www.acledasecurities.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​មូលបត្រ​ថ្មីៗnavigate_nextពិធី​ចម្រើន​មង្គល​អគារ​ការិយាល័យ​ថ្មី​ទី២៥២ ធនាគារ​អេស៊ីលីដា សាខា​សុធារស (ផ្សារអ៊ីអន)

ពិធី​ចម្រើន​មង្គល​អគារ​ការិយាល័យ​ថ្មី​ទី២៥២ ធនាគារ​អេស៊ីលីដា សាខា​សុធារស (ផ្សារអ៊ីអន)

ថ្ងៃ​ទី១៧ ខែមិថុនា ឆ្នាំ២០១៤

ពិធី​ចម្រើន​មង្គល​អគារ​ការិយាល័យ​ថ្មី សាខា​សុធារស (ផ្សារអ៊ីអន)

នៅ​រសៀល​ថ្ងៃ​ទី១៧ ខែមិថុនា ឆ្នាំ២០១៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​រៀបចំ​ពិធី​ចម្រើន​មង្គល​អគារ​ការិយាល័យ​ថ្មី​ទី២៥២ សាខា​សុធារស (ផ្សារ​អ៊ីអន) ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងផ្សារ​ទំនើប​អ៊ីអន អគារ​លេខ១៣២ មហាវិថី​សម្តេច​សុធារស សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា ។ សាខា​ថ្មី​នេះ នឹង​ចាប់​បម្រើ​សេវា​កម្ម​ធនាគារ​គ្រប់​ប្រភេទ ជូន​អតិថិជន​និង​សាធារណជន ចាប់​ពី​ថ្ងៃ​ទី២០ ខែ​មិថុនា ឆ្នាំ២០១៤ នេះ​តទៅ ។

ទីតាំង​អគារ​ការិយាល័យ​ថ្មី​នេះ​ស្ថិត​នៅ​ក្នុង​ផ្សារ​ទំនើប​អ៊ីអន ធំទូលាយ មានសុវត្ថិភាពខ្ពស់ និង​មាន​ទីកន្លែង​សម្រាប់​បំពេញ​ការងារ​ប្រកប​ដោយ​ផាសុកភាព ។ គោល​បំណង​ក្នុង​ការ​បើក​ឱ្យ​ប្រតិបត្តិការ សាខា​សុធារស (ផ្សារ​អ៊ីអន) នេះ​ឡើង គឺ​ដើម្បី​ពង្រីក​បណ្តាញ​ប្រតិបត្តិការ​របស់​ធនាគារ​អេស៊ីលីដា ឱ្យ​ស្ថិត​នៅ​ជិត​អតិថិជន និង​សារណជន ជា​ពិសេស​ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​អាជីវករ​លក់​ដូរ​ក្នុង​ផ្សារ​អ៊ីអន និង​សារណជន​ទូទៅ អាច​ប្រើ​ប្រាស់​សេវាកម្ម​ធនាគារ និង​ហិរញ្ញវត្ថុ​គ្រប់​ប្រភេទ​របស់​ធនាគារ​អេស៊ីលីដា ជា​ពិសេស​ផ្តល់​នូវ​មធ្យោបាយ​ក្នុង​ការ​គ្រប់គ្រង ចាត់​ចែង​សាច់​ប្រាក់ និង​ទូទាត់​សេវា​ផ្សេងៗ​ទៀត​តាម​តម្រូវ​ការ ពីព្រោះ​ថា​ជា​ជំហាន​ដំបូង​នេះ ធនាគារ​អេស៊ីលីដា​បាន​បំពាក់​ម៉ាស៊ីន​សម្រាប់​ដក​ប្រាក់​ចំនួន​ពីរ​គ្រឿង និង​ម៉ាស៊ីន​ដាក់​កញ្ចប់​ប្រាក់ ចំនួន​ពីរ​គ្រឿង​ផង​ដែរ ។ ជា​ជំហាន​បន្ទាប់ យើង​ខ្ញុំ​មាន​គម្រោង​បំពាក់​ម៉ាស៊ីន​ដាក់​កញ្ចប់​ប្រាក់ ចំនួន ៥ គ្រឿង និង​ម៉ាស៊ីន​ដាក់​ប្រាក់ ១គ្រឿង​បន្ថែម​ទៀត​ផង​ដែរ ។

លោកស្រី​បណ្ឌិត សូ ផនណារី អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ ផ្តល់​បទសម្ភាស​ដល់​អ្នក​សារព័ត៌មាន ក្នុង​ពិធី​ចម្រើន​មង្គល

សាខា​សុធារស (ផ្សារ​អ៊ីអន) ជា​សាខា​ទី២៥២ របស់​ធនាគារ​អេស៊ីលីដា ហើយ​ក្នុង​ឆ្នាំ២០១៤ នេះ ធនាគារ​អេស៊ីលីដា​មាន​ផែនការ​ពង្រីក​បណ្តាញ​ប្រតិបត្តិការ​របស់​ខ្លួន​រហូត​ដល់ ២៥៥ សាខា ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​អតិថិជន និង​សាធារណជន ក្នុង​ការ​ប្រើ​ប្រាស់​ផលិតផល-សេវាកម្ម​ធនាគារ និង​ហិរញ្ញវត្ថុ​គ្រប់​ប្រភេទ​របស់​ធនាគារ​អេស៊ីលីដា ។

ការ​បង្កើត​សាខា​សុធារស (ផ្សារ​អ៊ីអន) នេះ​បញ្ជាក់ឱ្យ​ឃើញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ និង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ធនាគារ ក្នុង​ការ​បម្រើ​សេវាកម្ម​ជូន​ដល់​អតិថិជន និង​សាធារណជន​គ្រប់​មជ្ឈដ្ឋាន​ក្នុង​សហគមន៍​ឱ្យ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល និង​ល្អ​ប្រសើរ​ជាង​មុន និង​បង្កើន​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង​ឡើង​មក​លើ​ធនាគារ​អេស៊ីលីដា ដែល​ជា ប្រជា​ធនាគារ​ដែល​លោកអ្នក​ជឿ​ទុក​ចិត្ត ។ ជាង​នេះ​ទៅ​ទៀត វា​ក៏​បាន​បញ្ជាក់​ផង​ដែរ​ពី​ការ​រីក​ចម្រើន​របស់​ខ្លួន​ប្រកប​ដោយ​ចីរភាព ។

ត្រឹម​ដំណាច់​ខែឧសភា ឆ្នាំ២០១៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​បណ្តាញ​ការិយាល័យ​ប្រតិបត្តិការ ចំនួន ២៥១សាខា នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា, ៤១ ការិយាល័យ នៅ​ប្រទេស​ឡាវ និង ៦ ការិយាល័យ នៅ​ប្រទេស​មីយ៉ាន់ម៉ា ជា​មួយ​នឹង​ទ្រព្យសកម្ម​សរុប ចំនួន​ជាង ២,៦៤ ពាន់​លាន​ដុល្លារ​អាមេរិក ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ចំនួន​បួន គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, អេស៊ីលីដា ត្រេននីង សេនធ័រ និង​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ។ ហើយ​តាម​យុទ្ធសាស្ត្រ ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹង​បន្ត​ពង្រីក​វិសាលភាព​ប្រតិបត្តិការ ទៅ​ក្នុង​តំបន់​អាស៊ាន និង​បណ្តា​ប្រទេស​នៅ​តាម​ដង​ទន្លេ​មេគង្គ​ដទៃ​ទៀត​ផង​ដែរ ។


សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​តាម​រយៈ ៖

បណ្ឌិត សូ ផនណារី
អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ
អ៊ីម៉ែល : phonnary@acledabank.com.kh

លោក ព្រំ វិសុទ្ធ
អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយក​ប្រតិបត្តិ​នីតិកម្ម និង​លេខាធិការ​ក្រុមហ៊ុន
អ៊ីម៉ែល : visoth@acledabank.com.kh

ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ១៣ ចំនួនអ្នកទស្សនាថ្ងៃនេះ : ៧៦៩ ចំនួនអ្នកទស្សនាពីម្សិល : ៨៩៥