navigate_nextព័ត៌មានnavigate_nextព័ត៌មានមូលបត្រថ្មីៗnavigate_nextលទ្ធផលដ៏គាប់ប្រសើរនៃដំណើរការកំណត់ថ្លៃភាគហ៊ុន (ប៊ុកបៀលឌីង) របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី
លទ្ធផលដ៏គាប់ប្រសើរនៃដំណើរការកំណត់ថ្លៃភាគហ៊ុន (ប៊ុកបៀលឌីង) របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី
រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០
ធនាគារ អេស៊ីលីដា ភីអិលស៊ី ("ធនាគារ") ដែលជាធនាគារពាណិជ្ជធំជាងគេនៅប្រទេសកម្ពុជា បានបញ្ចប់ដំណើរការកំណត់ថ្លៃភាគហ៊ុន (ប៊ុកបៀលឌីង) របស់ខ្លួន កាលពីថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០។ ដោយមានការសហការពីក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី ដែលជាទីប្រឹក្សាហិរញ្ញវត្ថុរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី បាននិងកំពុងរៀបចំការបែងចែកភាគហ៊ុន និងកំណត់ថ្លៃចុងក្រោយនៃភាគហ៊ុនរបស់ធនាគារ ដោយផ្អែកតាមនីតិវិធីស្តីពីការធ្វើប៊ុកបៀលឌីង និងការធ្វើបរិវិសកម្ម។
លទ្ធផលផ្លូវការនៃការកំណត់ថ្លៃភាគហ៊ុន (ប៊ុកបៀលឌីង) នឹងត្រូវផ្សព្វផ្សាយជូនសាធារណជន បន្ទាប់ពីទទួលបានការអនុម័តពី គណៈកម្មការមូលបត្រកម្ពុជា ("គ.ម.ក.")។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា "វិនិយោគិនរូបវ័ន្តបុគ្គល ជាង ២.០០០នាក់ បានចូលរួមនៅក្នុងដំណើរការកំណត់ថ្លៃភាគហ៊ុន (ប៊ុកបៀលឌីង) របស់ធនាគារ។ នេះគឺជាជោគជ័យមួយរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត និងជាធនាគារពាណិជ្ជទីមួយ ដែលនឹងចុះបញ្ជីនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។ នៅពេលដែលវិនិយោគិនរូបវ័ន្តបុគ្គលក្លាយជាភាគហ៊ុនិករបស់ធនាគារ រឹតតែធ្វើឲ្យយើងបង្កើនទំនាក់ទំនងយ៉ាងជិតស្និត និងកាន់តែរឹងមាំថែមទៀតជាមួយនឹងអតិថិជន ប្រកបដោយវិសាលភាពទូលំទូលាយ។ យើងខ្ញុំសូមថ្លែងអំណរគុណ ដល់វិនិយោគិនសក្តានុពលរបស់ធនាគារទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមក្នុងដំណើរការកំណត់ថ្លៃភាគហ៊ុន (ប៊ុកបៀលឌីង) និងទិញភាគហ៊ុនរបស់ធនាគារ"។
លោក Han Kyung Tae អគ្គនាយក ក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី បានមានប្រសាសន៍ថា "ទោះបីជាមានកង្វល់អំពីជំងឺ Covid-19 និងការកើនឡើងនៃភាពមិនប្រាកដនៅលើទីផ្សារហិរញ្ញវត្ថុសកលក៏ដោយ ក៏តម្រូវការចូលរួមដាក់សំណើទិញ និងកំណត់ថ្លៃភាគហ៊ុន (ប៊ុកបៀលឌីង) មានចំនួនច្រើនគួរឲ្យកត់សម្គាល់ ដោយតម្រូវការសរុបមានចំនួន ៣ដង លើសចំនួនភាគហ៊ុនដែលបានបម្រុងទុកក្នុងដំណាក់កាលប៊ុកបៀលឌីង។ លទ្ធផលនៃការកំណត់ថ្លៃភាគហ៊ុន (ប៊ុកបៀលឌីង) នាពេលនេះ ជាលទ្ធផលបណ្តោះអាសន្ននៅឡើយ ហើយនឹងត្រូវដាក់ជូនក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ("ផ.ម.ក.") និង គណៈកម្មការមូលបត្រកម្ពុជា ("គ.ម.ក.") ដើម្បីអនុម័តលើថ្លៃចុងក្រោយ។ ការជូនដំណឹងខាងលើនេះ គឺក្នុងគោលបំណងជូនព័ត៌មានខ្លះៗជាមុនដល់វិនិយោគិន ដើម្បីអនុញ្ញាតឲ្យវិនិយោគិនរៀបចំខ្លួន និងត្រៀមខ្លួនចូលរួមដំណាក់កាលបរិវិសកម្ម ដែលគ្រោងនឹងចាប់ផ្តើម នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ។ ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ធនាគារនេះ គឺជាឱកាសមាស របស់វិនិយោគិនរូបវ័ន្តបុគ្គល ដើម្បីក្លាយជាភាគហ៊ុនិករបស់ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្តបំផុត និងជាធនាគារមានស្ថានភាពហិរញ្ញវត្ថុរឹងមាំបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា"។
លោក Han Kyung Tae បានបន្ថែមទៀតថា "ភាគហ៊ុនចំនួន ៤.៣៧៥.៦៩៦ ត្រូវបានបម្រុងទុកសម្រាប់វិនិយោគិនដែលទទួលបានជោគជ័យនៅក្នុងដំណាក់កាលកំណត់ថ្លៃភាគហ៊ុន (ប៊ុកបៀលឌីង)។ សូមអញ្ជើញវិនិយោគិនសាធារណៈទាំងអស់ ចូលរួមក្នុងដំណាក់កាលបរិវិសកម្ម ដើម្បីទិញភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាមួយនឹងតម្លៃចុងក្រោយ ដែលរំពឹងថានឹងចាប់ផ្តើមពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ (កាលបរិច្ឆេទនេះអាចកែប្រែអាស្រ័យលើការអនុម័តរបស់និយ័តករ)។ វិនិយោគិនដែលទទួលបានជោគជ័យ និងវិនិយោគិនដែលមិនទទួលបានជោគជ័យ នៅតែអាចទិញភាគហ៊ុនរបស់ធនាគារបន្ថែមទៀតបាននៅក្នុងដំណាក់កាលបរិវិសកម្ម។ នៅក្នុងដំណាក់កាលបរិវិសកម្ម មានភាគហ៊ុនសរុបរហូតដល់ ២១.៨៧៨.៤៧៧ ភាគហ៊ុន សម្រាប់ដាក់លក់ជូនវិនិយោគគិនសាធារណៈ នៅក្នុងតម្លៃចុងក្រោយ"។
បណ្ឌិត អ៊ិន ចាន់នី បានមានប្រសាសន៍ទៀតថា "ធនាគារ អេស៊ីលីដា ភីអិលស៊ី រង់ចាំទទួលស្វាគមន៍វិនិយោគិនទាំងអស់ ដើម្បីចូលរួមទិញភាគហ៊ុន និងក្លាយជាភាគហ៊ុនិករបស់ធនាគារ នាពេលឆាប់ៗខាងមុខនេះ"៕
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈ
លោកស្រី ប៊ុត ប៊ុនសីហា
អនុប្រធាននាយកប្រតិបត្ដិ និងជាគណៈប្រធាននាយិកាប្រតិបត្ដិនីតិកម្ម និងលេខាធិការក្រុមហ៊ុន (មន្រ្តីទទួលបន្ទុកផ្តល់ព័ត៌មាន)
ទូរសព្ទ: ០១៥ ៦០០ ៥៣២
អ៊ីម៉ែល: buth.bunsayha@acledabank.com.kh
លោកស្រី ម៉ារ អមរា
អនុប្រធាននាយកប្រតិបត្ដិ និងជាគណៈប្រធាននាយិកាប្រតិបត្តិហិរញ្ញវត្ថុ (មន្រ្តីទំនាក់ទំងសាធារណៈ)
ទូរសព្ទ: ០១៥ ៩០០ ១២៦
អ៊ីម៉ែល: amara@acledabank.com.kh