ្ងៃច័ន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ ត្រូវនឹងថ្ងៃទី១៥ រោជ ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ ២៥៥៦ វេលាម៉ោង ០១:២០នាទី រំលងអាធ្រាត ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា ដោយព្រះជរាពាធ នៅមន្ទីរពេទ្យទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ។
ក្នុងបរិយាកាសដ៏សែនសោកសៅ ក្រៀមក្រំ សោកស្តាយអាឡោះអាល័យ ប្រកបដោយសមានទុក្ខដ៏ធំធេង របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាមួយនឹងព្រះរាជវង្សានុវង្សនាពេលនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាសូមធ្វើអភិវន្ទនកិច្ច ចូលរួមរំលែកនូវព្រះមរណទុក្ខដ៏មហាក្រៀមក្រំនេះ ដោយក្តីសោកសង្វេគមហាជ្រាលជ្រៅរកទីបំផុតគ្មាន ចំពោះការបាត់បង់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ដែលព្រះអង្គជាវីរកុលបុត្រខ្មែរដ៏ឆ្នើម ព្រះបិតា និងព្រះអយ្យកោប្រកបដោយព្រហ្មវិហារធម៌ ។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យតេជៈព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ព្រមទាំងទេព្តាទាំងមួយម៉ឺនលោកធាតុ មហិទ្ធិឫទ្ធិទេវតារក្សាព្រះមហាស្វេតឆ័ត្រ ទេវតាឆ្នាំថ្មីព្រះនាមកិមិរាទេវី និងបារមីព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ និងព្រះមហាក្សត្រិយានី សូមលោកប្រោសព្រំ ប្រសិទ្ធិពរ ថ្វាយដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ សូមព្រះអង្គឆាប់បានចាប់បដិសន្ធិក្នុងព្រះបរមសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ ។
សូម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ទ្រង់ព្រះមេត្តាប្រោសទទួលនូវគារវភក្តីភាព និងអភិវន្ទនកិច្ច ដ៏ខ្ពង់ខ្ពស់បំផុតអំពីទូលព្រះបង្គំយើងខ្ញុំ ។
ក្រាបបង្គំទូលថ្វាយនៅរាជធានីភ្នំពេញ, ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១២
តំណាងថ្នាក់ដឹកនាំ និងកម្មករនិយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី
ប្រធាននាយកប្រតិបត្តិ
អ៊ិន ចាន់នី