www.acledasecurities.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​មូលបត្រ​ថ្មីៗnavigate_nextធនាគារ​អេស៊ីលីដា​ទទួល​បាន​ពាន​រង្វាន់​ជា​ស្ថាប័ន​រីកចម្រើន​លំដាប់​ថ្នាក់​ពិភពលោក

ធនាគារ​អេស៊ីលីដា​ទទួល​បាន​ពាន​រង្វាន់​ជា​ស្ថាប័ន​រីកចម្រើន​លំដាប់​ថ្នាក់​ពិភពលោក

វេទិកា​សេដ្ឋកិច្ច​ពិភព​លោក បាន​ជ្រើសរើស​ធនាគារ​អេស៊ីលីដាជា​ស្ថាប័ន​រីកចម្រើន​លំដាប់​ថ្នាក់​ពិភពលោក

ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤

ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួល​បាន​ពាន​រង្វាន់​ជា​ក្រុមហ៊ុន​រីកចម្រើន​លំដាប់​ថ្នាក់​ពិភពលោក Global Growth Company (GGC) ក្នុង​វេទិកា​អាស៊ីបូព៌ា (East Asia Forum) ជា​វេទិកា​សេដ្ឋកិច្ច​ពិភពលោក World Economic Forum (WEF) ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃទី២១-២៣ ខែឧសភា ឆ្នាំ២០១៤ ។

ក្នុង​ចំណោម​ស្ថាប័ន​ដែល​មាន​កំណើន​លឿន​បំផុត ចំនួន ២០ស្ថាប័ន​នៅ​ក្នុង​តំបន់​អាស៊ីបូព៌ា ដែល​បាន​ជ្រើស​រើស​ដោយ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក (World Economic Forum) ក្នុង​នោះ​ធនាគារ​អេស៊ីលីដា គឺ​ជា​ធនាគារ​តែ​មួយ​គត់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​ទទួល​រង្វាន់​ជ័យលាភី​នេះ ដោយ​សារ​ធនាគារ​អេស៊ីលីដា អនុវត្ត​ការងារ​ទទួល​បាន​លទ្ធផល​ល្អ​លើស​គេ​ទាំង​បរិមាណ និង​គុណភាព​ប្រកប​ដោយ​សក្តានុពល​នៃ​សមត្ថភាព គឺ ៖ ការងារ​ល្អ​នាំ​មុខ​លើស​គេ​ក្នុង​សេវាកម្ម​ហិរញ្ញវត្ថុ, ច្នៃ​ប្រឌិត​គំនិត​ផ្តើម​គ្រប់​ការងារ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន, ការងារ​ប្រព្រឹត្ត​ទៅ​យ៉ាង​សកម្ម​ទាន់​សម័យ​ស្រប​តាម​វឌ្ឍនា​ការ​ពិភព​លោក, និង​រីកចម្រើន​លូតលាស់​ឡើង​ជា​លំដាប់​ជាប់​ជានិច្ច ។

ក្រុមហ៊ុន​ដែល​រីកចម្រើន​ជាង​គេ​ក្នុង​តំបន់ ចំនួន២០ បាន​ទទួល​ការអញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ក្រោម​ប្រធានបទ​សហគមន៍​ក្រុមហ៊ុន​រីកចម្រើន​លំដាប់​ថ្នាក់​ពិភពលោក ។ សក្តានុពលភាព​ដ៏​រឹងមាំ​នៃ​ក្រុមហ៊ុន​ទាំង​នេះ ត្រូវ​បាន​វាយ​តម្លៃ​ថា​អាច​ក្លាយ​ទៅ​ជា​អ្នក​ដឹកនាំ​លំដាប់​ថ្នាក់​ពិភពលោក​នៅ​ថ្ងៃ​អនាគត ដោយ​វាស់​វែង​លើ​វិសាលភាព​វិស័យ​មួយ​ចំនួន រួម​មាន ៖ សេវាកម្ម​ហិរញ្ញវត្ថុ ការ​លក់រាយ សារ​ព័ត៌មាន គីមី និង​ថាមពល ។

ធនាគារ SMBC អបអរ​សាទរ​ដល់​ធនាគារ​អេស៊ីលីដា​ដែល​បាន​ទទួល​ពាន​រង្វាន់​ជា​ស្ថាប័ន​រីកចម្រើន​លំដាប់​ថ្នាក់​ពិភពលោក

បច្ចុប្បន្ន​សហគមន៍​ក្រុមហ៊ុន​រីកចម្រើន​លំដាប់​ថ្នាក់​ពិភពលោក មាន​ប្រមាណ​ជាង ៣៦០ក្រុមហ៊ុន ដែល​មក​ពី​ជុំ​វិញ​ពិភពលោក ។ ក្រុមហ៊ុន​ដែល​ត្រូវ​បាន​ជ្រើសរើស​ជា​ក្រុមហ៊ុន​រីកចម្រើន​លំដាប់​ថ្នាក់​ពិភពលោក​នៅ​អាស៊ីបូព៌ា​មាន​ក្រុមហ៊ុន​ចំនួន២០ ដែល​មាន​ការរីក​ចម្រើន និង​រឹងមាំ​បំផុត ។ ក្រុមហ៊ុន​ទាំង​នេះ​ជា​អ្នក​ត្រួស​ត្រាយ ផ្តួចផ្តើម និង​បាន​ប្តេជ្ញា​ក្នុង​ការអភិវឌ្ឍ​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក ។

GGCs ជា​ក្រុមហ៊ុន​រីកចម្រើន​ខ្លាំង​លំដាប់​ថ្នាក់​ពិភពលោក មាន​សក្តានុពល​យ៉ាង​ពិត​ប្រាកដ ដែល​នាំ​ឱ្យ​ក្លាយ​ជា​អ្នក​ដឹកនាំ​សេដ្ឋកិច្ច​លំដាប់​ថ្នាក់​ពិភពលោក ។ ក្រុមហ៊ុន​ចំនួន២០ ដែល​រីកចម្រើន​ខ្លាំង​លំដាប់​ថ្នាក់​ពិភពលោក​តំណាង​ឱ្យ​វិស័យ​ឧស្សាហកម្ម​ដ៏​ធំ​ទូលំទូលាយ និង​មិន​តែ​ប៉ុណ្ណោះ​ក្រុមហ៊ុន​ទាំង​នេះ​ត្រូវ​បាន​កត់ត្រា​ជា​ក្រុមហ៊ុន​ដែល​មាន​ការរីកចម្រើន​លើស​ស្តង់ដា ដូចជា កំណើន​ប្រាក់​ចំណូល ការ​លើកស្ទួយ​ការអនុវត្ត ពាណិជ្ជកម្ម​ដែល​មាន​លក្ខណៈ​ល្អ​ប្រសើរ និង​ទាន់សម័យ និង​ការពន្យល់​បង្ហាញ​ពី​ភាព​ជា​អ្នក​ដឹកនាំ ។ ក្រុមហ៊ុន​ដែល​ត្រូវ​បាន​ជ្រើសរើស​ជា​ក្រុមហ៊ុន​រីកចម្រើន​ខ្លាំង​លំដាប់​ថ្នាក់​ពិភពលោក មាន​ដូច​ខាង​ក្រោម ៖

  1. ACLEDA Bank Plc. (កម្ពុជា)
  2. WanaArtha Life (ឥណ្ឌូនេស៊ី)
  3. LINE Corporation (ជប៉ុន)
  4. Kakaku.com (ជប៉ុន)
  5. Hearts United Group Co., Ltd. (ជប៉ុន)
  6. Cross Company Inc. (ជប៉ុន)
  7. Tokushinkai Group (ជប៉ុន)
  8. Ferrotec Corporation (ជប៉ុន)
  9. Myan Shwe Pyi Tractors Ltd. (មីយ៉ាន់ម៉ា)
  10. Capital Diamond Star Group (មីយ៉ាន់ម៉ា)
  11. Manila Water Company Inc. (ហ្វីលីពីន)
  12. Banyan Tree Holdings Ltd. (សឹង្ហបុរី)
  13. ILJIN Group (កូរ៉េខាងត្បូង)
  14. Fila Inc. (កូរ៉េខាងត្បូង)
  15. Humax Electronics Co., Ltd. (កូរ៉េខាងត្បូង)
  16. AA Corporation (វៀតណាម)
  17. The Gioi Di Dong (វៀតណាម)
  18. VNG Corporation (វៀតណាម)
  19. Thien Minh Group (វៀតណាម)
  20. Minh Phu Seafood Corporation (វៀតណាម)

លោក David Aikman អគ្គនាយក និង​ជា​ប្រធាន​ពាន់​រង្វាន់​ថ្មី​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក (Managing Director and Head of New Champions at the World Economic Forum) មាន​ប្រសាសន៍​ថា វេទិកា​សេដ្ឋកិច្ច​ពិភពលោក​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការទទួល​ស្គាល់​ក្រុមហ៊ុន​ទាំង២០ ដែល​ឈាន​មុខ​គេ​ក្នុង​ការដឹកនាំ​ឱ្យ​សេដ្ឋកិច្ច​មាន​ការរីក​ចម្រើន​ប្រកប​ដោយ​ការទទួល​ខុស​ត្រូវ ការបង្កើត​ការងារ និង​ភាព​ជា​សហគ្រិន​នៅ​អាស៊ីបូព៌ា ។ យើង​រង់ចាំ​មើល​ក្រុមហ៊ុន​ទាំង​នេះ​ក្នុង​ការដើរ​តួនាទី​យ៉ាង​សកម្ម​ក្នុង​កិច្ចប្រជុំ​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន និង​រង់ចាំ​អនុវត្ត​ការងារ​ជា​មួយ​អ្នក​ដឹកនាំ​ថ្នាក់​តំបន់ ដើម្បី​ជម្រុញ​ឱ្យ​មាន​ការរីកចម្រើន​ប្រកប​ដោយ​ចីរភាព​នៅ​ក្នុង​តំបន់ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទស្សនា ៖ www.weforum.org/community/global-growth-companies

ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៩ ចំនួនអ្នកទស្សនាថ្ងៃនេះ : ៧២០ ចំនួនអ្នកទស្សនាពីម្សិល : ៨៩៥