navigate_nextព័ត៌មានnavigate_nextព័ត៌មានមូលបត្រថ្មីៗnavigate_nextអតិថិជនពីររូបបានឈ្នះពានរង្វាន់
អតិថិជនពីររូបបានឈ្នះពានរង្វាន់
ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩
ភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ ៖ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ជាក្រុមហ៊ុនមូលបត្រដែលលោកអ្នកជឿទុកចិត្ត និងជាក្រុមហ៊ុនមូលបត្រឈានមុខគេនៅក្នុងប្រទេសកម្ពុជា សូមជូនដំណឹងនៅថ្ងៃនេះថា អតិថិជនពីររូបរបស់អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី បានឈ្នះពានរង្វាន់ពីកម្មវិធីប្រកួតប្រជែងជួញដូរភាគហ៊ុន ដែលរៀបចំដោយផ្សារមូលបត្រកម្ពុជា (ផ.ម.ក) ។
កម្មវិធីប្រកួតប្រជែងជួញដូរភាគហ៊ុន ដែលបានរៀបចំដោយផ្សារមូលបត្រកម្ពុជា (ផ.ម.ក) ដោយមានការគាំទ្រពីគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ។ កម្មវិធីនេះបានអនុញ្ញាតឲ្យអ្នកចូលរួម និងវិនិយោគិនទាំងអស់ ចូលរួមក្នុងការប្រកួតប្រជែងជួញដូរភាគហ៊ុនរបស់ក្រុមហ៊ុនដែលបានចុះបញ្ជីបោះផ្សាយនៅពេលបច្ចុប្បន្ននេះ មានចំនួន ៥ក្រុមហ៊ុន គឺ ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA), ហ្គ្រេនធ្វីន អ៊ីនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី (GTI), កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP), ភ្នំពេញអេសអ៊ីហ្សិត ភីអិលស៊ី (PPSP), និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ។ ជ័យលាភីកំពូលបីរូបនឹងទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន ៨.000.000រៀល, ៥.000.000រៀល, និង ៣.000.000រៀល រួមជាមួយនឹងពានរង្វាន់ជ័យលាភី ពី ផ.ម.ក. ។ ចំពោះជ័យលាភីចំណាត់ថ្នាក់ ទី៤ ដល់ ទី៨ ផ.ម.ក.នឹងផ្តល់រង្វាន់ជូនក្នុងម្នាក់ៗចំនូន ៥០០.០០០រៀល ។
លោក ព្រំ វិសុទ្ធ អគ្គនាយកក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី បានមានប្រសាសន៍ថា កម្មវិធីនេះគឺជាកម្មវិធីដ៏ល្អមួយដែលបានផ្តួចផ្តើមដោយផ្សារមូលបត្រកម្ពុជា (ផ.ម.ក) ព្រោះបានជួយបង្កើនការយល់ដឹងជាសាធារណៈអំពីទីផ្សារមូលបត្រកម្ពុជា ព្រមទាំងទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនដែលមានស្រាប់ និងវិនិយោគិនថ្មីៗចូលរួមធ្វើការជួញដូរ បង្កើនបរិមាណជួញដូរ និងតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនដែលបានចុះបញ្ជីនៅលើផ្សារមូលបត្រកម្ពុជា ។ តាមរយះកម្មវិធីប្រកួតប្រជែងជួញដូរភាគហ៊ុននេះ អតិថិជនរបស់អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី តែងតែបានទទួលជ័យលាភីជារៀងរាល់ឆ្នាំ ។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវិយោគិនទាំងអស់ដែលបានប្រើប្រាស់សេវារបស់យើងខ្ញុំសម្រាប់ការចូលរួមក្នុងកម្មវិធីប្រកួតប្រជែងនេះ យើងខ្ញុំប្តេជ្ញាថាគុណភាពនៃសេវាកម្មរបស់យើងខ្ញុំ គឺជាអាទិភាពដំបូងបំផុតសម្រាប់វិនិយោគិនទាំងអស់ ។
អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី គឺជាក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ ដែលទទួលបានអាជ្ញាបណ្ណ ពីគណៈកម្មការមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា ដើម្បីផ្តល់នូវសេវាជើងសាមូលបត្រជូនដល់វិនិយោគិនជារូបវន្តបុគ្គល ជាក្រុមហ៊ុន និងសាធារណៈជនទូទៅ ។ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ និងកាន់កាប់ភាគហ៊ុន ១០០ភាគរយ ដោយធនាគារ អេស៊ីលីដា ភីអិលស៊ី ។ នៅដំណាច់ឆ្នាំ២០១៨ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួន ២,២៧ លានដុល្លារអាមេរិក និងមានគណនីជួញដូរសរុបចំនួន ១៣,៧២៥ ជាមួយនឹងសមតុល្យភាគហ៊ុន ៥,៧០លានហ៊ុន ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមក ៖
លោក ហោ ស៊ីម៉េត
នាយកប្រតិបត្តិការ និងហិរញ្ញវត្ថុ
អ៊ីម៉ែលៈ simeth@acledasecurities.com.kh