navigate_nextព័ត៌មានnavigate_nextព័ត៌មានមូលបត្រថ្មីៗnavigate_nextអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ត្រូវបានទទួលស្គាល់ជាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល
អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ត្រូវបានទទួលស្គាល់ជាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល
ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨
រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ៖ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ជាក្រុមហ៊ុនមូលបត្រដែលលោកអ្នកជឿទុកចិត្ត និងជាក្រុមហ៊ុនមូលបត្រឈានមុខគេនៅក្នុងប្រទេសកម្ពុជា បានប្រកាសនៅថ្ងៃនេះថា អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ត្រូវបានទទួលស្គាល់ពីគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) ដើម្បីធ្វើជាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល ។
ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល តំណាងឲ្យវិនិយោគិនក្នុងការទំនាក់ទំនងជាមួយបុគ្គលបោះផ្សាយ ត្រួតពិនិត្យបុគ្គលបោះផ្សាយ ផ្តល់ព័ត៌មានទៅម្ចាស់មូលបត្របំណុល និងការពារផលប្រយោជន៍របស់ម្ចាស់មូលបត្របំណុល ស្របទៅតាមលក្ខខណ្ឌក្នុងការបោះផ្សាយមូលបត្របំណុល ។ ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលមានតួនាទី និងភារកិច្ចលម្អិត ដូចខាងក្រោម ៖
- ត្រូវការពារផលប្រយោជន៍របស់ម្ចាស់មូលបត្របំណុល ។
- ត្រូវតាមដានទ្រព្យធានា ដែលបានធានាសម្រាប់ការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ ដោយគោរពទៅតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល និងមិនត្រូវប្រើប្រាស់ទ្រព្យធានាទាំងនេះដើម្បីស្វែងរកប្រាក់ចំណេញឡើយ ។
- ត្រូវតាមដានកម្រិតសាធនភាពរបស់បុគ្គលបោះផ្សាយដែលមានចែងក្នុងលក្ខខណ្ឌនៃមូលបត្របំណុលដែលបានបោះផ្សាយលក់ ។
- ត្រូវតាមដានការអនុវត្តលក្ខខណ្ឌនៃមូលបត្របំណុលដែលបានបោះផ្សាយលក់ (Term and Conditions) និងកិច្ចព្រមព្រៀងភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល ។
- ត្រូវអនុវត្តរាល់សកម្មភាពដែលចាំបាច់ដើម្បីការពារផលប្រយោជន៍របស់ម្ចាស់មូលបត្របំណុល និងដោះស្រាយការទាមទារបស់ម្ចាស់មូលបត្របំណុល ។
- ត្រូវធានាថាមូលបត្របំណុលដែលបានធ្វើបរិវត្ត ឬទូទាត់សងត្រូវធ្វើឡើងដោយអនុលោមតាមលក្ខខណ្ឌនៃមូលបត្របំណុលដែលបានបោះផ្សាយលក់ ។
- ត្រូវរាយការណ៍ជូនម្ចាស់មូលបត្របំណុលយ៉ាងតិច ៦ (ប្រាំមួយ) ខែម្តង អំពីការអនុវត្តលក្ខខណ្ឌនៃមូលបត្របំណុលដែលបានបោះផ្សាយលក់ ។
- ត្រូវស្នើសុំ ឬរៀបចំឲ្យមានកិច្ចប្រជុំរវាងម្ចាស់មូលបត្របំណុលទាំងអស់ជាមួយនឹងបុគ្គលបោះផ្សាយ ក្នុងករណីមានបណ្តឹងជាលាយលក្ខណ៍អក្សរ ដែលចុះហត្ថលេខាដោយម្ចាស់មូលបត្របំណុលយ៉ាងតិច ១/១០ (មួយភាគដប់) នៃតម្លៃមូលបត្របំណុលដែលកំពុងចរាចរ និងមានការកើតឡើងនូវព្រឹត្តិការណ៍ណាមួយ ដែលចាត់ទុកថាជាការខកខានមិនបានសងបំណុល ឬភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលយល់ឃើញថា មានការប៉ះពាល់ដល់ផលប្រយោជន៍របស់ម្ចាស់មូលបត្របំណុល ។
លោក ព្រំ វិសុទ្ធ អគ្គនាយក ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី បានមានប្រសាសន៍ថា វាគឺជាព្រឹត្តិការណ៍សំខាន់មួយទៀតសម្រាប់ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី នៅក្នុងឆ្នាំនេះ ដែលទទួលបានការទទួលស្គាល់ជាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលពីគណៈគម្មការមូលបត្រកម្ពុជា ។ ស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី នឹងដើរតួនាទីសំខាន់មួយទៀត ដើម្បីចូលរួមគាំទ្រ និងអភិវឌ្ឍន៏ទីផ្សារមូលបត្រកម្ពុជា ជាពិសេសទីផ្សារមូលបត្របំណុលថ្មី បន្ថែមលើសេវាដែលខ្លួនមានស្រាប់ជាឈ្មួញជើងសាមូលបត្រ ។ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី នឹងធ្វើជាចំណុចតែមួយនៃការទំនាក់ទំនងជាមួយបុគ្គលបោះផ្សាយ និងម្ចាស់មូលបត្របំណុល ដើម្បីការពារផលប្រយោជន៍របស់ម្ចាស់មូលបត្របំណុល ដែលបានវិនិយោគមូលនិធិនៅក្នុងទីផ្សារមូលបត្របំណុលកម្ពុជា ស្របទៅតាមលក្ខខណ្ឌក្នុងការបោះផ្សាយមូលបត្របំណុល ។
អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី គឺជាក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ នៅក្នុងទីផ្សារមូលបត្រ ដែលទទួលបានអាជ្ញាបណ្ណពីគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) ដើម្បីផ្តល់នូវសេវាជាអាជីវកម្មឈ្មួញជើងសាមូលបត្រ និងអ្នកតំណាងម្ចាស់មូលបត្របំណុល ជូនដល់វិនិយោគិនជារូបវន្តបុគ្គល ជាក្រុមហ៊ុន និងសាធារណៈជនទូទៅ ។ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ និងកាន់កាប់ភាគហ៊ុន ១០០ភាគរយ ដោយ ធនាគារ អេស៊ីលីដា ភីអិលស៊ី ។ នៅដំណាច់ខែមេសា ឆ្នាំ២០១៨ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួន ២,៣ លានដុល្លារអាមេរិក និងមានគណនីជួញដូរសរុបចំនួន ២.៩៥៨ ជាមួយនឹងសមតុល្យភាគហ៊ុន ៥,៨ លានហ៊ុន ។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមក ៖
លោក ហោ ស៊ីម៉េត នាយកប្រតិបត្តិការ និងហិរញ្ញវត្ថុ
អ៊ីម៉ែលៈ simeth@acledasecurities.com.kh