navigate_nextព័ត៌មានnavigate_nextព័ត៌មានមូលបត្រថ្មីៗnavigate_nextពិធីសម្ពោធស្ថាប័នមីក្រូហិរញ្ញវត្ថុ ACLEDA MFI Myanmar
ពិធីសម្ពោធស្ថាប័នមីក្រូហិរញ្ញវត្ថុ ACLEDA MFI Myanmar
ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣
ស្ថាប័នមីក្រូហិរញ្ញវត្ថុ ACLEDA MFI Myanmar ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធពេញលេញរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី បានទទួលវិញ្ញាបនបត្រចុះបញ្ជីក្រុមហ៊ុន លេខ ៩៦ FC សម្រាប់ឆ្នាំ២០១២-២០១៣ ដោយអគ្គនាយកដ្ឋាននៃការវិនិយោគ និងការគ្រប់គ្រងក្រុមហ៊ុន នៃប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១២ និងបានទទួលអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការសេវាឥណទានខ្នាតតូចបំផុត និងទទួលប្រាក់បញ្ញើសន្សំ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៣ ដោយបានចាប់ផ្តើមបម្រើសេវាកម្មជូនដល់សាធារណៈជនទូទៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣ ។
ថ្ងៃនេះយើងខ្ញុំបានប្រកាសបើកសម្ពោធជាផ្លូវការនូវស្ថាប័នមីក្រូហិរញ្ញវត្ថុ ACLEDA MFI Myanmar ដែលមានអាសយដ្ឋានស្ថិតនៅអគារលេខ១៨៦(B) ផ្លូវស្វេកូងតាយ តំបន់យ៉េតាសេ ឃុំបាហាន ក្រុងយ៉ាំងកូង ប្រទេសមីយ៉ាន់ម៉ា ។ ACLEDA MFI Myanmar បានចាប់ផ្តើមប្រតិបត្តិការជាស្ថាប័នមីក្រូហិរញ្ញវត្ថុជាមួយនឹងដើមទុនដំបូងសរុបចំនួន ៨ពាន់លានក្យាត់ ឬប្រហែល ១០លានដុល្លារអាមេរិក ។
យើងបានទទួលអាជ្ញាប័ណ្ណឱ្យធ្វើប្រតិបត្តិការសេវាហិរញ្ញវត្ថុ ជាជំហ៊ានដំបូង ក្នុងក្រុងយ៉ាំងកូង ចំនួន ១៥ឃុំ ដូចជា North Okkalarpa, South Okkalarpa, South Dagon, Insein, ShwepyiThar, TharKe Ta, HlaingTharYar, Thin GanGyung, Min GalarTaungNyunt, Dagon SeikKan, DawPon, Dala, East Dagon, Min GaLar Don, Than Lyin ។
ទស្សនៈ ៖ ACLEDA MFI Myanmar ជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុដ៏ល្អបំផុត ជូនដល់សាធារណជនគ្រប់មជ្ឈដ្ឋានក្នុងសហគមន៍ ។ បេសកកម្ម ៖ បេសកកម្មរបស់ ACLEDA MFI Myanmar គឺផ្តល់ជូនសហគ្រិនខ្នាតតូច និងខ្នាតតូចបំផុត នូវមធ្យោបាយក្នុងការគ្រប់គ្រង ចាត់ចែងធនធានហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីលើកស្ទួយជីវភាពរស់នៅឱ្យប្រសើរឡើង ដោយអនុវត្តឱ្យបាននូវនិរន្តរភាព និងបង្កើននូវអត្ថប្រយោជន៍ជូនដល់ភាគទុនិក កម្មករនិយោជិត ព្រមទាំងសហគមន៍ទាំងអស់ ។ យើងប្រកាន់ភ្ជាប់ជានិច្ចនូវគោលការណ៍សីលធម៌ វិជ្ជាជីវៈ សង្គម ច្បាប់ និងបរិស្ថាន ប្រកបដោយកម្រិតខ្ពស់បំផុត ។
ស្ថាប័នមីក្រូហិរញ្ញវត្ថុ ACLEDA MFI Myanmar បានបញ្ជូនបុគ្គលិកមីយ៉ាន់ម៉ាពីរក្រុមចំនួន ៣៦នាក់ ឱ្យមកទទួលការហ្វឹកហ្វឺនការងារ និងបានបញ្ចប់រួចរាល់នៅឆ្នាំ២០១២ ដោយបានទទួលការហ្វឹកហ្វឺនដោយផ្ទាល់ជាមួយនឹងអ្នកឯកទេសការងារចំនួន ១០នាក់នៅប្រទេសកម្ពុជា ។ ស្ថាប័នក៏មានគំរោងជ្រើសរើសបុគ្គលិក និងថ្នាក់គ្រប់គ្រងមីយ៉ាន់ម៉ាចំនួន ៧៥០នាក់បន្ថែមទៀត ដែលពួកគេបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រពីសាកលវិទ្យាល័យនានានៅមីយ៉ាន់ម៉ា ។
ដើម្បីបន្ថែមនូវចំណេះជំនាញ គ្រប់បុគ្គលិកមីយ៉ាន់ម៉ាដែលបានជាប់ជាបេកភាព នឹងត្រូវបានទទួលការហ្វឹកហ្វឺនចំនួន ៦សប្តាហ៍ ដោយ ៣សប្តាហ៍ហ្វឹកហ្វឺនក្នុងថ្នាក់ និង ៣សប្តាហ៍ទៀតហ្វឹកហ្វឺននៅកន្លែងធ្វើការផ្ទាល់ ដែលបានរៀបចំដោយអេស៊ីលីដា ត្រេននីង សេនធ័រ នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជាក្នុងឆ្នាំនេះ ។ នៅឆ្នាំបន្ទាប់ ពួកគេនឹងត្រូវបានទទួលការហ្វឹកហ្វឺនចំនួន ៦សប្តាហ៍ ដែល ៤សប្តាហ៍ត្រូវបានទទួលការហ្វឹកហ្វឺនដោយបុគ្គលិកមីយ៉ាន់ម៉ាផ្ទាល់នៅក្រុងយ៉ាំងកូង និង ២សប្តាហ៍ទៀតហ្វឹកហ្វឺននៅកន្លែងការងារដោយផ្ទាល់នៅទីក្រុងភ្នំពេញ ព្រះរាជណាចក្រកម្ពុជា ដែលរៀបចំដោយអេស៊ីលីដា ត្រេននីង សេនធ័រ ជាមជ្ឈមណ្ឌលហ្វឹកហ្វឹន ផ្តល់នូវចំណេះជំនាញផ្នែកមីក្រូហិរញ្ញវត្ថុ និងធនាគារ ដល់គ្រប់ស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងអស់ ។
ឆ្លៀតក្នុងឱកាសនេះ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអ៊ិលស៊ី បានមានប្រសាសន៍ថា ៖ ធនាគារអេស៊ីលីដា ជាធនាគារដែលលោកអ្នកជឿទុកចិត្ត និងក្រោមពាក្យស្លោក "ធនាគារសម្រាប់ប្រជាជន" មានបទពិសោធជាង ២១ឆ្នាំមកហើយក្នុងវិស័យហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាង ៥ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតឡាវ ។ អេស៊ីលីដា ជាធនាគារដែលធំ និងឈានមុខគេក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១០ មកម្លេះ ហើយយើងនៅតែជាធនាគារឈានមុខនៅក្នុងប្រទេសកម្ពុជា ។ តាមរយៈយុទ្ធសាស្ត្រនេះ យើងបានសិក្សា និងពង្រីកប្រតិបត្តិការទៅកាន់ប្រទេសមីយ៉ាន់ម៉ា តាំងពីដើមឆ្នាំ២០១២ ហើយដោយសារការសិក្សាបង្ហាញឱ្យឃើញពីលក្ខណៈវិជ្ជមាន ទើបក្រុមប្រឹក្សាភិបាល និងភាគទុនិករបស់យើងអនុញ្ញាតឱ្យអេស៊ីលីដា អាចពង្រីកប្រតិបត្តិការទៅកាន់ប្រទេសមីយ៉ាន់ម៉ា ។ ខ្ញុំតំណាងឱ្យភាគទុនិក និងរូបខ្ញុំផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតដល់គ្រប់អាជ្ញាធរ និងធនគារជាតិនៃប្រទេសមីយ៉ាន់ម៉ា ជាពិសេសក្រសួងហិរញ្ញវត្ថុ និងចំណូលរបស់មីយ៉ាន់ម៉ា ដែលបាន និងបន្តការគាំទ្រ ព្រមទាំងលើកទឹកចិត្តដល់យើងខ្ញុំក្នុងការពង្រីកប្រតិបត្តិការនៅក្នុងប្រទេសមីយ៉ាន់ម៉ា ។ ខ្ញុំបាទក៏សូមថ្លែងអរគុណផងដែរចំពោះធនាគារជាតិនៃកម្ពុជា ដែលបានអនុញ្ញាតឱ្យធនាគារអេស៊ីលីដាពង្រីកសាខាបុត្រសម្ព័ន្ធទៅកាន់ប្រទេសមីយ៉ាន់ម៉ា ហើយបើគ្មានទំនុកចិត្ត និងការជឿជាក់មកលើធនាគារអេស៊ីលីដា ពីសំណាក់អស់លោក លោកស្រីទេ យើងក៏មិនអាចមានវត្តមាននៅទីនេះក្នុងថ្ងៃនេះបានទេ ។
លោកបានបន្ថែមថា ៖ ជាថ្មីម្តងទៀត ជាមួយនឹងបទពិសោធន៍ជាង២១ឆ្នាំ នៅក្នុងវិស័យហិរញ្ញវត្ថុ ដែលបានរីកលូតលាស់ជាមួយនឹងអតិថិជនដ៏វៃឆ្លាតក្នុងព្រះរាជាណាចក្រកម្ពុជា និងគិតមកដល់ដំណាច់ខែកុម្ភៈ ឆ្នាំ២០១៣នេះ យើងមានទ្រព្យសកម្មសរុបជាង ២ពាន់លានដុល្លារអាមេរិក ជាមួយនឹង ២៣៨ការិយាល័យនិងសាខា ក្នុងព្រះរាជាណាចក្រកម្ពុជា និង ២៩ការិយាល័យនិងសាខា ក្នុងប្រទេសឡាវ ហើយនិងសាខាបុត្រសម្ព័ន្ធនេះមួយទៀតនៅប្រទេសមីយ៉ាន់ម៉ា ចាប់ពីដើមឆ្នាំនេះ ។ ជាយុទ្ធសាស្ត្រ យើងនឹងចម្លងបទពិសោធន៍ជោគជ័យដែលមានស្រាប់ ដែលយើងបានរួមបញ្ជូលគ្នាជាមួយនឹងក្រុមការងារឯកទេសក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីផ្តល់នូវភាពជោគជ័យដល់ស្ថាប័នមីក្រូហិរញ្ញវត្ថុ ACLEDA MFI Myanmar ដោយបង្កើតឱ្យមាននិរន្តរភាពការងារ អត្ថប្រយោជន៍និងការរីកចម្រើនរួមគ្នាជាមួយអតិថិជនដ៏វៃឆ្លាតរបស់យើង និងបង្កើនដើមទុន ព្រមទាំងប្តេជ្ញាចិត្តខ្ពស់ក្នុងការគាំទ្រដល់ភាគទុនិកអេស៊ីលីដា ។
រូបភាពក្នុងពេលប្រារព្ធពិធី
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈ
លោក សូ កុសល នាយកនាយកដ្ឋានទីផ្សារនៃស្ថាប័នមីក្រូហិរញ្ញវត្ថុ ACLEDA MFI Myanmar
អ៊ីម៉ែល:
លោក ឃាង សម្បត្តិ នាយកនាយកដ្ឋាននីតិកម្មនៃស្ថាប័នមីក្រូហិរញ្ញវត្ថុ ACLEDA MFI Myanmar
អ៊ីម៉ែល: