navigate_nextព័ត៌មានnavigate_nextព័ត៌មានមូលបត្រថ្មីៗnavigate_nextធនាគារអេស៊ីលីដាដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សេវាអេស៊ីលីដាអ៊ីនធើណែត
ធនាគារអេស៊ីលីដាដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សេវាអេស៊ីលីដាអ៊ីនធើណែត
ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៤
រាជធានីភ្នំពេញ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៤ ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត និងជាធនាគារពាណិជ្ជនាំមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកាសជាផ្លូវការនៅថ្ងៃនេះថា ធនាគារចាប់ផ្តើមបម្រើជូនអតិថិជន និងសាធារណជននូវសេវាថ្មីមួយទៀតគឺ "សេវាអេស៊ីលីដាអ៊ីនធើណែត" ដែលផ្តល់ជូនអតិថិជននូវជម្រើសបន្ថែមក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈអ៊ីនធើណែតតាមតម្រូវការនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ប្រកបដោយភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ ។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា "យើងតែងតែយកចិត្តទុកដាក់ស្តាប់ដំបូន្មានដ៏មានតម្លៃ និងបំពេញតម្រូវការរបស់អតិថិជន នូវផលិតផល-សេវាកម្មថ្មីៗប្រកបដោយជម្រើសយ៉ាងសម្បូរបែប ។ ថ្ងៃនេះធនាគារអេស៊ីលីដាបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ សេវាអេស៊ីលីដាអ៊ីនធើណែត ដែលជាសេវាលំដាប់ថ្នាក់ពិភពលោក ប្រកបដោយសុវត្ថិភាពខ្ពស់ និងមានភាពងាយស្រួល សម្រាប់អតិថិជនប្រើប្រាស់សេវាធនាគារដោយខ្លួនឯង តាមតម្រូវការគ្រប់ពេលវេលា គ្រប់ទីកន្លែង រហូតដល់ ២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍ ដោយពុំចាំបាច់ធ្វើដំណើរមកកាន់សាខារបស់ធនាគារអេស៊ីលីដាឡើយ" ។
សេវាអេស៊ីលីដាអ៊ីនធើណែត មានដូចខាងក្រោម ៖
- ពិនិត្យមើលព័ត៌មាន ដូចជា អត្រាប្តូរប្រាក់ សមតុល្យគណនី របាយការណ៍គណនី ប្រវត្តិគណនីមានកាលកំណត់ តារាងសង្ខេបឥណទាន ប្រវត្តិខ្ចីបា្រក់ តារាងកាលវិភាគសងបា្រក់ និងកម្រិតបន្ទាត់ឥណទាន ។
- ស្នើសុំប្រើប្រាស់ផលិតផល-សេវាកម្ម ដូចជា សេវាបញ្ញើសន្សំ សេវាចាត់ចែងសាច់ប្រាក់ សេវាមូលប្បទានបត្រ សេវាឥណទាន និងសេវាហិរញ្ញប្បទានពាណិជ្ជកម្ម ។
- ផ្ទេរប្រាក់
- ផ្ទេរប្រាក់ក្នុងរង្វង់ធនាគារអេស៊ីលីដា
- ផ្ទេរប្រាក់រវាងគណនីម្ចាស់តែមួយ
- ផ្ទេរប្រាក់រវាងគណនីម្ចាស់ផ្សេងគ្នា
- ផ្ទេរបា្រក់សងឥណទាន
- ផ្ទេរបា្រក់ទៅលេខសម្គាល់អត្តសញ្ញាណ
- ផ្ទេរបា្រក់ពីគណនីដែលស្ថិតនៅធនាគារអេស៊ីលីដា ទៅធនាគារផ្សេងនៅក្នុងប្រទេស
- ផ្ទេរបា្រក់ពីគណនីដែលស្ថិតនៅធនាគារអេស៊ីលីដា ទៅធនាគារផ្សេងនៅក្រៅប្រទេស
- ការទូទាត់
- សេវាទូទាត់វិក្កយបត្រ អគ្គិសនី ទឹក ឬទូរស័ព្ទ ។ល។
- សេវាបញ្ចូលទឹកបា្រក់ទូរស័ព្ទ
- សេវាបញ្ជាអចិន្រ្តៃយ៍ថេរ
- សេវាបើកប្រាក់បៀវត្សរ៍ និងទូទាត់ជាកញ្ចប់
- សេវាទូទាត់ឱ្យអ្នកផ្គត់ផ្គង់
- ការទិញទំនិញតាមអ៊ីនធើណែត
លើសពីនេះទៅទៀត សេវាអេស៊ីលីដាអ៊ីនធើណែត ផ្តល់អត្ថប្រយោជន៍ចំពោះអតិថិជន និងសាធារណជន ក្នុងការកាត់បន្ថយចំណាយ និងចំណេញពេលវេលា ជួយកាត់បន្ថយហានិភ័យផ្សេងៗដែលអាចកើតឡើងទាក់ទងនឹងការដាក់សាច់ប្រាក់តាមខ្លួនសម្រាប់ទូទាត់ រួមមានការរាប់លុយលើសឬខ្វះ និងក្រដាសប្រាក់ក្លែងក្លាយ កាត់បន្ថយការបំពុលបរិស្ថាន ការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ជាដើម ។ ទន្ទឹមនឹងនេះ យើងក៏បានរួមគ្នាក្នុងការលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងទាក់ទាញការវិនិយោគក្នុងស្រុក និងបរទេស ។
ព័ត៌មានអំពីធនាគារ អេស៊ីលីដា ភីអិលស៊ី
នៅដំណាច់ខែមិថុនា ឆ្នាំ២០១៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានការិយាល័យសាខាទូទាំងព្រះរាជាណាចក្រកម្ពុជាចំនួន២៥២សាខា មានការិយាល័យចំនួន៤១ការិយាល័យនៅប្រទេសឡាវ និងមានការិយាល័យចំនួន៦ការិយាល័យនៅប្រទេសមីយ៉ាន់ម៉ា រួមជាមួយនឹងទ្រព្យសកម្មសរុបប្រមាណជាង ២,៧ ពាន់លានដុល្លារអាមេរិក ។ ធនាគារអេស៊ីលីដា បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបួនគឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, អេស៊ីលីដា ត្រេននីង សេនធ័រ និង ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ។ លើសពីនេះទៅទៀត ធនាគារ អេស៊ីលីដា ភីអិលស៊ី មានដៃគូយុទ្ធសាស្ត្រជាមួយធនាគារ SMBC, Tong Yang Securities (Cambodia) Plc. និងជាភា្នក់ងាររបស់ Prudential (Cambodia) Life Assurance Plc. ៕
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈ ៖
បណ្ឌិត សូ ផនណារី
អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ
អ៊ីម៉ែល : phonnary@acledabank.com.kh
លោក ព្រំ វិសុទ្ធ
អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិនីតិកម្ម និងលេខាធិការក្រុមហ៊ុន
អ៊ីម៉ែល : visoth@acledabank.com.kh