navigate_nextព័ត៌មានnavigate_nextព័ត៌មានមូលបត្រថ្មីៗnavigate_nextធនាគារអេស៊ីលីដា បានជ្រើសរើសជាស្ថាប័នរីកចម្រើនលំដាប់ថ្នាក់ពិភពលោក...
ធនាគារអេស៊ីលីដា បានជ្រើសរើសជាស្ថាប័នរីកចម្រើនលំដាប់ថ្នាក់ពិភពលោក និងបានចូលជាសមាជិកនៃវេទិកាសេដ្ឋកិច្ចពិភពលោក
ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤
ធនាគារ អេស៊ីលីដា ភីអិលស៊ី បានជ្រើសរើសជាស្ថាប័នរីកចម្រើនលំដាប់ថ្នាក់ពិភពលោក របស់វេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០១៤ (World Economic Forum Global Growth Companies 2014) និងបានចូលជាសមាជិកនៃវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) នៅក្នុងឆ្នាំនេះ ។
វេទិកាសេដ្ឋកិច្ចពិភពលោក គឺជាសហគមន៍បណ្តុំអ្នកពាក់ព័ន្ធល្បីៗជាច្រើននៅលើពិភពលោក មានដូចជា ថ្នាក់ដឹកនាំធុរកិច្ច, រដ្ឋាភិបាល, ប្រព័ន្ធផ្សព្វផ្សាយ, គ្រឹះស្ថានសិក្សា និងសង្គមស៊ីវិល ដើម្បីទាក់ទង ពិភាក្សា និងចូលរួមក្នុងគំនិតផ្តួចផ្តើមរបស់ខ្លួន ។ សូមមើលវេបសាយ www.weforum.org សម្រាប់ព័ត៌មានបន្ថែមអំពីសកម្មភាពទាំងឡាយរបស់វេទិកាពិភាក្សានេះ ។
ស្ថាប័នរីកចម្រើនលំដាប់ថ្នាក់ពិភពលោក គឺជាស្ថាប័នដែលរីកចម្រើនឈានមុខគេ និងរឹងមាំនៅជុំវិញពិភពលោក ។ បណ្តាស្ថាប័នទាំងនោះគឺជាស្ថាប័នដែលជឿនលឿនលើគ្រប់វិស័យ និងជាអ្នកច្នៃប្រឌិតខ្ពស់ ដែលបានប្តេជ្ញាចិត្តធ្វើឱ្យពិភពលោកកាន់តែរីកច្រើនឡើង ។ បច្ចុប្បន្នសហគមន៍មានសមាជិកជាង ៣៦០ស្ថាប័ន នៅក្នុង ៧០ប្រទេស ហើយ ស្ថាប័ននីមួយៗមានសក្តានុពលដឹកនាំនៅក្នុងសេដ្ឋកិច្ចជាសកល ដោយសារតែស្ថាប័ននោះមានអាជីវកម្មជាគំរូឈានមុខ រីកចម្រើនជាលំដាប់ និងឈានមុខគេលើទីផ្សាររបស់ខ្លួន ។ ចំពោះព័ត៌មានបន្ថែមអំពីស្ថាប័នរីកចម្រើនលំដាប់ថ្នាក់ពិភពលោក សូមទស្សនា www.weforum.org/community/global-growth-companies ។
ក្នុងចំណោមធនាគារពាណិជ្ជ និងឯកទេសជាច្រើននៅក្នុងប្រទេសកម្ពុជា ធនាគារអេស៊ីលីដាជាធនាគារឈានមុខគេលើទ្រព្យសកម្ម, ឥណទាន, ប្រាក់បញ្ញើ, ប្រាក់ចំណេញ, ចំនួនការិយាល័យ, និងម៉ាស៊ីនអេធីអឹម ច្រើនជាងគេទូទាំងប្រទេស ។
ធនាគារអេស៊ីលីដា មានបណ្តាញការិយាល័យប្រតិបត្តិការចំនួន ២៥១សាខា នៅទូទាំងព្រះរាជាណាចក្រកម្ពុជា, ៤១ការិយាល័យ នៅប្រទេសឡាវ និង ៦ការិយាល័យ នៅប្រទេសមីយ៉ាន់ម៉ា ជាមួយនឹងទ្រព្យសកម្មសរុប ចំនួន ២,៥ ពាន់លានដុល្លារអាមេរិក នៅដំណាច់ខែមីនាឆ្នាំ២០១៤ ។
ធនាគារអេស៊ីលីដា មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបួនគឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, អេស៊ីលីដា ត្រេននីង សេនធ័រ, និង ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ។ ហើយតាមយុទ្ធសាស្ត្រ ធនាគារអេស៊ីលីដា នឹងបន្តពង្រីកវិសាលភាពប្រតិបត្តិការទៅក្នុងតំបន់អាស៊ាន និងបណ្តាប្រទេសនៅតាមដងទន្លេមេគង្គដទៃទៀត ។
ធនាគារអេស៊ីលីដា ជាសមាជិករបស់ស្ថាប័នមានកិត្យានុភាពជាច្រើនដូចខាងក្រោម ដែលនេះបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់យើងនៅក្នុងសហគមន៍ពាណិជ្ជកម្ម ។