navigate_nextព័ត៌មានnavigate_nextព័ត៌មានមូលបត្រថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ភីអិលស៊ី បន្ថែមដើមទុនចំនួន ៧២.៥០២.២៩៧ដុល្លារអាមេរិក
ធនាគារ អេស៊ីលីដា ភីអិលស៊ី បន្ថែមដើមទុនចំនួន ៧២.៥០២.២៩៧ដុល្លារអាមេរិក
ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៣
ភ្នំពេញ, ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៣, ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជឈានមុខគេលើគ្រប់វិស័យ ដែលបានប្រារព្ធពិធីគម្រប់ខួបទី២១ឆ្នាំ នៃការធ្វើប្រតិបត្តិការរបស់ខ្លួននៅឆ្នាំនេះ បានប្រកាសបន្ថែមដើមទុនរបស់ខ្លួនចំនួន ៧២.៥០២.២៩៧ដុល្លារអាមេរិក លើដើមទុនដែលមានបច្ចុប្បន្នចំនួន ១១៣.១៦៩.៥៦០ដុល្លារអាមេរិក ។ ដូច្នេះដើមទុនសរុបរបស់ធនាគារនឹងកើនដល់ចំនួន ១៨៥.៦៧១.៨៥៧ដុល្លារអាមេរិក ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី មានដើមទុន ៥១% កាន់កាប់ដោយភាគទុនិកកម្ពុជា ក្នុងនោះរួមមាន ៖ អង្គការ អេស៊ីលីដា និងក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី និង៤៩% ទៀតដែលនៅសល់ កាន់កាប់ដោយស្ថាប័នអន្តរជាតិឈានមុខគេ រួមមាន ៖ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ, Stichting Triodos Doen, Triodos Custody BV (Triodos Fair Share Fund), Triodos SICAV II-Triodos Microfinance Fund, JSH Asian Holdings Limited និង COFIBRED ។ ការបន្ថែមដើមទុននេះ មានចំនួនសរុប ៧២.៥០២.២៩៧ដុល្លារអាមេរិក ដែលក្នុងនោះចំនួន ៣២.៥០២.២៩៧ដុល្លារអាមេរិក ត្រូវបានធ្វើឡើងតាមរយៈការបែងចែកភាគលាភប្រចាំឆ្នាំ២០១២ និងចំនួន ៤០.០០០.០០០ដុល្លារអាមេរិក ដោយដាក់បញ្ចូលជាសាច់ប្រាក់សុទ្ធរបស់ភាគទុនិកនីមួយៗ តាមចំនួនភាគហ៊ុនដែលកាន់កាប់ក្នុងធនាគារ អេស៊ីលីដា ភីអិលស៊ី ។
នេះជាលើកទី១០ហើយ ដែលធនាគារ អេស៊ីលីដា ភីអិលស៊ី បានបន្ថែមដើមទុន ចាប់តាំងពីបានចុះបញ្ជីជាធនាគារ ។
លោក ជា សុខ ប្រធានក្រុមប្រឹក្សាភិបាលរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី ដែលជាអតីតធនាគារិកនៅធនាគារកណ្តាល និងជាអ្នកសេដ្ឋកិច្ច បានរៀបរាប់ពីមូលហេតុ ៣ សំខាន់ៗ ដែលធ្វើឱ្យធនាគារតែងតែបង្កើននូវដើមទុនរបស់ខ្លួន ។ លោកបានលើកឡើងថា មូលហេតុទី១ គឺដោយសារធនាគាររីកលូតលាស់យ៉ាងខ្លាំងជាបន្តបន្ទាប់នៅក្នុងអាជីវកម្មទាំងក្នុងស្រុក និងក្រៅប្រទេស តាមរយៈការផ្តល់ឥណទាន និងសេវាហិរញ្ញវត្ថុដទៃទៀត ហើយទ្រព្យសកម្មសរុបរបស់ធនាគារកំពុងតែកើនឡើងប្រចាំឆ្នាំប្រមាណ ២៨,៤០% ។ មូលហេតុ ទី២ គឺដើម្បីរក្សាមូលដ្ឋានដើមទុននៅក្នុងកម្រិតមួយខ្ពស់ជាងបញ្ញត្តិ អនុបាតសំខាន់ៗ ។ ប៉ុន្តែមូលហេតុចម្បងដែលសំខាន់ជាងគេបំផុតនោះ គឺដោយសារធនាគារត្រូវការកសាងនូវទំនុកចិត្ត ពីសំណាក់សាធារណជន ។ យើងមានភាគទុនិកដ៏រឹងមាំ និងមានបំណងគាំទ្រធនាគារ ដូច្នេះយើងកំពុងបង្កើតនូវជំនឿទុកចិត្ត និងបង្កើនសមត្ថភាពការពារប្រាក់បញ្ញើ-សន្សំរបស់អតិថិជនរបស់យើង ។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ៖ ការបន្ថែមដើមទុនជាបន្តបន្ទាប់នេះ គឺដើម្បីគាំទ្រការពង្រីកសាខាទាំងក្នុង និងក្រៅប្រទេស អភិវឌ្ឍន៍ និងធ្វើឱ្យបណ្តាញសេវាកម្មធនាគារតាមប្រព័ន្ធអេឡិចត្រូនិក កាន់តែជឿនលឿន ដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្ត្ររបស់ធនាគារ ។ ធនាគារ អេស៊ីលីដា មានបទពិសោធន៍ក្នុងការបង្កើនប្រាក់ចំណេញសុទ្ធក្រោយពេលបង់ពន្ធរួច ពី ៤៧៥.១៦៨ដុល្លារអាមេរិក ក្នុងឆ្នាំ២០០១ រហូតដល់ ៦៣.៦៤៩.៤៣៥ដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១២ ។ បន្ថែមពីលើការបន្ថែមដើមទុនរបស់ភាគទុនិក ធនាគារបានបង្កើតទុនបម្រុងទូទៅរបស់ខ្លួន ដោយរក្សាទុកចន្លោះពី ៥០% ទៅ ៦០% នៃប្រាក់ចំណេញក្រោយបង់ពន្ធរួច ។ សូមបញ្ជាក់ថា មូលនិធិផ្ទាល់សុទ្ធបច្ចុប្បន្នបានកើនរហូតដល់ ៣០៩.១៤៦.៥៨១ដុល្លារអាមេរិក នៅក្នុងខែមេសា ឆ្នាំ២០១៣ ។ ក្នុងនាមជាធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជឈានមុខគេលើគ្រប់វិស័យក្នុងការបម្រើសេវាហិរញ្ញវត្ថុ យើងតែងតែយកចិត្តទុកដាក់ក្នុងការបំពេញតាមតម្រូវការរបស់អតិថិជន និងសាធារណៈជនគ្រប់មជ្ឈដ្ឋាន ជាមួយនឹងបទពិសោធន៍រយៈពេលជាង ២១ឆ្នាំ និងបណ្តាញប្រតិបត្តិការរហូតដល់ ២៣៨ការិយាល័យ ទូទាំងព្រះរាជាណាចក្រកម្ពុជា និង ៣២ការិយាល័យ នៅប្រទេសឡាវ និង ០១ការិយាល័យ នៅប្រទេសមីយ៉ាន់ម៉ា ជាមួយនឹងទ្រព្យសកម្មសរុប ចំនួនជាង ២ពាន់លានដុល្លារអាមេរិក នៅដំណាច់ខែមេសា ឆ្នាំ២០១៣ ។ នៅដំណាច់ឆ្នាំ២០១៣ នៅក្នុងប្រទេសកម្ពុជា ធនាគារអេស៊ីលីដា នឹងបង្កើននូវបណ្តាញសេវាកម្មដកប្រាក់ និងដាក់ប្រាក់ស្វ័យប្រវត្តិអេធីអឹម រហូតដល់ទៅ ២២០ និងដាក់ពង្រាយម៉ាស៊ីនឆូតកាត ចំនួន ១.០០០គ្រឿង ។
លោកបណ្ឌិតក៏បានលើកឡើងផងដែរថា ៖ យើងមានគម្រោងបើក ៣០សាខា និងការិយាល័យថ្មីបន្ថែមនៅក្នុងអំឡុងឆ្នាំនេះ ដែលធ្វើឱ្យបណ្តាញប្រតិបត្តិការរបស់យើងកើនឡើងរហូតដល់ ២៦៨សាខា និងការិយាល័យ ដែលអាចផ្តល់ការងារឱ្យកម្មករនិយោជិត ជិត ១០.០០០ នាក់ ។ ធនាគារក៏នាំមកនូវប្រព័ន្ធគ្រប់គ្រងបច្ចេកវិជ្ជាព័ត៌មានបែបទំនើបទាន់សម័យ ដើម្បីបំពេញទៅតាមការរីកចម្រើននៃវិស័យធនាគារ និងហិរញ្ញវត្ថុ និងជាពិសេសគាំទ្រចំពោះការពង្រីកប្រតិបត្តិការនៅក្នុងតំបន់ផងដែរ ។ បច្ចុប្បន្នធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន បួន គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, អេស៊ីលីដា ត្រេននីង សេនធ័រ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈ
លោកស្រីបណ្ឌិត សូ ផនណារី អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ
អ៊ីម៉ែល ៖
លោក ព្រំ វិសុទ្ធ អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិនីតិកម្ម
អ៊ីម៉ែល ៖